អង្គការសហប្រជាជាតិ បង្ហាញថា ស្ត្រីជាពលករចំណាកស្រុកប្រឈមនឹងការរើសអើងលក្ខណៈជាប្រព័ន្ធនិងអំពីហិង្សា អំឡុងពេលដែលពួកគេស្វែងរកសេវាកម្មនានាក្នុងដំណាក់កាលធ្វើចំណាកស្រុកនោះ។
ក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិ ចេញផ្សាយកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ឱ្យដឹងថា ការធ្វើចំណាកស្រុករបស់ស្ត្រីអាចទទួលបានការងារដែលមានប្រាក់ខែខ្ពស់ ខណៈការធ្វើចំណាកស្រុកនេះក៏ជាប្រភពចំណូលដ៏សំខាន់សម្រាប់ស្ត្រី ដើម្បីបង្កើនទីភ្នាក់ងារនិងការកែលម្អមុខមាត់របស់ពួកគេនៅក្នុងគ្រួសារនិងសហគមន៍។
ទោះបីយ៉ាងណា អង្គការសហប្រជាជាតិ បានបញ្ជាក់ថា ស្ត្រីជាពលករចំណាកស្រុកទាំងនោះប្រឈមនឹងការរើសអើងលក្ខណៈជាប្រព័ន្ធ ហើយបញ្ហាប្រឈមនិងឧបសគ្គជាច្រើនទាំងនោះបានរារាំងពួកគេមិនឱ្យស្វែងរកជំនួយទាំងតាមរយៈបណ្តាញផ្លូវការនិងក្រៅផ្លូវការ ថែមទាំងមិនដឹងថា ត្រូវស្វែងរកសេវាកម្មដែលមានការគាំទ្រនិងការគោរពនៅទីណាជាដើម។
អង្គការសហប្រជាជាតិដដែលថា ការរើសអើងនេះបង្កជាគ្រោះថ្នាក់ ជាពិសេសនៅពេលប្រែទៅជាអំពើហិង្សាដែលនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមនិងបុគ្គលទៀតផង។
ជាងនេះទៅទៀត អង្គការសហប្រជាជាតិថា នៅពេលជំងឺកូវីដ-១៩កំពុងឆ្លងរាតត្បាតនៅទូទាំងពិភពលោកនោះ បណ្តាលឱ្យមានការកើនឡើងនូវអំពើហិង្សាលើស្ត្រីនិងក្មេងស្រីគ្រប់រូបភាព ដែលធ្វើឱ្យមានការគំរាមកំហែង និងការថយក្រោយនូវសមិទ្ធផលនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយការកើនឡើងនៃអំពើហិង្សាលើស្ត្រីនេះ វាបង្កផលប៉ះពាល់ដល់សិទ្ធិមនុស្សធ្ងន់ធ្ងរ។
ប្រធានអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោកស្រី Pauline Tamesis សាទរចំពោះកម្មវិធីសុវត្ថិភាពនិងយុត្តិធម៌ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរួមគ្នារបស់សហភាពអឺរ៉ុបនិងអង្គការសហប្រជាជាតិ ត្រូវបានអនុវត្តនៅប្រទេសកម្ពុជា ដោយផ្តោតលើជនងាយរងគ្រោះបំផុត នោះគឺស្ត្រីជាពលករចំណាកស្រុក។
លោកស្រី Pauline Tamesis បានលើកឡើងថា៖ «ខ្ញុំមានសេចក្តីរីករាយដែលកម្មវិធីសុវត្ថិភាពនិងយុត្តិធម៌ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរួមគ្នារបស់សហភាពអឺរ៉ុបនិងអង្គការសហប្រជាជាតិ ត្រូវបានអនុវត្តនៅប្រទេសកម្ពុជា ដោយផ្តោតលើជនងាយរងគ្រោះបំផុត នោះគឺស្ត្រីជាពលករចំណាកស្រុក។ តាមរយៈការធ្វើការរួមគ្នា យើងអាចធានាថា ស្ត្រីជាពលករចំណាកស្រុក បានទទួលព័ត៌មាន ភាពអង់អាច ការគាំទ្រផ្លូវច្បាប់ និងសេវាកម្មផ្សេងៗទៀតទាក់ទងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ» ។
អ្នកនាំពាក្យក្រសួងកិច្ចការនារី លោកស្រី ស ស៊ីណែត មានប្រសាសន៍ថា ស្រ្តីជាពលករត្រូវបានរើសអើងនិងប្រឈមនឹងអំពើហិង្សា ដោយសារការធ្វើចំណាកស្រុករបស់ពួកគេខុសច្បាប់ ប៉ុន្តែពលករទៅតាមក្រុមហ៊ុនស្របច្បាប់នោះ អ្នកស្រីថា មិនមានបញ្ហាប្រឈមឡើយ។ លោកស្រីបន្តថា ភាគច្រើនអ្នកដែលធ្វើចំណាកស្រុកខុសច្បាប់ មិនបានស្វែងយល់ពីក្រុមហ៊ុននិងការងារ និងទីកន្លែងដែលពួកគាត់ធ្វើការឡើយ ដែលជាកត្តាជំរុញឱ្យពួកគាត់ប្រឈមនឹងការរើសអើង និងជួបអំពើហិង្សានៅកន្លែងការងារ។
លោកស្រីថា៖ «អ៊ីចឹងហើយបានជាក្រសួងយើងខំធ្វើការផ្សព្វផ្សាយអំពីផលប៉ះពាល់មួយចំនួនដែលទាក់ទងនឹងការធ្វើចំណាកស្រុកមិនស្របច្បាប់ហ្នឹង ឱ្យមានលក្ខណៈទូលំទូលាយទៅតាមប្រព័ន្ធអនឡាញឬក៏អីផ្សេងៗទៀត។ ក្នុងករណីគាត់ត្រឡប់មកវិញ មានន័យថា បើសិនជាគាត់ទទួលរងអំពើហិង្សា អ៊ីចឹងក្រសួងទទួលក្នុងការផ្ដល់ប្រយោជន៍ ប្រឹក្សាផ្លូវចិត្ត និងផ្នែកច្បាប់ ហើយនិងបញ្ជូនគាត់ទៅរកសេវាពាក់ព័ន្ធ បើសិនជាគាត់ចាំបាច់ទាមទារសេវាអីផ្សេងៗ»។
កំពុងសម្រាកព្យាបាលកូវីដ-១៩ នៅក្រុងប៉ោយប៉ែត អ្នកស្រី ប៉ុក ណា ជាពលករផ្នែកសំណង់នៅខេត្តឈុនបូរី ប្រទេសថៃ បានរៀបរាប់ថា អ្នកស្រីមិនចង់ធ្វើជាពលករចំណាកស្រុកទៅប្រទេសក្រៅឡើយ ត្បិតមានបញ្ហាប្រឈមជាច្រើន ពិសេសការរើសអើង ប៉ុន្តែដោយសារជីវភាពខ្វះខាត ខណៈការងារនៅក្នុងស្រុកមិនសូវទទួលកម្រៃខ្ពស់។
អ្នកស្រីថា៖ «ការរើសអើងមានដែរ តែយើងចេះតែទ្រាំៗទៅណា! ខាងថៃ គេរើសអើងយើង និងខ្មែរយើងដែលគេនាំយើងទៅថៃហ្នឹង ក៏គេរើសអើងយើង វាមានពីរយ៉ាង។ និយាយរួមទៅ គេអត់ល្អនឹងយើងទេ និយាយមិនល្អ គេមើលមកយើងវាអត់មានលុយមានអីហ្នឹង»។
មន្ដ្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា លើកឡើងថា ស្ត្រីដែលធ្វើការនៅក្រៅប្រទេសតែងតែទទួលរងការរើសអើង ការគំរាមកំហែង ការបៀតបៀន ជាពិសេសស្ត្រីធ្វើការតាមផ្ទះ ខណៈប្រាក់ចំណូលដែលពួកគាត់ទទួលបាននោះក៏ទាបជាងបុរសដែរ។
លោកសង្កេតឃើញថា កន្លងមក វិធានការរបស់រដ្ឋាភិបាលមិនមានគោលនយោបាយជាក់លាក់ ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាពខ្ពស់ចំពោះការធ្វើទុក្ខបុកម្នេញ ការបៀតបៀន និងការរើសអើងលើស្ត្រីចំណាកស្រុកនៅឡើយទេ។
លោកថា៖ «ការបៀតបៀនពីសំណាក់ថៅកែ និងការធ្វើការលើសកម្លាំង ការកេងកម្លាំងពលកម្ម អំពើជួញដូរអីផ្សេងៗជាដើម។ ទី៣ ស្ត្រីមិនត្រូវបានគេយកចិត្តទុកដាក់ជួយសង្គ្រោះ ហើយការឆ្លើយតប ស្ថានទូតនិងស្ថានកុងស៊ុល ឬប្រទេសអ្នកទទួលក្ដី ឬប្រទេសអ្នកបញ្ជូនក្ដី ច្រើនតែមិនសូវផ្ដល់តម្លៃយកចិត្តទុកដាក់ការពារផលប្រយោជន៍ ក៏ដូចជាផ្ដល់នូវយុត្តិធម៌ដល់ពួកគាត់ជាដើមអ៊ីចឹង»។
បើតាមរបាយការណ៍អង្គការសហប្រជាជាតិ ឱ្យដឹងថា ការបង្កើនប្រតិបត្តិការនៃគំនិតផ្តួចផ្តើមដែលមានសុវត្ថិភាពនិងយុត្តិធម៌ ក្នុងការដោះស្រាយបញ្ហាជាច្រើនរបស់ស្ត្រីជាពលករចំណាកស្រុក និងធានាថា សេវាកម្មស្ដីពីអំពើហិង្សាផ្អែកលើយេនឌ័រ «GBV» ត្រូវបានគេមើលឃើញថាជាសេវាកម្មសំខាន់ក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ-១៩ ហើយស្ត្រីនិងក្មេងស្រីចំណាកស្រុកមានសិទ្ធិស្មើគ្នាក្នុងការទទួលបានសេវាកម្មទាំងនេះ៕