ទូត​ខ្មែរ​​អំពាវនាវ​ឱ្យ​​​ពលរដ្ឋ​ខ្មែរ​​នៅ​ឡាវ​​​ប្រុង​ប្រយ័ត្ន​​ចំពោះ​ស្ថានភាព​ជំងឺ​កូវីដ-១៩

ពលរដ្ឋពាក់ម៉ាស់ការពារពីកូវីដ-១៩ នៅក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។ (UNICEF)

ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធាណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអំពាវនាវឱ្យ​​ប្រជាជនខ្មែរ​កំពុងរស់នៅនិងធ្វើការនៅទីនោះមានការប្រុងប្រយ័ត្នខ្ពស់ ​ចំពោះស្ថានភាពជំងឺកូវីដ-១៩ដែលកំពុងឆ្លងរាលដាលនៅតាមសហគមន៍។

សេចក្ដីជូនព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឡាវ​ ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ​ឆ្នាំ២០២១​នេះ​ថា  ​នៅពេលនេះ រដ្ឋាភិបាលឡាវនឹងបន្តដាក់វិធានការហាមឃាត់នៅកន្លែង​មួយ​ចំនួនដូច​ជា កន្លែង​ផឹក​ស៊ី ការស៊ីណូ ខារ៉ាអូខេ ក្លឹបកម្សាន្ត ល្បែងគ្រប់ប្រភេទ រោងភាពយន្ត និងហាមជួបជុំគ្នាកុះករ​ ជាដើម។ ចំណែកប្រជាពលរដ្ឋដែលមិន​ទាន់​ទទួ​លបានការចាក់​វ៉ាក់​សាំង មិន​អនុញ្ញាត​ឱ្យ​ធ្វើដំណើរតាមរថយន្តនិងយន្តហោះនោះទេ។

ក្នុងសេចក្ដីប្រកាសដដែលបានបន្ថែមថា៖ «ស្ថានភាពជំងឺកូវីដ-១៩ នៅរដ្ឋធានីវៀងច័ន្ទន៍បានថយ​ចុះជាលំដាប់។ ដោយឡែក នៅតាមបណ្ដាខេត្តមួយចំនួននៅតែបន្តរកឃើញការឆ្លងនៅតាមសហគមន៍ ខណៈរដ្ឋាភិបាលប្រទេសឡាវបានបន្តដាក់វិធានការគ្រប់គ្រងការពារការរាលដាលជំងឺកូវីដ-១៩ បន្ថែម១៥ថ្ងៃទៀត ចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១»។

សេចក្ដីប្រកាសនេះបានអំពាវនាវឱ្យ​ប្រជាពលរដ្ឋ ពលករ រួមទាំងនិស្សិតខ្មែរទាំងអស់នៅក្នុងប្រទេសឡាវ ត្រូវអនុវត្តតាមសេចក្ដីណែនាំរបស់រដ្ឋាភិបាលឡាវ និងត្រូវរក្សាអនាម័យឱ្យ​​បាន​ល្អ ដោយអនុវត្តតាមវិធានការរបស់រដ្ឋាភិបាលកម្ពុជា «៣កុំ​ ៣ការពារ» ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ឱ្យមានប្រសិទ្ធភាព។

គិតត្រឹមថ្ងៃទី២២ ខែកក្កដា ម្សិលមិញនេះ ប្រទេសឡាវមានអ្នកផ្ទុកជំងឺកូវីដ-១៩​សរុប​ចំនួន៤ ១១៩​នាក់ ក្នុងនោះ ស្លាប់៥នាក់ ជាសះស្បើយចំនួន២ ១៧៤​នាក់ និង១ ៩៤០នាក់កំពុងសម្រាក​ព្យាបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ