កម្ពុជា​ផ្ដល់​ជំនួយ​​៣៥​ម៉ឺន​ដុល្លារ​និង​​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​​​ដល់​វៀតណាម​ដើម្បី​​​ទប់ស្កាត់​ជំងឺ​​កូវីដ-១៩

នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ អំណោយជាសម្ភារបរិក្ខារពេទ្យប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

រដ្ឋាភិបាលកម្ពុជាឧបត្ថម្ភ​ថវិកាចំនួន៣៥០ ០០០ដុល្លារ និងសម្ភារ​បរិក្ខារពេទ្យ​មួយចំនួន​ទៀតដល់​ប្រទេសវៀតណាម ដើម្បីជួយដល់ការទប់ស្កាត់ការឆ្លង​​រាលដាល​នៃ​ជំងឺកូវីដ-១៩នៅក្នុងប្រទេសនេះ។  

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនៅក្នុងទំព័រហ្វេស​ប៊ុករបស់លោកនៅ​ថ្ងៃ​ចន្ទនេះ​ថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងរងការវាយលុកខ្លាំងនៅក្នុង​ប្រទេសវៀតណាមនាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលកម្ពុជា បាន​សម្រេចឧបត្ថម្ភថវិកា​ចំនួន២០ម៉ឺន​​ដុល្លារ ម៉ាសធម្មតាចំនួន១លាន​បន្ទះ និងម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន១០ម៉ឺន​បន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿងដល់ប្រទេសវៀតណាម។

លោកបន្តថា ក្រៅពីនោះ កាកបាតក្រហមកម្ពុជា ក៏បានជួយឧបត្ថម្ភថវិកាចំនួន១០ម៉ឺន​ដុល្លារដល់កាកបាតក្រហមវៀតណាម និងលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច និងជាប្រធានសមាគម​មិត្តភាពកម្ពុជា-វៀតណាម ក៏បាន​ជួយ​ជាថវិកាចំនួន៥ម៉ឺនដុល្លារដល់សមាគមមិត្តភាព​វៀតណាម-កម្ពុជា តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។

បើតាមលោកនាយករដ្ឋមន្ត្រី គ្រឿងបរិក្ខារពេទ្យនិង​ថវិកាទាំងនោះបានដឹកទៅដល់ប្រទេស​វៀតណាមហើយ​នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះ។

កន្លងមក កម្ពុជាក៏បានជួយ​ឧបត្ថម្ភជាគ្រឿងបរិក្ខារពេទ្យ​​ដល់​ប្រទេស​មួយចំនួនផងដែរ ដូច​ជា ប្រទេស​ឡាវ មីយ៉ាន់ម៉ា ទីម័រឡេស្ត និងប្រទេសនេប៉ាល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ