បទយកការណ៍៖ វិចិត្រករនិងអាជីវ​ករនៅបរិវេណ​ប្រាសាទ​អង្គរមួយចំនួនរ​ស់​​​អស់សង្ឃឹមពេលភ្ញៀវទេសចរ​បន្ត​ស្ងប់ស្ងាត់

អ្នកស្រី ឃុន ស៊ីវ៉ុន អាជីវករលក់វត្ថុសិប្បកម្ម កំពុងតែអង្គុយខាត់ស្លាបព្រាដែលធ្វើចេញពីដើមឆ្នោត នៅភូមិក្រវាន់ សង្កាត់អង្គរធំ ខេត្តសៀមរាប ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។ (សុខ ចន្ទ្រាវុធ)

រយៈពេលជិត២ឆ្នាំមកហើយដែលជំងឺកូវីដ-១៩បានផ្ទុះឡើងដំបូងនៅប្រទេស​ចិន ហើយបានរីករាលដាលជុំវិញ​ពិភព​លោក និងមិនទាន់​បានផុតរលត់ទៅវិញនោះឡើយ។ ប្រទេសជាច្រើននៅលើសកលលោក រួមទាំងកម្ពុជាផង បានរងផលប៉ះពាល់ជាខ្លាំងដោយសារទំហំនៃការឆ្លងរាលដាលនោះ ទាំងទៅលើវិស័យសេដ្ឋកិច្ច សង្គម និងសុខុមាលភាពរបស់ពលរដ្ឋ។

សម្រាប់នៅកម្ពុជា វិស័យសំខាន់ៗជាច្រើនត្រូវបានរដ្ឋាភិបាលអះអាងថា បានប្រឈមផលប៉ះពាល់ជាខ្លាំង ដូច​ជា វិស័យ​ទេសចរណ៍ វិស័យឧស្សាហកម្មកាត់ដេរ វិស័យពាណិជ្ជកម្ម និងវិស័យសេវាកម្ម ជាដើម។

ខេត្តសៀមរាប ជាតំបន់គោលដៅទេសចរណ៍យ៉ាងសំខាន់សម្រាប់កម្ពុជាដែលធ្លាប់មានភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនទៅលេងកម្សាន្តឥតស្រាកស្រាន្តនោះ ក៏បានប្រែក្លាយជាតំបន់ស្ងប់ស្ងាត់មិនធ្លាប់មានពីមុន ព្រោះតែវិបត្តិជំងឺកូវីដ-១៩។

រីឯអ្នកប្រកបមុខរបរគូរគំនូរ និងលក់ដូរ​វត្ថុសិប្បកម្មនៅ​ជិតបរិវេណប្រាសាទអង្គរវត្តនៅខេត្តសៀមរាប ​​ដែល​ធ្លាប់​រកចំណូល​បាន​រហូតដល់១ពាន់ដុល្លារ​ទៅ២ពាន់ដុល្លារកាលពីមិនទាន់ផ្ទុះជំងឺកូវីដ-១៩​​នោះ ឥលូវនេះ​ ប្រែជាបាត់ចំណូលស្ទើរទាំងស្រុងឬទាំងស្រុងតែម្តងនៅពេលមានការរាលដាលជំងឺនេះខ្លាំង។

កំពុង​មមាញឹកនឹងការមើលថែកូនដែលមានអាយុ១ឆ្នាំនៅក្នុងដៃ វិចិត្រការិនីមួយរូបរស់នៅភូមិក្រវាន់ សង្កាត់នគរធំ ក្រុងសៀមរាប អ្នកស្រី គឹម សូត ​បាន​លើកឡើងថា គ្រួសារអ្នកស្រីបានចាប់យករបរគូរ​គំនូរនិង​លក់គំនូរ​ដែលទិញពីមិត្តភក្តិ​ អស់រយ:ពេល៨ឆ្នាំមកហើយ។

អ្នកស្រីបន្តថា កាលពីមិនទាន់មានវិបត្តិ​កូវីដ-១៩ គ្រួសារ​គាត់​អាច​រក​ចំណូល​បាន​ច្រើន ហើយថ្ងៃខ្លះអាចរកបានពី២ពាន់ទៅ៣ពាន់ដុល្លារទៅតាមទិដ្ឋភាពដែលមានភ្ញៀវច្រើនឬតិច។ ប៉ុន្តែ​រយៈពេលពីរឆ្នាំមកនេះ គ្រួសារ​គាត់​បានជួបបញ្ហាប្រឈមក្នុងជីវភាពគ្រួសារ ក្រោយបាត់បង់ចំណូល​​ជាង៩០ភាគរយ។ ​

អ្នកស្រី​ គឹម សូត រស់នៅភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ក្រុងសៀមរាប ក្បែររមណីយដ្ឋានអង្គរ ជាអាជីវករលក់រូបគំនូរប្រាសាទអង្គរវត្ត ចម្លាក់ព្រះពុទ្ធរូប និង​រូប​ចម្លាក់​ប្រាសាទ​នានា។ (សុខ ចន្ទ្រាវុធ)
អ្នកស្រី​ គឹម សូត រស់នៅភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ក្រុងសៀមរាប ក្បែររមណីយដ្ឋានអង្គរ ជាអាជីវករលក់រូបគំនូរប្រាសាទអង្គរវត្ត ចម្លាក់ព្រះពុទ្ធរូប និង​រូប​ចម្លាក់​ប្រាសាទ​នានា។ (សុខ ចន្ទ្រាវុធ)

អ្នកស្រី គឹម សូត និយាយថា​៖ «វិស័យគំនូរសព្វថ្ងៃ ចាប់តាំងពីមានវីរុសកូវីដហ្នឹង វារាងធ្លាក់ចុះច្រើន! និយាយទៅ លក់​កាត់​បន្ថយអស់​៩០​ភាគរយ នៅសល់ភ្ញៀវខ្មែរ​យើងតិចៗដែល​គាត់​ឆ្លៀតជួយទិញយើងបានខ្លះ។ វាអត់ល្អដូចលើកមុនទេ លើកមុនទេសចរ​​ច្រើន​ទៅ យើង​រាង​លក់បានគ្រាន់បើអ៊ីចឹងទៅ»។

អ្នកស្រីបន្តថា បើទោះបីជាមានការធ្លាក់ចុះមិនសូវមានអ្នកទិញបែបនេះក៏ដោយ ក៏គ្រួសារគាត់មិនបោះបង់មុខរបរគូរនិងលក់ផ្ទាំងគំនូរនេះឡើយ បើទោះបីជាមានពេលខ្លះ អ្នកស្រីនិងប្ដីអស់សង្ឃឹមក្តី។ ​

បញ្ហាភ្ញៀវទេសចរធ្លាក់ចុះខ្លាំងនៅខេត្តសៀមរាបនេះបានធ្វើឱ្យអ្នកប្រកបរបរគូរនិងលក់គំនូរខ្លះមិនចង់​ផ្ដល់បទសម្ភាសទេ ដោយថា ពួកគេគ្មានកម្លាំងចិត្តនិយាយនៅពេល​ការខិតខំប្រឹងប្រែង​របស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំត្រូវមកធ្លាក់ខ្លួនដល់កម្រិតសូន្យបែបនេះ។

ក្រៅពីអ្នកស្រី គឹម សូត​​​ ក៏មានអាជីវករជាច្រើន​ដែលប្រកបរបរលក់ម្ហូបអាហារ សម្លៀកបំពាក់ និងវត្ថុអនុស្សាវ​រីយ៍ផ្សេងៗ​​នៅតំបន់អង្គរ ត្រូវបានបង្ខំចិត្តបិទហាង តូប និង​ភោជនីយដ្ឋានរបស់ខ្លួន។ ​

កំពុងអង្គុយលេងជាមួយនឹងកូនបីនាក់នៅមុខផ្ទះរបស់ខ្លួនដែលមានដាក់តាំងទៅដោយរូបគំនូរក្បាច់បុរាណនិង​រូបចម្លាក់ជាច្រើនធ្វើពីស្បែកគោ នៅភូមិក្រវាន់ សង្កាត់អង្គរធំ អាជីវករ សូន ស៊ីណាក បញ្ជាក់ថា ​គ្រួសាររបស់​គាត់​ចាប់​​យក​របរ​នេះជិ​ត​២០ឆ្នាំទៅហើយ។

បច្ចុប្បន្ន អ្នកស្រី ស៊ីណាក ​ថាចំណូល​ពីអាជីពមួយនេះមិនទៀងទាត់ទេ ដោយសារ​គ្មានភ្ញៀវបរទេសមកទិញច្រើនដូចកាលមិនទាន់មានវិបត្តិកូវីដ-១៩ ហើយបច្ចុប្បន្ននៅមានភ្ញៀវខ្មែរតិចតួចប៉ុណ្ណោះដែលជួយទិញផ្ទាំងចម្លាក់ស្បែករបស់ខ្លួន។ ​

អ្នកស្រី សូន ស៊ីណាក ជាអាជីវករលក់ចម្លាក់ល្ខោនខោលធ្វើពីស្បែកគោ នៅតំបន់រមណីយដ្ឋានអង្គរ។ (សុខ ចន្ទ្រាវុធ)
អ្នកស្រី សូន ស៊ីណាក ជាអាជីវករលក់ចម្លាក់ល្ខោនខោលធ្វើពីស្បែកគោ នៅតំបន់រមណីយដ្ឋានអង្គរ។ (សុខ ចន្ទ្រាវុធ)

អ្នកស្រី ស៊ីណាក បន្តថា៖ «ពេលនេះ សម័យកូវីដអ៊ីចឹង ដូចថាអត់មានភ្ញៀវបរទេសដែលគាត់ចូលមកលេងស្រុកខ្មែរយើង។ អ៊ីចឹងទៅ ចម្លាក់​​ស្បែក ដូចបងលក់ មានគំនូរអ៊ីចឹង ការលក់ដូរយើងបានតែចំពោះខ្មែរក្នុងស្រុកយើងខ្លះ ដូចជាគាត់ទិញយកទៅដាក់តាមផ្ទះ សណ្ឋា​គារ​អ៊ីចឹង។ និយាយរួមទៅ មានអ្នកដែលគាត់ស្រឡាញ់រូបចម្លាក់ស្បែកអ៊ីចឹង។ លក់បានខ្លះដែរ ចង់និយាយសម័យនេះ មិនអត់សោះទេ [ជួនកាល] អ្នកដើរលេង គាត់ទិញដាក់ក្នុងផ្ទះដែរ គ្រាន់តែថាមិនច្រើនដូចសម័យមុនកូវីដទេ»។

បើទោះជាអាចលក់បានខ្លះក៏ដោយ អ្នកស្រីនៅតែ​បារម្ភពីបញ្ហាជីវភាព ខណៈចំណូលទទួលបាន​មិនអាចឆ្លើយតបនឹងការចំណាយប្រចាំថ្ងៃ​ឡើយ។ អ្នកស្រីថា មានពេលខ្លះ មួយអាទិត្យលក់បាន១ទៅ២ផ្ទាំង ខណៈតម្លៃចម្លាក់ស្បែក១ផ្ទាំងធំលក់បានចន្លោះពី១០០ទៅ២០០ដុល្លារប៉ុណ្ណោះ ហើយមានថ្ងៃខ្លះទៀត គឺលក់អត់ដាច់សោះទាំងម្ដង។ ​

អ្នកស្រី ស៊ីណាក ថា៖ «បារម្ភខ្លាំងណាស់ បើកូវីដនេះនៅតែបន្ត[បែប]នេះទៀតអ៊ីចឹង! ១ឆ្នាំ២ឆ្នាំអ៊ីទៀតអ៊ីចឹង! គឺគ្មាន[អ្វីទៀត]ទេ ចំពោះការលក់ដូរ ដូចថា រូបប្រភេទដែលលក់អ៊ីចឹង ទាល់តែគាត់ជាអ្នកមានសមត្ថភាព មានផ្ទះស្អាតអ៊ីចឹង បានគាត់ចង់[ទិញ]ទៅដាក់ ព្រោះយើងប្រជាពលរដ្ឋធម្មតានៅតាមស្រុកតាមភូមិ គាត់អត់ងាយទិញទេ […] ទោះបីថាខ្មែរក្នុងស្រុកយើងទិញមែន ប៉ុន្តែបើកូវីដនៅតែផ្ទុះយូរអ៊ីចឹង​ គាត់​ដែល​ងាយមកលេងសៀមរាប? មានតែអ្នកសៀមរាបគ្នាឯង មិនងាយទិញទេ ទាល់តែថាគាត់ធ្វើផ្ទះថ្មីៗ គាត់ជិះកាត់អ៊ីចឹងបានគាត់ទិញ។ ពីមុន​ធ្លាប់តែមានភ្ញៀវច្រើន ដល់ពេលអត់មានអ៊ីចឹង អារម្មណ៍និយាយមិនចេញទេ»។

ចំណែកអ្នកលក់វត្ថុអនុស្សាវរីយ៍ ដូចជា កញ្ជើ កន្ត្រក ទ្រ ខ្លុយ និងវត្ថុបុរាណជាច្រើនទៀត អ្នកស្រី ឃុន ស៊ីវ៉ុន ​លើកឡើងថា អាជីពរបស់គាត់ត្រូវជួបបញ្ហាប្រឈមជាច្រើន ដូចជា បាត់បង់ចំណូល ហើយបង្ខំចិត្ត​កាត់បន្ថយបុគ្គលិកនិងជាងប្រចាំហាង ព្រមទាំងត្រូវប្រឈមបញ្ហាសងបំណុលធនាគារថែមទៀតផង។

ស្រ្ដីវ័យ៤៤ឆ្នាំរូបនេះបន្តថា កាលពីមិនទាន់មានវិបត្តិកូវីដ-១៩ ក្នុងមួយថ្ងៃ គ្រួសារគាត់អាចរកចំណូលបានពី១០០ទៅ២០០ដុល្លារ និងមានពេលខ្លះអាចរកបានរហូត៥០០ដុល្លារ។ ប៉ុន្តែក្រោយផ្ទុះ​ជំងឺជាសកលនេះមក ទិដ្ឋភាពខេត្តសៀមរាបត្រូវបានផ្លាស់ប្តូរទាំងស្រុង ហើយមុខរបររបស់ពួកគាត់ក៏ចាប់ផ្តើមធ្លាក់ចុះស្ទើរដល់ចំណុច​សូន្យ ​។

អ្នកស្រី ឃុន ស៊ីវ៉ុន អាជីវករលក់វត្ថុសិប្បកម្ម កំពុងតែអង្គុយខាត់ស្លាបព្រាដែលធ្វើចេញពីដើមឆ្នោត នៅភូមិក្រវាន់ សង្កាត់អង្គរធំ ខេត្តសៀមរាប ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។ (សុខ ចន្ទ្រាវុធ)
អ្នកស្រី ឃុន ស៊ីវ៉ុន អាជីវករលក់វត្ថុសិប្បកម្ម កំពុងតែអង្គុយខាត់ស្លាបព្រាដែលធ្វើចេញពីដើមឆ្នោត នៅភូមិក្រវាន់ សង្កាត់អង្គរធំ ខេត្តសៀមរាប ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។ (សុខ ចន្ទ្រាវុធ)

អ្នកស្រី ឃុន ស៊ីវ៉ុន និយាយថា៖ «បើកាលមុន បានកម្រិតថាអាចចិញ្ចឹមកូន ចិញ្ចឹមក្នុងគ្រួសារបានស្រួលដែរ ប៉ុន្តែរយៈពេលស្ថានភាពកូវីដនេះ យ៉ាប់បន្តិច ព្រោះយើងធ្វើអីវ៉ាន់បានទៅ អីវ៉ាន់វាស្ទះ វាអត់មានចេញ[អត់បានសូវលក់ចេញ] ចេញតែតិចៗ សម្រាប់យើងហូបចុកនៅក្នុងគ្រួសារ វាអត់មានសល់ទេ។ [កាលមិនទាន់កូវីដ] វាចេញ វាអត់ទៀង ថ្ងៃណាបាន១០០[ដុល្លារ] ទៅ២០០[ដុល្លារ] ថ្ងៃណាមានរហូតដល់៥០០[ដុល្លារ]ក៏មានដែរ។ គ្រាន់តែថា យើងដើមវាធំ ចំណេញតិច»។

អាជីវកររូបនេះបានលើកឡើងទៀតថា ​អាជីពមួយនេះវាជាផ្នែកមួយជួយបង្កើតការងារសម្រាប់ប្រជាពលរដ្ឋនៅតាមជនបទក្នុងខេត្តសៀមរាប ហើយអាចជួយលើកកម្ពស់វប្បធម៌ខ្មែរ ក៏ដូចជាចូលរួមកាត់បន្ថយការប្រើប្រាស់ថង់​ប្លាស្ទិកដែលបង្កផលប៉ះពាល់ដល់បរិស្ថាន​​ផងដែរ ប៉ុន្តែនៅពេលលក់មិនសូវដាច់បែបនេះ ការផលិតក៏ថយចុះដែរ។ ​

ឆ្លើយតបបញ្ហានេះ អភិបាលរង​ខេត្ត​សៀម​រាប លោក លី សំរិទ្ធ មានប្រសាសន៍ថា បញ្ហាសេដ្ឋកិច្ចឬបញ្ហាជីវភាព​របស់​ប្រជាពលរដ្ឋលក់ដូរ ក៏ដូចជាជាងគំនូរ វាជារឿងដែលកើតមានជាទូទៅហើយ គ្មានបុគ្គលណាមួយដែលថាគេចផុតនោះទេ ក្នុងវិបត្តិកូវីដ-១៩នេះ។

តែយ៉ាងណា លោកថា អាជ្ញាធរកំពុង​ពន្លឿនការចាក់វ៉ាក់សាំងជូន​ពលរដ្ឋឱ្យ​បានកាន់តែ​ច្រើន ​ដែលជាផ្នែកមួយ​អាចកាត់បន្ថយការឆ្លងកូវីដ-១៩ និងអាចទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តតំបន់ទេសចរណ៍មួយនេះឡើងវិញ។ 

លោក លី សំរិទ្ធ បានលើកឡើងថា៖ «មិនដឹងធ្វើម៉េច រឿងនេះប៉ះទង្គិចទាំងអស់តែគ្នាហ្នឹង! រឿងនេះ មគ្គទេសក៍រាប់ពាន់[នាក់]​ អត់មានការងារធ្វើ។ […] តាមក្រុមជំនាញគេនិយាយ បើឱ្យកូវីដបាត់ ប្រហែលវាមិនបាត់ទេ អ៊ីចឹងយើងមានរបៀបរស់នៅរបស់យើង និងចូលរួមចាក់វ៉ាក់​សាំង។ នៅប្រទេសមួយចំនួនគេបើកធម្មតាឡើងវិញហើយ។ ឆ្លងធម្មតា វាមានឆ្លង ប៉ុន្តែមិនបង្កឱ្យមានបញ្ហាដល់ជីវិតទេ [ព្យាបាលដូចជំងឺធម្មតា] ដោយសារតែយើងធ្វើវ៉ាក់សាំងហើយ។ ដូច្នេះ ជីវភាពវាប្រក្រតី​វិញហើយ [ពេលនោះ] មនុស្ស​លែងខ្លាច ហើយ ដល់អ៊ីចឹងអ្វីៗនឹងវិលមកវិញហើយ។ យើងអាចបើកទេសចរ​ណ៍ទៅ ហើយទេសចរ​បរទេសអាចមកលេងទៅ។ ទេសចរណ៍​​ក្នុងស្រុក​អាច​ធ្វើធម្មតា​ឡើងវិញ​បណ្ដើរៗដែរ»។

ចំណែកអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានលើកឡើង​ថា បញ្ហានេះ ខាងលោក​មិនដឹងថាត្រូវជួយយ៉ាងណា​ទេ​ ព្រោះ​ជាវិបត្តិសកលលោក ហើយបណ្ដាប្រទេសនៅលើ​សកលលោកក៏ប្រឈមនឹងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះដូចគ្នាដែរ។

តែយ៉ាងណា លោក​ថា សម្រាប់អាជ្ញាធរជាតិអប្សរា កំពុង​យកចិត្តទុកដាក់​ក្នុងការអភិវឌ្ឍ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធឱ្យមានភាពទាក់ទាញកាន់តែខ្លាំង ដើម្បីស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិ នៅពេលវិបត្តិកូវីដ-១៩ត្រូវបានបញ្ចប់។

លោក ឡុង កុសល មានប្រសាសន៍ថា៖ «ខ្ញុំចង់ជម្រាបថា បញ្ហាយើងឃើញរាល់ថ្ងៃ គឺថាមានបញ្ហាស្ថានភាពវិស័យទេសចរណ៍មានការធ្លាក់ចុះ ដោយសារតែវិបត្តិសកលនៃជំងឺរាតត្បាតកូវីដហ្នឹង។ អ៊ីចឹងអាហ្នឹងឱ្យយើងធ្វើយ៉ាងម៉េចក្នុងស្ថានភាពបែបហ្នឹង? ខ្ញុំក៏មិនមានជម្រើសអ្វីផ្សេងដូចគ្នាដែរណ៎ា! សម្រាប់អាជ្ញាធរជាតិអប្សរា អ្វីដែលយើងបានខិតខំ គឺយើងបានខិតខំកែលម្អ យកឱកាសនេះធ្វើការ ខិតខំកែលម្អ ធ្វើការស្រាវជ្រាវ ធ្វើការជួសជុល​ប្រាង្គប្រាសាទតំបន់​របស់យើងនេះឱ្យបានល្អ ដើម្បីត្រៀមនិង​ទទួល​ភ្ញៀវនឹង​ត្រឡប់​មកវិញនៅថ្ងៃអនាគត»។

របាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុង២០២០ កម្ពុជាមានភ្ញៀវទេសចរបរទេស​សរុបចំនួន១ ៣០៦ ១៤៤នាក់ ដែលបានន័យថា ថយចុះ៨០,២ភាគរយ ប្រៀបធៀបទៅ​នឹង​ចំនួន៦ ៦១០ ៥៩២នាក់ ក្នុងឆ្នាំ២០១៩។ សម្រាប់តែខេត្តសៀមរាបវិញ នៅក្នុងឆ្នាំ២០២០ ស្ថិតិ​ភ្ញៀវចូល​តាម​ព្រលាន​យន្តហោះសៀមរាប​ មានតែ២៤០ ៩១៧នាក់ប៉ុណ្ណោះ គឺធ្លាក់ចុះ៨៥,៥​ភាគរយ ប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ដែលមានចំនួន១ ៦៦៥ ៣៦៥នាក់។

ចំណែករបាយការណ៍​ក្រសួង​ទេសចរណ៍ ​ចុះ​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បង្ហាញថា ភ្ញៀវ​ទេសច​របរទេស​ដែល​​មក​​​​​កម្ពុជា​ ចាប់​​ពី​ខែមករា ដល់ខែមីនា ភាគច្រើន​​មកពី​ប្រទេសថៃ ចិន និងវៀតណាម។ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​កម្ពុជា ធ្លាក់ចុះ​៩៤% ក្នុង​អំឡុង​ពេល​៣​ខែ​ដើម​ឆ្នាំ​២០២១ ដែល​មាន​ចំនួន​ជាង៧ម៉ឺននាក់ (៧០ ៩០១នាក់) បើ​ធៀប​អំឡុង​ពេល​ដូចគ្នាកាលពី​ឆ្នាំ២០២០ គឺ​មាន​ចំនួន​ជាង​១​លាន១សែននាក់។

​ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ទទួលស្គាល់ចំពោះបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះបណ្ដាលមកពីជំងឺ​កូវីដ-១៩ ប៉ុន្តែបញ្ហានេះ លោកថា រដ្ឋាភិបាល​មិនត្រូវ​ព្រងើយ​កន្តើយចំពោះបញ្ហាប្រឈមរបស់ពលរដ្ឋទាំងនេះឡើយ។ ​

លោកបន្តថា៖ «ជាការគិតរបស់ខ្ញុំ រដ្ឋមានតួនាទីសំខាន់​ធំណាស់ ត្រូវតែមានការឧបត្ថម្ភដល់គាត់ ដើម្បីឱ្យគាត់អាចមានលទ្ធភាពក្នុងការផ្គត់ផ្គង់​អាជីវកម្មគាត់ឡើង​វិញ ហើយឧបត្ថម្ភ​ការ​គ្រប់​គ្រង​ជីវភាព​ប្រចាំថ្ងៃ។ ចំណុចសំខាន់មួយទៀត រដ្ឋគួរតែរៀបចំលើកតម្កើងស្នាដៃរបស់គាត់ជាលក្ខណៈជាតិតែម្ដង ដើម្បីឱ្យគាត់មានស្នាដៃ»។

មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា វិស័យសិប្បកម្ម ក៏ដូចជាវិស័យគំនូរនេះ ជាអត្តសញ្ញាណមួយនៃវប្បធម៌ជាតិ ដែលរដ្ឋត្រូវ​យកចិត្តទុកខ្ពស់។ លោកយល់ថា ប្រសិនបើ​រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ទេ វិស័យដែលជួយលើកកម្ពស់វប្បធម៌ជាតិទាំងនេះនឹងត្រូវបានបាត់បង់ជាក់ជាមិនខាន៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ