អ្នក​ជំងឺ​កូវីដ-១៩​ចំនួន​៣២​នាក់​ទៀត​បាន​ស្លាប់ និង​ឆ្លង​ថ្មីជាង​៨០០​នាក់

ក្រុមអ្នកជំនាញសុខាភិបាលបានរៀបចំសាកសពអ្នកស្លាប់ដោយសារកូវីដ-១៩ យកទៅបូជានៅក្បែរជើងភ្នំមួយកន្លែង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកំពត)

ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃសៅរ៍​នេះ​ថា អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ៣២ នាក់ទៀតបាន​ស្លាប់ ដែល​ធ្វើឱ្យចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩ នៅកម្ពុជា កើន​ឡើង​ដល់​ ១២៥៤នាក់ ហើយ។

សេចក្តីប្រកាស​ដដែល​បាន​ឱ្យដឹង​ថា ក្រសួង​បាន​រកឃើញ​អ្នកឆ្លងថ្មីចំនួន ៨៦០ នាក់ ក្នុងនោះ ៣៩៥នាក់ ជាករណីនាំចូលពីក្រៅប្រទេស។ ប៉ុន្តែទន្ទឹមគ្នារកឃើញអ្នកឆ្លងថ្មី ៨៦០នាក់នេះ ចំនួនអ្នកព្យាបាលជាសះស្បើយមានចំនួន ១០៧៤នាក់។

គិតត្រឹមថ្ងៃសៅរ៍ ទី២៤ ខែកក្កដានេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុបនៅកម្ពុជាមានចំនួន ៧២ ១០៤ នាក់ ស្លាប់ ១២៥៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៧ ៥៥៦នាក់។

កាលពីពាក់កណ្តាល​ខែកក្កដា ​ឆ្នាំ២០២១ បានប្រកាសថា អ្នកដំណើរចំនួន ៣៧ នាក់ បានរកឃើញវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ដែលជាក្តីព្រួយបារម្ភមួយសម្រាប់អាជ្ញាធរសុខាភិបាលកម្ពុជា។ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ ​បាន​ព្រមានជាថ្មី​ថា ​​កម្ពុជា​កំពុង​​ប្រឈម​ការ​ឆ្លងហួសពី​បន្ទាត់​ក្រហមហើយ​។​ ទន្ទឹម​គ្នា​នេះ ​សោកនាដកម្ម​នៃ​សុខភាព​សាធារណៈ​នៅ​កម្ពុជា ​អាច​នឹង​កើត​ឡើង​ក្នុង​ពេល​ខាង​មុខ​នេះ​។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ជំងឺកូវីដ-១៩​ ឈ្មោះ «ដែលតា (Delta)» នេះ ជាវីរុ​សបំប្លែងខ្លួនថ្មី មានភាព​សាហាវ​ជាង​វីរុសបំប្លែងខ្លួនមុនៗចំ​នួនដល់ទៅ១៥ដង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ