អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ អ.ស.ប​ ចាត់​ទុក​ការ​បន្ត​ឃុំ​ខ្លួន​សកម្ម​ជន​​​បរិស្ថាន​៧​រូប​ថា​រំលោភ​ច្បាប់​អន្តរជាតិ

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ (HRW)

អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និង​អ្នកជំនាញសិទ្ធិមនុស្សនៃអង្គ​ការ​សហ​ប្រជា​ជាតិ (អ.ស.ប) សម្តែង​​កង្វល់ចំពោះការ​បន្តឃុំខ្លួនបណ្តោះអាសន្ន​លើសកម្មជនការពារបរិស្ថាននិងសង្គមចំនួន៧នាក់នៅ​​កម្ពុជា​ ដែល​ជាការ​បំពាន​​ដោយ​ផ្ទាល់នូ​វ​សិទ្ធិ​ទទួល​បាននីតិវិធីត្រឹមត្រូវក្រោម​ច្បាប់សិទ្ធិមនុស្ស​​អន្តរជាតិ។

សកម្មជនបរិស្ថាននិង​សង្គមទាំង៧នាក់ដែលកំពុងជាប់ឃុំ​​នោះ រួមមាន កញ្ញា ឈឿន ដារ៉ាវី, លោក ហ៊ុន វណ្ណៈ, លោក កើត សារ៉ាយ,​ លោក ថា ឡាវី, កញ្ញា អេង ម៉ាឡៃ, លោក មួង សុភ័ក្រ និងលោក មាន ព្រហ្មមុនី។

ក្នុងទំព័រហ្វេសប៊ុករបស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីធីត ម៉ាន់ត្រាផន រួមជាមួយ​អ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ចំនួន៤រូបផ្សេងទៀត នៅថ្ងៃ​ទី៩ ខែសីហានេះ បាន​បង្ហាញសារ​​ពី​កង្វល់​របស់​​ពួកគេ​ ទាក់ទងនឹងការបន្តឃុំខ្លួនបណ្តោះអាសន្នទៅលើសកម្មជនការពារបរិស្ថាននិងសង្គមចំនួន៧នាក់នេះ ដោយ​​ថា ការឃុំខ្លួន​នោះធ្វើ​ដោយ​បំពានច្បាប់អន្តរជាតិ និងដកហូតសេរីភាពជាមូលដ្ឋានរបស់ពួកគេ និង​ជា​សារ​គំរាមកំហែងដល់អ្នកការពារសិទ្ធិមនុស្សផ្សេងៗទៀត ជាដើម។

លោក វីធីត ម៉ាន់ត្រាផន បាន​សរសេរបន្ត​នៅលើទំព័រហ្វេស​ប៊ុករបស់លោក​​​ថា៖ «ការបន្តដកហូតសេរីភាពរបស់ពួកគេ [សកម្មជនការពារបរិស្ថាន] ជាការបំពានដោយផ្ទាល់នូវសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវក្រោមច្បាប់សិទ្ធិមនុស្ស​​​អន្តរជាតិ ដូចមានចែងក្នុងមាត្រា៩ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ»។

លោក​​បន្ថែមថា៖ «លើសពីនេះ ក្រុម​អ្នកជំនាញបានសម្តែងនូវកង្វល់យ៉ាងខ្លាំងចំពោះ​របាយការណ៍​​​ដែលថាអាជ្ញាធរ​កម្ពុជាកំពុងកំណត់គោលដៅគំរាមកំហែងនិងដាក់ទោសទណ្ឌដល់​អ្នកការពារសិទ្ធិមនុស្ស ក្នុងគោលបំណងឱ្យមានការភ័យខ្លាចក្នុងចំណោមអ្នកដែលធ្វើការងារដើម្បីការពារសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋាន»។

បន្ថែមពីនេះ អ្នកជំនាញសិទ្ធិមនុស្សទាំងនោះជំរុញទៅរដ្ឋាភិបាលចាត់វិធានការបណ្តោះអាសន្ននិងចាំបាច់ទាំងអស់ ដើម្បីបញ្ឈប់ការរំលោភបំពានទាំងឡាយដែលបានលើកឡើង និងទប់ស្កាត់កុំឱ្យមានការកើតឡើងវិញនូវការរំលោភបំពានទាំងនោះ។ ពួកគេបន្តថា ក្នុងករណីការស៊ើបអង្កេតទាំងឡាយរកឃើញថា ការចោទ​ប្រកាន់​នោះ​ជា​ការ​ពិត​​មែន អាជ្ញាធរកម្ពុជា ត្រូវធានាឱ្យមានគណនេយ្យភាពនៃបុគ្គលណាមួយ​​ដែលទទួល​​ខុសត្រូវចំពោះការរំលោភបំពានដែលបាន​ចោទប្រកាន់ទាំងនោះ។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា និងជាអ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​កម្ពុជា លោក ជិន ម៉ាលីន ចាត់​ទុកការ​លើកឡើង​របស់​​អ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ថាធ្វើឡើងដោយក្រុមដែលមាន​និន្នាការប្រឆាំង ដែល​មិន​មានមូលដ្ឋានច្បាស់លាស់និងឆ្លុះបញ្ចាំងពីទិដ្ឋភាពផ្លូវច្បាប់​នោះទេ។

អ្នកនាំពាក្យ​រូបនោះជំរុញទៅអ្នកពាក់ព័ន្ធត្រូវធ្វើការតតាំងតាមផ្លូវច្បាប់ ជាជាង​ការ​និយាយ​ដោយមិនមានមូលដ្ឋានច្បាស់លាស់បែបនេះ។

លោកជំរុញដូច្នេះថា៖ «មធ្យោបាយតាមផ្លូវច្បាប់ដើម្បីការពារជនជាប់ចោទទាំងអស់នេះ មានតែការស្វែងរកភស្តុតាងនិងសក្ខីកម្ម ភស្តុតាងឱ្យបានរឹងមាំតាមផ្លូវច្បាប់ ធ្វើការដោះបន្ទុកទេ ដើម្បីចូលរួមដំណើរការនីតិវិធីរបស់តុលាការ ទើបអាចជួយបាន»។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត  មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវគោរព​និងអនុវត្តច្បាប់ជាតិនិងច្បាប់អន្តរជាតិ ស្របតាមការលើកឡើងរបស់អ្នកជំនាញផ្នែកសិទ្ធិមនុស្ស អ.ស.ប ដើម្បីកុំឱ្យកម្ពុជាខាតបង់ប្រយោជន៍ជាដើម។

លោកមានប្រសាសន៍ថា៖ «ការចាប់និងការឃុំខ្លួនសកម្មជនបរិស្ថាននិងសកម្មជនកន្លងមកនេះ វាអត់ធ្វើឱ្យកម្ពុជាមានផលចំណេញ។ ផ្ទុយទៅវិញ យើងឃើញថា ត្រូវទទួលនូវការខាតបង់ ហើយនិងការរិះគន់ជាបន្តបន្ទាប់ទៅទៀត ទោះបីជាអាជ្ញាធរកម្ពុជាអះអាងថា ជាការអនុវត្តច្បាប់របស់កម្ពុជាក៏ដោយ បើសិនជាសកម្មភាពទាំងអស់នេះនៅតែបន្ត វាអាចប៉ះពាល់ដល់ការរំលោភបំពានទៅលើអ្នកការពារសិទ្ធិមនុស្ស»។

គិតត្រឹមខែសីហា ឆ្នាំ២០២១នេះ គឺមានរយៈពេល១២ខែមកហើយដែលក្រុម«យុវជនខ្មែរថាវរៈ» និង «សមាគមនិស្សិតបញ្ញវន្តខ្មែរ» ទាំង៧នាក់ បានជាប់ឃុំជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ដើម្បីរង់ចាំការសម្រេចរបស់តុលាការ​។ ពួកគេបានរងនូវការ​ចោទ​​​ប្រកាន់ពីបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងផ្តើមគំនិតញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» បន្ទាប់ពីពួកគេបានចូលរួមតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន អតីប្រធាន​សហភាពសហជីពកម្ពុជា និងជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មកពីអតីតគណបក្សសង្រ្គោះជាតិ និងរៀបចំការជួបជុំដោយសន្តិវិធី​នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ កាលពី​អំឡុងខែសីហា និងកញ្ញា ឆ្នាំ២០២០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ