កម្មការិនី​រៀបរាប់​ទុក្ខ​លំបាក​អំឡុង​ផ្ទុះ​ជំងឺ​កូវីដ-១៩​ ខណៈ​រោងចក្រ​មិន​ដោះ​ស្រាយ​ប្រាក់​សំណង​ការងារ

កម្មករ-កម្មការិនីធ្វើដំណើរតាមឡានទ្រុងចេញ​ពី​ធ្វើការងារ​នៅ​រោងចក្រមួយ​ស្ថិតតាមបណ្ដោយផ្លូវ​ជាតិ​លេខ​៥ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២០។ (សូរ្យ ជ័យឧត្ដម)

កម្មការិនីដែលធ្លាប់បម្រើការងារនៅក្រុមហ៊ុនរោងចក្រ អេវើហ្រ្គីន រៀបរាប់ទុក្ខលំបាកទាំងបញ្ហាជីវភាពនិងការជំពាក់បំណុលធនាគារនៅអំឡុងពេលផ្ទុះកូវីដ-១៩ បន្ទាប់ពីរោងចក្រមួយនេះបានបិទទ្វារអស់រយៈពេលជាង៣ឆ្នាំ ដោយពុំទាន់ទូទាត់ប្រាក់សំណងតាមច្បាប់ការងារ។

កម្មការិនីម្នាក់ដែលធ្លាប់បម្រើការងារនៅរោងចក្រ អេវើហ្រ្គីន អ្នកស្រី លីន យាង អាយុ៥០ឆ្នាំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថាមានកម្មករ-កម្មការិនីនៅសល់ចំនួន៩នាក់មិនទាន់ទទួលបានការទូទាត់ប្រាក់សំណងទៅតាមច្បាប់ការងារ បន្ទាប់ពីក្រុមហ៊ុនបានបិទទ្វារនៅឆ្នាំ២០១៨មកនោះ ដោយប្រើហេតុផលប្ដូរថៅកែរោងចក្រជាបន្ដបន្ទាប់។

អ្នកស្រី លីន យាង អះអាងថា ចាប់តាំងពីរោងចក្របិទទ្វារមក កម្មករ-កម្មការិនីមិនទទួលបានប្រាក់សំណង​​​ កំពុងជួបការលំបាកខ្លាំងទាំងបញ្ហាជីវភាពនិងការជាប់ជំពាក់បំណុលធនាគារនៅអំឡុងផ្ទុះជំងឺកូវីដ-១៩នេះ។ អ្នកស្រីទាមទារឱ្យក្រុមហ៊ុន អេវើហ្រ្គីន និងក្រសួងការងារ ដោះស្រាយវិវាទការងាររបស់កម្មករ-កម្មការិនីដែលនៅសេសសល់ទាំងនេះឱ្យបានឆាប់។

អ្នកស្រីបន្ដថា៖ «តាំងពីបិទមក ខ្ញុំដោះបំណុលគេពីឯកជនទៅធនាគារឡើងវិលជុំរាល់ថ្ងៃ។ កន្លងមក រោងចក្រធ្វើបាបខ្ញុំមែនទែន! តាំងពីហ្នឹងមក ខ្ញុំវេទនាជំពាក់តែគេ ហើយសម័យកូវីដទៀត ជាន់លើសជាន់ទៀត! ហើយឥលូវគ្មានទាំងលុយចាយ រាល់ថ្ងៃបង្វិលពីនេះឱ្យទៅនោះ ខ្ចីគេឡើងលែងចង់[ខ្ចី]ហើយ តាំងពីរោងចក្រ[បិទ]មក។​ ខ្ញុំនៅខាងក្រៅរហូត ដោះបំណុលគេផង ម៉ែចាស់ជរា ចិញ្ចឹមក្មួយដែលកំព្រា រួចឪក៏មានជំងឺទឹកនោមផ្អែមទៀត»។

អ្នកស្រីបន្ថែមថា កន្លងមក ក្រសួងការងារបានរុញករណីវិវាទនេះទៅទីស្តីការ និងមានប្រសិទ្ធភាពឡើយចំពោះយន្ដការរបស់ស្ថាប័នទាំងពីរនេះ។

អ្នកស្រីបន្ថែមថា៖ «គាត់រុញមកក្រសួងវិញ រុញទៅរុញមក ឡើងចង់វិលទាំងពីរកន្លែងហ្នឹង។ ខាងក្រសួងការងារនិយាយយកតែរួចខ្លួន ដោយបានត្រឹមតែសម្របសម្រួល ចំពោះកើតអ្វីលើរោងចក្រ គាត់អត់ដឹងអត់ឮទេ។ សូមឱ្យរដ្ឋាភិបាលជំរុញថៅកែហ្នឹងឱ្យគិតគូរឱ្យបានឆាប់បំផុត ខ្ញុំកាន់ជំពាក់លុយគេខ្លាំង ហើយកូវីដពីមួយលើកជាពីរលើក ខ្ញុំស្ទើរតែនិយាយលែងចេញហើយ ទឹកភ្នែកហូរ»។

កម្មការិនីម្នាក់ទៀតដែលអះអាងថា​ ធ្លាប់បានបម្រើការងារនៅរោងចក្រ អេវើហ្រ្គីន កញ្ញា សេង រិទ្ធី អាយុ៣៥ឆ្នាំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា បន្ទាប់ពីរោងចក្របិទទ្វារអស់រយៈពេលជាង៣ឆ្នាំ កម្មករ-កម្មារិនីទាំង៩នាក់ ថៅកែរោងចក្រមិនបានដោះស្រាយចំពោះការទាមទារនេះឡើយ។

កញ្ញាលើកឡើងដូចគ្នាអំពីបញ្ហាដែលកម្មករជួបប្រទះនៅអំឡុងផ្ទុះជំងឺកូវីដ-១៩ ដូចជា គ្មានថវិកាចាយវាយលើបន្ទប់ជួល ថ្លៃទឹក ថ្លៃភ្លើង និងបំណុលធនាគារ។

កញ្ញាបន្ដថា៖ «សូមឱ្យភាគីពាក់ព័ន្ធខាងផ្លូវច្បាប់ជួយបញ្ហាវិវាទការងារនេះ ការអនុវត្តយន្តការរដោះស្រាយទូទាត់ប្រាក់សំណងមកដល់កម្មករ-កម្មការិនីទាំង៩នាក់»។

មន្ដ្រីគាំទ្រផ្នែកច្បាប់ និងតស៊ូមតិនៃសមាគមមណ្ឌលព័ត៌មានកម្មករ កញ្ញា ចាន់ រស្មី មានប្រសាសន៍ថា ម្ចាស់រោងចក្រនិងអ្នកពាក់ព័ន្ធគឺមិនមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយនោះទេ ដោយបានអូសបន្លាយវិវាទយ៉ាងយូរ និងមិនមានស្ថាប័នណាមួយចេញមុខទទួលខុសត្រូវនោះឡើយ។

កញ្ញាបន្ដថា៖ «អ្នកពាក់ព័ន្ធប្រើពេលយូរនៅក្នុងការដោះស្រាយ គ្មានការទទួលខុសត្រូវច្បាស់លាស់ក្នុងការដោះស្រាយ មិនត្រូវទុកគ្នាយូរជាច្រើនឆ្នាំទេ! ហើយបានជួបជជែកពិភាក្សាគ្នាច្រើនដងហើយការយល់ព្រម ប៉ុន្តែទីបញ្ចប់ ពួកគាត់ទម្លាក់រឿងនេះពីម្នាក់ទៅម្នាក់ទៀត គាត់ព្យាយាមរុញ»។

កញ្ញាបន្ដថា នៅពេលរោងចក្របិទទ្វារនៅឆ្នាំ២០១៨នោះ ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងការងារ គួរប្រើអស់លទ្ធភាពក្នុងការដោះស្រាយបញ្ហានេះឱ្យបានលឿន និងមិនគួរបណ្ដែតបណ្ដោយឱ្យកម្មកររងទុក្ខរហូតដល់មានការផ្ទុះជំងឺកូវីដ-១៩បែបនេះឡើយ។

កញ្ញាបន្ដថា៖ «ស្ថានភាពរបស់ពួកគាត់ជួបបញ្ហាប្រឈមនឹងការលំបាកច្រើនតាំងពីចុងឆ្នាំ២០១៨ បើសិនជាខាងតំណាងជីម៉ាក់ និងខាងក្រុមហ៊ុនរោងចក្រ មានជំហរក្នុងការដោះស្រាយ មិនជាបញ្ហាទេ! សម្រាប់ប្រាក់សំណង គួរតែចេញមុខទទួលខុសត្រូវចំពោះកម្មករទាំង៩នាក់ដោយសាររោងចក្រត្រូវបានបិទទ្វារ»។

រោងចក្រកាត់ដេរ អេវើហ្គ្រីន (Evergreen) ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបិទទ្វាររោងចក្រនៅឆ្នាំ២០១៨ ដោយកម្មករ-កម្មការិនីចំនួន១៣១នាក់បានតវ៉ាយ៉ាងសកម្ម ហើយក្នុងនោះ កម្មករ១២២នាក់បានទទួលសំណងរួចហើយ និងនៅសល់៩នាក់មិនទាន់បានទទួលនោះទេ៕

ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក ប៉ាន បូរិន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។