អតីត​មេ​ឃុំ​​បក្ស​ប្រឆាំង​​ម្នាក់​ត្រូវ​​សមត្ថ​កិច្ច​ចាប់​ខ្លួន​ ទោះ​នាយក​រដ្ឋ​មន្ត្រី​ធ្លាប់​​​ប្រកាស​អត់​ឱន​ទោស​

ស្នាក់ការស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ)

សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានចាប់ខ្លួន​អតីតមេឃុំជាប់ឆ្នោត​របស់គណបក្សប្រឆាំងម្នាក់​ដែលធ្លាប់គេចខ្លួនទៅប្រ​ទេ​ស​ថៃ ពាក់ព័ន្ធនឹងបទ«ញុះញង់» បើទោះបីរដ្ឋាភិបា​ល​ធ្លាប់អំពាវនាវ​ឱ្យចូលស្រុក​វិញដោយ​មិនយកទោសពៃរ៍ក៏ដោយ។

អតីត​មេឃុំជាប់​ឆ្នោតឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កញ្ញា កឹម តុលា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​កាលពីរ​សៀល​​​ថ្ងៃព្រហស្បតិ៍នេះ​ ក្រោយពីគាត់បានវិលត្រឡប់ពីប្រទេសថៃវិញ។

មន្ត្រី​​នគរ​បាលនៅស្នងការដ្ឋាន​នគរបាល​​ខេត្តកំពង់ស្ពឺម្នាក់ សុំមិនប្រាប់ឈ្មោះ បាន​ប្រាប់ VOD​​ ថា គិត​មក​ដល់​រសៀល​ថ្ងៃសុក្រ​ម្សិលមិញនេះ មន្ត្រីជំ​នាញកំពុងសាកសួរជន​សង្ស័យឈ្មោះ​ កឹម តុលា នៅឡើយ។

ប៉ុន្តែលោកថា មិនបានដឹងពីបទចោទទេ ដោយឱ្យសួរ​ទៅនាយការិយាល័យប្រឆាំង​ភេរវកម្មនៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​​ លោក មួង លាង ដែលទទួលបន្ទុកកិច្ចការនេះវិញ តែ វីអូឌី ​មិនអាចទាក់ទងបាន។

លោកថា៖ «គេនៅសួរចម្លើយ​​នៅកន្លែងស្នងការខេត្ត​នៅឡើយតើ! ​[គេចោទពីបទអីដែរ?] អត់ដឹងទេ! ព្រោះជំនាញគេធ្វើ គេលាក់ការ គេអត់ឱ្យយើងដឹងទេ»។

យ៉ាងណា អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ឱ្យដឹងថា ការចាប់ខ្លួនស្ត្រីរូបនេះជាការអនុវត្តសាលក្រម​ផ្តន្ទាទោសកំបាំងមុខ ចុះថ្ងៃទី២៨ ខែមេសា ឆ្នំា២០២១ ចោ​ទពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ប្រព្រឹត្តកាលពីខែមករា ឆ្នាំ២០១៩។

លោកថា៖ «សាលាដំបូងគេជម្រះហើយ គេសម្រេចផ្តន្ទាទោស កឹម តុលា ហ្នឹងដាក់ពន្ធនាគារ​​១ឆ្នាំ ហើយពិន័យ​ជាប្រាក់​២លានរៀល គិតចាប់ពីថ្ងៃចាប់ខ្លួន! គាត់ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ កាលដែលគាត់ប្រព្រឹត្តហ្នឹងនៅភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩»។

អតីតប្រធានប្រតិបត្តិក្រុងច្បារមន នៃ​គណបក្សសង្គ្រោះជាតិ ខេត្តកំពង់ស្ពឺ ដែលកំពុងនិរទេសខ្លួននៅប្រទេស​ថៃ អ្នកស្រី ជុំ សោភ័ណ្ឌ មាន​ប្រសាសន៍ថា​ កញ្ញា កឹម តុលា បានគេចខ្លួនទៅប្រទេសថៃជាមួយគាត់​និងក្រុមការងារសរុប៧នាក់ទៀត កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពីមានដីកាចោទប្រកាន់ពីតុលាការ ប៉ុន្តែក្រោយមក កញ្ញា កឹម តុលា បានត្រឡប់មកស្រុកកំណើតវិញ។

បើតាមអ្នកស្រី ជុំ សោភ័ណ្ឌ ពួកគេរងការចោទប្រកាន់​ ក្រោយពីបាន​ចូលរួមគាំទ្រកា​រតែងតាំងលោក សម រង្ស៊ី ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងធ្វើកម្មវិធីហូបនំបញ្ចុក​ អំឡុង​លោក សម រង្ស៊ី ប្រកាស​ពីគម្រោងចូលកម្ពុជាវិញនៅថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

តែយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ អំឡុង​សម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍មួយ​​នៅខេត្តកំពត បានអំពាវនាវឱ្យអ្នកដែលបានរត់គេចខ្លួនទៅប្រទេសថៃត្រឡប់មកកម្ពុជាវិញ ដោយថា រដ្ឋាភិបាលនឹងមិនយក​ទោសពៃ​រ៍នោះទេ​ ដោយថា អ្នកទាំងនោះជាអ្នកចាញ់បោកមេដឹកនាំ​របស់​ពួកគេប៉ុណ្ណោះ។

លោកថា៖ «ម៉ាចំនួនទៀតភ័យខ្លាចគេ[សមត្ថកិច្ច]ចាប់នៅក្នុងប្រទេស ក៏រត់ទៅក្នុងប្រទេសថៃ! ឥលូវសូមបងប្អូនវិលត្រឡប់មកកាន់ផ្ទះសម្បែងវិញ នៅក្នុងប្រទេសកម្ពុជាវិញ អត់មានទោសពៃរ៍អីទេ គ្មាននរណាចាប់​ទេ! ហ៊ុន សែន បញ្ជារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់មិនត្រូវចាប់ចងអ្នកដែលបានទៅលាក់ខ្លួននៅប្រទេសថៃនោះទេ»។

បន្ថែមពីនេះ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ស្នើឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ធ្វើការ​ជាមួយ​ព្រះរាជអាជ្ញានិង​តុ​លា​ការ ដើម្បី​ដោះលែង​សកម្មជន​អតីត​បក្សប្រឆាំងដែល​ត្រូវ​បាន​ចាប់ខ្លួន​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ក្រោ​ម​ការត្រួតពិនិត្យ​របស់​តុលាការ​ ទៅតាម​រយៈ​ការស្នើសុំ​របស់​សាម៉ីខ្លួន មេធាវី ឬ​ក្រុមគ្រួសារ ​ជា​អ្វី​ដែល​លោក​ហៅថា ជា​កិច្ចការ​ចាំបាច់​ត្រូវ​ធ្វើ​ក្នុង​គោលដៅ​បង្រួបបង្រួម​ជាតិ រក្សា​សន្តិភាព និង​សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ​​។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ដីកាចាប់ខ្លួនរបស់តុលាការ​មិនអាចរលត់បានទេ បើរឿងរ៉ាវមិនទាន់ត្រូវបានបិទបញ្ចប់។ ប៉ុន្តែលោកថា ជាការកត់សម្គាល់ វិធានការនេះជា​លំនាំចាស់ដែលគេចាត់ទុកថាជារឿងនយោបាយ ដោយសារតែចំណាត់ការចាប់សកម្មជន​នយោបាយនេះ វាបានកើតឡើងតែប៉ុន្មានថ្ងៃ ក្រោយពីលោក សម រង្ស៊ី អំពាវនាវពីក្រៅប្រទេសឱ្យ​ពលរដ្ឋនិងកងកម្លាំងរួមគ្នាបង្កើតរដ្ឋាភិបាលរួបរួមជាតិ។

លោកថា៖ «បញ្ហានេះ វាមិនខុសអីពីទិដ្ឋភាពមុនៗទេ ព្រោះសំណុំរឿងនេះ ក៏ជាសំណុំរឿងចាស់ដែរ ដែល​យើង​យើញ​ថា សហគមន៍អន្តរជាតិ ក៏ដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ គេចាត់ទុក​ថា ជាការធ្វើទុក្ខបុកម្នេញដល់អតីតសកម្មជនបក្សប្រឆាំង ក៏ដូចជាការរំលោភបំពានទៅលើសេរីភាពជាមូលដ្ឋាន និងការចាប់ឃុំខ្លួនអីហ្នឹងជាហេតុផលនយោបាយច្រើនជាងការអនុវត្តច្បាប់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ