ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានប្រកាសជាថ្មីទៀតថា លោកនឹងកាន់អំណាចធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា រហូតដល់ពេលណាមួយដែលលោក លែងចង់ធ្វើតែម្តង ដោយមិនកំណត់ពេលវេលាដូចមុនទៀតនោះទេ។
ថ្លែងក្នុងពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ដល់១៧ឆ្នាំនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាជិត៤០ឆ្នាំមកនេះ មានប្រសាសន៍ថា លោកមិនកំណត់ពេលវេលា ក្នុងការកាន់តំណែងជានាយករដ្ឋមន្រ្តីឡើយ។ យ៉ាងណាក៏ដោយ ត្បិតតែកាន់តំណែងកំពូលមួយនេះបានជិត៤ទសវត្សរ៍ក៏ដោយ ប៉ុន្តែលោកហ៊ុន សែន បានបដិសេធថា ក្រោមការដឹកនាំរបស់លោកមិនបានផ្តាច់ការឡើយ ហើយក៏មិនបានសម្លាប់នរណានោះដែរ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ហើយគិតទៅ ប្រើការគិតទៅ ម៉េចបានអាមួយហ្នឹង[លោកហ៊ុន សែន]នៅយូរមេស។ អីលូវ ខ្ញុំលែងកំណត់ពេលវេលា នៃការឋិតនៅជានាយករដ្ឋមន្ត្រីរបស់ខ្ញុំ។ នៃការឋិតនៅជានាយករដ្ឋមន្ត្រីរបស់ខ្ញុំ។ ធ្វើ[នាយករដ្ឋមន្ត្រី]ទាល់តែហ៊ុន សែន លែងចង់ធ្វើ កុំឱ្យពិបាក»។
ការប្រកាសបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីរហូតដល់ពេលលោកលែងចង់ធ្វើនេះ មិនមែនទើបតែប្រកាសនោះទេ ត្បិតលោកហ៊ុន សែន ធ្លាប់បានប្រកាសបែបនេះជាច្រើនលើកមកហើយ ខណៈមានការរិះគន់បន្តបន្ទាប់ថាតំណែងកំពូលមួយនេះ នឹងត្រូវបានផ្ទេរទៅកូនប្រុសច្បងរបស់លោក គឺ លោក ហ៊ុន ម៉ាណែត។
ជាក់ស្តែង កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ លោកហ៊ុន សែន ធ្លាប់បានប្រកាសបែបនេះម្តងរួចមកហើយ ដោយថាលោកនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីរហូតដល់ពេលលោកលែងចង់ធ្វើ បើទោះបីជាលោកបច្ចុប្បន្នមានវ័យជិត៧០ឆ្នាំទៅហើយក្តី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងពេលនោះថា លោកនឹងមិនផ្ទេរអំណាចឱ្យអ្នកណាឡើយ មិនថាកូនប្រុសរបស់លោក ឬមន្ត្រីរូបណានោះទេ។ លោកបញ្ជាក់ថា លោកនឹងកាន់អំណាចដល់ពេលលោកធុញទ្រាន់ ទើបផ្ទេរអំណាចនោះទៅឱ្យអ្នកផ្សេងទៀត។
ការប្រកាសពេលនោះ ក្រោយពេលមានការលើកឡើងថា តំណែងជានាយករដ្ឋមន្ត្រី នឹងត្រូវបានផ្ទេរទៅឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នកំពុងមានតួនាទីសំខាន់ៗ ក្នុងជួរកងទ័ព និងកិច្ចការសំខាន់ៗមួយចំនួនទៀត។
ទោះបីជាយ៉ាងនេះក្តី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត សេង សារី យល់ឃើញថាការប្រកាសរបស់លោកហ៊ុន សែន ជាថ្មីទៀត អំពីលទ្ធភាពបន្តអំណាចកំពូលរបស់ជាតិមួយនេះ រហូតដល់ពេលលោកធុញទ្រាន់នោះ វាបានបង្ហាញពីភាពញៀនអំណាច និងការសប្បាយ ឬសោយសុខ ចំពោះជ័យភណ្ឌនយោបាយរបស់ខ្លួនដែលមាននាពេលបច្ចុប្បន្ន។ លើសពីនេះ លោកថាក៏បង្ហាញពីភាពភ័យខ្លាចរបស់លោកនាយករដ្ឋមន្ត្រី ក្នុងការចុះចេញពីអំណាចកំពូលមួយនេះដែរ។
លោកសេង សារី មានប្រសាសន៍ថា៖ «ការប្រកាសបែបនេះ[កាន់តំណែងរហូត] ក៏អាចទាក់ទងទៅនឹងអ្វីដែល បង្ហាញពីភាពភ័យខ្លាច ក្នុងការចុះចេញពីតំណែង ដោយសារតែមកទល់ពេលនេះយើងមិនទាន់បានឃើញពីយន្តការណាមួយដែលធានាពីសុវត្ថិភាពរបស់នាយករដ្ឋមន្ត្រីនៅពេលចុះចេញពីតំណែង ឬ ក៏អាចភ័យបារម្ភពីកំហុសឆ្គងក្នុងការដឹកនាំផ្សេងៗ ឬការចាត់វិធានការក្រៅច្បាប់ដែលខ្លួនបានធ្វើកន្លងមកហ្នឹងវាអាច បារម្ភដែរ ថាតើពេលខ្លួនចុះចេញពីតំណែងទៅ នឹងពាក់ព័ន្ធសុវត្ថិភាពខ្លួន និងសុវត្ថិភាពគ្រួសារដោយរបៀបណា?» ។
លោក ហ៊ុន សែន ត្រូវបានវៀតណាមលើកបន្តុបឱ្យធ្វើជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ១៩៨៥ ក្រោយពេលនាយករដ្ឋមន្ត្រីពីររូប រួមមានលោក ប៉ែន សុវណ្ណ និង លោក ចាន់ ស៊ី ដែលត្រូវបានវៀតណាមលើកបន្តុបឱ្យគ្រប់គ្រងកម្ពុជា បន្ទាប់ពីផ្តួលរំលំរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩ នោះ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ និងម្នាក់ទៀតស្លាប់យ៉ាងអាថ៌កំបាំង។
រហូតមកទល់ពេលបច្ចុប្បន្នលោកហ៊ុន សែន បានកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល៣៦ឆ្នាំហើយ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់ចេញរបាយការណ៍ដោយលើកឡើងថា ការគ្រប់គ្រងរបស់លោក ហ៊ុន សែន ជិត៤ទសវត្សមកនេះ មានស្ទើរគ្រប់រស់ជាតិ ទាំងការរំលោភសិទ្ធិមនុស្ស ការសម្លាប់មនុស្សក្រៅច្បាប់ អំពើទារុណកម្ម ការចាប់ឃុំខ្លួនតាមអំពើចិត្ត ការរារាំងសេរីភាពជួបជុំ និងការប្រមូលផ្តុំ ជាដើម។
បន្ថែមលើរបាយការណ៍នោះ កាលពីថ្ងៃទី២២ តុលា ២០២០ អង្គការឃ្លាំមើលសិទិ្ធមនុស្ស យូមែន រ៉ៃស៍ វច្ឆ៍ (Human Rights Watch) បានចេញសេចក្តីថ្លែងការណ៍មួយដោយលើកឡើងថា កម្ពុជាកាន់តែក្លាយទៅជារបបផ្ដាច់ការ និងការដឹកនាំដោយឯកបក្ស ដោយសារតែមានការជួយគាំទ្រពីក្រុមពួកឧត្ដមសេនីយ៍ក្នុងជួរកងកម្លាំងសន្តិសុខ ដែលជាអ្នកទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធនោះ។
ជាមួយគ្នានេះ ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាពេលបច្ចុប្បន្នត្រូវបានគេមើលឃើញថាបានដើរចាកឆ្ងាយពីគន្លងប្រជាធិបតេយ្យ ដោយងាកកាន់តែខ្លាំងទៅរកចិនកុំម្មុយនីស្ត។ លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់ខ្លួនក៏ធ្លាប់បានប្រកាសយកចិនជាបង្អែក និងចាត់ទុកមិត្តភាពរវាងប្រទេសទាំងពីរជាសម័យកាលនៃទំនាក់ទំនងដល់កំពូល ព្រមទាំងរឹងមាំដូចដុំពេជ្រ ដោយគ្មាននរណាអាចបំបែកបំបាក់បាន។ សម្រាប់លោកបណ្ឌិត សេង សារី ផ្តល់អនុសាសន៍ថា មានតែការងាកមកគន្លងលទ្ធិប្រជាធិបតេយ្យពិតប្រាកដទើបជារឿងសំខាន់បំផុត ដោយលោកមើលឃើញថាមានតែរបបបែបប្រជាធិបតេយ្យមួយប៉ុណ្ណោះដែលអាចធានានូវអាយុជីវិតរបស់កម្ពុជាបាន ។ បន្ថែមពីនេះ របាំងការពារនាវាជីវិតកម្ពុជាដ៏សំខាន់ គឺរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល និង កិច្ចព្រៀមព្រៀងសន្តិភាពទីក្រុងប៉ារីស៍២៣ តុលា ឆ្នាំ១៩៩១ ផងដែរ៕