ពលរដ្ឋ​មួយ​ចំនួន​នៅ​បាត់ដំបង​បារម្ភ​ពី​ការ​បាត់​​ដី​ធ្លី ខណៈ​អាជ្ញាធរ​កំណត់​ព្រំ​តំបន់​​ការពារ​​ប៉ះពាល់​​​ដី​​ពួកគេ

ពលរដ្ឋមួយចំនួន​នៅឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានតវ៉ាស្នើ​ឱ្យ​​មាន​ការ​ដោះ​ស្រាយ ដោយថា អាជ្ញាធរ​បោះបង្គោល​កំណត់​តំប​ន់ការពារព្រៃលិចទឹក ប៉ះពាល់លើដីអាស្រ័យផលរបស់ពួកគេជាច្រើនហិកតា ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

ពលរដ្ឋមួយចំនួន​នៅឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង បារម្ភពីការបាត់បង់ដីធ្លី និងបានស្នើ​ឱ្យ​​មាន​ការ​ដោះ​ស្រាយ ខណៈអាជ្ញាធរ​បោះបង្គោល​កំណត់​តំប​ន់ការពារព្រៃលិចទឹក ប៉ះពាល់លើដីអាស្រ័យផលរបស់ពួកគេជាច្រើនហិកតា។

ពាក់ព័ន្ធនឹងករណីនេះដែរ ពលរដ្ឋប្រហែល៥០នាក់នៅឃុំព្រៃតូចនេះ ក៏បាន​​ប្រមូលផ្តុំគ្នាតវ៉ា​នៅលើដីកំពុងមានជម្លោះកាលពីថ្ងៃម្សិលមិញដែរ ដោយពួកគេ​​​បាន​អំពាវនាវ​ទៅប្រមុខរដ្ឋាភិបាលឱ្យដោះស្រាយ ដើម្បីឱ្យពួកគេបានបន្តកាន់កាប់និងអាស្រ័យផល។

លោក ធា ពិសិដ្ឋ រស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ប្រាប់ វីអូឌី ថា ថ្មីៗនេះ អាជ្ញាធរពាក់ព័ន្ធនៅខេត្តបាត់ដំបងបាន​ចុះ​បោះបង្គោលថ្មី ដើម្បីកំណត់ព្រំតំបន់ការពារព្រៃលិចទឹក ដោយប៉ះពាល់ដី​ស្រែ​​ប្រហែល៥០០​ហិកតារបស់ប្រជាពលរដ្ឋជាង៥០គ្រួសារ។

លោក ធា ពិសិដ្ឋ ដែល​អះអាងថា ដីរបស់ខ្លួន​បានរងផលប៉ះពាល់​១២ហិកតាពីការវាស់ព្រំដីនេះ និយាយ​បន្ត​​​ថា ពលរដ្ឋមួយចំនួនបានចូលអាស្រ័យផលនិងទិញតគ្នាជាបន្តបន្ទាប់​តាំងឆ្នាំ១៩៩០ ដោយពលរដ្ឋខ្លះធ្វើស្រែប្រាំង ដាំពោត និង​ដំណាំ​កសិកម្មផ្សេងទៀត។

លោកថា កាលពីឆ្នាំ២០១១ អាជ្ញាធរពាក់ព័ន្ធបានចុះបោះបង្គោលកំណត់​ព្រំតំបន់ការពារព្រៃលិចទឹកនេះ​រួចម្តងមកហើយ ដោយ​មិន​ប៉ះពាល់​ដី​ប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលឡើយ ប៉ុន្តែការបោះបង្គោលកំណត់ព្រំនៅឆ្នាំ២០២១នេះ គឺហួសកន្លែងចាស់ជាង២គីឡូម៉ែត្រ ដែលធ្វើឱ្យប៉ះពាល់ដល់ដីពលរដ្ឋជាច្រើនហិកតាបែបនេះ។

លោកបន្ថែមថា៖ «ពួកខ្ញុំបារម្ភខ្លាចអាជ្ញាធរហាមឃាត់មិនឱ្យពួកខ្ញុំធ្វើអាស្រ័យផល ពីព្រោះដីហ្នឹងមួយចំនួនមានប្លង់ និងមួយចំនួនទៀតមានលិខិតបញ្ជាក់ការកាន់កាប់ដីធ្លី។ ពួកយើងសុំឱ្យគាត់ដាក់នៅកន្លែងបង្គោលចាស់ដែលអាជ្ញាធរបានបោះកាលពីឆ្នាំ២០១១ កុំឱ្យមានការរំកិលបង្គោលមកលើទៀត។ យើងសុំតែប៉ុណ្ណឹងទេ។»

ពលរដ្ឋម្នាក់ទៀតរស់នៅភូមិកូនខ្លុង លោក ម៉ន រេព និយាយថា ប្រសិនបើអាជ្ញាធរដកហូតយកដីនោះវិញ នឹងធ្វើឱ្យប្រជាពលរដ្ឋមានបញ្ហាជីវភាព ដោយសារគ្មានដីសម្រាប់បង្កបង្កើនផល ហើយថា ប្រជាពលរដ្ឋមួយចំនួនបានយកប្លង់ដីនោះទៅបញ្ចាំ​​នៅធនាគារ​សម្រាប់ខ្ចីលុយ​យកមករកស៊ីផ្សេងៗក៏មានដែរ។

ពលរដ្ឋរូបនេះអះអាងថា ដីដែលអាជ្ញាធរបោះបង្គោលព័ទ្ធយកនោះជាដីវាលគ្មាន​ព្រៃនោះ​ទេ ហើយ​​ប្រជាពលរដ្ឋ​បាន​កាន់កាប់និងអាស្រ័យផលលើដីនោះជិត៣០ឆ្នាំទៅហើយ។

លោកបន្ថែមថា៖ «ប៉ះពាល់ធ្ងន់ធ្ងរណាស់​ ដូចខ្ញុំបានយកប្លង់ដីហ្នឹងទៅបញ្ចាំនៅធនាគារ​រយៈ​ពេល​១០ឆ្នាំ ហើយប្រជាពលរដ្ឋ​បានដីស្រែហ្នឹង​ហើយ​សម្រាប់ធ្វើកសិកម្ម ប្រកបមុខរបរចិញ្ចឹមជីវិត និងបានយកដីស្រែនោះទៅដាក់នៅធនាគារ​ដើម្បីបានទុនទៅរកស៊ីនេះទៅរកស៊ីនោះ។ ដល់ពេលអស់ដីហ្នឹង តើប្រជាពលរដ្ឋមានអីទៀត?»

មេឃុំព្រៃតូច អ្នកស្រី សុខ សុខា មានប្រសាសន៍ថា តាមព័ត៌មានដែលអ្នកស្រីទទួលបានពីថ្នាក់លើ គឺការបោះបង្គោលថ្មី ដើម្បីកំណត់ព្រំតំបន់ការពារព្រៃលិចទឹកនេះ ធ្វើទៅតាមអនុក្រឹត្យលេខ១២៧ កាលពីឆ្នាំ២០១១។ អ្នកស្រីមិនច្បាស់ពីទំហំដីសរុបដែលប៉ះពាល់ទេ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋវិញ អ្នកស្រីថា មាន៥២គ្រួសារប៉ុណ្ណោះ។

មេឃុំរូបនេះក៏មិនច្បាស់ថា ដីប្រជាពលរដ្ឋដែលរងផលប៉ះពាល់នោះជាដីមានបណ្ណកម្មសិទ្ធិឬយ៉ាងណាដែរ ដោយសារអ្នកស្រីទើបឡើងកាន់តំណែងជាមេឃុំថ្មី។

ប៉ុន្តែយ៉ាងណា ជុំវិញបញ្ហានេះ អ្នកស្រីបានធ្វើរបាយការណ៍រួចហើយ ហើយ​នឹងដាក់ជូនអភិបាលស្រុក​ពិនិត្យ​មើល​នៅថ្ងៃសុក្រនេះ ដើម្បីមានវិធានការដោះស្រាយ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំអត់ជាក់លាក់​រឿងបោះបង្គោលហ្នឹងទេ។ ការបោះកាលពីឆ្នាំ២០១១ហ្នឹង ខ្ញុំនៅជាក្រុមប្រឹក្សាឃុំនៅឡើយ មិនមែនជាមេឃុំដូចឥលូវនេះទេ។ ការបោះកាលហ្នឹងមានការចូលរួមតែលោកមេឃុំចាស់ លោកអភិបាលស្រុក មានជលផល និងមន្ត្រី​មន្ទីរធនធានទឹក និងប្រជាពលរដ្ឋមួយចំនួន។ ឥលូវយើងកំពុងរង់ចាំមើលថ្នាក់លើថាគាត់មានចំណាត់ការអីក្នុងការដោះស្រាយរឿងនេះ»

មន្ត្រី​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត សង្កេតឃើញ​ថា កន្លងមក បញ្ហាជម្លោះដីធ្លីកើតឡើងដោយសារអាជ្ញាធរពាក់ព័ន្ធមួយចំនួន​បានគប់គិតគ្នាជាមួយក្រុមហ៊ុនឬមន្ត្រីមានលុយមានអំណាចរំលោភយកដីពលរដ្ឋ។

ចំពោះរឿងជម្លោះដីធ្លីនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង​នេះ លោក វណ្ណ សុផាត បាន​ស្នើដល់ប្រជាពលរដ្ឋ​ឱ្យដាក់​លិខិត​ទៅ​គណៈកម្មការដោះស្រាយវិវាទដីធ្លីទាំងថ្នាក់ខេត្ត ឬថ្នាក់ជាតិ និងតុលាការផងដែរ ដើម្បីរកអន្តរាគមន៍ជួយដោះស្រាយ។ លោកថា បើសិនអាជ្ញាធរមិនដោះស្រាយជូនពលរដ្ឋទេ វានឹងរំលោភលើសិទ្ធិទទួលបានការកាន់កាប់ដីធ្លីរបស់ពួកគេ។

លោកបន្ថែមថា៖ «មិនមែនយកក្នុងអំឡុងពេលកូវីដ-១៩ហ្នឹង មិនឱ្យពួកគាត់តវ៉ាដីធ្លី ហើយឆ្លៀតពេលហ្នឹង​ទៅបោះបង្គោល​ព្រំយក​ដី​ពលរដ្ឋ អាហ្នឹងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរណាស់ ដែលរដ្ឋាភិបាល ជាពិសេសប្រមុខដឹកនាំរដ្ឋាភិបាល ត្រូវតែចាត់វិធានការចំពោះមន្ត្រីដែលឆ្លៀតឱកាស​គប់គិតយកដីប្រជាពលរដ្ឋហ្នឹង​ ត្រូវចាត់វិធានការច្បាប់ឱ្យតឹងរ៉ឹង»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ