អាជ្ញាធរ​ខេត្ត​កោះកុង​ឱ្យ​មន្ត្រី​ចុះ​ស្រាវជ្រាវ​ករណី​អតីត​អធិការ​ស្រុក​ម្នាក់​ឈូស​ឆាយ​ដី​ព្រៃ​ជិត​១០០​ហិកតា

អធិការនគរបាលស្រុកស្រែអំបិល លោក ម៉ា ទី បើកអង្គប្រជុំត្រួតពិនិត្យ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំសប្តាហ៍ ផ្សព្វផ្សាយផែនការសំខាន់ៗ និងដាក់ទិសដៅដើម្បីអនុវត្តបន្ត ថ្ងៃទី​០៤​ ខែមិថុនា​ ឆ្នាំ​២០១៩។ (ហ្វេសប៊ុក៖ អធិការដ្ឋាន ន.ប ស្រុកស្រែអំបិល)

​​អាជ្ញាធរខេត្តកោះកុង បានបញ្ជាឱ្យមន្ត្រីរបស់ខ្លួនចុះស្រាវជ្រាវករណីអតីត​អធិការនគរបាល​ស្រុកស្រែ​អំបិលដាក់គ្រឿង​ចក្រឈូសឆាយដីព្រៃជិត១០០​ហិកតា ស្ថិតនៅភូមិ​ព្រាំ​ង ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល។

នៅក្នុងសប្តាហ៍នេះ មានការផ្សព្វផ្សាយជាបន្តបន្ទាប់តាមបណ្តាញសង្គម​ហ្វេស​ប៊ុក​ថា​ អតីត​អធិការនគរបាល​ស្រុកស្រែ​អំបិល លោក ម៉ា ទី បាន​ដាក់គ្រឿងចក្រឈូសឆាយដីព្រៃប្រមាណ៨៧ហិកតាដោយគ្មានច្បាប់ ស្ថិតក្នុងភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា ក្រោយទទួលបានព័ត៌មានពាក់ព័ន្ធការឈូសឆាយដីព្រៃនេះ ខាង​រដ្ឋបាលខេត្ត​បាន​ឱ្យមន្ត្រី​ចុះស្រាវជ្រាវរួចហើយ។ លោកថា ដីព្រៃដែលអតីតអធិការនគរបាលស្រុកស្រែអំបិល លោក ម៉ា ទី កំពុងឈូសឆាយនោះ គឺជាដីដែលគាត់បានទិញពីប្រជាពលរដ្ឋ និងមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ។ ប៉ុន្តែលោកថា ការឈូសឆាយនោះមិនបានសុំច្បាប់ពីអាជ្ញាធរឡើយ។

លោកបន្ថែមថា៖ «ជាដីស្របច្បាប់ដែលគាត់បានប្រមូលទិញពីប្រជាពលរដ្ឋ មានការទទួលស្គាល់ពីអាជ្ញាធរកន្លងមក តាំងពីមុនពេលកាត់​ឆ្វៀលទៅទៀត។ ប៉ុន្តែគ្រាន់តែថា ការឈូសឆាយហ្នឹង គាត់អត់បានសុំច្បាប់មកអាជ្ញាធរតែប៉ុណ្ណឹង។ ឥលូវយើងឱ្យគាត់ធ្វើការសុំច្បាប់ហើយ»

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីអតីតអធិការនគរបាលស្រុកស្រែអំបិល លោក ម៉ា ទី ដែល​រង​ការ​ចោទ​ប្រកាន់​​នេះ​​បានទេ នៅថ្ងៃពុធនេះ។

មន្រ្តីសម្របសម្រួលអង្គការការពារ​សិទ្ធិ​មនុស្ស​លីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន មានប្រសាសន៍ថា ប្រសិនបើដីព្រៃដែលអតីតអធិការស្រុកស្រែអំបិលកំពុងធ្វើសកម្មភាពឈូសឆាយនោះជាដីទិញពីប្រជាពលរដ្ឋ ដោយមិនប៉ះពាល់តំបន់ការពារ វាមិនជាបញ្ហានោះទេ។

តែយ៉ាងណា លោក ហ៊ួរ អ៊ីន នៅតែមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាបុគ្គលរូបនោះទទួលបានការកាន់កាប់ដីច្រើនតែម្នាក់ឯងបែបនេះ ខណៈដីព្រៃនៅឃុំដងពែងភាគច្រើនគឺពាក់ព័ន្ធនឹងដីអភិរក្សនិងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង។

លើសពីនេះ លោកថា ប្រជាពលរដ្ឋក្រីក្រមួយចំនួននៅទីនោះកំពុងខ្វះដីអាស្រ័យផល និងមួយចំនួន​ទៀតត្រូវជាប់​​ពន្ធនាគារនៅឡើយ ក្រោមការចោទប្រកាន់ថាបានទន្ទ្រានយកដីព្រៃតំបន់ការពារ។

លោកបន្ថែមថា៖ «អ្នកមានលុយមានអំណាច មានលទ្ធភាពកាន់កាប់ដីជិត១០០ហិកតា ខណៈពលរដ្ឋមួយចំនួននៅឃុំដងពែងនេះ សូម្បីតែដីភូមិរបស់ខ្លួនក៏មានការពាក់ព័ន្ធជាមួយដីការពារឬក៏ដីព្រៃប្រើប្រាស់ច្រើនយ៉ាងដងពែងដែរ។ អ៊ីចឹង​យើងមើលឃើញថា ការអនុវត្តខុសគ្នារ​វាងអ្នកមានលុយនិងប្រជាពលរដ្ឋធម្មតា។ អ៊ីចឹង​សូមឱ្យអាជ្ញាធរស្រាវជ្រាវនិងស៊ើបអង្កេតឱ្យបានច្បាស់លាស់ចំពោះករណីនេះ ដើម្បីឱ្យការអនុវត្តច្បាប់ឱ្យស្មើភាពគ្នា កុំអ្នកមានលុយមានអំណាចទទួលដីដ៏ច្រើនលើសលុបដោយមិនខ្វល់ពាក់ព័ន្ធនឹងដីតំបន់ការពារ»

មន្រ្តី​សង្គមស៊ីវិលរូបនេះលើកឡើងថា នៅខេត្តកោះកុងកើតមានបទល្មើសចាក់ដីរំលោភចូលឆ្នេរសមុទ្រ ការទន្ទ្រានយកដី​ព្រៃកោង​កាង និង​ព្រៃតំបន់ការពារផ្សេងទៀត​ស្ទើរតែគ្រប់កន្លែង ហើយថា សកម្មភាពល្មើសទាំងនោះមិនត្រូវបានអាជ្ញាធរ​ចាត់​វិធានការ​ច្បាប់​តឹងរ៉ឹងទៅលើជនល្មើសទេ ជាពិសេសអ្នកមានលុយមានអំណាច ដែលធ្វើឱ្យបញ្ហានេះបន្តកើតមានឥតឈប់​ឈរ។

សង្គមស៊ីវិលដដែលបានបង្ហាញការព្រួយបារម្ភពីការបាត់បង់យ៉ាងឆាប់រហ័សនូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទាំងនោះ ប្រសិនបើអាជ្ញាធ​រពាក់ព័ន្ធបណ្តែតបណ្តោយ និង​មិនចាត់វិធានការឱ្យបានតឹងរ៉ឹងចំពោះជនល្មើស​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ