សង្គម​ស៊ីវិល​ជំរុញ​​រដ្ឋា​ភិបាល​ជួយ​ពលករ​ខ្មែរ​​នៅ​ថៃ​ ខណៈ​កម្ពុជា​បិទ​​ព្រំដែន​ទប់​ស្កាត់​កូវីដ-១៩​បំប្លែងថ្មី

នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ច្រកទ្វារព្រំដែនអន្តរជាតិនៅខេត្តឧត្ដរមានជ័យត្រូវបានអាជ្ញាធរខេត្តផ្អាកដំណើរការបណ្ដោះអាសន្ន ក្រោយមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីបិទខ្ទប់ភូមិសាស្រ្តខេត្ត និងការផ្អាកការធ្វើដំណើរចេញ-ចូលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទ “ដែលតា” (Delta)។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ-Oddar Meanchey provincial police)

ក្រុមអង្គការសង្គមស៊ីវិលជំរុញទៅរដ្ឋាភិបាលត្រូវ​យក​ចិត្តទុកដាក់ជួយ​សង្គ្រោះដ​ល់ពលករខ្មែរ​ចំណាកស្រុកនៅប្រទេសថៃបន្ថែមទៀត និងអ្នកដែលកំពុងធ្វើដំណើរមកដល់ព្រំដែន ប៉ុន្តែត្រូវបានអាជ្ញាធរហាមមិនឱ្យឆ្លងដែនចូលទឹកដីកំណើតរបស់ខ្លួន ក្រោមហេតុផលទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មី។

ការជំរុញនេះធ្វើឡើងបន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានចែករំលែក​រូបភាព​តៗគ្នា នៅថ្ងៃទី៣ ខែសីហានេះថា អាជ្ញាធរថៃព្រមឱ្យពលករខ្មែរឆ្លងដែនត្រឡប់មកកម្ពុជា​វិញ ប៉ុន្តែបែរជាអាជ្ញាធរកម្ពុជាបិទខ្ទប់មិនឱ្យពលរដ្ឋខ្លួនឆ្លងដែនចូលទឹកដីកំណើតរបស់ពួកគេនោះទេ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សង្កេតឃើញថា អំឡុងពេលជួបវិបត្តិកូវីដ-១៩បំប្លែងថ្មី “ដែលតា” ធ្វើឱ្យពលករចំណាកស្រុកនៅប្រទេសថៃមួយចំនួនធ្វើដំណើរមកដល់ជាយដែនបម្រុងឆ្លង​ចូលទឹកដីកំណើតរបស់ខ្លួនវិញ​ ប៉ុន្តែត្រូវបានអាជ្ញាធរកម្ពុជាហាមមិនឱ្យចូលនោះទេ។ 

ករណីនេះ លោកថា បើរដ្ឋាភិបាលកម្ពុជាមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមជូនពួកគេឱ្យបានទាន់ពេលទេ នឹងធ្វើឱ្យពលករទាំងនោះជួបវិបត្តិសេដ្ឋកិច្ចគ្រួសារនិងបញ្ហាសុខភាព​កាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ 

លោកមានប្រសាសន៍ថា៖ «ការផ្តល់ជំនួយសង្គ្រោះ មិនចាំបាច់ថាគាត់[ពលករ]មកដល់កម្ពុជាទេ។ ឧបមាថា គាត់អត់ការងារធ្វើ ឱ្យជាអង្ករ ឱ្យជាស្បៀង ក៏អាចធ្វើបានដែរ តាមរយៈស្ថានទូត[កម្ពុជាប្រចាំនៅប្រទេសថៃ]។ រឿងទី២ បើសិនជាអ្នកដែលជ្រុលមកហើយ បើសិនជាអាចធ្វើបាន ក៏អាចផ្តល់ការអនុគ្រោះឱ្យគ្នា ហើយអាចដាក់នៅក្នុងមណ្ឌលចត្តាឡីស័កនៅតាមព្រំដែន កុំឱ្យរីករាលដាលទៅដល់អ្នកដទៃ»។

ទាក់ទិននឹងបញ្ហានេះដែរ​ មន្ដ្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា មូលហេតុពលករខ្មែរ​ចង់ត្រឡប់មកកម្ពុជាវិញ ដោយ​សារ​ជំងឺ​កូវីដ-១៩បំប្លែងថ្មី​នៅក្នុងប្រទេសថៃកំពុងរីករាលដាលខ្លាំង ធ្វើឱ្យពលករមួយចំនួនបាត់​បង់​ការ​ងារ ខ្វះថវិកាផ្គត់ផ្គង់គ្រួសារ និងជួបបញ្ហាប្រឈម​សុខភាព ជាដើម។

ករណីនេះ លោកជំរុញទៅរដ្ឋាភិបាលកម្ពុជាត្រូវស​ហការ​ជាមួយ​ភាគី​ថៃដោះ​ស្រាយ​បញ្ហា​​​ប្រឈម​​ជូ​នពលករ​ចំណាកស្រុក និងអ្នកដែលត្រឡប់មកដល់ព្រំដែន​ ជាពិសេសត្រូវធ្វើមណ្ឌល​ចត្តាឡីស័កនៅតាមជាយដែនឱ្យបានច្រើន និងអនុវត្តវិធានការសុខាភិបាលឱ្យបានតឹងរ៉ឹង។

លោកមានប្រសាសន៍ថា៖ «បើសិនជាយើងរៀបចំនៅតាមជាយដែន មណ្ឌលចត្តាឡីស័កឱ្យបានច្រើន ហើយយើងអនុ​វត្តទៅតាមនិយាមសុវត្ថិភាពបានត្រឹមត្រូវ ខ្ញុំគិតថា​ វាមិនចេះតែឆ្លង ព្រោះមេរោគអស់នេះ វាអាចការពារបានដដែលទេ ឱ្យតែយើងរៀបចំការការពារឱ្យបានត្រឹមត្រូវ វាមិនចេះតែឆ្លងដូចយើងគិតនោះទេ»។

​អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ប្រាប់ វីអូឌី តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃអង្គារនះថា មន្ត្រី​ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ​ប្រទេសថៃ កាលពីម្សិលមិញ បានចុះ​ជួប​សួរសុខទុក្ខ​ពលករខ្មែរចំនួន២១៦​នាក់ដែលបានធ្វើដំណើរពីខេត្តផ្សេងៗក្នុងប្រទេសនេះ និងចង់វិលមកកម្ពុជាវិញ។ 

លោកថា បច្ចុប្បន្ន ពលករខ្មែរទាំងនោះកំពុងជាប់នៅតាមព្រំដែនថៃ-កម្ពុជា ស្ថិតនៅស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ទល់នឹងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅឡើយ​​ ដោយសារខេត្តបន្ទាយ​មាន​ជ័យកំពុង​បិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ប៉ុន្តែលោកថា មន្ត្រី​ស្ថានអគ្គកុងស៊ុលបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធទាំងកម្ពុជា-ថៃ ដើម្បីដឹកជញ្ជូននិងរៀបចំកន្លែងស្នាក់នៅដែលមានសុវត្ថិភាពជូនពួកគាត់។

លោក កុយ គួង បន្តថា៖ «​​ក្នុងការចុះសួរសុខទុក្ខនេះ មន្ត្រីនៃស្ថានអគ្គកុងស៊ុលក៏បាននាំយកនូវស្បៀងអាហារមួយចំនួន និងមួយចំនួនទៀតជារបស់សប្បុរសជនខ្មែរនិងថៃ ជូនពួកគាត់ មានដូចជា នំបញ្ចុក បាយកញ្ចប់ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង មីកញ្ចប់ ទឹកសុទ្ធ សម្រាប់ទទួលទាន និងរួមជាមួយម៉ាស់និងទឹកអាល់កុលលាងដៃសម្រាប់បង្ការការឆ្លងមេរោគកូវីដ-១៩ផងដែរ»។

លោក កុយ គួង បន្ថែមថា មន្ត្រី​ស្ថានអគ្គកុងស៊ុលកម្ពុជាក៏បានពន្យល់ណែនាំដល់ពួកគាត់ស្ដីពីការរឹតបន្ដឹងតាមបណ្ដោយព្រំដែនមួយរយៈ និងសុំ​ឱ្យ​ពួកគាត់មានការអត់ធ្មត់ និងជួយផ្សព្វ​ផ្សាយ​បន្ដ​ដល់​​ពលករដទៃទៀតកុំឱ្យ​​មានការបម្លាស់ទីជាបណ្ដោះអាសន្ន ដើម្បីរាជរដ្ឋាភិបាល​ចាត់វិធានការការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ឱ្យ​​បានប្រសើរជាមុនសិន។  ​

ចំណែកអភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំ​បង លោក សឿម  ប៊ុនរិទ្ធ មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាសម្រេចបិទខ្ទប់មិនឱ្យពលករនិងពលរដ្ឋខ្មែរឆ្លងដែនចូលមកទឹកដីកំណើតរបស់ខ្លួន​ ដើម្បីទប់ស្កាត់ការនាំយកជំងឺកូវីដ-១៩បំប្លែងថ្មីចូលមកក្នុងសហគមន៍កម្ពុជា ខណៈជំងឺនេះកាចសាវហាវនិងចម្លងលឿនជាងជំងឺកូវីដ-១៩ធម្មតា។

ទោះបីជាបែបនេះក្តី​ អ្នកនាំពាក្យរូបនេះអះអាងថា អាជ្ញាធរកម្ពុជានៅតាមព្រំដែនក៏បានសហការជាមួយអាជ្ញាធរថៃ ហើយអាជ្ញាធរថៃបានរៀបចំកន្លែងចត្តាឡីស័កចំនួន៣ទីតាំងជូនពលករខ្មែរដែលបម្រុងឆ្លងដែនមកកម្ពុជាផងដែរ ។

លោកមានប្រសាសន៍ថា៖ «មិនមែនមានន័យថា ទៅរាំងខ្ទប់ប្រជាពលរដ្ឋទេ ប៉ុន្តែរយៈពេល១៤ថ្ងៃនេះ ទុក​ឱកាសដើម្បីឱ្យបណ្តាខេត្តជួរមុខនិងបណ្តាខេត្តជួរក្រោយ ឱ្យបានត្រៀមលក្ខណៈឱ្យបានច្បាស់លាស់សិន។ ហើយយើងបានធ្វើការជាមួយអាជ្ញាធរថៃ ហើយខាងថៃគេបានរៀបចំមណ្ឌលទទួលពលករឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កដែលគេបានរៀបចំដល់ទៅ៣កន្លែង។ បើដល់ពេលផុតរយៈពេល១៤ថ្ងៃដែលកម្ពុជាបិទខ្ទប់ភូមិសាស្ត្រ៨ខេត្តនេះ គឺនឹងបើកឱ្យចូលមកកម្ពុជាវិញហើយ»។

កាលពីចុងខែកក្កដា រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បិទខ្ទប់​ខេត្តចំនួន៨​ រួមមាន​ ខេត្តបាត់ដំបង​ ប៉ៃលិន ​បន្ទាយមានជ័យ​ សៀមរាប​ ឧត្ដរមានជ័យ​ និងខេត្តព្រះវិហារ​ រយៈពេល១៤​ថ្ងៃ ចាប់ពីថ្ងៃទី២៩​ ខែកក្កដា រហូត​ដល់ថ្ងៃទី១២​ ខែសីហា ដើម្បី​ទប់ស្កាត់​ការនាំចូល​មេរោគ​កូវីដ-១៩​បំប្លែងថ្មីប្រភេទ​”ដែលតា” ​ចូលទៅ​ក្នុងសហគមន៍​ បន្ទាប់​ពី​មានការកើនឡើង​ចំនួន​អ្នកឆ្លង​មេរោគ​កូវីដ-១៩​បំប្លែង​ថ្មី​នេះជាបន្តបន្ទាប់​។

បើតាមក្រសួងសុខាភិបាល គិតចាប់តាំងពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងបាន​រកឃើញ​ករណីឆ្លងវីរុសបំប្លែងថ្មីប្រភេទ “ដែលតា”​ សរុបចំនួន២២៣ករណីហើយ។ ក្រសួងថា អ្នកជំងឺទាំងនោះជាពលករទើបនឹងត្រឡប់មកពីប្រទេសថៃ និងករណីឆ្លង​ចូល​សហ​គមន៍នៅ​ក្នុងរាជធានី-ខេត្តចំនួន១០​ ខណៈនៅរាជធានីភ្នំពេញ ក្រសួងរកឃើញមានករណីឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ចំនួន៥​ករណី​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ