អាជ្ញាធរ​ថា​បុគ្គលិក​ពេទ្យ​៣​នាក់​ឆ្លង​រីរុស​កូវីដ-១៩ “ដែលតា” ក្រោយ​ពិនិត្យ​ពលករ​ត្រឡប់​ពី​ថៃ

អាជ្ញាធរប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានធ្វើតេស្តលើពលករខ្មែរមកពីថៃ ដែលត្រលប់មកស្រុកកំណើតវិញ។ (អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI)

អាជ្ញាធរខេត្តឧត្ដរមានជ័យ លើកឡើងថា បុគ្គលិកពេទ្យ៣នាក់ឆ្លងវីរុសកូវីដ-១៩ ប្រភេទ “ដែ​លតា” បន្ទាប់ពីពួកគេត្រួតពិនិត្យសុខភាពពលករខ្មែរត្រឡប់ពីប្រទេសថៃនៅច្រកព្រំដែនអូរស្មាច់ បើទោះជាពួកគេពាក់ឈុតការពារមេរោគឆ្លងតាមលក្ខណៈបច្ចេ​កទេសត្រឹមត្រូវក្តី។  

អភិបាលរងខេត្តឧត្ដរមានជ័យ លោក ឌី រ៉ាដូ ប្រាប់ វីអូឌី នៅថ្ងៃពុធ ទី២៨ ខែកក្កដានេះ ថាបុគ្គលិកពេទ្យទាំងនោះបានរកឃើ​ញ​វិជ្ជមាន បន្ទាប់ពីពិនិត្យសុខភាពបឋមរបស់ពលករត្រឡ​ប់ពីប្រទេសថៃដែលកំពុងកើនឡើង មុនពេលអាជ្ញាធរបញ្ជូនពួកគេទៅ​ធ្វើចត្តាឡីស័ក ឬម​ណ្ឌលព្យាបាលក្នុងករណីរកឃើញវិជ្ជមានកូវីដ-១៩។

លោក ឌី រ៉ាដូ មានប្រសាសន៍ថា៖ «ចំពោះមន្រ្តីពេទ្យរបស់យើងដែលពិនិត្យបងប្អូនប្រជាពលករហ្នឹង គឺគាត់ស្លៀកសម្លៀកបំពាក់ PPE [ឧបករណ៍ការពារផ្ទាល់ខ្លួន] គឺស្លៀកសម្លៀកបំពាក់សម្ភារពេទ្យហ្នឹង! ចង់និយាយថា យើងអនុវត្តតាមអ្វីដែលជាការណែនាំរបស់ក្រសួងសុខាភិបា​ល តាមបច្ចេកទេសរបស់សុខាភិបាល»

តាមប្រភពដដែលបន្ថែមថា អាជ្ញាធរក៏បានរកឃើញពលរដ្ឋ៥នាក់ផ្សេងទៀតដែលឆ្លងវីរុសបំប្លែងខ្លួនថ្មីផងដែរ បើទោះជាពួកគេគ្មានប្រវត្តិពាក់ព័ន្ធនឹងពលករត្រឡប់មកពីថៃ ហើយអាជ្ញាធរកំពុងស្រាវជ្រាវរកអ្ន​កពា​ក់ព័ន្ធទាំងអស់ដើម្បីបញ្ជូនទៅធ្វើចត្តាឡី​ស័ក។ លោកថា ការធ្វើចត្តាឡីស័កគឺត្រូវមានរយៈពេល២១ថ្ងៃ និងដាក់ក្រោ​មការគ្រប់គ្រងតាមដានអាការពីអា​ជ្ញាធរនិងម​ន្រ្តីសុខាភិបាល។

លោកបន្ថែមថា៖ «អាជ្ញាធរខេត្តរបស់យើងខ្ញុំនេះ គឺមានការព្រួយបារម្ភចំពោះវីរុសប្រភេទថ្មីនេះ ដែលបានឆ្លងដល់បុ​គ្គលិកសុខា​ភិបាលរបស់យើងខ្ញុំ និងឈានចូលដល់សហគមន៍។ ក៏ប៉ុន្តែចំណុចទាំងអស់នេះ គឺយើងខិតខំ ព្រោះខេត្តរបស់យើងខ្ញុំនេះ គឺថាមានក្រុមការងារតាមដាននិងស្រាវជ្រាវមុខសញ្ញាដើម្បីពិនិត្យមើលអ្នកពាក់ព័ន្ធ»។

មន្រ្តីរដ្ឋបាលខេត្តរូបនេះ ឱ្យដឹងទៀតថា ការរកឃើញនេះ បន្ទាប់ពីមានការកើនឡើងចំនួនពលករត្រឡប់ពីប្រទេសថៃតាមច្រ​កព្រំដែនអន្តរជាតិអូរស្មាច់ ដែលមានជាមធ្យម​ជាង៤០០នាក់ក្នុងមួយថ្ងៃ ចាប់ពីអំឡុងដើមខែនេះមក ហើយក្នុងនោះមា​នជាង១០០នាក់តេស្តឃើញវិជ្ជមានកូវីដ-១៩ ខណៈពលករពី៤ទៅ៥ពាន់នាក់កំពុងស្ថិតនៅមណ្ឌលចត្តាឡីស័ក និងព្យាបាលក្នុងខេត្ត។

វីអូឌី មិនអាចទាក់ទងសុំការអធិប្បាយបន្ថែមជុំវិញបញ្ហាករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីលើបុគ្គលិកសុខាភិបាលនិងក្នុងសហគម​ន៍ ពីប្រធានមន្ទីរសុខាភិបាលខេត្តឧត្ដរមានជ័យ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត និងអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានទេ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ។

តាមរបាយការណ៍ពីក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាបានរកឃើញវីរុស “ដែលតា” ​ករណីថ្មីនៅសប្តាហ៍នេះ ចំនួន៣៩ករណី ដែលក្នុងនោះ ឆ្លងក្នុងសហគមន៍មាន៨ករណី ដោយ៥ករណីរកឃើញក្នុងខេត្តឧត្ដរមានជ័យ ២ករណីក្នុង​ខេត្តសៀ​ម​រា​ប និង១ករណីក្នុងខេត្តកំពង់ធំ។

តាមប្រភពដដែល ការរកឃើញថ្មីនេះធ្វើឱ្យតួលេខឆ្លងសរុបកើនដល់១៥៣ករណី គិ​តចាប់ពីការរកឃើញ​ដំបូងចំនួន៣ករណី នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០​២​១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ