ពលរដ្ឋ​​ចោទ​ក្រុមហ៊ុន​ឯកជន​មួយ​ថា​​ឈូស​ឆាយ​ដី​សហ​គមន៍​​ដែល​ពួក​គេ​កំពុង​អាស្រ័យ​ផល

ពលរដ្ឋនិងអ្នកពាក់ព័ន្ធចុះពិនិត្យមើលដីបឹង ដោយពលរដ្ឋអះអាងថា ត្រូវបាន​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ «ឈាងបាក់សួរ»កំពុងដាក់គ្រឿងចក្រឈូសឆាយយក​ធ្វើកម្មសិទ្ធិដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធ។ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋមួយចំនួនរស់​​នៅស្រុកស្អាង ខេត្តកណ្តាល​ បាន​ចោទក្រុមហ៊ុនឯកជនមួយថា បាន​ដាក់គ្រឿងចក្រឈូសឆាយដីបឹងសហគមន៍ដែលពួកគាត់​ជាង​២០គ្រួសារ​កំពុងអាស្រ័យផលដាំចម្ការនិងធ្វើស្រែប្រាំង។

លោក សៀម សាន អាយុ៥០ឆ្នាំ រស់​នៅឃុំស្វាយប្រទាល ស្រុកស្អាង បាន​ប្រាប់ វីអូឌី​ នៅថ្ងៃចន្ទនេះ​ថា ដីបឹងសហគមន៍​ប្រហែល១០០ហិកតា គ្រប់គ្រងដោយប្រជាពលរដ្ឋជាង២០គ្រួសារ មកពីឃុំស្វាយប្រទាល និងឃុំ​ត្រើយស្លា ត្រូវបាន​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ «ឈាងបាក់សួរ» កំពុងដាក់គ្រឿងចក្រឈូសឆាយយក​ធ្វើកម្មសិទ្ធិដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធ។

ពលរដ្ឋរូបនេះឱ្យដឹងទៀត​ថា អ្នកភូមិបានចូលទៅអាស្រ័យផល ដោយបានដាំបន្លែត្រឡាច ល្ពៅ ធ្វើស្រែប្រាំង និងដំណាំកសិកម្មផ្សេងៗទៀតតាំងពីឆ្នាំ២០១៧ ដោយមានការអនុញ្ញាតពីអាជ្ញាធរ។ លោកបន្តថា​ អាជ្ញាធរ​មូលដ្ឋានក៏​ធ្លាប់សន្យាដែរ​ថា នឹង​រក្សា «បឹងអាងយុវជន» នេះ ទុកសម្រាប់ប្រជាពលរដ្ឋអាស្រ័យផលផងដែរ។

លោកបន្ថែមថា៖ «មេកាក្រុមហ៊ុនបានជួលសមត្ថកិច្ចទៅគំរាមកំហែងនិងកម្ទេចរោងចម្ការរបស់ប្រជាពលរដ្ឋ ហើយបានឈូសឆាយដីចង់មួយចំហៀងបឹងហើយ! សមត្ថកិច្ចបានដាក់កាំភ្លើង៤ទៅ៥ដើមទៅកម្ទេចរោងហ្នឹង ហើយកន្លងមកទៀតបានឈូសឆាយដីពលរដ្ឋហ្នឹងទៅ»

លោក កុង អៀក អាយុ៥៧ឆ្នាំ ជាពលរដ្ឋម្នាក់ទៀត​រស់​នៅឃុំត្រើយស្លា បានដាក់ការសង្ស័យ​​ថា បឹង​សហគមន៍​មួយ​នេះ អាចត្រូវបានអាជ្ញាធរលក់ទៅឱ្យក្រុមហ៊ុន។ លោកថា ប្រសិនបើអាជ្ញាធរលក់បឹងនោះ​ទៅឱ្យក្រុមហ៊ុនមែន នោះ​រូបលោកនិងប្រជាពលរដ្ឋដែលកំពុងអាស្រ័យផល នឹងបាត់បង់មុខរបរ ដោយសារ​ពុំមានដីសម្រាប់បង្កបង្កើនផលតទៅទៀត។

ពលរដ្ឋរូបនេះបន្តថា អ្នកភូមិទាមទារឱ្យអាជ្ញាធររក្សាបឹង​នោះជាសម្បត្តិរដ្ឋ និងត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋ​បានចូលទៅអាស្រ័យផលដូចដើមវិញ ដើម្បីដោះស្រាយជីវភាពគ្រួសារ។

លោកបន្ថែមថា៖ «បើរដ្ឋយកវិញ យកចុះ! ប៉ុន្តែបើក្រុមហ៊ុនយក ពួកខ្ញុំអត់ឱ្យធ្វើទេ ព្រោះការបាត់បង់ដីនេះបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋយើងខ្លាំងណាស់។ ពួកខ្ញុំអ្នកដាំដុះ បើបាត់បង់ដីនេះហើយ បានអីធ្វើទៀត! ពួកខ្ញុំក្រីក្រណាស់ ហើយជំពាក់ធនាគារទៀត»

វីអូឌី មិនអាចសុំការឆ្លើយតបពីតំណាងក្រុមហ៊ុន«ឈាងបាក់សួរ» ដែលរងការចោទប្រកាន់នេះ​បាន​ទេ​ នៅ​ថ្ងៃ​ចន្ទ​នេះ។

មេឃុំត្រើយស្លា លោក ប៉ាវ ប៉េង អះអាងថា «បឹងអាងយុវជន» ដែលក្រុមហ៊ុន«ឈាងបាក់សួរ»កំពុងមានសកម្មភាពឈូសឆាយនោះ ជា​បឹងរបស់រដ្ឋ​បានចុះបញ្ជីរួមហើយ ដោយគ្មានបុគ្គលណាម្នាក់អាចយកធ្វើជាកម្មសិទ្ធិបាន​ឡើយ បើគ្មានការអនុញ្ញាតពីរដ្ឋាភិបាល។

មេឃុំរូបនេះបញ្ជាក់ថា ក្រុមហ៊ុនចូលធ្វើសកម្មភាពឈូសឆាយនោះ គឺធ្វើទៅតាមការបង្គាប់របស់ក្រសួងកសិកម្ម ដើម្បី​កាយយក​អាចម៍ដី​ទៅ​ទប់ទំនប់​អាងដែលបានបាក់ធ្លាយតែប៉ុណ្ណោះ។

ក្រៅពីនោះ លោក ប៉ាវ ប៉េង បានច្រាន​ចោលចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋ​ ដែល​ថា​ មេការក្រុមហ៊ុននិងសមត្ថកិច្ចប្រើប្រាស់កាំភ្លើង​ទៅគំរាមកំហែងប្រជាពលរដ្ឋ។

លោកបន្ថែមថា៖ «ដីអាងហ្នឹង​ ខាងសម្បត្តិរបស់រដ្ឋ គេបានចុះប្លង់រឹងហើយស្រេចហើយ អត់មានខាងណា​យក​បាន​ទេ។ ប្រជាពលរដ្ឋទេដែលទៅទន្ទ្រានយកដីព្រៃនៅក្នុងបឹងអាងយុវជន​ដែលជាដីរបស់រដ្ឋ។ ហើយក្រុមហ៊ុន​គេធ្វើនេះ គឺគេធ្វើទៅតាមការបង្គាប់របស់ក្រសួង​កសិកម្ម ដោយខាងក្រុមហ៊ុនទៅឈូសព្រៃដើម្បីយកទៅអាចម៍ដីទៅទប់ទំនប់ដែលដាច់»

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា ទាំងប្រជាពលរដ្ឋដែលអាស្រ័យផលលើដីសាធារណៈនិងឯកជនរបស់រដ្ឋ គឺពួកគេមានសិទ្ធិក្នុងការថែរក្សានិងដឹងឮរាល់ការអភិវឌ្ឍ​នានា​នៅ​លើដីនោះ ហើយថា រាល់ការអភិវឌ្ឍនានា រដ្ឋត្រូវជូនដំណឹងឱ្យប្រជាពលរដ្ឋបានដឹងផងដែរ។

លោកបន្ថែមថា៖ «អ៊ីចឹង​ប្រជាពលរដ្ឋដែលគាត់អាស្រ័យផលដីសាធារណៈឬដីឯកជនរបស់រដ្ឋក៏ដោយ គឺនៅពេលមានបញ្ហាវិនិយោគអីមួយ ត្រូវមានការប្រឹក្សា​យោបល់ពីប្រជាពលរដ្ឋនៅជុំវិញហ្នឹង ពីព្រោះគាត់មានសិទ្ធិក្នុងការពារនិងថែរក្សាទ្រព្យសម្បត្តិទាំងអស់ហ្នឹង។ ហើយបើមានការគំរាមកំហែងពីអាជ្ញាធរទៀត អាហ្នឹងវាអត់ត្រឹមត្រូវទេ! វាជាទង្វើផ្ទុយនឹងច្បាប់ ដែលប្រជាពលរដ្ឋអាចដាក់ពាក្យប្តឹងបាន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ