សង្គម​ស៊ីវិល​ជំរុញ​​​អាជ្ញាធរ​អនុវត្ត​ច្បាប់​​​មាន​តម្លាភាព​លើ​ម្ចាស់​ក្លឹប​និង​ខារ៉ាអូខេ​ដែលគប់គិត​គ្នា​ល្មើស​វិធាន​សុខា​ភិបាល

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្រ្កាបទីតាំងខារ៉ាអូខេជនជាតិខ្មែរនិងជនជាតិចិន ចំនួន០២កន្លែងផ្សេងគ្នា ខណៈជួបជុំច្រៀងផឹកស៊ីល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាល ឃាត់ខ្លួនបានមនុស្សរាប់សិបនាក់ នាយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ)

ក្រុមអង្គការសង្គមស៊ីវិលជំរុញទៅអាជ្ញាធរ​ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យមានតម្លាភាព ចំពោះអាជ្ញាធរមូលដ្ឋានដែលគប់គិត​គ្នាជាមួយម្ចាស់ក្លឹបនិងហាង​ខារ៉ាអូខេលួច​បើក​ដំណើរការអាជីវ​កម្មរបស់​ខ្លួន ល្មើសបម្រាមក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាល​ជំងឺកូវីដ-១៩។

ការជំរុញនេះធ្វើឡើងបន្ទាប់ពី​អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោក ស​ ថេ​ត​ ​បាន​ជំរុញ​ដល់​​​អធិការ​​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ​​ក្នុងរាជធានីភ្នំពេញ ត្រូវ​យកចិត្តទុកដាក់​និង​ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហាល្មើស​វិធាន​សុខាភិបាល​ដែល​បង្ក​​ឱ្យ​មាន​ហានិភ័យ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​។​ 

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍​ថា បើអាជ្ញាធរមិនទប់ស្កាត់លើម្ចាស់ហាងដែលលួចបើកក្លឹបឬខារ៉ាអូខេ ឬមន្ត្រីថ្នាក់ក្រោមដែលគប់គិត​គ្នានោះ​ទេ នឹងធ្វើឱ្យការទប់ស្កាត់ការឆ្លងរាលដាល​ជំងឺកូវីដ-១៩របស់រដ្ឋាភិបាលមិនមានប្រសិទ្ធភាពនោះទេ ពោលគឺកាន់តែធ្វើឱ្យមានហានិភ័យក្នុងការឆ្លងរាលដាល​ជំងឺនេះ​បន្តទៀត។

លោកមានប្រសាសន៍ថា៖ «បើសិនជាគ្មានវិធានការដាក់ទោសទណ្ឌឱ្យតឹងរ៉ឹងទៅអាជ្ញាធរថ្នាក់ក្រោមឱ្យតឹងរ៉ឹងទេ ជាធម្មតាគឺបញ្ហាការបើកហាងផឹកស៊ីខារ៉ាអូខេនៅតែជាកង្វល់សម្រាប់ការចម្លងជំងឺកូវីដ-១៩។ ហើយយើងឃើញថា ជាហានិភ័យខ្ពស់ដែលយើងមិនអាចធ្វើឱ្យសម្រេចបានតាមការគ្រោងទុករបស់រដ្ឋាភិបាល [ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩]»។

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា ការបណ្តែតបណ្តោយឱ្យមានការ​បើក​ក្លឹ​ប​កម្សាន្ត​និងខារ៉ាអូខេ ការជួបជុំ​គ្នា​ផឹកស៊ី​ ច្រៀង​រាំ​សប្បាយ​​ ល្មើស​វិធាន​ក្រសួងសុខាភិបាល នឹង​ធ្វើឱ្យវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩របស់រដ្ឋាភិបាលបរាជ័យនៅពេលខាងមុខនេះ។

ករណីនេះ លោកស្រី ចក់ សុភាព លើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធត្រូវសហការគ្នាធ្វើការងារប្រកបដោយតម្លាភាព កុំប្រកាន់បក្ខពួកនិយមរវាងអ្នកមានលុយ មានអំណាច និងអ្នកក្រីក្រ បើពុំដូច្នោះទេ នឹងធ្វើឱ្យសង្គមជួបបញ្ហាប្រឈមផងដែរ។

លោកស្រីមានប្រសាសន៍ថា៖ «ខ្លួនជាអ្នកដាក់ច្បាប់ចេញ ខ្លួនជាអ្នកអនុវ​ត្តច្បាប់ ប៉ុន្តែពេលខ្លួនធ្វើខុស ហើយរួចខ្លួន ហើយពលរដ្ឋដែល​បំពាន តែងតែប្រឈមនឹងទោសទណ្ឌ អ៊ីចឹងវាអត់មានជាគំរូល្អក្នុងការអនុញ្ញាត​ឱ្យពលរដ្ឋគោរពច្បាប់ដែលខ្លួនចេញ។ ហើយទី២ វាបង្ហាញភាពមិនស្មើភាពគ្នាចំពោះមុខច្បាប់ ហើយទី៣ វាបង្កវិនាសកម្មដល់សង្គម»។

វីអូឌី មិនអាចសុំការបំភ្លឺបន្ថែមពីស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោក ស​ ថេ​ត​ បានទេ នៅថ្ងៃនេះ។

តែយ៉ាងណា គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ដែលចុះផ្សាយនៅថ្ងៃពុធនេះ បានស្រង់​​សម្តី​​របស់លោក ស ថេត ដោយព្រមានដល់មន្ត្រីក្រោមឱវាទ​ថា​ ក្នុងករណី​បណ្តែតបណ្តោយឱ្យមានការបើកក្លឹបកម្សាន្តជួបជុំគ្នាផឹកស៊ី ច្រៀងរាំសប្បាយ ល្មើសវិធានក្រសួងសុខាភិបាល គឺ​អធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវទទួលខុសត្រូវចំពោះមុខថ្នាក់លើ ហើយនៅពេលមានបទល្មើសកើតឡើងក្នុងមូលដ្ឋាន មិនត្រូវឆ្លើយថា «មិនដឹង» នោះទេ។

កាលពីយប់ថ្ងៃ​ទី​​៨ ខែកក្កដា ឆ្នាំ​២០២១ ​អភិបាលរង​ខណ្ឌមានជ័យ លោក មា សុភាព បានចុះបិទហាងខារ៉ាអូខេ​មួយ​កន្លែងយីហោ «គោដុត រិ​ទ្ធ វិទូ» ​ជា​បណ្តោះអាសន្ន ដោយសារហាងនេះបើកដំណើរការ​ខារ៉ាអូខេ បំពាននឹងបម្រាមក្រសួងសុខាភិបាល។ ក្រោយពីចុះ​បង្ក្រាប អាជ្ញាធរ​បានត្រឹមតែធ្វើការអប់រំ ណែនាំឱ្យធ្វើកិច្ចសន្យា និងដោះលែងមនុស្សឱ្យត្រឡប់ទៅផ្ទះវិញ​ប៉ុណ្ណោះ។ 

កាលពីថ្ងៃទី៧ ខែកក្កដា រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយប្រាប់​ទៅ​ម្ចាស់​អាជីវ​កម្ម​ក្លឹ​ប​ក​ម្សាន្តនិង​ខារ៉ាអូខេ​ទាំងអស់ ​អាចបើក​ដំណើរ​ឡើងវិញ ដោយ​ប្រែក្លាយ​ទៅជា​ភោជនីយដ្ឋាន។ ប៉ុន្តែម្ចាស់​អាជីវកម្ម​ទាំងនោះ ត្រូវ​គោរព​លក្ខខណ្ឌ​មួយចំនួន​ដូចជា ត្រូវ​ស្នើសុំលិ​ខិត​អនុញ្ញាត​បើក​អា​ជី​វក​ម្មទៅតាម​យន្តការ​«ច្រកចេញ​តែមួយ» ​រាជធានី​ភ្នំពេញ ហើយគោរព​នូវ​វិធាន​​សុខាភិបាលក្នុង​ការទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ-១៩ និង​វិធានការ​សុ​វត្ថិភាព​របស់ក្រ​សួង​ទេសចរណ៍ផងដែរ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ