រដ្ឋា​ភិបាល​​ថា​ ពលរដ្ឋ​​ជិត​​៨​លាន​នាក់​កំពុង​ជួប​ហានិភ័យ​ការងារ​​ដោយ​សារ​វិបត្តិ​កូវីដ-១៩

កម្មការិនីម្នាក់នៃរោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ឈរទិញអាហារពីអ្នកលក់នៅផ្សារព្រែកជ្រៃ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

​រដ្ឋាភិបាលនឹងបន្តអនុវត្ត​គោលនយោបាយ​គាំពារ​សង្គម ដើម្បីជួយ​អ្នកងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ក្រោយពីរកឃើញថា ពលរដ្ឋជិ​​ត​៨​​លា​​ន​នាក់កំពុងប្រឈមនឹងហានិភ័យការងារ។

រដ្ឋមន្ត្រីក្រសួងផែនការ លោក ឆាយ ថន បានថ្លែងតាមប្រព័ន្ធវីដេអូ​នៅពេលប្រារព្ធ​ «ទិវា​ប្រជាជន​ពិភពលោក​លើ​ក​​ទី​៣២» កាលពីថ្ងៃម្សិលមិញ ថាវិបត្តិកូវីដ-១៩ បានបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរដល់សេដ្ឋកិច្ចស​កល រួមទាំងកម្ពុជា។ លោកបន្តថា នៅកម្ពុជា បើទោះបីជារដ្ឋាភិបាលខំប្រឹងប្រែង ដើម្បីទប់ស្កាត់រលកចម្លងដែល​នាំចូលនិងនៅក្នុងស​ហ​គ​មន៍ជាបន្តបន្ទាប់មកនេះក្តី ប៉ុន្តែ​ការឆ្លងវីរុស​នេះបានបង្កជា​សម្ពាធធ្ងន់​ធ្ងរ​ដល់​​វិស័យសុខាភិបាល សេ​ដ្ឋ​កិ​​ច្ចសង្គម និង​ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋនិងអាយុជីវិត។

លោកបន្តទៀត​​ថា គិតត្រឹមថ្ងៃទី​២០ ខែកក្កដា ឆ្នាំ២០២១ ប្រ​ជាជ​​នកម្ពុជាប្រមាណជិត៧ម៉ឺនាក់បានឆ្លងជំងឺកូវីដ-១៩ ក្នុងនោះ​ ជាង៦ម៉ឺននាក់បាន​ព្យា​បា​ល​ជាសះស្បើយ​​ និងជាង១ពាន់នាក់បានស្លា​ប់។

រដ្ឋមន្ត្រីរូបនេះបានគូសបញ្ជាក់ថា ចំពោះវិស័យសេដ្ឋកិច្ចដែលកម្ពុជារងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺទេ​ស​ចរណ៍​តំបន់ប្រាសាទ ការនាំចេញ និងសំណង់ ខណៈវិស័យ​ទាំងនេះបានរួមចំ​ណែកជាង៧០ភាគរយពី​កំណើនសេដ្ឋកិច្ច និងផ្តល់ការងារប្រមាណជាង៣៩ភាគរយនៅក្នុងឆ្នាំ២០១៩។

លោកថា៖ «អាជីវកម្ម​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ជិត​៣​ពាន់កន្លែងត្រូវបាន​ផ្អា​ក​​សក​ម្ម​ភាព ដែល​បណ្តាលឱ្យ​មនុស្ស​ជាង៤៥​ពាន់​នាក់បាត់បង់​ការងារ។ ហើយ​បច្ចុប្បន្ននេះ ​ការងារ​ចំនួន​ប្រ​មាណ១,៧​លា​ន​កំពុង​ប្រឈម​នឹង​ហានិភ័យ​។ កម្មករ​បម្រើការ​ងារ​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ ត្រូវបា​ន​​ប៉ាន់​ស្មា​ន​ថា ប្រ​មា​ណ​៦,១​លាន​​នាក់បាន​បាត់បង់​ការងារឬ​ប្រឈម​នឹង​ការបាត់បង់​ការងារ​»។

លោក ឆាយ ថន បានបន្តថា ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នេះ​ រដ្ឋាភិបាល​នឹងបន្ត​អនុវត្ត​គោលនយោ​បាយ​​គាំពា​រ​សង្គម ដើម្បីជួយ​សម្រាល​ការលំបាក​​និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់ប្រជាពលរដ្ឋ​ដែលមាន​​ជីវ​ភា​ព​ក្រីក្រនិង​ងាយ​រងគ្រោះ តាមរយៈ​វិធានការ​អន្តរាគមន៍​ជំនួយ​សង្គម។

បើតាមលោក ឆាយ ថន កិច្ចអន្តរាគមន៍ជំនួយសង្គមនេះ រដ្ឋាភិបាលនឹងបន្ត​ឧបត្ថម្ភ​ដល់​កម្មការិនី​ដែលមាន​ផ្ទៃពោះ​ ​គ្រួ​សារ​មាន​ជីវភាព​ក្រីក្រនិងងាយរងគ្រោះ​​ ​ជួយ​កម្មករនិយោជិត​ដែល​បាន​ព្យួរការងារក្នុងវិស័យកាត់ដេរនិងវិស័យ​ទេសចរណ៍ ជាដើម។

អ្នកស្រី រីយា ដែលអះអាង​ថា​បានបាត់បង់ការងារពីវិស័យកាត់ដេរជិត១ឆ្នាំមកនេះ​ បាននិយាយថា ប្រាក់ឧបត្ថម្ភ៤០ដុល្លារដែលរដ្ឋាភិបាលបានផ្តល់ជូនកន្លងទៅ បានត្រឹមដោះទាល់ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដោយ​​មិនអាចទ្រទ្រង់ជីវភាពបានទេ។

ស្ត្រីវ័យ​៤០ឆ្នាំ​រូប​នេះយល់ថា បើរដ្ឋាភិបាលមិនបង្កើនទំហំជំនួយសង្គមនេះ​បន្ថែមទៀត​​ទេ កម្មករជា​ច្រើ​ន​ទៀតនឹងធ្លាក់ទៅក្នុងវិបត្តិបំណុល។

អ្នកស្រីថា៖ «មួយខែៗ [បន្ទប់វាថ្លៃ] ៤០ដុល្លារហើយ! ប៉ុន្តែក្នុងបន្ទប់មួយមិនមែននៅតែម្នាក់យើងទៀតឯ​ណោះ នៅពីរបីនាក់ ហើយនៅតែទប់ទល់មិនចង់ឈ្នះទៀត។ បើនិយាយត្រង់ទៅ ដោះស្រាយអីចេញ! តែថ្លៃ​បន្ទប់​ដោះស្រាយមិនរួចផង! កាលពីខ្ញុំធ្វើការបានលុយជាង២០០ទៅ៣០០ដុល្លារឯណោះ»។

ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា យល់ថា ប្រព័ន្ធនៃកិច្ចគាំពារសង្គម​នៅកម្ពុជា ហាក់​មាន​ភាព​​ទន់ខ្សោយនៅឡើយ​ រួមទាំងប្រព័ន្ធធានារ៉ាប់រងនៃការបាត់បង់ការងារ បើធៀបនឹងប្រទេសជិតខាង។

លោកផ្តល់ជាយោបល់ថា ដើម្បីជួយកម្មករនិយោជិតរាប់លាននាក់ដែលកំពុងប្រឈមនឹងហានិភ័យការ​ងារ​ដូច​បច្ចុប្បន្ន រដ្ឋាភិបាលត្រូវ​ធ្វើកំណែទម្រង់ប្រព័ន្ធនេះឡើងវិញ រួមទាំងរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបឱ្យបាន។ 

លោកថា៖ «វាជារឿងមួយចាំបាច់​ដែលរដ្ឋត្រូវពិចារណាធ្វើកំណែទម្រង់ឬក៏អភិវឌ្ឍនូ​វប្រព័ន្ធកិច្ចគាំពារស​ង្គ​មហ្នឹងឱ្យវាល្អ ទាំងប្រព័ន្ធជួយសង្គម ប្រព័ន្ធធានារ៉ាប់រងសង្គម ហើយនិងទីផ្សារការងារ។ ហើយទីផ្សា​រ​ការងារនេះ គឺជាគោលនយោបាយបង្កើតការងារដែលបង្កើតមុខរបរឱ្យប្រជាពលរដ្ឋហ្នឹង គឺឱកាសរប​ស់​រដ្ឋា​ភិបាលរបស់យើង គឺរក្សា EBA ហ្នឹងហើយ»។

អង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២០ បានចេញផ្សាយអត្ថបទមួយថា «ខណៈដែល​ជំងឺកូវីដ-១៩ បានជះឥទ្ធិពល​យ៉ាងខ្លាំងដល់ឧស្សាហកម្មកាត់ដេរនៅកម្ពុជា ស្ត្រី​ចំនួន៨០​ភាគរយនៃកម្លាំង​ពលកម្មក្នុងវិស័យ​​នេះបានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយប្រឈមនឹងការកើនឡើងនូវវិសមភាពនិងភាពក្រីក្រ»

អង្គការអន្តរជាតិមួយនេះបន្តទៀតថា វិបត្តិនេះក៏​បានធ្វើឱ្យកម្មករជាច្រើនខ្វះលទ្ធភាពក្នុងការទទួលបានកញ្ចប់សុវត្ថិភាពសង្គម ដូចជា គ្មានការងារធ្វើ ប្រឈមនឹងការធ្លាក់ទៅក្នុងភាពក្រីក្រ និងភាពអត់ឃ្លាន ហើយ​បញ្ហានេះបានជះឥទ្ធិពលដល់សមាជិកគ្រួសាររបស់ពួកគេ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជុំវិញរោងចក្រផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ