ក្រសួងមហាផ្ទៃ ទទួលស្គាល់គណបក្សថ្មីមួយទៀត​ដែលបង្កើតចេញពីអតីត​យុវជនគាំទ្រសង្គ្រោះជាតិ

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំងនិងសមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ស ខេង)

ក្រសួងមហាផ្ទៃ​ អនុញ្ញាត​ឱ្យ​បង្កើត​គណបក្សថ្មីមួយ​ទៀតដែលមាន​​​ឈ្មោះថា «គណបក្ស​កម្ពុជា​និយម​» ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខ។

លិខិត​របស់​ក្រសួងមហាផ្ទៃ ​ចុះ​ថ្ងៃទី​​២៣ ខែកក្កដា ឆ្នាំ២០២១ ​ក្រសួងមហាផ្ទៃ​សម្រេច​អនុញ្ញាត​​ឱ្យ​​បង្កើត​គណបក្សកម្ពុជា​និយម​ ដើម្បី​ចូលរួម​ការប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០២៣​។

​គណបក្សកម្ពុជា​និយម ដែល​សរសេរជាអក្សរកាត់ «ប.ក» និងមានអាសយដ្ឋាននៅបុរីពិភពថ្មីកួរស្រូវ៣ ផ្ទះលេខ៥២-៥៤ ផ្លូវបេតុង៩ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លិខិត​ដដែលនេះបញ្ជាក់ថា ដើម្បី​អាចធ្វើ​សកម្មភាព​នយោបាយ​បាន​ដោយ​​ស្រប​ច្បាប់ ក្នុងរយៈពេល១៨០​ថ្ងៃ។ បន្ទាប់ពី​បាន​បង្កើត​រួចហើយ គណបក្ស​នេះត្រូវ​រៀបចំ​បែបបទ​និង​បំពេញ​លក្ខខណ្ឌ​ស្នើសុំ​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ​ស្របទៅតាមមាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

អតីតមន្ត្រីគណបក្សសង្គ្រោះជាតិម្នាក់ដែលសុំមិនបញ្ចេញឈ្មោះអះអាងថា គណបក្សថ្មីនេះ មានស្ថាបនិក​ឈ្មោះ អូក អ៊ី ដែលជាអតីតយុវជនគាំទ្រអតីត​គណបក្សសង្គ្រោះជាតិ និង​ជាមនុស្សស្និទ្ធជាមួយលោក យ៉ែម បុញ្ញឬទ្ធិ។

រហូតមក​ដល់ពេល​នេះ ​មាន​គណបក្ស​នយោបាយ​ជាង​៤០ បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ក្នុងនោះមានគណបក្សចំនួន៥ ដែលបានបង្កើតឡើងដោយអតីតមន្ត្រីគណបក្សប្រឆាំង រួមមាន គណបក្សឆន្ទៈខ្មែរ របស់​លោក គង់ មូនីកា កូនប្រុសរបស់​​លោក គង់ គាំ, គណបក្សខ្មែរអភិរក្ស របស់លោក រៀល ខេមរិន្ទ, គណបក្សខ្មែរស្រឡាញ់ជាតិ របស់លោក ជីវ កត្តា, គណបក្សកំណែទម្រង់កម្ពុជា របស់លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន និងគណបក្សបេះដូងជាតិ ដែលត្រូវបានគេអះអាងថា ជារបស់​លោក ថាច់ សេដ្ឋា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ