សមត្ថ​កិច្ច​ខេត្ត​ត្បូងឃ្មុំ​ ស្វែង​រក​ចាប់​ខ្លួន​ជន​ប្រើ​​ហិង្សា​​លើ​គ្រូពេទ្យ​​ដែល​កំពុង​ចាក់​​វ៉ាក់សាំង​ជូន​​ពលរដ្ឋ

ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ មន្ត្រីមូលដ្ឋានយកអំណោយជាថវិកាពីលោករដ្ឋមន្ត្រី ជា សុផារ៉ា ជូនទៅដល់លោក ហង្ស សេរីសំរិទ្ធី ជាបុគ្គលិកសុខាភិបាលដែលរងអំពើហិង្សាពីជនដៃដល់នៅអំឡុងពេលបំពេញការងារចាក់វ៉ាក់សាំងជូនពលរដ្ឋឃុំបឹងព្រួល ខេត្តត្បូងឃ្មុំ។ (ហ្វេសប៊ុក៖ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ)

​​សមត្ថ​កិច្ច​​ស្រុក​ត្បូង​ឃ្មុំ ខេត្តត្បូងឃ្មុំ កំពុង​ស្វែងរក​ចាប់​ខ្លួន​យុវជនម្នាក់​ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​មន្ត្រី​សុខាភិបាលម្នាក់ ខណៈដែលមន្ត្រី​រូប​នោះកំពុង​បម្រើសេ​វាចាក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋ។

កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ មន្ត្រីសុខាភិបាលម្នាក់ឈ្មោះ ហង្ស សេរីសំរិទ្ធី បានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលឃុំបឹងព្រួល ឱ្យចាត់វិធានការច្បាប់ចំពោះយុវជនម្នាក់ឈ្មោះ លី សាន់សូរី ជាជនជាតិខ្មែរឥស្លាម ដោយ​ចោទបុគ្គលរូបនេះថា បានប្រើអំពើហិង្សាលើ​ខ្លួនអំឡុង​ពេល​បម្រើ​សេវា​ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពលរ​ដ្ឋនៅមណ្ឌលសុខភាពបឹងព្រួល ស្ថិតនៅភូមិបាតដីក្រោម ឃុំបឹងព្រួល។

នាយប៉ុស្តិ៍នគរបាលបឹងព្រួល លោក ស៊ុន សុធា ប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍​នេះថា ក្រោយបង្ក​ហេតុរួច ជនបង្ក​​ឈ្មោះ លី សាន់សូរី បានរត់គេចខ្លួន។ លោកថា ពេលនេះ សមត្ថកិច្ចកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បី​ស្វែងរកចាប់ខ្លួនជនបង្ក​នោះមកផ្តទ្ទាទោសតាមច្បាប់។

លោកបន្ថែមថា៖ «ឥលូវយើងកំពុងសហការជាមួយលោកស្នងការ ដើម្បីស្រាវជ្រាវចាប់ជនបង្កហ្នឹង។ យើង​បានប្រតិបត្តិកា​រ​ស្វែងរកគ្រប់ទីកន្លែង»

មន្ត្រីសុខាភិបាល លោក ហង្ស សេរីសំរិទ្ធី បានរៀបរាប់​ពី​ហេតុការណ៍ថា កាលពីថ្ងៃទី៣ ខែសីហានេះ លោក​បាន​ចុះ​ប្រតិបត្តិការ​ចាក់វ៉ាក់លើក​ទី២ ជូនប្រជាពលរដ្ឋនៅ​ឃុំបឹង​ព្រួល ដោយលោកជាអ្នកចុះឈ្មោះនិង​បញ្ចូលទិន្នន័យចំនួនអ្នកចាក់វ៉ាក់សាំង។

លោក​បន្តថា ខណៈពេលលោកកំពុងចុះឈ្មោះនិងបញ្ចូលទិន្នន័យនោះ ប្រព័ន្ធបញ្ចូលទិន្នន័យមានការរអាក់រអួលធ្វើឱ្យការចុះឈ្មោះនិងការបញ្ចូលទិន្នន័យនោះមានភាពយឺតយ៉ាវ ហើយធ្វើឱ្យជនបង្កឈ្មោះ លី សាន់សូរី រង់ចាំយូរ និងបានប្រើអំពើហិង្សាលើរូបលោកតែម្តង។

លោកបន្ថែមថា៖ «បុរសឈ្មោះ លី សាន់សូរី បានស្រែកថា​ឱ្យខ្ញុំ ហើយបានខល​ទូរសព្ទ! លុះបន្តិចក្រោយមក មានឡានមួយគ្រឿង​ម៉ាកហាយឡេនឌ័រ​បើក​ចូល​មក ហើយម្ចាស់ឡានបានចុះមកជួបជាមួយបុគ្គលឈ្មោះ លី សាន់សូរី។ បន្ទាប់ពីជួបរួច បុគ្គលរូបនោះ​បានដើរចូលមកក្នុងកន្លែងចាក់វ៉ាក់សាំង ហើយបានវាយរូបខ្ញុំមួយដៃចំក្រោមថ្ងាស ហើយ​បានឡើងជិះឡានទៅ​បាត់»

មន្ត្រីសុខាភិបាលរូបនេះអះអាងថា អ្នកដែលប្រើអំពើហិង្សាលើរូបលោកនោះ ជាសាច់ញាតិរបស់មន្ត្រីក្រុមប្រឹក្សាឃុំបឹងព្រួល ហើយមានចរិតក្រអឺតក្រទមកោងកាច។ លោក ហង្ស សេរីសំរិទ្ធី បានទាមទារទៅសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានលើជនបង្កទៅតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹង ដើម្បីព្រមានជននេះកុំឱ្យធ្វើបែបនេះបន្តទៀត។

វីអូឌី មិនអាចរកការឆ្លើយតបពីអាជ្ញាធរបឹងព្រួល និងជនបង្កចំពោះការចោទប្រកាន់នេះបានទេ នៅថ្ងៃ​នេះ។

មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម លោក ឡេង សេង​ហ៊ាន មានប្រសាសន៍ថា ប្រសិនបើមានការប្រើហិង្សាលើមន្ត្រីសុខាភិបាល​ដូចការលើកឡើងមែន វាគឺជាទង្វើអសីលធម៌និងជាទង្វើខុសច្បាប់ ដែលអាជ្ញាធរពាក់ព័ន្ធត្រូវតែចាត់វិធានការលើជនបង្កឱ្យបានតឹងរ៉ឹង។

លោកបន្ថែមថា៖ «សម្រាប់ខ្ញុំគិតថា គ្រូពេទ្យគាត់ប្រហែលមិនចង់យឺតយ៉ាវ​ទេ ប៉ុន្តែការងារវាច្រើន អ៊ីចឹង​ការ​យឺត​យ៉ាវ​តិច​តួច​ វាតែងតែកើត​មាន​ហើយ។ បើយើងអត់មានការយោគយល់ទេ អាហ្នឹងយើងមិនដឹងថា គាត់គិតយ៉ាងម៉េច​​ទេ អ្នកបង្កបញ្ហាហ្នឹង! ការប្រព្រឹត្តបែបហ្នឹង វាខុស ហើយវាមិនត្រឹមត្រូវទេ ហើយណាមួយអំពើហ្នឹង វាខុសច្បាប់ទៀត»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ