ចលនា​និស្សិត​ថា​នៅ​បន្ត​រិះគន់​ដើម្បី​ស្ថាបនា​សង្គម​ប្រជា​ធិបតេយ្យ​ទោះ​រង​ការ​ប្រមាថ

ប្រធានប្រតិបត្តិចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន អំឡុងពេលលោកនិងក្រុមការងារមកដាក់ញត្តិនៅស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិក ទាមទារឱ្យដោះលែងអ្នកទោសមនសិការនិងអ្នកទោសនយោបាយ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Student Movement for Democracy)

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែល​មានមូលដ្ឋាននៅ​សហរដ្ឋអាមេរិក បានលើកឡើងថា ខ្លួន​នៅតែ​​​​រក្សាគោលការណ៍​កែលម្អអ្នកន​យោបា​យ​មកពី​គ្រប់ភាគី ដើម្បី​ស្ថាបនាសង្គមប្រជាធិបតេយ្យ ទោះប្រ​ឈ​ម​នឹ​ងការប្រមាថក៏ដោយ។

ប្រធានប្រតិបត្តិចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានលើកឡើង​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​នៅថ្ងៃចន្ទនេះថា ថ្មីៗនេះ ខ្លួន​បាន​​កត់សម្គាល់ឃើ​​ញ​ភាគីស្មោះស្ម័គ្រ​នឹងអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងភាគីគាំទ្របក្សកាន់អំណាច​របស់​​លោ​កនា​យករដ្ឋមន្ត្រី ហ៊ុន សែន បាន​នាំគ្នាប្រតិដ្ឋ​​រឿង​​មួល​​បង្កាច់ទៅ​​លើថ្នាក់ដឹកនាំចលនានិស្សិតដើម្បីប្រជាធិប​តេយ្យ (SMD) និង​បានប្រើពាក្យ​អសុរោះ ដាក់បណ្តាសា និងជេរប្រមាថលើខ្លួនថែមទៀត។

លោក​បន្ត​​ថា សារនយោបាយទាំងនេះទំនងជាក្លាយជាវប្បធម៌នយោបាយដ៏ជក់ចិត្តរបស់ក្រុមទាំងពីរ ដែល​នាំ​ទៅ​ដល់​ការ​បំ​ផ្លា​​ញ​យ៉ាងធ្ងន់ធ្ងរលើភាពថ្លៃថ្នូរនៃសង្គមជាតិខ្មែរជារួម។

លោក ទូច វិបុល បន្តលើកឡើងថា ក្រុមរបស់​ខ្លួន​ជាជនរងគ្រោះពីការបំភ្លៃប្រមាថដ៏ជូរចត់នេះ ប៉ុន្តែខ្លួន​នៅតែ​​ប្រកាន់​ជំហរ​បំភ្លឺដោយ​សីលធម៌ ក្នុងទិសដៅស្ថាបនាសង្គមទៅកាន់ប្រជាធិបតេយ្យ។

បន្ថែមពីនេះ អនុប្រធានក្រុមប្រឹក្សាភិបាលចលនានិស្សិតនេះ លោក គឹម សុខ មានប្រសាសន៍​បន្ថែមថា បើកា​រប្រតិដ្ឋ​​រឿងរបស់ក្រុមអ្នកគាំទ្រគណបក្ស​​នយោបាយ​ទាំង​ពីរ​នេះមិន​ត្រូវបានកែប្រែទេ នោះនឹងគ្មានថ្ងៃរកការ​ផ្សះផ្សា​ជា​​តិបានឡើយ។

មួយវិញទៀត លោកថា បើពលរដ្ឋមិនយល់ពីកិច្ចកលនយោបាយទាំងនេះទេ ក៏មិនអាចស្ថាបនាសង្គមប្រជាធិបតេយ្យមួយពិតប្រាកដនៅកម្ពុជាបានដែរ។

លោកបាននិយាយ​ថា៖ «ប្រជាពលរដ្ឋខ្មែរឈឺចាប់ដោយសារអំពើអយុត្តិធម៌ ហើយប្រជាពលរដ្ឋខ្មែរវង្វេងដោយ​សារតែអ្នកនយោបាយប្រតិដ្ឋ ​អគុណធម៌​ នយោបាយ! ដូច្នេះទាល់តែយើងព្យាបាលជំងឺអយុត្តិធម៌និងល្បែងប្រតិដ្ឋអគុណធម៌នេះ ទើបរកឃើញសេចក្តីចម្រើនទៅដល់ប្រជាពលរដ្ឋ ហើយដើម្បីព្យបាលជំងឺទាំងពីរ​នេះ គឺមានតែប្រកាន់ជំហរនិយាយការពិត»។ 

យ៉ាងណា សេចក្តីប្រកាសព័ត៌មាន​នេះមិនបាននិយាយចំឈ្មោះបុគ្គលដែល​ប្រើពាក្យអសុ​រោះ​និងប្រមាថទៅ​លើក្រុមខ្លួននោះទេ ដោយគ្រាន់តែអះអាងថា កន្លងទៅ ខ្លួនក៏ធ្លាប់បា​នរិះគន់អ​តីត​ម​ន្ត្រីមួយចំនួនដែលស្និទ្ធនឹង​លោក កឹម សុខា ដែ​ល​ចេញទៅបង្កើតគណបក្សថ្មីដែរ។

លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សប្រឆាំងដែលស្និទ្ធនឹងលោក កឹម សុខា ខណៈបច្ចុ​ប្បន្ន​លោកចេញទៅបង្កើត «គណបក្សកែទម្រង់កម្ពុជា» មានប្រសាសន៍ថា ​ អ្នកនយោបាយមិនដែលធ្វើត្រូវទាំងអស់ទេ ហើយ​ការទទួល​​យកមតិរិះគន់ ទើបប្រទេសជាតិរីកចម្រើន។ 

លោកថា៖ «ខ្ញុំមើលទៅពិបាកនឹងថាកែរបៀបម៉េច! ប៉ុន្តែខ្ញុំនៅតែគិតថា ការកែត្រូវចាប់ផ្តើមពីការផ្លា​ស់ប្តូរ​ផ្នត់គំនិតធ្វើឱ្យរាស្ត្រចាប់ផ្តើមយល់។ ហើយបើរាស្ត្រខ្មែរមិនទាន់យល់ មិនទាន់ស៊ីជម្រៅរឿងន​យោបា​យ មិនទាន់ទទួលការអប់រំខ្ពស់ទេ អ្នកនយោបាយនៅតែជិះសេះលែងដៃអ៊ីចឹង បើរាស្ត្រមិនទាន់រឹងមាំនោះ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលការលើកឡើងនេះ ដោយថា ជាការបញ្ចេញមតិ​ក្នុងសង្គមប្រជាធិបតេយ្យ ទាំងអ្នកដែលរស់​នៅអាមេ​រិក ក៏ដូចជានៅកម្ពុជា អ្នក​ដែល​មាន​និន្នា​ការ​ផ្សេងគ្នា តែង​តែ​ប៉ះ​ទង្គិចគ្នា​ដោយពាក្យសម្តីគ្នាចៀសមិន​រួចនោះទេ​។

លោកថា៖ «ដោយសារតែមានទស្សនៈ​ផ្សេងគ្នា វាតែងតែមានការប៉ះទង្គិចគ្នាទៅវិញទៅមកដោយចៀសមិន​រួច អាហ្នឹងជារឿងធម្មតា! ហើយលោក ទូច វិបុល នេះ យើងដឹងហើយថា ពីមុនមក គាត់នៅជាមួយនរណា!  ហើយ​ដឹង​ឥលូវគាត់និយាយថា គាត់មានវិវាទកម្មជាមួយក្រុម សម រង្ស៊ី! ជាមួយ កឹម​ សុខា! អីអាហ្នឹងជារឿងផ្ទៃក្នុងរបស់គាត់ដែលមិនចុះ​សម្រុងគ្នាតាំងពីដើមមក»។

នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន យល់​ថា ការជេរប្រមាថវាបានរីករា​លដា​ល​ខ្លាំង​ក្នុង​សង្គម​កម្ពុជាទាំងនៅលើបណ្តាញសង្គម។ លោកថា ទាំងសកម្មជននយោបាយ ក៏ដូចអ្នកនយោ​បាយ ពេលជួបគ្នា មិនដែលនិយាយគ្នា​​​ដោយសីលធម៌និង​និយាយពីការប្រកួតតាមគោលនយោ​បាយ ដើម្បីជំរុញការអភិវឌ្ឍជាតិទេ ប៉ុន្តែពួកគេ​​តែងតែយ​ករឿងបុគ្គលមកវាយប្រហារនិងចោទប្រកាន់គ្នាបង្កជាភាពផុយស្រួយដល់ការបែកបាក់ជាតិ ។

លោកថា៖ «គន្លងនៃលម្អានវប្បធម៌នយោបាយចាស់ហ្នឹង ពិបាកនឹងកែណាស់កន្លងមកហ្នឹង! ប៉ុន្តែបើសិនជាអ្នកនយោបាយជំនាន់ថ្មី​ឬជំនាន់ក្រោយ មិនផ្លាស់ប្តូរ មិនងាកចេញពីគន្លងអ្នកនយោបាយចាស់ហ្នឹងទេ អាចធ្វើឱ្យបរិយាកាសនយោបាយនៅស្រុកខ្មែរហ្នឹងវាកាន់តែអាប់អួ ហើយការប្រឈមមុខគ្នាដោយផ្ទាល់ទាំងពាក្យសម្តី ទាំងទម្រង់ដទៃទៀត វានឹងអាចធ្វើឱ្យមានមហន្តរាយក្នុងសង្គមយើងកាន់តែធំឡើង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ