អតីត​មន្រ្តី CNRP​ ដែល​ភៀស​ខ្លួន​នៅ​ថៃ​ថា​ខ្លួន​កំពុង​ប្រឈម​បញ្ហា​ជីវភាព​និង​បារម្ភ​​ពី​​សុវត្ថិភាព

អតីតប្រធានប្រតិបត្តិក្រុងច្បារមន និងជាក្រុមប្រឹក្សាជាប់ឆ្នោតក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៃអតីតគណបក្សសង្គ្រោះជាតិ អ្នក​ស្រី ជុំ សោភ័ណ្ឌ ថតនៅក្នុងបន្ទប់ជួលមួយកន្លែងនៅជាយក្រុងបាងកក ប្រទេសថៃ។ (ផ្ដល់ឱ្យ)

មន្រ្តីអតីតគណបក្សសង្គ្រោះជាតិ (CNRP) មួយចំនួនលើកឡើងថា ពួកគេ​កំពុង​ប្រឈម​នឹងបញ្ហា​​ជីវ​ភាពនិង​បារម្ភពី​សុវត្ថិភាព ខណៈ​​ពួកគេ​​​កំពុង​​រស់នៅជាជនភៀសខ្លួ​ននៅប្រទេសថៃ ដើម្បី​គេចចេញពីការចាប់ខ្លួននិងការគំរាមកំហែង​​​របស់អាជ្ញាធរកម្ពុជា។

អតីតប្រធានប្រតិបត្តិក្រុងច្បារមន និងជាក្រុមប្រឹក្សាជាប់ឆ្នោតក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៃអតីតគណបក្សសង្គ្រោះជាតិ អ្នក​ស្រី ជុំ សោភ័ណ្ឌ ថ្លែងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១​នេះថា អ្ន​កស្រីបានភៀសខ្លួនទៅរស់នៅក្នុងប្រទេសថៃជាង២ឆ្នាំមកហើយ ដើម្បីគេចពីដីកាកោះហៅឱ្យចូលបំភ្លឺពីបទចោ​​ទ «រួមគំនិតក្បត់»។ អ្នកស្រីថា គាត់កំពុងមានបញ្ហាសុខភាពនិងជីវភាព ពិសេសពេលត្រូវការទៅ​ម​ន្ទីរ​ពេទ្យព្យាបាល រួមទាំ​ងការគំរាមកំហែងចាប់បញ្ជូនខ្លួន​មកកម្ពុជាវិញ ចំពោះការបញ្ចេញមតិរិះគន់របស់អ្នកស្រីតា​មបណ្តាញសង្គមលើការដឹកនាំរបស់រដ្ឋា​ភិបាលកម្ពុជា។

អតីតមន្រ្តីគណបក្សប្រឆាំងរូបនេះបន្ថែមថា អ្នកស្រីត្រូវស្នាក់នៅបន្ទប់ជួលទំហំ៩ម៉ែត្រ​ការ៉េ នៅ​ការដ្ឋានសំណង់ជា​យក្រុងបា​ង​កក ហើ​​យត្រូ​វចាយវាយត្បិតត្បៀតលើអាហារប្រចាំថ្ងៃ ដោយសារមិនអា​ចរកការងារធ្វើបាន ខណៈគាត់មិនមានបណ្ណ​កា​រងារនិងមិ​នចេះភាសាថៃ ហើយការឧបត្ថម្ភពីអង្គការដៃគូរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួននយោបាយក៏​មាន​កម្រិត។

អ្នកស្រី ជុំ សោភ័ណ្ឌ និយាយថា៖ «សុខចិត្តវេទនាប៉ុនណា លំបាកប៉ុនណា ក៏សុខចិត្តវេទនារស់នៅស្រុកថៃបន្តទៀត ព្រោះអីរូបនា​ងខ្ញុំត្រូវគេតាមចាប់ខ្លួន និងមានដីកាចាប់ខ្លួនហើយ មិនអាចវិលត្រឡប់ទៅស្រុកខ្មែរបានទេ! មានតែបន្តរស់នៅស្រុកថៃជាបន្តទៀត ដើម្បីរង់ចាំលោកប្រធាន [លោក សម រង្ស៊ី] គាត់អញ្ជើញទៅ និងរួមដំណើរទៅជាមួយគាត់»

ស្ត្រីដែលភៀសខ្លួនទៅថៃចោលគ្រួសារនិងកូន៥នាក់រូបនេះ បន្ថែមថា​៖ «ខ្ញុំឈឺចាប់មែនទែន នៅពេលដែលខ្ញុំចេញមកដល់ស្រុកថៃ ខ្ញុំស្រណោះស្រណោកកូនចៅ​​​ខ្ញុំមែនទែន ព្រោះអីខ្ញុំមកទាំងឈឺ មកទាំងជា។ បើសិនជាយើងមិនមក គឺអាជ្ញាធរក្រុងភ្នំពេញមានតែចាប់យើងដាក់គុក​ ម៉្លោះ​​ហើយយើងបង្ខំចិត្តភៀ​សខ្លួនចេញពីស្រុកខ្មែរមកនៅស្រុកថៃទាំងការឈឺចាប់»

ដោយឡែក អតីតប្រធានប្រតិបត្តិឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប នៃអតីតគណបក្សសង្គ្រោះជាតិ លោក ឈុន វាន ឱ្យដឹង​ថា លោកបានរត់ភៀសខ្លួនទៅប្រទេសថៃជាង៣ឆ្នាំ​មក​ហើយ ដើម្បី​គេចពីការគំរាមកំហែងឱ្យលោ​ក​ចុះចូលជាមួយគណបក្សកា​ន់​​​អំណាច ប​ន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយកាលពីឆ្នាំ២០១៧។ លោកថា ប្រពន្ធនិងកូនៗ២នាក់​របស់លោកបានរត់មកតាមក្រោ​យ បន្ទាប់ពីលោកចាកចេញបាន១ឆ្នាំ។

បើតាមប្រភពដដែល អតីតសកម្មជននិងមន្រ្តីគណបក្សសង្គ្រោះជាតិមិនក្រោម១០០នាក់​ទេដែលកំពុងរស់នៅដោយការភៀ​ស​​​​ខ្លួននៅ​ក្នុងប្រទេ​សថៃ ហើយពួកគេខ្លះមិនទាន់ទទួល​បានសិទ្ធិ​ជ្រកកោនផ្នែកនយោបាយដែលមានកិច្ចការ​ពារ និងការឧបត្ថម្ភពីអ​ង្គការសហប្រ​ជាជា​តិនៅឡើយ។

លោកបន្តថា ក្នុងជីវិតជាជនភៀសខ្លួន លោកត្រូវប្រឈមនឹងបញ្ហាលំបាកជីវភាព ការចាប់បញ្ជូនត្រឡប់មកកម្ពុជា​ និងបារម្ភពីសុខសុ​វត្ថិភាពផ្ទាល់ខ្លួន​ពីការលបវាយប្រហារពីជនអនាមិក ដូចករណី​ដែលធ្លាប់បានកើតឡើ​ងលើសកម្មជនមួយចំនួនដូចជា លោ​ក​ ឃិន ជំរឿន និងលោក សួន ចំរើន ជាដើម។ លោកបន្ថែមថា លោកធ្លាប់ត្រូវបានកម្លាំងអាជ្ញាធរថៃ ចាប់ឃាត់ខ្លួន៣លើក​មកហើយ ប៉ុន្តែត្រូវបានមេធាវីនៃអង្គការសហប្រជាជាតិជួយអន្តរា​គមន៍ ហើយ​ក៏​ធ្លាប់មាន​ជនចម្លែ​កតាមដានដល់កន្លែងស្នាក់នៅផងដែរ។

លោក ឈុន វាន និយាយថា៖ «ទោះបីលំបាកយ៉ាងណាក៏ដោយ គឺតាំងចិត្តរក្សាឆន្ទៈរបស់ប្រជាពលរដ្ឋ​ដែលគាត់​បាន​បោះឆ្នោ​​តគាំទ្រគណបក្សសង្គ្រោះជាតិ ដែលចេញពីឆន្ទៈរបស់ពួកគាត់ពិតប្រាកដ។ អ៊ីចឹងការតស៊ូរបស់ពួកខ្ញុំ ការអត់​ឃ្លានឬក៏ខ្វះខាតហ្នឹ​ង វាគឺជាបញ្ហាសម្រាប់ការតស៊ូទេ ប៉ុន្តែ​អ្វីដែលព្រួយបារម្ភបំផុតនោះ គឺខ្លាចបាត់បង់​ជាតិ បាត់​បង់នូវ​សិទ្ធិសេរីភាពរបស់ប្រ​ជាពលរដ្ឋរាប់លាននាក់​នៅក្នុងប្រទេសកម្ពុជាដែលជារឿងសំខាន់ ហើយដែលខ្ញុំគិតថា វាជាការចាំបាច់ជាជាងជីវភាពខ្លួនឯង​»

អតីតមន្រ្តីគណបក្សសង្គ្រោះជាតិនៅខេត្តបាត់ដំបងមួយរូប ដែលបច្ចុប្បន្នទទួលបានសិទ្ធិជ្រកកោននៅប្រទេសនូវែលហ្សេឡង់ លោក សួ​ន ចំរើន បានប្រាប់ វីអូឌី ឱ្យដឹងកាលពីខែកក្កដា ឆ្នាំ២០២១​ ថាអំឡុងរស់នៅភៀសខ្លួនក្នុងប្រទេសថៃ លោកត្រូវបានជនស៊ីវិលមួយ​ក្រុម​មាន​គ្នា២នាក់ប្រដាប់ដោយដំបងឆ​ក់ ប៉ុនប៉ងចាប់លោកបញ្ចូលរថយន្តនៅចុងឆ្នាំ២០១៩ ប៉ុន្តែមិនបានសម្រេច​។ លោកថា ជនមិនស្គាល់មុខទាំងនោះគឺជាជនជាតិខ្មែរ ហើយបានប្រាប់លោកថា មេរបស់ពួកគេបញ្ជាឱ្យពួកគេមកនាំខ្លួនលោកទៅ។

លោក សួន ចំរើន និយាយថា៖ «កាលករណីខ្ញុំ វាមិនមែនគំរាម មិនមែនមកវាយទេ វាមកចាប់ វាមកចាប់ខ្ញុំ ប៉ុន្តែដោយសារខ្ញុំរើទៅ ទើបមានការប្រទូស្តប្រទាំង មានប្រើដំបងឆក់ ឆក់ខ្ញុំអីអ៊ីចឹង តែបំណងវាអត់បានសម្រេច។ ហើយបើវាចាប់ខ្ញុំបាននៅពេលនោះ ប្រហែលជាខ្ញុំលែងមានជីវិតរស់នៅតទៅទៀតហើយ ព្រោះវាមកចាប់ដោយស្ងាត់ ដោយអាថ៌កំបាំងអ៊ីចឹង វាអាចដូចជា វ៉ាន់ឆាឡឺម ឆាន់សាក់សិត»

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ​ ស៊ីផាន ចាត់ទុក​​ការលើកឡើងរបស់អតីតមន្រ្តីបក្សប្រឆាំងទាំងនោះ ថា​គ្រាន់តែជាលេសចង់គេចពីការទទួលខុសត្រូវ​ចំពោះ​មុខច្បាប់​នូវ​ទង្វើល្មើសច្បាប់របស់ខ្លួន ដែល​ចង់ទម្លាក់​កំហុស​លើរដ្ឋាភិបាល​ក​ម្ពុ​ជា ដើម្បីអាចទទួល​បានសិទ្ធិជ្រកកោននៅប្រទេសទី៣ប៉ុណ្ណោះ។ លោកថា បើ​ពួកគេមិនប្រព្រឹត្ត​ទោសកំហុស​អ្វីដែ​​លផ្ទុយនឹងច្បាប់ តុលាការក៏មិនចេញដីកានាំខ្លួន ហើយពួកគេក៏មិនចាំបាច់រត់គេចទៅក្រៅប្រទេសដែរ។

លោកបន្ថែមថា មានអតីតសកម្មជននិងមន្រ្តីអតីតគណបក្សសង្គ្រោះជាតិមួយចំនួនកំពុងរស់នៅក្នុងប្រទេសកម្ពុជា ដោយមិនមានការចោទប្រកាន់អ្វីនោះទេ ហើយមួយចំនួ​ន​បានចូលរួ​មបង្កើត​គណបក្សនយោបាយទៀតផង។ 

លោក ផៃ ស៊ីផាន​ មានប្រសាសន៍បន្ថែមថា៖ «បើខ្ញុំជាគាត់វិញ ខ្ញុំសុំសារភាពទៅ ហើយសុំការអនុគ្រោះ ការអីអ៊ីចឹងទៅ វាចប់រឿង! ឬក៏រកអ្នកណាធ្វើអីទៅ សរសេរសំបុត្រមក។ នេះបើខ្ញុំជាគាត់វិញ ហើយខ្ញុំមិនបង្កើតសាច់រឿងមួយដើម្បីយកលេស ដើម្បីធ្វើការពារខ្លួននយោបាយហ្នឹងទេ។ គាត់និយាយអ៊ីចឹង ដើម្បីជាទឡ្ហីករណ៍ ជាប្រធានបទសម្រាប់ភៀសខ្លួននយោបាយទេតើ! ដែលគាត់សម្អុយរដ្ឋាភិបាលថាគេចាប់អញ្ចេះ គេចាប់អញ្ចុះ»។ 

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចន្ទរឿន មើលឃើញថា បើគ្មានការចរចាផ្នែកនយោបាយរវាងគណបក្សកា​ន់អំណាច និងមេដឹកនាំអតីតគណបក្សប្រឆាំងទេនោះ អតីតមន្រ្តី​និងសកម្មជនដែលកំពុងរស់នៅភៀសខ្លួនទាំងនោះមិនអាចវិលត្រឡប់មកវិញបានដោយសុខស្រួលនោះទេ។ 

លោកថា បញ្ហានេះក៏​បាន​ធ្វើឱ្យប៉ះពាល់ដល់ចំណាត់ថ្នាក់ស្ថានភាពសិទ្ធិនយោបាយនិងសិទ្ធិមនុស្សដែលនាំឱ្យប្រទេសលោកខាងលិច ដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម​នោះ ដាក់ទណ្ឌ​កម្ម​ដល់​រដ្ឋាភិបាល​កម្ពុជា ដែលធ្វើ​​ឱ្យ​​ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិនិងជីវភាពរបស់ពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ថែមមួយកម្រិតទៀត។

លោកមានប្រសាសន៍ថា៖ «បើស្ថានភាពនយោបាយរបស់យើងនៅតែអាប់អួបែបនេះ ហើយមិនមានការសម្របសម្រួល ឬក៏ការដោះស្រាយជម្លោះនយោបាយកន្លងមកទេ។ ការគាប​សង្កត់ ការធ្វើទុក្ខបុកម្នេញទៅលើប្រជាពលរដ្ឋមួយចំនួនដែលជាអតីតសកម្មជនឬថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិហ្នឹងនៅមានជាបន្ត។ ហើយជាផលវិបាក កម្ពុជានឹងស្ថិតនៅក្នុងចំណាត់ថ្នាក់មិនល្អចំពោះស្ថានភាពសិទ្ធិមនុស្ស​​ ដំណើរការប្រជាធិបតេយ្យ នៅក្នុងកំណត់​ត្រានៃការ​វាយ​តម្លៃអំពី​ស្ថានភាពសិទ្ធិសេរីភាពនិងស្ថានភាពនយោបាយ»៕     


សេចក្ដីកែតម្រូវ៖ វីអូឌីសូមកែតម្រូវ
១. កថាខណ្ឌទី៣ «[…] ៣ម៉ែត្រការ៉េ […]» ទៅជា «[…] ៩ម៉ែត្រការ៉េ […]»
២. តួនាទី «អតីតប្រធានក្រុមប្រឹក្សាជាប់ឆ្នោតក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៃអតីតគណបក្សសង្គ្រោះជាតិ អ្នក​ស្រី ជុំ សោភ័ណ្ឌ» ទៅជា «អតីតប្រធានប្រតិបត្តិក្រុងច្បារមន និងជាក្រុមប្រឹក្សាជាប់ឆ្នោតក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៃអតីតគណបក្សសង្គ្រោះជាតិ អ្នក​ស្រី ជុំ សោភ័ណ្ឌ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ