សកម្ម​ជន​បរិស្ថាន​ដែល​កាត់​ទោស​រួច​​ ត្រូវ​តុលា​ការ​ចោទ​ប្រកាន់​បន្ថែម​​ពីបទ​«រួម​គំនិត​ក្បត់​ ​និង​ប្រមាថ​ព្រះ​មហា​ក្សត្រ»​

លោក ថុន រដ្ឋា និងកញ្ញា ភួន កែវរស្មី ក្រោយចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ (សុខ ចន្ទ្រាវុធ)

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់សកម្មជនបរិស្ថានចលនាមាតាធម្មជាតិ៣រូប ពីចោទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ» ដែលជាបទល្មើសថ្មីបន្ថែមទៀត ខណៈពួកគេត្រូវបាន​តុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ​លើសំណុំរឿង «ញុះញង់» រួចទៅហើយ។

កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ​យុវជនមាតាធម្មជាតិ ៣នាក់ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទា​ទោសចន្លោះពី១៨ខែ ទៅ២០ខែ និងពិន័យ​​ជា​ប្រាក់​ម្នាក់ៗ​ចំនួន៤លានរៀល ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ​

មេធាវីការពារក្ដីឱ្យសកម្មជនបរិស្ថានទាំង៣រូប គឺលោក សំ សុគង់ ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់បទល្មើសថ្មីទៅលើសកម្មជនបរិស្ថានទាំង៣នាក់ កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២១កន្លងមក។

លោកបញ្ជាក់ថា កូនក្តីរបស់ខ្លួនទាំង៣នាក់នេះទើបតែដឹង​ថា ពួកគេត្រូវបានតុលាការចោទប្រកាន់បន្ថែមពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ»​ បន្ទាប់ពីតុលាការបានបង្គាប់ឱ្យមន្ត្រីពន្ធនាគារយកពួកគេមកសាកសួរកាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១​។

លោក សំ សុគង់ បញ្ជាក់ថា៖ «ខាងតំណាងអយ្យការបានចោទប្រកាន់ពួកគាត់រួចហើយ ​នៅតែគេទុកពេលឱ្យចៅក្រមស៊ើបសួរធ្វើការស៊ើបអង្កេត​ ក្នុងអំឡុងពេលកំណត់នៃនីតិវិធីច្បាប់ គឺមានរយៈពេល៤ ឬ៦ខែ ​ឬមានការតអី ទៅតាមនីតិវិធីច្បាប់ដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។ ប៉ុន្តែអ្វីដែលបារម្ភនោះ ពួកគាត់កំពុងជាប់ពន្ធនាគារ​នៅក្នុងរឿងផ្សេង ​ហើយគាត់អត់ដឹងអង្គហេតុនៃការចោទប្រកាន់គាត់ ទើបតែតុលាការកោះហៅគាត់មក ទើបគាត់ដឹងថា មានការចោទប្រកាន់បទល្មើសថ្មី»។

លោក សំ សុគង់ បន្តថា ការចោទប្រកាន់សកម្មជនបរិស្ថានទាំង៣រូប​បន្ថែមទៀតនេះ ដោយសារតុលាការយកអង្គហេតុតាំងពីឆ្នាំ២០១២ ដល់ខែមិថុនា ឆ្នាំ២០២១។

លោកបន្តថា បទចោទថ្មីដែលតុលាការចោទប្រកាន់លើពួកគេ ក្រោយពីតុលាការបានចោទប្រកាន់និងឃុំខ្លួនសកម្មជនបរិស្ថាន៣រូបផ្សេងទៀត រួមមាន យុវជន លី ចាន់ដារ៉ាវុទ្ធ យុវជន យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២១ ក្រោមបទចោទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ»។

លោកបន្តថា៖ «អ៊ីចឹងរឿងមុនដែលគេកាត់ទោសហើយ រឿងផ្សេង! អ៊ីចឹងអាហ្នឹងរឿងផ្សេងទៀត ដែលគេហៅគាត់មកតុលាការប៉ុន្មានថ្ងៃនេះ គឺគេហៅសាកសួរសំណុំរឿង “រួមគំនិតក្បត់” និង “ប្រមាថអង្គព្រះមហាក្សត្រ”»។

ភរិយាលោក ថុន រដ្ឋា គឺអ្នកស្រី ប៉ាត់ រស្មី បង្ហាញការសោកស្តាយនៅពេលដឹងថា តុលាការចោទប្រកាន់ស្វាមីបន្ថែមទៀតនេះ។​ អ្នកស្រីចាត់ទុកការសម្រេចរបស់តុលាការនេះ ជារឿងអយុត្តិធម៌សម្រាប់ស្វាមីនិងសកម្មជនបរិស្ថានដទៃទៀត  ដែលស្រឡាញ់និងខិតខំការពារបរិស្ថានដើម្បីទុកឱ្យមនុស្សជំនាន់ក្រោយ។

អ្នកស្រីបន្តថា៖ «សូមស្នើឱ្យរាជរដ្ឋាភិបាល ក៏ដូចជាតុលាការហ្នឹង គួរតែពិចារណាឡើងវិញទៅ ព្រោះប្តីខ្ញុំអត់បានធ្វើខុសអ្វីទេ! គួរតែបានការកោតសរសើរពីរាជរដ្ឋាភិបាល ដូចជាមន្រ្តីពាក់ព័ន្ធនិងតុលាការ មិនមែនមកចោទប្រកាន់ប្តីខ្ញុំបែបនេះទេ»។

ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច​ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez-​Davidson) ចាត់​ទុកការចោទប្រកាន់លើសកម្មជនបរិស្ថានលើសំណុំរឿងថ្មីទៀតនេះថា ជាការគំរាមកំហែងនិងបំបាក់ស្មារតីយុវជនមិនឱ្យ​បញ្ចេញមតិពាក់ព័ន្ធ​រឿងបរិស្ថានបន្តទៀត។ 

លោកថា៖ «អ៊ីចឹងយុទ្ធសាស្ត្រហ្នឹង បំភ័យដល់យុវជន សង្គមស៊ីវិល ដើម្បីឱ្យពួកគេក្លាយជាមនុស្សអសកម្ម។ អ៊ីចឹងមនុស្សយើងកាលណាខ្លាច មិនហ៊ានធ្វើអីទាំងអស់ ប្រមូលផ្ដុំគ្នាក៏មិនបាន បាតុកម្មក៏មិនបាន និយាយការពិតជាសាធារណៈក៏មិនបាន។ អ៊ីចឹងកាលណាយុវជនអសកម្ម ផ្ដល់ឱកាសដល់អ្នកកាន់អំណាចបន្តសកម្មភាពខុសច្បាប់របស់គេ បន្តសកម្មភាពបំផ្លាញបរិស្ថានបាន ដោយឥតមានឧបសគ្គ»។

លោក អាឡិច បញ្ជាក់ថា ការចោទប្រកាន់និងចាប់ខ្លួនយុវជនដែលអ្នកស្រឡាញ់បរិស្ថានដាក់ពន្ធនាគារនោះ មិនបានចំណេញអ្វីដល់ជាតិឡើយ និងមិនបានធ្វើឱ្យយុវជនដទៃខ្លាចនោះទេ។ ផ្ទុយទៅវិញ លោកថា យុទ្ធសាស្ត្របែបនេះនឹងធ្វើឱ្យយុវជនផ្សេងទៀតកាន់តែចូលរួមការពារបរិស្ថាន ក្រោយពីពួកគេឃើញរឿងអយុត្តិធម៌កើតឡើងកាន់តែច្រើន។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ហៅការចោទប្រកាន់បន្ថែមទៀតលើសកម្មជនចលនាមាតាធម្មជាតិ៣រូបនេះ ថាជាការបន្ថែមបន្ទុកកាន់តែធ្ងន់មួយទៀតសម្រាប់ពួកគេ ដោយសារបទចោទដែលតុលាការចោទប្រកាន់នេះជាបទ «ឧក្រិដ្ឋធ្ងន់ធ្ងរ» បើទោះបីជាកន្លងមក អង្គការជាតិនិងសហគមន៍អន្តរជាតិ បានរិះគន់ចំពោះចំណាត់ការរបស់តុលាការក៏ដោយ។  ​

លោកបន្តថា៖ «ការចោទប្រកាន់នេះ គឺជាការធ្វើទុក្ខបុកម្នេញនិងការគំរាមកំហែងបន្ថែមទៀតចំពោះសកម្មជនការពារបរិស្ថាន បានន័យថា​ ទាំងអ្នកដែលកំពុងជាប់ឃុំ ទាំងអ្នកដែលមានបំណងក្នុងការចូលរួមកិច្ចការពារបរិស្ថាន ដូចជាក្រុមស្រឡាញ់បរិស្ថាន ជាដើម»។

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនិងបរិស្ថាន បង្ហាញកង្វល់អំពីការឃុំខ្លួនសកម្មជនបរិស្ថាន និងអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសិទ្ធិមនុស្សអន្តរជាតិ​ ដើម្បីធានាសិទ្ធិសេរីភាពអ្នកការពារសិទ្ធិមនុស្សនិង​បរិស្ថាន។

ក្រោយពីមានការចោទប្រកាន់និងឃុំខ្លួនសកម្មជនបរិស្ថានជាបន្តបន្ទាប់នេះ ក៏មានប្រតិកម្មជាច្រើនពីសាធារណជន អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ រួមទាំងស្ថានទូតធំៗប្រចាំនៅកម្ពុជា ក្នុងនោះ រួមមាន ស្ថានទូតអាមេរិក ស្ថានទូតស៊ុយអ៊ែត និងអូស្រ្តាលី ជាដើម។ ពួកគេបានទាមទារឱ្យរដ្ឋាភិបាលដោះលែងនិងទម្លាក់ចោលបទចោទប្រកាន់​ទៅលើយុវជនបរិស្ថានទាំងនោះផងដែរ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ