តុលាការ​ខេត្ត​ឧត្ដរ​មាន​ជ័យ​បង្គាប់​ឱ្យ​ពលរដ្ឋ​ជាង​១០​នាក់​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធការ​រុក​រាន​ដី​ព្រៃ

អាជ្ញាធរចុះសម្របសម្រួលប្រឈមមុខដាក់គ្នារវាងតំណាងក្រុមហ៊ុននិងពលរដ្ឋដែលអះអាងជាម្ចាស់ដីនៅទីតាំងមួយកន្លែងក្នុងខេត្តឧត្ដរមានជ័យ កាលពីដើមខែឧសភា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

តុលាការខេត្តឧត្ដរមានជ័យ ចេញដីកាបង្គាប់ឱ្យពលរដ្ឋចំនួន១៣នាក់ចូលខ្លួនឆ្លើយបំភ្លឺនៅសប្តាហ៍ក្រោយ ពាក់ព័ន្ធការរុករានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់។

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តឧត្ដរមានជ័យ លោក យិន វិសិដ្ឋ បានចេញ​ដីកាបង្គាប់​ឱ្យពលរដ្ឋចំនួន១៣នាក់ រួម​មាន លោក ប្រម រី, លោក ឡាត ភូត, លោក ឡា ខន, លោក ឡុញ សុភាព, ឡោក ឆោម រ៉ា, លោក ឡា ដាង និងពលរដ្ឋផ្សេងទៀត រស់នៅសង្កាត់កូវក្រៀល ក្រុងសំរោង ចូលទៅបំភ្លឺនៅសាលាដំបូង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ដើម្បីសាកសួរនិងឆ្លើយបំភ្លឺជុំវិញសំណុំរឿងកាប់រានដីព្រៃ ឈូសឆាយដីព្រៃ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ កាលពី៥ខែមុន ស្ថិតនៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។

ក្នុងដីកាដដែលនេះ តុលាការ​ក៏បានដាក់​ឱ្យ​ពលរដ្ឋទាំង១៣នាក់នោះស្ថិតក្រោមការត្រួតពិនិត្យពីបទ «កាប់រានព្រៃ ឈូសឆាយដីព្រៃ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ» ដោយគ្មានច្បាប់អនុញ្ញាត។

លោក ឡាត ភួត រស់នៅភូមិតាម៉ាន សង្កាត់កូនក្រៀល ប្រាប់ វីអូឌី នៅថ្ងៃអង្គារ​នេះថា តុលាការបានកោះហៅ​រូប​​គា​ត់ឱ្យចូលបំភ្លឺ៣ដងរួចមកហើយ ប៉ុន្តែលោកបានដាក់ពាក្យសុំពន្យារពេលចូលបំភ្លឺរហូត ដោយសាររកមេធាវី​ជួយការពារក្តីមិនទាន់​បាន។

ពលរដ្ឋរូបនេះបន្តថា សម្រាប់ការកោះហៅលើកនេះ ពួកគាត់ទាំង១៣នាក់នឹងចូលទៅបំភ្លឺចំពោះមុខតុលាការ​ទាំងអស់គ្នា ដោយថា ពួកគាត់មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។ លោកថា ដីស្រែនិងដីចម្ការនោះ គឺគ្រួសារលោកបានចូលទៅអាស្រ័យផលតាំងពីឆ្នាំ១៩៩៩ រហូតមកទល់បច្ចុប្បន្ននេះ។

លោកបន្ថែមថា៖ «ដីខ្ញុំអាស្រ័យផលខ្លួនឯង គាត់មកចោទអ៊ីចឹងម៉េច​កើត! បើដីហ្នឹង ខ្ញុំចូល​ទៅអាស្រ័យផលតាំងពីឆ្នាំ១៩៩៩។ ពួកខ្ញុំបានដាំដុះ គាត់មកកាប់ដំណាំរបស់ពួកខ្ញុំចោល ពួកខ្ញុំតវ៉ាឱ្យជួយរកដំណោះស្រាយ​ដល់ពួកខ្ញុំ បែរជាចេញដីកាកោះហៅឱ្យពួកខ្ញុំទៅឆ្លើយបំភ្លឺទៅវិញ។ ពេលដែលខ្ញុំទៅឆ្លើយបំភ្លឺ ខ្ញុំនឹងឆ្លើយថា ខ្ញុំអត់មានបានទៅទន្ទ្រានដីព្រៃនៅណាផង! ណាមួយគាត់ចោទខ្ញុំនេះ អត់មានភស្ភុតាងអីច្បាស់​លាស់​ផង»

លោក ប្រម រី ដែលត្រូវបានតុលាការកោះហៅឱ្យចូលឆ្លើយបំភ្លឺម្នាក់ទៀត បានស្នើសុំទៅតុលាការកុំឱ្យចាត់ការ​លើបណ្តឹងប្រឆាំងពួកគាត់ពាក់ព័ន្ធនឹង​ជម្លោះដីធ្លីនេះ។ លោកថា គ្រួសារលោកមានដីប្រហែល៥ហិកតាសម្រាប់​ធ្វើស្រែនិងដាំដំឡូងមី ដើម្បីចិញ្ចឹមជីវិត ដោយពុំមានដីកន្លែងផ្សេងទៀតសម្រាប់បង្ក​បង្កើនផលឡើយ។ 

បញ្ហានេះ លោកបាន​ស្នើ​ដល់អាជ្ញាធរចុះវាស់វែងដីធ្លី​នោះ​និង​ចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ​​ ហើយបញ្ឈប់​ការគំរាមកំហែងចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារបន្តទៀត។

លោកបន្ថែមថា៖ «ក្នុងដីកាហ្នឹង គេចោទខុសទេ! ដីពួកខ្ញុំអាស្រ័យផលហ្នឹងនៅភូមិតាម៉ាន ប៉ុន្តែក្នុងដីកា គេចោទខ្ញុំថា ទន្ទ្រានដីព្រៃនៅចុងវាំងនោះវិញ​ អ៊ីចឹង​សុំកុំឱ្យតុលាការចាត់ការលើបណ្តឹងហ្នឹងប្រឆាំងពួកខ្ញុំអី»

អភិបាលខេត្តឧត្ដរមានជ័យ លោក ប៉ែន កុសល មានប្រសាសន៍ថា រឿងពលរដ្ឋជាប់បណ្តឹងនៅតុលាការពាក់ព័ន្ធរុករានដីព្រៃដោយខុសច្បាប់ឬយ៉ាងណានោះ វាជាសមត្ថកិច្ចរបស់តុលាការ ដែល​អាជ្ញាធរខេត្តមិនអាចលូកដៃបានឡើយ។

លោកបន្ថែមថា៖ «គោលការណ៍របស់ខេត្ត ក៏ដូចជារដ្ឋាភិបាលយើង មានត្រៀមដីសម្រាប់បែងចែកជាដីសង្គម​កិច្ច​ឱ្យពួកគាត់អត់ឬខ្វះខាតដីមែន ប៉ុន្តែប្រសិនបើពួកគាត់ចូលទៅទន្ទ្រានយកដីរដ្ឋខុសច្បាប់ អាហ្នឹងរឿងផ្សេងមួយទៀត ដែលមានទោសទណ្ឌពាក់ព័ន្ធនឹងផ្លូវច្បាប់»

មន្រ្តីការពារសិទ្ធិមនុស្សសមាគមអាដហុកប្រចាំខេត្តឧត្ដរមានជ័យ លោក ស្រី ណារ៉េន មានប្រសាសន៍ថា ​ការកោះហៅពលរដ្ឋ១៣នាក់ឱ្យចូលបំភ្លឺនេះ គឺចោទខុសទីតាំងដីមានជម្លោះ។ លោកថា ដីដែលប្រជាពលរដ្ឋចូលទៅអាស្រ័យផលនោះ ជាអតីតដីរបស់ក្រុមហ៊ុន អង្គរស៊ូហ្គឺ (Angkor Sugar) ស្ថិនៅភូមិតាម៉ាន សង្កាត់កូនក្រៀល ក្រុងសំរោង​ ប៉ុន្តែក្នុងដីកាចោទថា ប្រជាពលរដ្ឋទន្ទ្រានយកដីព្រៃ ប្រព្រឹត្តនៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ទៅវិញ។

មន្ត្រីសិទ្ធិមនុស្សរូបនេះឱ្យដឹងថា រហូតមកដល់ពេលនេះ រូបលោកក៏ដូចជាប្រជាពលរដ្ឋមិនទាន់ដឹងថា អ្នកណាជាដើម​បណ្តឹងនៅឡើយទេ។ លោកបន្ថែមទៀត​ថា ខាង​លោកនឹងជួបពិភាក្សាជាមួយប្រជាពលរដ្ឋ ដើម្បីផ្តល់មេធាវីជួយការពារក្តីជូនពួកគាត់។

លោកបន្ថែមថា៖ «ចំណុចដែលតុលាការចោទពួកគាត់ថា កាប់រានព្រៃ ឈូសឆាយដីព្រៃ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃហ្នឹង វាអត់ត្រូវចំកន្លែងដីមានជម្លោះទេ។ ប្រជាពលរដ្ឋនៅភូមិតាម៉ានហ្នឹង គាត់ថា ពួកគាត់អត់ស្គាល់​ចំណុចហ្នឹងទេ អ៊ីចឹង​ការចោទពួកគាត់នៅចំណុចហ្នឹង វាអត់ត្រូវទេ»

កាលពីខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋជាង១០០គ្រួសារ រស់នៅក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានអំពាវនាវទៅ​អាជ្ញាធរពាក់ព័ន្ធជួយ​​ដោះ​ស្រាយវិវាទ​ដីធ្លីរបស់ពួកគាត់​ និងស្នើសុំទៅតុលាការកុំឱ្យចាត់ការលើបណ្តឹងប្រឆាំងពលរដ្ឋ២នាក់ពាក់ព័ន្ធនឹង​ជម្លោះដីធ្លីនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ