អ្នក​​សារ​​ព័ត៌មាន​​ម្នាក់​រង​ការ​គំរាម​កំហែង​ក្រោយ​ផ្សព្វផ្សាយ​ករណី​ឈូសឆាយ​ដី​ព្រៃ​នៅ​សៀមរាប​

អគ្គនាយកទូរទស្សន៍ CHRTV Online លោក សួស ចំរើន ក្នុងពេលចុះយកព័ត៌មានពាក់ព័ន្ធនឹងកូវីដ-១៩ កាលពីពេលកន្លងទៅ។ (ហ្វេសប៊ុក៖ CHR TV Online)

​​អ្នកសារ​ព័ត៌មានម្នាក់​របស់អង្គភាពសារព័ត៌មាន CHRTV Online អះអាងថា ខ្លួន​ត្រូវជនមិនស្គាល់មុខទូរសព្ទ​គំរាមប្តឹងទៅតុលាការ ក្រោយពីផ្សព្វផ្សាយព័ត៌មាន​ពាក់ព័ន្ធការទន្ទ្រាន​យកដីព្រៃរបស់រដ្ឋ​ធ្វើកម្មសិទ្ធិ ស្ថិត​ក្នុងស្រុក​ជីក្រែង ខេត្តសៀមរាប។

ក្នុងខែកក្កដា​ ឆ្នាំ២០២១នេះ អង្គភាពសារព័ត៌មាន CHRTV Online​ បាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់ ដោយ​ចោទ​​​ថា លោក គង់ វុន ជាថៅកែភ្លើងនៅស្រុកជីក្រែង ខេត្តសៀមរាប បានដាក់គ្រឿងចក្រឈូសឆាយដីព្រៃបម្រុង​ទុក​របស់រដ្ឋអស់រាប់រយហិកតា ស្ថិតនៅក្នុងឃុំល្វែងឫស្សី ស្រុកជីក្រែង ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធ។

អគ្គនាយកទូរទស្សន៍ CHRTV Online លោក សួស ចំរើន ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា ក្រោយអង្គភាពរបស់លោកផ្សព្វផ្សាយរឿងនេះមក ក៏​មានជនមិនស្គាល់មុខម្នាក់បានទូរសព្ទទៅ​លោក កាល​ពីថ្ងៃ​ទី​២៧ ខែ​​កក្កដា ឆ្នាំ២០២១​ ឱ្យបញ្ឈប់ការផ្សព្វផ្សាយរឿងបញ្ហាដីធ្លីនោះទៀត និងបានគំរាមប្តឹងលោកទៅតុលាការថែមទៀត។

លោក សួស ចំរើន បានចាត់ទុកការគំរាមប្តឹងលោកទៅតុលាការនេះ គឺជាការគំរាមកំហែងនិងជាបំភិតបំភ័យចំពោះអ្នកសារព័ត៌មានមិនឱ្យផ្សព្វផ្សាយរឿងអ្នកមានលុយមានអំណាចរំលោភយកដីធ្លីរបស់​រដ្ឋ​ធ្វើកម្មសិទ្ធិ។ លោកថា ជនមិនស្គាល់មុខដែលទូរសព្ទទៅ​គំរាមរូប​លោកនោះ គឺម្តងប្រាប់ថាជា​អ្នកសារព័ត៌មាន និងម្តងទៀត​ប្រាប់ថាជាបងធម៌របស់លោក គង់ វុន ដោយអះអាងថា ដីជាង១០០ហិកតាដែលលោក គង់ វុន កំពុងឈូសឆាយនោះជាដីដែលបានទិញពីប្រជាពលរដ្ឋ។

លោកបន្ថែមថា៖ «គេគំរាមខ្ញុំ ទី១ គេថា បើសិនជាអ្នកឯងមិនលុបចោលវិញទេ អ្នកឯងមានបញ្ហាហើយ។ ទី២ គេថា គេនឹងប្តឹងរឿងនេះទៅរដ្ឋមន្ត្រីក្រសួងព័ត៌មាន គេថាឈ្មោះខ្ញុំហ្នឹងមិនទាន់បានចុះបញ្ជីត្រឹមត្រូវក្នុងនាមជាអ្នកសារព័ត៌មានទេ។ ករណីនេះ ប្រសិនជា​បងប្អូនអ្នកសារព័ត៌មានយើងមិនធ្លាប់បាន​ឆ្លងកាត់ពាក់ព័ន្ធនឹងបញ្ហាហ្នឹងទេ គាត់នឹងមានការភ័យខ្លាច ប៉ុន្តែសម្រាប់អ្នកសារព័ត៌មាន គាត់មានមូលដ្ឋាន​គ្រឹះច្បាស់លាស់​ គាត់មិនភ័យខ្លាចទេ ព្រោះវាជារឿងពិត»

លោក សួស ចំរើន ឱ្យដឹងថា លោកបានថតសំឡេងសន្ទនារវាងលោកនិងជនមិនស្គាល់មុខទុកហើយ ប៉ុន្តែលោកសុំមិនបញ្ចេញឬចែកបន្តទេ ហើយ​ក៏មិនទាន់ដាក់ពាក្យប្តឹងទៅសមត្ថកិច្ចនៅឡើយ​ដែរ ដោយរង់ចាំមើលសកម្មភាពបន្តទៀតពាក់ព័ន្ធរឿងនេះ។

វីអូឌី បានសុំការឆ្លើយតបពីលោក គង់ វុន ដែលរងការចោទថាឈូសឆាយដីរដ្ឋនោះដែរ ប៉ុន្តែពុំ​អាច​ទាក់​ទង​បាន ដោយសារលេខទូរសព្ទនោះ ត្រូវបាន​ស្ត្រីម្នាក់​លើក​ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លី​​​ថា ខ្លួនគ្រាន់តែ​ជាបុគ្គលិក​នៅ​អគ្គិសនី គង់ វុន នៅឃុំប្រឡាយ ស្រុកជីក្រែង តែប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ សុំមិនធ្វើអត្ថាធិប្បាយលើរឿងនេះទេ ដោយលោកថា មិនទាន់ទទួលបានព័ត៌មាននិងរង់ចាំតាមដានសិន។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ហៅកាត់ថា ខេមបូចា​ លោក ណុប វី បានចាត់ទុកករណីនេះថា ជាការគំរាមកំហែងធ្វើឱ្យប៉ះពាល់ធ្ងន់ធរទៅដល់ការអនុវត្តការងារ តួនាទី ភារកិច្ច និងសេរីភាពសារព័ត៌មាន ដែលមានចែងនិងគាំទ្រដោយច្បាប់អន្តរជាតិនិងរដ្ឋធម្មនុញ្ញកម្ពុជា។

លោក ណុប វី បន្ថែមថា ការគំរាមកំហែងនេះបានបង្ហាញជាថ្មីទៀតថា មន្ត្រីឬក្រុមអ្នកប្រព្រឹត្តបទល្មើសដែល​​គំរាមកំហែងទៅលើ​​អ្នកសារព័ត៌មានតាមរូបភាពផ្សេងៗនោះ នៅតែមិនទាន់ត្រូវបានចាត់វិធានការឬផ្តន្ទាទោសដោយសមត្ថកិច្ចឬតុលាការនៅឡើយ​។ 

លោក ណុប វី ឱ្យដឹងថា តាមកំណត់ត្រា គឺរយៈពេល៦ខែឆ្នាំ២០២១នេះ មានអ្នកសារព័ត៌មានជាង៣០រូបបានរងការគំរាមកំហែងនិងរូបភាពវាយប្រហារផ្សេងៗ។

លោកបន្ថែមថា៖ «អ៊ីចឹងយើងពិនិត្យឃើញថា ការគំរាមកំហែងហើយនិងការប្រើប្រាស់រូបភាពផ្សេងៗមកលើអ្នកព័ត៌មានហ្នឹង គឺនៅតែបន្តកើតមានឡើង ដែលធ្វើឱ្យយើងមានការព្រួយបារម្ភ ហើយយើងនៅតែទទូច​ឱ្យសមត្ថកិច្ចនិងតុលាការ គឺត្រូវតែតាមដានឃ្លាំមើល ហើយនិងចាត់វិធានការចំពោះបទល្មើសទាំងឡាយប្រឆាំងជាមួយអ្នកសារព័ត៌មាន»

អង្គការអ្នកកាសែតគ្មានព្រំដែន កាលពីពេលថ្មីៗនេះ បានបន្តផ្តល់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២១ ស្ថិតនៅក្នុងរូបភាពអាក្រក់ដដែល ដោយនៅលេខរៀងទី១៤៤ ក្នុង​ចំណោម​១៨០ប្រទេសនៅ​លើពិភព​លោក។ 

​សេរីភាពសារព័ត៌មានដែលអង្គការនេះវាយតម្លៃ បង្ហាញ​ថា កម្ពុជាបានធ្លាក់​ចុះ​៣ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៧មក ពោលគឺចំណាត់ថ្នាក់លេខ១៤២ នៅឆ្នាំ២០១៨ ចំណាត់ថ្នាក់លេខ១៤៣ នៅឆ្នាំ២០១៩ និងចំណាត់ថ្នាក់លេខ១៤៤ នៅឆ្នាំ២០២០និង​ឆ្នាំ២០២១នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ