គណៈ​កម្មការ​​ប្រដាល់​គុន​ខ្មែរ​ម្នាក់​​ថា​ ខ្លួន​រង​ភាព​អយុត្តិ​ធម៌​ដោយ​ត្រូវ​រង​ពិន័យ​តែ​ម្នាក់​​ឯង

លោក​ មាស សុគ្រី គណៈកម្ម​ការ​ប្រតិបត្តិ​នៃ​សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាស្នងការប្រកួតប្រចាំស្ថានីយទូរ​ទស្សន៍ CNC ។ (ហ្វេសប៊ុក៖ Meas Sokry)

មន្ត្រីសហព័ន្ធកីឡាប្រដាល់គុនខ្មែរមួយរូបថា ខ្លួនរងភាពអយុត្តិធម៌ដោយត្រូវទទួលការពិន័យផ្អាកការងារពីសហព័ន្ធតែម្នាក់ឯង ខណៈដែលមន្ត្រីពាក់ព័ន្ធផ្សេងទៀតរួចផុតពីការពិន័យនេះ បន្ទាប់ពីការកាត់សេចក្តីមិនប្រកាសលទ្ធផលគូប្រកួត​ខ្សែក្រវាត់មួយនៅលើ​កញ្ចក់ទូរទស្សន៍​ CNC។

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចពិន័យផ្អាកការងារមន្ត្រីសហព័ន្ធ២រូប រួមមាន​ គណៈកម្ម​ការ​ប្រតិបត្តិ​នៃ​សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាស្នងការប្រកួតប្រចាំស្ថានីយទូរ​ទស្សន៍ CNC លោក​ មាស សុគ្រី ចំនួន៦សប្តាហ៍ និងចៅក្រមអាជ្ញាកណ្តាល លោក រាម កុសល ចំនួន៤សប្តាហ៍ ដោយហេតុមានកំហុសឆ្គងក្នុងការកាត់ក្តីការប្រកួតខ្សែក្រវាត់រវាងកីឡាករ ឃឹម បូរ៉ា និង ម៉ឺន មេឃា កាលពីថ្ងៃទី១០ ខែកក្កដាកន្លងទៅ។

នៅក្នុងការប្រកួតនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ការសម្រេចចិត្តរបស់គណៈកម្មការរៀបចំការប្រកួតដែលសម្រេចលើកពេលប្រកួតទៅពេលក្រោយ បើទោះបីជាកីឡាករ ម៉ឺន មេឃា បានរំលោភលើលក្ខន្តិកៈប្រកួតដោយចាប់កីឡាករ ឃឹម បូរ៉ា បោកស្ទើរបាក់កក្តី។ ក៏ប៉ុន្តែ ក្រោយពីមានការរិះគន់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មក គណៈកម្មាធិការរៀបចំការប្រកួត បានសម្រេចផ្តល់ជ័យជម្នះដល់កីឡាករ ឃឹម បូរ៉ា ជាម្ចាស់ខ្សែក្រវាត់ អមដោយទឹកប្រាក់៥ពាន់ដុល្លារអាមេរិក។

លោក មាស ​សុគ្រី ដែលជាគណៈកម្មការប្រតិបត្តិនៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាស្នងការប្រកួតប្រចាំស្ថានីយទូរទស្សន៍ CNC លើកឡើងថា ជារឿង​អយុត្តិធម៌ដែល​លោក​ត្រូវ​ទទួលការ​ពិន័យ​ពីសហព័ន្ធតែម្នាក់ឯង ដែលធ្វើឱ្យ​ប៉ះពាល់កិត្តិយស​លោកនិងគ្រួសារ ខណៈដែលមន្ត្រី​ពាក់​ព័ន្ធ​ដែល​ជំនុំ​សម្រេច​កាត់​ក្តី​រួម​គ្នាផ្សេ​ងទៀត មិនត្រូវបាន​សហព័ន្ធកីឡាប្រដាល់គុនខ្មែរ​ពិន័យ​នោះ​ទេ។ លោកបន្តថា លោកទទួលស្គាល់ថាមានកំហុស ប៉ុន្តែពេលសម្រេចកាត់ក្តីលើការ​ប្រកួត​រវាងកីឡាករ ឃឹម បូរ៉ា និង ម៉ឺន មេឃា គឺធ្វើរួម​គ្នា ដូច្នេះបើការសម្រេចនោះមានកំហុស គឺត្រូវទទួលខុសត្រូវទាំងអស់គ្នា។​

លោកថា៖ «គេសម្រេចឱ្យ​ឈ្នះចាញ់យុត្តិធម៌ តែសម្រេចដាក់កំហុសខ្ញុំ មិនយុត្តិធម៌តែឯង! បើសិន​ជាដាក់ជារួមទៅ គ្រូអត់តូចចិត្តទេ កំហុសវាមាន មិនមែនអត់ទេ! កម្មវិធីនេះ វារលូនកើតឡើង​ដោយសារយើងសហការគ្នា គ្មានអ្នកណាមួយធ្វើដោយចិត្តឯងទេ គឺយើងធ្វើដោយប្រព័ន្ធ​រួម​គ្នា បើខុសៗទាំងអស់គ្នាទៅ កុំឆ្លើយដាក់ម្នាក់ៗ វាអត់ល្អមើលទេ! មិនមែនគ្រូអ្នកសម្រេច​ទេ គេធ្វើការតាមប្រព័ន្ធប្រធានវិនិច្ឆយ មានស្នងការ មានអនុប្រធានសហព័ន្ធ មានស្ព័នស័រ មានស្ថានីយ។ អ្វីក៏ដោយ​​ ពេល​អ្នកណាសម្រេចទាំងអស់គ្នា ត្រូវទទួលកំហុសទាំងអស់គ្នា ដើម្បីកាត់សេចក្តី តែចំណែកអស់លោកខ្លះ គាត់នៅស្ងៀម គាត់ធ្វើមិនដឹង គាត់ចាំតែពេលបានលុយទៅ ដល់ពេលមានរឿង គាត់ឆ្លើយយករួចខ្លួន ដល់ពេលមានមុខមានមាត់ គេចប់ខ្សែ​ក្រវាត់ គាត់​មាន​មុខ​មាត់​រហូត»

គណៈកម្មការប្រតិបត្តិនៃសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះ បាន​សំណូមពរឱ្យ​សហព័ន្ធ​បែងចែក​ច្បាប់​ឱ្យ​ដាច់ដោយឡែក​តាមតួនាទី ដើម្បីសម្រេចជុំវិ​ញបញ្ហានានា​នៃការប្រកួត​​ ចៀស​វាងធ្វើសេចក្តីសម្រេច​រួមគ្នា​ តែពេលមានបញ្ហា ទម្លាក់ឱ្យ​​បុគ្គលម្នាក់ៗ។

លោក មាស សុគ្រី បន្ត​ថា៖ «ថ្ងៃក្រោយ ខ្ញុំសូមថាឱ្យ​​មានច្បាប់ដាច់ដោយឡែក សូមឱ្យ​មានច្បាប់ដាច់ដោយឡែក ឱ្យ​​មើលឃើញកំហុសអ្វីមួយ ត្រូវប្រគល់ឱ្យ​​អ្នកណាៗមួយ កុំបាច់ត្រូវជំនុំគ្នា ជម្រះគ្នា! សូមឱ្យ​មន្ត្រីគ្រាប់ល្ង ខិលខូច​ហ្នឹង​ កុំចូលចិត្តយកកំហុសយកទៅដាក់បុគ្គលម្នាក់ៗ​ឯង។ ធ្វើការ​ក្នុង​រួមគ្នា សូមឱ្យ​ចេះទួលខុសត្រូវអ្នកដែលគេធ្វើផង»

ម្ចាស់ក្លឹបប្រដាល់ជ្រៃសែនជ័យខេត្តកំពង់ស្ពឺរូបនេះ បន្តទៀត​ថា លោកមិនចង់បន្តវែងឆ្ងាយទេ ប៉ុន្តែគ្រាន់តែចង់រកយុត្តិធម៌និងរក្សាកិត្តិយសដែលលោកខិតខំសាងជិត​៤០ឆ្នាំលើវិថីគុនខ្មែរ ជូន​ខ្លួនឯងនិងគ្រួសារតែប៉ុណ្ណោះ។ លោក​ថា​ ចំពោះរឿងដែលកើតឡើងហើយ​ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មិនគួរទម្លាក់កំហុសទៅលើបុគ្គលម្នាក់ៗនោះទេ គួរតែធ្វើលិខិតមួយស្នើទៅលោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​ធានាបា​ន​ថា នឹងពង្រឹងសមត្ថភាពគណៈកម្មការរបស់​សហព័ន្ធបន្ថែមទៀត។

ជាមួយគ្នានេះដែរ លោ​កក៏បានសុំអភ័យទោសចំពោះកំហុសដែលកើតមាន និងថ្លែងអំណរគុណដល់ប្រមុខរដ្ឋាភិបាល​ ដែលតែងផ្តល់អនុសាសន៍​ល្អៗនិង​យកចិត្តទុកដាក់​ចំពោះ​គុន​ខ្មែរ។

ជាមួយគ្នានេះដែរ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ម៉ិល កាដូ បានរៀបរាប់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរមានច្បាប់និងបទបញ្ជាច្បាស់លាស់ក្នុងការបែងចែកកិច្ចការនិងដោះស្រាយបញ្ហាជាប្រព័ន្ធពីលើមកក្រោមទៅតាមតួនាទី ដោយមិនមាននរណាម្នាក់អាចធ្វើខុសពីបទបញ្ជានេះឡើយ។

លោក ម៉ិល កាដូ និយាយ​ថា៖ «នៅក្នុងលក្ខន្តិកៈរបស់យើងក្តី នៅក្នុងបទបញ្ជារបស់យើងក្តី សហ​ព័ន្ធលោក​បានចែងច្បាស់ហើយ វាជាលក្ខន្តិកៈ ជាបទបញ្ជារបស់សហព័ន្ធ​ អត់មានអ្នកណាមួយអាចធ្វើខុសពីលក្ខន្តិកៈបទបញ្ជារបស់ខ្លួនដែលបានចែងហ្នឹង​ទេ។ ហើយម្នាក់ៗសុទ្ធតែគោរព សុទ្ធតែប្រតិបត្តិទៅតាមអីគេហៅថា​លក្ខន្តិកៈបទបញ្ជា ដូចយើងហៅថា រដ្ឋធម្មនុញ្ញយើងអ៊ីចឹង»

អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះ បន្ថែមថា ការសម្រេចពិន័យរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរជារឿងត្រឹមត្រូវ។ លោកថា អ្នកធ្វើខុសតែងតែមិនពេញចិត្ត និងបដិ​សេធ​ដោយ​មិនទទួលស្គាល់កំហុសរបស់ខ្លួន។

លោកថា៖ «អ្នកដែលធ្វើខុសមិនដែលទទួលថាខ្លួនឯងធ្វើខុសទេ! រៀននៅក្នុងសាលាអីជាដើម នៅពេលដែលលោកគ្រូគាត់ស្តីឱ្យ គាត់ថាឱ្យ​​ យើងខឹងគ្រូហ្នឹងថា វាយតែគាត់ ស្តីឱ្យ​តែគាត់! ដល់ពេលក្រោយមក បានដឹងថា ជាកំហុសរបស់យើង។ យ៉ាងណាមិញ យើងគ្រប់រូបក៏ដូចគ្នាអ៊ីចឹងដែរ អ្វីមួយដែលអាក្រក់ យើងពិបាកទទួលណាស់ គេស្តីឱ្យ​​ ពិបាកទទួលណាស់ តែបើគេសរសើរ​ គេលើកសរសើរ យើងរីករាយ លក្ខណៈមនុស្សយើងភាគច្រើនអ៊ីចឹង កាលណាគេថាឱ្យ​ យើងពិបាកទទួល»


អត្ថបទ៖ ប៉ា តុងចិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ