កម្ពុជា​ត្រៀម​ទទួល​ពលករ​ខ្មែរ​ជាង​៣០០​នាក់​ដែល​អាជ្ញាធរ​ថៃ​បញ្ជូន​មក​វិញ

កាលពីដើមខែសីហា ឆ្នាំ២០២១ ពលករខ្មែរចំនួន១១នាក់ដែលមានបំណងធ្វើដំណើរពីប្រទេសថៃមកស្រុកកំណើត ហើយត្រូវបានកម្លាំងសមត្ថកិច្ចព្រំដែនថៃធ្វើការចាប់ឃាត់ខ្លួនក្នុងភូមិសាស្ត្រស្រុកខ្លងហាត ខេត្តស្រះកែវ ក្រោយមក ត្រូវបានកំណត់ទីតាំងបណ្ដោះអាសន្នដោយអាជ្ញាធរមានសមត្ថកិច្ច នៅតាមបន្ទាត់ព្រំដែនរបស់ថៃក្នុងភូមិសាស្ត្រស្រុកខ្លងហាត ខេត្តស្រះកែវ ជាប់នឹងស្រុកសំពៅលូន ខេត្តបាត់ដំបង។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបាត់ដំបង)

អាជ្ញាធរខេត្តបាត់ដំបងបានឱ្យដឹងថា កម្ពុជាត្រៀមទទួលពលករខ្មែរជាង៣០០នាក់ដែល​ជាប់ធ្វើ​ចត្តាឡីស័ក​នៅ​ទឹក​ដី​ថៃ ខណៈអាជ្ញាធរ​ថៃ​នឹងបញ្ជូនពួកគេត្រឡប់មកកម្ពុជាវិញនៅចុងសប្តាហ៍​នេះ។

ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែង​ក្នុងកិច្ចប្រជុំស្ដីពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង និងបញ្ហាប្រឈម កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ លោក​ ស ខេង បានជំរុញទៅអាជ្ញាធរពាក់ព័ន្ធនៅ​ខេត្ត​​ជាប់ព្រំដែនកម្ពុជា-ថៃ ជាពិសេសអាជ្ញាធរខេត្តបាត់ដំបង ត្រូវដោះស្រាយបញ្ហាប្រឈមនានាជូនពលករដែលត្រឡប់មកពីថៃ បង្កឡើងដោយការរីករាលដាលមេរោគបំប្លែងថ្មី “ដែលតា” ដោយសារខេត្តនេះស្ថិតក្នុងតំបន់ងាយឆ្លងជំងឺនេះខ្លាំងជាងគេ។

អ្នកនាំពាក្យ និង​ជា​នាយក​រដ្ឋបាល​នៃរដ្ឋបាល​ខេត្ត​បាត់ដំបង លោក សឿម ប៊ុនរិទ្ធ ប្រាប់ វីអូឌី នៅថ្ងៃ​ទី១១ ខែសីហានេះថា តាមព័ត៌មានបឋមដែល​ទទួលបានពីភាគីថៃ ​គឺថៃនឹងបញ្ជូនពលករខ្មែរដែលជាប់ធ្វើចត្តាឡីស័កជាង៣០០នាក់ក្នុងទឹកដីថៃឱ្យត្រឡប់មកកម្ពុជាវិញតាម«ច្រកទ្វារព្រំដែនសួនស៊ុំ» ហៅ «អូរលន់​លួក​» ក្នុង​ស្រុកកំរៀង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៣ ខែសីហានេះ។

អ្នកនាំពាក្យរូបនោះបញ្ជាក់ថា ថ្នាក់ដឹកនាំខេត្តបានសហការជាមួយក្រុមការងារជំនាញពាក់ព័ន្ធ ដើម្បីត្រៀមទទួលយកពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនមក​ និងរៀបចំកន្លែងសម្រាប់ធ្វើតេស្តរហ័ស រួមទាំងផ្តល់ទីតាំងស្នាក់នៅបណ្តោះអាសន្នសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩ចំនួន២ទីតាំងផងដែរ​។

លោកមានប្រសាសន៍ថា៖ «យើងយកទៅ មិនមែនយកទៅភ្លាមទេ បានន័យថា [ពលករ] ចូលមក ឱ្យគាត់អង្គុយមានគម្លាតសុវត្ថិភាព ហើយយើងចាប់ផ្តើមធ្វើតេស្តរហ័ស។ អ្នកវិជ្ជមាន យើងយកទៅមណ្ឌលព្យាបាល អ្នកអវិជ្ជមាន យកទៅមណ្ឌលចត្តាឡីស័ក ព្រោះយើងយកសាលារៀនដល់ទៅ២ សម្រាប់ធ្វើជាមណ្ឌលព្យាបាលនៅវិទ្យាល័យស្រុកកំរៀង និងសាលាបឋមសិក្សាសន្តិភាព ស្រុកសំពៅលូន ជាមណ្ឌលព្យាបាលអ្នកកើតជំងឺកូវីដ-១៩។ ហើយកាលណាពលករឆ្លងជំងឺកូវីដ-១៩ គឺចាត់ទុកថាជាប្រភេទ “ដែលតា” ជាប្រភេទបំប្លែងថ្មី គោលការណ៍កំណត់មកអ៊ីចឹង»។

បន្ថែមពីនេះ លោក​ថា អាជ្ញាធរពាក់ព័ន្ធក៏កំពុងរង់ចាំទទួលពលករខ្មែរដែលមាន​បំណង​ត្រឡប់​​មក​​កម្ពុជាវិញ ក្រោយពី​រដ្ឋាភិបាល​បើកច្រកព្រំដែនកម្ពុជា-ថៃឡើងវិញនៅចុងសប្តាហ៍នេះ ក្នុងនោះ អាជ្ញាធរបានត្រៀមការ​ធ្វើតេស្តរហ័ស ហើយ​​បើរកឃើញវិជ្ជមានកូវីដ-១៩នោះនឹង​បញ្ជូនទៅព្យាបាល ហើយអ្នកមិនមានជំងឺ ត្រូវដាក់ឱ្យធ្វើចត្តាឡីស័កដូចពលករដែលអាជ្ញាធរថៃបញ្ជូនកន្លងមក​។

អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ មានប្រសាសន៍ថា ក្រុមការងាររបស់លោកបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីត្រៀមទទួលពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ នាអំឡុងពេលរដ្ឋាភិបាលបើកព្រំដែនឱ្យចរាចរឡើងវិញ ប៉ុន្តែលោក​មិនទាន់ទទួលបានព័ត៌មានថាពលករប៉ុន្មាននាក់ដែលនឹង​ត្រឡប់មកកម្ពុជាវិញនោះទេ។

ទោះជាបែបនេះក្តី អភិបាលខេត្តរូបនេះបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធបានសហការគ្នា និងធ្វើកន្លែងសម្រាប់ដាក់ព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ រួមទាំងអ្នកធ្វើចត្តាឡីស័កឱ្យមានផាសុកភាពនៅតាមព្រំដែនបន្ថែមទៀត ដើម្បីដាក់ពលករទាំងនោះ បានប្រហែលចន្លោះពី៦ ០០០នាក់ ទៅ៨ ០០០នាក់ ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺ។

លោកមានប្រសាសន៍ថា៖ «យើងរៀបចំកន្លែងទីតាំងមួយៗ យើងត្រូវគិតគូរកន្លែងបត់ដៃបត់ជើង[បន្ទោបង់] បង្គន់អនាម័យ កន្លែងងូតទឹក។ បើយើងយកគាត់មក ឱ្យគាត់មកនៅតែម្តង អត់កើតទេ! នៅចំពោះមុខ យើងខិតខំប្រឹងប្រែងទាំងអស់គ្នា ហើយរួមគិតរួមធ្វើទាំងអស់គ្នា»។

​វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ លោកស្រី រស់ សុផានី បានទេ នៅរសៀលថ្ងៃនេះ។

មន្ដ្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា មានប្រសាសន៍គាំទ្រចំពោះវិធានការជួយ​សម្រួល​ដល់ពលករចំណាកស្រុកមកពីប្រទេសថៃ ប៉ុន្តែលោក​បារម្ភថា បើរដ្ឋាភិបាលមិនរៀបចំកន្លែងសម្រាប់ព្យាបាលនិងធ្វើចត្តាឡីស័កឱ្យកម្មករបានល្អទេ នឹងធ្វើឱ្យវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩របស់រដ្ឋាភិបាលមិនទទួលបានផលវិជ្ជមានឡើយ។ 

លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលកម្ពុជាគួរតែគិតគូរពិចារណាពាក់ព័ន្ធនឹងនិយាមសុវត្ថិភាពនៃការដឹកជញ្ជូន សុវត្ថិភាពក្នុងការស្នាក់នៅមណ្ឌលចត្តាឡីស័ក ហើយនិងការទទួលឱ្យមានការស្នាក់នៅសមរម្យ ក៏ដូចជាម្ហូបអាហារ ការស្នាក់នៅ ជាដើម ដើម្បីចៀសវាងអំពីការដែលគាត់ស្នាក់នៅមណ្ឌលដែលមិនបានគោរពនិយាមសុវត្ថិភាព វាទៅជាកន្លែងចម្លងជាដើម»។

កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបិទខ្ទប់ការធ្វើដំណើរឆ្លងព្រំដែនគោកជា​មួ​​យ​​​​ប្រទេសថៃ និងខេត្តចំនួន៨ រយៈពេល២សប្តាហ៍ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការនាំមេរោ​គកូវីដ-១៩ប្រភេទ “ដែលតា” ចូលសហគមន៍តាមរយៈពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ