មន្ត្រី​​អតីត​បក្ស​ប្រឆាំង​ដែល​ជាប់​បណ្តឹង​​និង​​ប្រឆាំង​រដ្ឋា​ភិបាល​​ជា​​គោលដៅ​​មិន​​​ផ្តល់​​សិទ្ធិ​​​ធ្វើ​​នយោ​បាយ

លោកស្រី មូរ សុខហួរ កាលពីពេលកន្លងទៅ។

​មន្ត្រីជា​ន់ខ្ពស់របស់គណបក្សកាន់អំណាច បានបង្ហើបថា លោកស្រី មូរ សុខហួរ និង​មន្ត្រីជាន់ខ្ពស់អតីត​គណបក្សសង្គ្រោះជាតិមួយចំនួនទៀតដែលជាប់បណ្តឹងនៅតុលាការនិងសកម្មរឿង​​ប្រឆាំង​​ជាមួយ​រដ្ឋាភិបាល ជាគោលដៅមួយដែល​មិនត្រូវបានផ្តល់សិទ្ធិឱ្យធ្វើនយោ​បា​យឡើងវិញ ទោះបីពួកគេដាក់​ពាក្យស្នើ​សុំក៏ដោយ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់ VOD កាលពីថ្ងៃ​ម្សិលមិញ​ថា អតីតមន្ត្រី​ប​ក្សប្រឆាំងដែលតុលាការហាមធ្វើនយោបាយ ពួកគេអាចដាក់ពាក្យស្នើ​សុំធ្វើនយោបាយឡើងវិញបាន ស្រ​​ប​តាមគោ​លការណ៍​ច្បាប់ស្តីពីគណបក្សនយោបាយដែលទើបធ្វើវិសោធនកម្ម ក្រោមលក្ខ​ខ​ណ្ឌ​​​​របស់ក្រ​សួងមហាផ្ទៃដែលបានណែនាំ​កន្លងមក។

ប៉ុន្តែលោកគូសបញ្ជាក់ថា លោកស្រី មូរ សុខហួរ និងបុគ្គលមួយចំនួនទៀតដែលពាក់ព័ន្ធនឹងផ្លូវតុលាការ ហើយធ្លាប់ធ្វើសកម្មភាពស្រួចស្រាល់​ប្រ​ឆាំ​ងនឹង​​រដ្ឋាភិបាលនោះ គឺ​ពួកគេមិនទទួលបានសិទ្ធិនេះទេ។

លោកថា៖ «ដូចជាករណីលោកមេធាវី ជូង ជូងី ឬ​មួយលោក ញឹម គឹមញុល [អតីតប្រធានក្រុមកា​រ​ងា​​រគ​ណបក្សសង្គ្រោះជាតិ ប្រចាំខេត្តព្រះសីហនុ] អីជាដើមហ្នឹង! […] ដូចជា​យាយ ហួរ [លោកស្រី មូរ សុខហួរ] អី! នៅស្ពាន​នាគក្បែ​រវត្តភ្នំ [ដែលធ្លាប់ដឹកនាំការតវ៉ានៅស្ពាននាគក្បែរវត្តភ្នំ]»។

លោកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ចាត់ទុក​ការលើកឡើង​របស់អ្នក​នាំពាក្យបក្សកាន់អំណាចនេះថា ជាការភ័យខ្លាចសំឡេងប្រឆាំង​ដែលតែងតែការពារប្រយោជន៍​ជាតិនិង​ប្រជាជន។

លោកស្រី​ថា៖ «ពលរដ្ឋខ្មែរយល់ច្បាស់ណាស់ថា នរណាជាអ្នកការពារផលប្រយោជន៍ជីវិតប្រជាពលរដ្ឋ ផលប្រយោជន៍ជាតិ! អ៊ីចឹងហើយបានជាគណបក្សប្រជាជនកម្ពុជា ជាពិសេសលោក ហ៊ុន សែន មិនអាចទទួលយកនូវពួកយើងខ្ញុំបានទេ ព្រោះពួកយើងខ្ញុំនិយាយការពិត មិន​និយាយ​ការពារ អ្នកល្មើសនឹងច្បាប់ អ្នកលួចទ្រព្យសម្បត្តិ​ជាតិ»។

ប៉ុន្តែមន្ត្រីស្និទ្ធនឹងលោក សម រង្ស៊ី គឺលោក ម៉ែន សុថាវរិន្ទ្រ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសដែរនោះ អះអាងថា តាមពិត ​មន្ត្រីអតីតបក្សប្រឆាំងទៅវិញទេដែលទុកឱកាសឱ្យគណបក្សកាន់អំណាចកែប្រែ​ការដឹកនាំប្រទេសឱ្យត្រឡប់ទៅរកគន្លងប្រជាធិបតេយ្យ​វិញ។ តែយ៉ាងណា លោកចាត់ទុក​ការ​លើកឡើង​របស់​អ្នក​នាំពាក្យ​​​គណបក្សប្រជាជនកម្ពុជា​នេះ ថា​ហាក់​ជំរុញឱ្យ​មានការ​បង្កើត​​​រដ្ឋាភិបាល​រួប​រួម​ជាតិ​មួយ​នៅ​ពេល​ខាង​មុខ​។

លោកថា៖ «យើងទុកពេលឱ្យគាត់ បើគាត់អត់ថយទេ អាហ្នឹងមានន័យថា រដ្ឋាភិបាលបង្រួបបង្រួមជាតិនឹងចេញហើយ! ប៉ុន្តែយើងអត់ចង់ឱ្យមានដល់ថ្នាក់ហ្នឹង ប៉ុន្តែគាត់ធ្វើអ៊ីចឹង យើងនឹងធ្វើ! ហើយឥលូវនេះយើងកំពុងធ្វើការជាមួយអ្នក​នៅអាស៊ាន»។

តំណាងសហគមន៍នៅខេត្តកំពត អ្នកស្រី ឃីម ស្រីល័ក្ខ និយាយថា ជម្លោះនយោបាយដែលបានកើតឡើងជាង៣ឆ្នាំមកនេះ បង្កឱ្យមានការលាបពណ៌ដាក់​គ្នានៅ​ក្នុងសហគមន៍ និង​បង្កើតជាវិបត្តិផ្សេងៗ ដែលធ្វើឱ្យ​ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ករណីនេះ​ អ្នកស្រីចង់ឃើញ​អ្នកនយោបាយរួមគ្នាដោះស្រាយបញ្ហាពលរដ្ឋ ជាជាងគិតតែពីការការពារអំណាច។

អ្នកស្រីថា៖ «ក្នុងនាមខ្ញុំប្រជាពលរដ្ឋ ខ្ញុំចង់ឱ្យអ្នកនយោបាយហ្នឹង រួមគ្នាគិតពីប្រជាពលរដ្ឋដែលកំពុងតែ​អត់ឃ្លាន ហើយរឿងសំខាន់មួយទៀត ប្រទេសយើងកំពុងតែជួបញ្ហាប្រឈមមែនទែន​ជាមួយកូវីដ។ អ៊ីចឹងចង់ឱ្យពួកគាត់ហ្នឹងលះបង់អំណាចហ្នឹងខ្លះទៅ ថយមកគិតពីសុខភាពហើយនិងក្រពះរបស់ប្រ​ជាពលរដ្ឋខ្លះផង ព្រោះអីប្រជាពលរដ្ឋឥលូវហ្នឹងវេទនាខ្លាំងណាស់រឿងប្រាក់កាស ហើយជំពាក់ធនា​គា​រហ្នឹងគ្រប់គ្រួសារ»។

អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា សាររបស់មន្ត្រីបក្សកាន់អំណាច មិន​មាន​អ្វី​ចម្លែក​នោះ​ទេ ព្រោះជ័យជម្នះដែលបក្សកាន់អំណាចមានបច្ចុ​ប្ប​ន្នបានមក​ពីការប្រកួតខ្វះ​តម្លាភាព ខណៈ​ប្រព័ន្ធគ្រប់គ្រងរដ្ឋរបស់​បក្សកាន់អំណាចដើរតួជាអ្នករៀប​ចំកម្មវិធីក្រកួតផង ធ្វើជាកីឡាករផង និងធ្វើជាអាជ្ញាកណ្តាលកាត់សេចក្តីផង។

លោកថា៖ «បើយើងនិយាយឱ្យធ្ងន់បន្តិចតាមរបៀបអ្នកលេង វាអត់ថ្លៃថ្នូរទេនៅក្នុងការកម្ចាត់ដៃគូនៅខាងក្រៅសង្វៀន ហើយយើងទៅលើកទង់ជោគជ័យនៅលើសង្វៀននោះ»។

លោកយល់ថា ដើម្បីបញ្ចៀសកម្ពុជាពីការដាក់គំនាបសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ និងការពារទីផ្សារកា​រងារសម្រាប់ពលរដ្ឋច្រើនលាននាក់ រដ្ឋាភិបាលគួរងាកទៅរៀបចំការប្រកួតប្រជែងនយោបាយនៅលើសង្វៀនប្រជាធិបតេយ្យឱ្យដំណើរការទៅ ប្រកបដោយ​សេចក្តីថ្លៃថ្នូរនិងតម្លាភាព ហើយ​​​អ្នកឈ្នះគឺឈ្នះដោយកិត្តិ​យស រីឯ​អ្នកចាញ់ក៏ចាញ់ដោយអស់ចិត្ត។

លោកស្រី មូរ សុខហួរ និងអតីតមេដឹកនាំ៨រូបទៀត រួមមាន លោក សម រង្ស៊ី, លោក​ អេង ឆៃអ៊ាង, អ្នកស្រី ជូឡុង សូមួរ៉ា និងលោក ម៉ែន សុថាវរិន្ទ្រ ជាដើម ត្រូវបានតុលាការ​​សាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមកាលពីថ្ងៃទី១ ខែ​មីនា ឆ្នាំ២០២១ ដោយផ្តន្ទាទោ​សឱ្យជាប់ពន្ធនាគារម្នាក់ៗចម្លោះពី២០ទៅ២៥ឆ្នាំ និងដក​​ហូតសិទ្ធិ​បោះឆ្នោតនិង​សិទ្ធិឈរឈ្មោះបោះឆ្នោត ក្រោម​បទ​ចោទពីបទ«ឧបឃាត»​ ឬ «ប៉ុនប៉ងធ្វើរដ្ឋប្រហារ»

តែយ៉ាងណា ក្រោយមានការផ្តន្ទាទោសនេះ តំណាងស្ថានទូតរបស់ប្រទេសលោកសេរី​ប្រចាំកម្ពុជា រួម​មានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប ជាដើម បាន​ទាមទារឱ្យ​កម្ពុជាវិលទៅរក​តុចរចា ដើម្បី​​​ផ្សះផ្សាជាតិ ដោយ​ឈរលើគោលការណ៍​ប្រជាធិបតេយ្យដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ