អាជ្ញាធរ​រាជធានី​ភ្នំពេញ​បន្ដ​ផ្អាក​ការជួបជុំ​និង​ការងារ​អាជីវកម្មដែលមាន​ហានិភ័យ​ខ្ពស់​រយៈពេល​១៤​ថ្ងៃទៀត​

សន្តិសុខម្នាក់អង្គុយយាមនៅទីតាំងដែលអាជ្ញាធរដាក់រនាំងហាមឃាត់ការចេញចូលបណ្ដោះអាសន្ន ក្រោយពេលដែលមានករណីផ្ទុះកូវីដ-១៩នៅផ្សារបឹងកេងកង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

សាលា​រាជធានី​ភ្នំពេញ បន្តផ្អាក​ការ​ជួបជុំ ឬការ​ប្រមូល​ផ្ដុំ​លក្ខណៈឯកជន និង​សកម្មភាព​ការងារ មុខរបរ ឬអាជីវកម្ម ដែល​មាន​ហានិភ័យខ្ពស់​ក្នុង​ភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញរយៈពេល​១៤​ថ្ងៃទៀត ដើម្បី​ទប់​ស្កាត់ការ​ឆ្លង​រីករាយ​ដាល​ជំងឺ​កូវីដ-១៩។

ក្នុង​សេចក្ដីសម្រេចរ​បស់​សាលារាជធានី​ភ្នំពេញ​ផ្សា​យ​នៅថ្ងៃទី២៣ ខែកក្កដា ម្សិលមិញឱ្យដឹងថា សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដែល​ត្រូវបានផ្អាក ចាប់ពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នោះ រួមមាន សាលារៀន រួមទាំងសាលាបណ្ដុះបណ្ដាល​វិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងសាលារៀនដែលធ្វើការបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ។ ក្រៅពីសាលារៀននោះ ក៏មាន អាជីវកម្មក្លឹបកម្សាន្ដគ្រប់ប្រភេទ មានជាអាទិ៍៖ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ,  រមណីយដ្ឋាន សារមន្ទីរ និង​សួនកម្សាន្ដនានា, អាជីវកម្មម៉ាស្សា ​និងរោងភាពយន្ដ រោងសម្ដែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាជាដើម។

លើសពីនេះ អាជ្ញាធរនឹងពិនិត្យផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្ដែង ដោយអនុលោមតាម​តម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ ការដាក់ចេញវិធានការបែបនេះ ធ្វើឡើងបន្ទាប់ពីក្រសួង​​សុខាភិបាលនៅតែបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ នៅតែមានចំនួនច្រើន ខណៈអ្នកស្លាប់នៅមិនទាន់ថយចុះដែរ។ បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជា​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុប ៧២ ១០៤នាក់ ក្នុងនោះករណីនាំចូល​ពី​ក្រៅប្រទេស ៨ ២៥៤នាក់ និង ​អ្នកជំងឺព្យាបាលជាសះស្បើយសរុប ៦៤ ៥៤៨នាក់ ខណៈអ្នក​ស្លាប់កើនឡើង ១២៥៤នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ