អភិបាល​ខេត្ត​កំពង់ឆ្នាំង​ បញ្ជា​ឱ្យ​ស្រាវជ្រាវ​ករណី​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​​តំបន់​៣​ដោយ​ខុស​ច្បាប់​

នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ចុះសាកសួរសុខទុក្ខពលរដ្ឋនៅភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ (ហ្វេសប៊ុក៖ ក្រសួងមហាផ្ទៃ Ministry of Interior Cambodia)

អភិបាលខេត្តកំពង់ឆ្នាំងថ្មី បានបញ្ជាទៅមន្ត្រីថ្នាក់ក្រោមឱ្យចុះស្រាវជ្រាវករណីដីព្រៃ​លិច​ទឹក​តំបន់​៣ ឬតំបន់ហាមឃាត់ ដែល​គ្រប់គ្រង​ដោយ​សហគមន៍​នេសាទ​ភូមិ​កំពង់​អូរ​ ក្រោយមាន​ជនល្មើស​លួច​ឈូសឆាយដីទំហំជាង​១០ហិកតា ​យកទៅ​ធ្វើជា​កម្មសិទ្ធិ។

អភិបាល​ខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា លោកទទួលបានព័ត៌មានបឋមពីមន្ត្រីថ្នាក់ក្រោម កាលពីថ្ងៃម្សិលមិញ ជុំវិញករណី​​មានក្រុមជនល្មើសលួចឈូសឆាយដីព្រៃ​លិច​ទឹក​តំបន់​៣ ប្រហែលជាង១០ហិកតា ទាំងកណ្តាលអធ្រាត្រ នៅចំណុច​ភូមិ​កំពង់អូរ ឃុំខុនរ៉ង ស្រុកបរិបូណ៌។ ករណីនេះ លោក​បាន​ចាត់​​មន្ត្រីជំនាញមួយក្រុមឱ្យ​​​ចុះស្រាវជ្រាវ​ជាបន្ទាន់ ដើម្បីចាប់ជនល្មើសយកមកអនុវត្តតាមវិធានរដ្ឋបាលឬអនុវត្តតាមច្បាប់តែ​ម្តង។

លោកមានប្រសាសន៍ថា៖ «កំពុងស្រាវជ្រាវរកអ្នកណាពាក់ព័ន្ធខ្លះ ហើយតៃកុងអាត្រាក់ដែលឈូសអីហ្នឹង គេកំពុង​ធ្វើការទៅតាមវិធានការរដ្ឋបាល។ ទី១ ចាប់ពីការណែនាំ រហូតដល់បណ្តេញចេញ ហើយនឹងមានវិធានការច្បាប់ផ្សេងទៀតដូចជាទោសទណ្ឌ។ ក្នុងករណីយើងស្រាវជ្រាវឃើញហើយ សំខាន់យើងមានភស្តុតាងដែរឬអត់»។ 

តែយ៉ាងណា អភិបាលខេត្តរូបនេះនៅមិនទាន់​ដឹងអត្តសញ្ញាណជន​ល្មើសទាំងនោះ​នៅ​ឡើយ។​

ទាក់ទិននឹងបញ្ហាដីធ្លីនេះដែរ កាលពីដើមខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំងបានឃាត់ខ្លួនម្ចាស់ពុះដីឡូត៍មួយកន្លែងរយៈពេលខ្លី និង​ពិន័យជាប្រាក់ចន្លោះពី៥លាន ទៅ១០លានរៀល ទៅតាមច្បាប់​ ក្រោយ​បុគ្គលរូបនោះប្រើ​គ្រឿងចក្រកាយ​យកអាចម៍​​ដីព្រៃលិចទឹកនៅ​តំបន់២​របស់រដ្ឋ​ ស្ថិតនៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដើម្បីទៅចាក់បំពេញទីតាំងដីឡូត៍ឯកជនរបស់ខ្លួនដោយគ្មានច្បាប់​​អនុញ្ញាត។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ជំរុញទៅអាជ្ញាធរពាក់ព័ន្ធត្រូវធ្វើការស្រាវជ្រាវចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ដើម្បីកុំឱ្យពលរដ្ឋបាត់បង់ជំនឿចិត្តលើអាជ្ញាធរនិងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា​ ប្រសិនបើជនល្មើសនៅតែអាចរួចខ្លួនពីសំណាញ់ច្បាប់។

លោកជំរុញដូច្នេះថា៖ «អ្នកដែលប្រព្រឹត្តបទល្មើស មិនត្រូវបានអនុវត្តតាមផ្លូវច្បាប់ ធ្វើឱ្យពលរដ្ឋបាត់ជំនឿទុកចិត្ត ហើយដាក់ការសង្ស័យថា អ្នកដែលលួចទន្ទ្រានដីព្រៃលិចទឹកទាំងអស់ហ្នឹងសុទ្ធតែមានខ្សែ មានខ្នង ហើយនិងផលប្រយោជន៍! ហើយមួយទៀត អ្វីដែលសំខាន់ ធ្វើឱ្យប្រព័ន្ធយុត្តិធម៌ [នៅកម្ពុជា] នៃរបស់យើង ក៏មិនសូវមានទំនុកចិត្តពីពលរដ្ឋដែរ»។

ដីព្រៃ​លិច​ទឹក​តំបន់​៣ ស្ថិតនៅភូមិ​កំពង់​អូរ​ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានទំហំជាង៣០ហិកតា ហើយបច្ចុប្បន្ននេះ ដីតំបន់នោះ​គ្រប់គ្រង​ដោយ​សហគមន៍​នេសាទ​ភូមិ​កំពង់​អូរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ