សមត្ថកិច្ច​ខេត្ត​កោះកុង​ចុះ​សាកសួរ​​ពលរដ្ឋ​ក្នុង​ជម្លោះ​ដីធ្លី​ម្នាក់​តាម​បណ្ដឹង​ឧកញ៉ា ហេង ហ៊ុយ

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជីខចុះសាកសួរពលរដ្ឋម្នាក់ តាមបណ្តឹងរបស់ឧកញ៉ាហេង ហ៊ុយ ពីបទបរិហារកេរ្តិ៍ នៅព្រឹកថ្ងៃទី៧ ខែសីហា ២០២១។(រូបភាព៖ អ្នកស្រី អឹប តឹង)

សមត្ថកិច្ចខេត្តកោះកុងបានចុះទៅសាកសួរ​ពលរដ្ឋមានទំនាស់ដីធ្លីម្នាក់ តាមបណ្ដឹងរបស់ឧកញ៉ា ហេង ហ៊ុយ  ដោយប្តឹងពីបទបរិហារជាសាធារណៈ និងបរិហារបង្កាច់កេរ្ត៍  និងញុះញង់ឱ្យមានការរើសអើងជាសាធារណៈ បន្ទាប់ពីស្ត្រីម្នាក់បានសរសេរលើបណ្តាញហ្វេសប៊ុករិះគន់លោកកាលពីចុងខែកក្កដា។

អ្នកស្រី អឹប តឹង រស់នៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានគណនីហ្វេសប៊ុកឈ្មោះ ដាដា ដាដា បានសរសេរបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ និងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ដោយមានខ្លឹមសារថា៖ «កើតជាមនុស្ស មុននឹងក្រោយគង់តែស្លាប់ តែមុននឹងស្លាប់សូមធ្វើល្អឱ្យបន្តិចទៅ កុំឱ្យពាក្យចាស់ថា ខ្លួនរស់តែឈ្មោះស្អុយរលួយ គួរឱ្យខ្ពើម មិនចង់លឺដូច លោក ហេង ហ៊ុយ ចឹង ប្លន់ដីពលរដ្ឋហើយកោះហៅឡើងតុលាការទៀត»។ ការបង្ហោះឃ្លាទាំងនេះ ដោយភ្ជាប់ជាមួយរូបថតរបស់លោកឧកញ៉ា ហេង ហ៊ុយ ផងដែរ។

ក្រោយពីសរសេរបែបនេះ លោក ហេង ហ៊ុយ បានប្ដឹងអ្នកស្រី អឹប តឹង ទៅប៉ុស្តិ៍នគរបាលឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ពីបទ «បរិហារជាសាធារណៈនិងបរិហារបង្កាច់កេរ្ត៍និងញុះញង់ឱ្យមានការរើសអើងជាសាធារណៈ»។

បើតាមពាក្យបណ្ដឹងរបស់លោក ហេង ហ៊ុយ ចុះថ្ងៃទី៦ ខែសីហា​ ឆ្នាំ២០២១ ដែលបានប្ដឹងអ្នកស្រី អឹប តឹង ទៅអធិការនគរបាលស្រុកស្រែកអំបិលឱ្យដឹងថា ការបង្ហោះសាររបស់អ្នកស្រី អឹប តឹង ដែលមានគណនីហ្វេសប៊ុកឈ្មោះ ដាដា ដាដា កាលពីថ្ងៃទី២៩ ខែកក្កដា និងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ជាការភូតកុហក បោកប្រាស់​ ​មួលបង្កាច់ បង្ខូចកេរ្តិ៍ នាំឱ្យមានការលើរើសអើង និងសំអុយឈ្មោះធ្វើឱ្យប៉ះពាល់ដល់កិត្តិយស់លោក។

អ្នកស្រី អឹប តឹង ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនលោក ហេង ហ៊ុយ ប្រាប់វីអូកាលពីនៅថ្ងៃសៅរ៍នេះថា អាជាធរប៉ុស្ដិ៍ឃុំជីខ និងសមត្ថកិច្ចស្រុកចំនួន ៤ នាក់ បានចុះទៅសួរនាំអ្នកស្រី លើករណីនេះ។

តែយ៉ាងណា អ្នកស្រីបានការពារខ្លួនថា អ្វីដែលអ្នកស្រីបានបង្ហោះ គឺជារឿងពិត ដោយសារ ពួកគាត់បានរងគ្រោះ និងបាត់បង់ដីធ្លីជាង ១០ ឆ្នាំមកហើយ ដោយសារ ក្រុមហ៊ុន ហេង ហ៊ុយ អេ​គ្រី​ខាល់​ឈ័រ គ្រុប បានរំលោភយកដីរបស់ពួកគាត់ ប៉ុន្តែគិតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយ។ ក្រៅពីមិនមានដំណោះស្រាយហើយ ពួកគាត់ត្រូវបានតុលាការកោះហៅជាបន្តបន្ទាប់ តាមបណ្ដឹងក្រុមហ៊ុននេះ។

អ្នកស្រីថា«តុលាការច្បាប់ស្រុកខ្មែរ ដូចជាលម្អៀងដល់ហើយ ​ចង់និយាយថា គាត់មើលឃើញតែអ្នកមានលុយ ​ដូចជាខ្ញុំសរសេរសារបង្ហោះ​អ៊ីចឹងលោក ហេង ហ៊ុយ ប្ដឹង គេមកដល់ភ្លេត ដល់អ៊ីចឹងខ្ញុំនិយាយថា ខ្ញុំបឹ្ដងលោក ហេង ហ៊ុយ ចំនួន៣ ឆ្នាំហើយ ​ដល់ទាំងក្រសួងមហាផ្ទៃ ដល់ក្រសួងដែនដី ​​ខុទ្ទកាល័យសម្ដេច តែអត់មានដោះស្រាយឱ្យខ្ញុំទេ។ អ៊ីចឹងស្រុកខេត្តនិយមបក្សពួករបស់គាត់ហ្នឹង ​ព្រោះគាត់អ្នកមានលុយ ​ហើយប្រជាពលរដ្ឋក្រីក្រគ្មានទេ យុត្តិធម៌ខ្ញុំនិយាយអ៊ីចឹង»

អ្នកស្រី អឹប តឹង ចាត់ទុកការចុះសួរនាំគាត់ ពាក់ព័ន្ធនឹងការបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកពីសំណាក់អាជ្ញាធរថា​ ជារឿងអយុត្តិធម៌សម្រាប់គាត់ និងពលរដ្ឋផ្សេងទៀត ដែលកំពុងរងគ្រោះដីធ្លី ដោយមិនមានដំណោះស្រាយ ហើយនៅពេលនិយាយរឿងពិតបែរជាត្រូវសមត្ថកិច្ចចុះមកសួរនាំវិញ។

អ្នកស្រីថា៖ «ពួកខ្ញុំអត់បាននិយាយ និងលេងរឿងនយោបាយអីទេ គ្រាន់តែនិយាយការពិត​ រឿងបាត់បង់ដីធ្លីពិតសោះហេតុអីត្រូវរងការគំរាមកំហែង? អ៊ីចឹងរឿងអីក្រោយៗពលរដ្ឋអត់មានសិទ្ធិនិយាយទេ ​ព្រោះបើហៅនិយាយទៅគាត់ហៅបឹ្តង ​ឬហៅគំរាមកំហែងអ៊ីចឹង។ ​អ៊ីចឹងអំពើពុករលួយអីហ្នឹង អាជ្ញាធរមិនចង់ឱ្យបញ្ចេញទៅសាធារណជនបានដឹង។ ​ពេលយើងសរសេរអីការពិតអ៊ីចឹង គឺគាត់គំរាមកំហែងអត់ឱ្យពួកយើងនិយាយ​  មិនឱ្យយើងបង្ហោះសារអ៊ីចឹង។ ខ្ញុំគិតថា អំពើពុករលួយ គឺនៅតែមានមិនអាចជម្រះបានទេ ​ ព្រោះបើយើងហ៊ាននិយាយ គឺមានការគំរាមកំហែង​។ អ៊ីចឹងខ្ញុំគិតថា ​រាល់ថ្ងៃគ្មានទេ ភាពយុត្តិធម៌។ បើយុត្តិធម៌មានមែននោះ ដីពួកខ្ញុំប្រហែលជាគេដោះស្រាយហើយ ប៉ុន្តែការនិយាយស្ដីពួកខ្ញុំគេតាមចាប់ គេតាមឃ្លាំមើលរហូត»។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីលោកឧកញ៉ា ហេង ហ៊ុយ បានទេកាលពីថ្ងៃសៅរ៍នេះ ខណៈអធិការស្រុកស្រែអំបិលលោក ហួន​ នុន​  សុំមិនធ្វើអត្ថាធិប្បាយ ដោយថា លោកជាប់រវល់។

​អ្នក​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដូ​ប្រចាំ​ខេត្តកោះកុង លោក ហ៊ួរ អ៊ី​ន ចាត់ទុកការប្ដឹងប្រជាពលរដ្ឋដោយគ្រាន់តែបញ្ចេញមតិនេះថា ជាការគំរាមកំហែងដល់ពួកគាត់ដែលកំពុងរងគ្រោះបាត់បង់ដីធ្លី។ លោកសង្កេតឃើញថា ការបង្ហោះសាររបស់ពលរដ្ឋ ដោយ​សារពួកគាត់ឈឺចាប់នៅពេលបាត់បង់ដីធ្លីរយៈពេលជាច្រើនឆ្នាំហើយ ប៉ុន្តែស្ថាប័នពាក់ព័ន្ធមិន​ដោះស្រាយឱ្យពួកគាត់។

លោកថា៖ «ទាំងលោកឧកញ៉ា ហេង ហ៊ុយ បើសិនជាការយកពាក្យបណ្ដឹងហ្នឹង មកធ្វើជាដំណោះស្រាយ ខ្ញុំគិតថា ​ទំនាស់ហ្នឹង វាមិនត្រូវបានបញ្ចប់ទេ ​ប៉ុន្តែយើងមើលរូបភាពហ្នឹង ឃើញថា វាជាការគំរាមកំហែងមកលើប្រជាពលរដ្ឋ ព្រោះថា បើសិនជាប្រជាពលរដ្ឋប្ដឹងទៅលើក្រុមហ៊ុន ឬប្ដឹងទៅលើឧកញ៉ាវិញ​ កន្លងមក យើងឃើញថា បណ្ដឹងពលរដ្ឋអត់បានមានចំណាត់ការទេ ហើយបើមានគឺយឺតមែនទែន។ ប៉ុន្តែបើសិនជាក្រុមហ៊ុន និងឧកញ៉ាប្ដឹងមកលើប្រជាពលរដ្ឋវិញ ​បណ្ដឹងហ្នឹងមានចំណាត់ការលឿន ​ដូចព្រឹកមិញមានប៉ូលីសមកសួរនាំអ៊ីចឹង»។  ​

លោក ហ៊ួរ អ៊ី​ន ស្នើទៅអាជ្ញាធរ និងក្រសួងពាក់ព័ន្ធពន្លឿនការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ ដោយថា ការអូសបន្លាយពេលវេលាច្រើនឆ្នាំមកនេះ បានធ្វើឱ្យប្រជាពលរដ្ឋរងទុក្ខកាន់តែខ្លាំង ជាពិសេសគ្មានដីសម្រាប់ធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមជីវិត។

បើតាមអ្នកស្រី អឹប តឹង អះអាងថា ដីធ្លីរបស់ពួកគាត់ក្រុមហ៊ុន ហេង ហ៊ុយ  ​រំលោភ​យក​តាំងពី​ឆ្នាំ២០០៧មកម្លេះ  ប៉ុន្តែចាប់តាំងពីបាត់បង់ដីមក ពួកគាត់បាន​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ​ជាបន្តបន្ទាប់ ដើម្បី​រក​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួក​គាត់ ប៉ុន្តែ​​មកដល់ពេលនេះពួកគាត់ មិនទទួលបានដំណោះស្រាយនៅឡើយ។

ក្រៅពីមិនទទួលបានដំណោះស្រាយហើយ ពលរដ្ឋ១០នាក់ត្រូវបានតុលាការខេត្តកោះកុងកោះហៅឱ្យឆ្លើយបំភ្លឺជាបន្តបន្ទាប់ ទៅ​តាម​បណ្តឹ​ងរ​បស់​លោក ហេង ហ៊ុយ ដែល​ចោទប្រកាន់​ពួកគាត់ពី​បទ ​«បរិហារ​កេរិ៍្តជា​សាធារណៈ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ