ជនជាតិ​ដើម​ភាគ​តិច​​ខេត្ត​មណ្ឌល​គិរី ខកចិត្ត​ចំពោះ​តុលាការ​​បារាំង​ដែល​ច្រាន​ចោល​បណ្តឹង​​ពួក​គាត់​

កាលពីឆ្នាំ២០១៩ តំណាងជនជាតិដើមភាគតិចបានទៅតតាំងក្ដីនៅតុលាការប្រទេសបារាំង ក្រោយដាក់ពាក្យបណ្ដឹងដែល​ប្តឹងក្រុមហ៊ុន ប៊ុឡឺរ៉េ ពាក់ព័ន្ធនឹងការឈូសឆាយដីព្រៃជំនឿនិងដីអាស្រ័យផលរបស់ពួកគេដោយមិនបានដោះស្រាយសំណងសមរម្យ។ (សហគមន៍ជនជាតិដើមភាគតិចពូនង)

ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ​បង្ហាញការខកចិត្តចំពោះតុលាការប្រទេសបារាំង​ដែលបាន​ច្រាន​ចោលបណ្តឹង​របស់​ពួកគាត់ដែល​ប្តឹងក្រុមហ៊ុន ប៊ុឡឺរ៉េ កន្លងមក និងបាន​បង្គាប់​ឱ្យជ​នជាតិដើមភាគតិច​បង់​ប្រាក់ពិន័យជាង២ម៉ឺនអឺរ៉ូ​ ទៅឱ្យក្រុមហ៊ុនមេមួយនេះទៀតផង។

ការខកចិត្ត​នេះ បន្ទាប់​ពី​តុលាការ​ណង់​ទែរ នៅទីក្រុង​ប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២ ខែកក្កដា បានសម្រេច​ច្រានចោលបណ្តឹង​របស់​ក្រុម​ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី និងបង្គាប់ឱ្យបង់ប្រាក់ជាង២ម៉ឺនអឺរ៉ូ ទៅក្រុមហ៊ុន ប៊ុឡឺរ៉េ របស់បារាំងទៀតផង។

កាលពីឆ្នាំ២០១៩ តំណាងជនជាតិដើមភាគតិចចំនួន៩​រូបបាននាំគ្នាទៅតតាំងក្ដីនៅតុលាការប្រទេសបារាំង បន្ទាប់ពីដាក់ពាក្យបណ្ដឹងនៅឆ្នាំ២០១៥ ដោយប្ដឹងក្រុមហ៊ុន ប៊ុឡឺរ៉េ ដែលជាម្ចាស់ជំនួយធំរបស់ក្រុមហ៊ុនចំនួន៣ រួមមាន ក្រុមហ៊ុន​ឈ្មោះ កូវីផាម៉ា, វ៉ារ៉ាណាស៊ី និង សេដ្ឋីកូឡា ប៉ុន្តែក្រុមហ៊ុនទាំង៣​នេះបានលក់ភាគហ៊ុន​ទៅឱ្យក្រុមហ៊ុន សុកហ្វ៊ិន បន្ត។

ក្នុងសេចក្ដីថ្លែងការណ៍របស់សហគមន៍ជនជាតិដើមភាគតិចពូនង ខេត្តមណ្ឌលគិរី ចំនួន៩៧គ្រួសារ ​នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានហៅការសម្រេចរបស់តុលាការណង់ទែរ នៅទីក្រុងប៉ារីសនេះ ជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបាន។

ក្រុមជនជាតិដើមភាគតិច លើកឡើងក្នុងសេចក្ដីថ្លែងការណ៍នោះ​ថា ពួកគេមិន​អាច​ទទួល​យក​សម្អាង​ហេតុរបស់​តុលាការ​បារាំង ដែលថា ជនជាតិភាគតិចពូនងនៅឃុំប៊ូស្រា មិនមានសិទ្ធិកាន់កាប់ដីស្របច្បាប់នៅប្រទេស​កម្ពុជា​ឡើយ។ ការ​សម្អាងហេតុបែបនេះ ក្រុមជនជាតិដើមភាគតិច ហៅថា ជារឿងផ្ទុយពីច្បាប់ភូមិបាល​កម្ពុជា និងសេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិជនជាតិដើមភាគតិចផងដែរ។

បើតាមសេចក្ដីថ្លែងការណ៍ បញ្ជាក់​ថា ក្រុមហ៊ុន ​ប៊ុឡឺរ៉េ ដែលបច្ចុប្បន្ន ម្ចាស់ក្រុមហ៊ុន សុកហ្វ៊ិន នៅកម្ពុជា បាន​បោះ ទុនវិនិយោគ​ដំណាំកៅស៊ូលើដីចម្ការរបស់ជនជាតិដើមភាគតិចពូនងបាន​អាស្រ័យផល និងដីព្រៃជំនឿរបស់ពួកគាត់តាំងពីឆ្នាំ២០០៨ មកដល់បច្ចុប្បន្ននេះ។

ប្រភពដដែលអះអាងថា ក្រោយពីទទួលបានសិទ្ធិវិនិយោគមក ក្រុមហ៊ុននេះបានឈូសឆាយព្រៃដែលជាព្រៃជំនឿ ព្រៃត្រណម និងកន្លែងប្រភពអាហារប្រចាំថ្ងៃរបស់ជនជាតិដើមភាគតិច ដោយមិនបានដោះស្រាយសំណងឱ្យពួកគេឡើយ។

ក្រៅពីឈូសឆាយហើយ ប្រជាសហគមន៍ចំនួន១៥​នាក់ត្រូវជាប់បណ្ដឹងនៅតុលាការ និងខ្លះទៀតកំពុងជាប់ឃុំនៅឡើយ ដោយសារ​ក្រុមហ៊ុន​នេះបានប្ដឹងពួកគាត់បន្ទាប់ពីពួកគាត់បាននាំគ្នាតវ៉ាប្រឆាំង​នឹង​ការឈូស​ឆាយ​ដីនិងព្រៃដែលពួកគាត់ពឹងអាស្រ័យផលនោះ។

អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្ស ដីធ្លី និងព្រៃឈើ នៃបណ្ដាញសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌល​គិរី លោក គ្រើង តុលា លើកឡើងថា ពួកគាត់និងមេធាវីបានប្ដឹងជំទាស់ចំពោះសេចក្ដីសម្រេចរបស់តុលាការណង់ទែរ​ ទៅសាលាឧទ្ធរណ៍រួចហើយ ដោយសង្ឃឹមថា​ តុលាការថ្នាក់ខ្ពស់នឹងជួយ​រកយុត្តិធម៌​ជូនពួក​គាត់។

លោកថា៖ «យើងសង្ឃឹមថា សាលាឧទ្ធរណ៍នៅប្រទេសបារាំងហ្នឹង គេនឹងវិនិច្ឆ័​យ​ គេនឹងយក​ច្បាប់ជនជាតិដើម​ភាគតិច និងពិចារណាច្បាប់អន្តរជាតិ។ អ៊ីចឹងយើងនឹងមានយុត្តិធម៌​ ពីព្រោះប្រជាពលរដ្ឋយើងពិតជារងគ្រោះពិតបា្រកដមែន យើងជាម្ចាស់ដីពិតបា្រកដមែន មិនមែនដូចតុលាការបារាំងថាយើងមិនមែនប្រជាពលរដ្ឋរស់នៅក្នុងឃុំប៊ូស្រា​ ស្រុកពេជ្រាដា ខេត្តមណ្ឌល​គិរី​ទេ ហើយជាជនចំណាក​ស្រុកជាដើម អ៊ីចឹង​ការច្រានរបស់ពួកគេយើង មិនអាចទទួលបានទេ»។

មន្រ្តីកម្មវិធីពង្រឹងអំណាចសហគមន៍នៃ​សមាគមការពារសិទ្ធិមនុស្សអាដហុក ​លោក ប៉ែន ប៊ុណ្ណារ៍ ចាត់ទុកការ​សម្រេចរបស់តុលាការបារាំងនេះ ថាជារឿងអយុត្តិធម៌សម្រាប់ជនជាតិដើមភាគតិច។ មួយវិញទៀត កត្តាដែលនាំឱ្យជនជាតិដើមភាគតិចរងគ្រោះបែប​នេះ លោកថា ដោយ​សារ​រដ្ឋាភិបាលផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់​ក្រុមហ៊ុនដោយមិនបានសិក្សាពីផលប៉ះពាល់របស់ប្រជាពលរដ្ឋ។

លោកថា៖ «ត្រូវហើយ! ការផ្ដល់សម្បទានមួយៗត្រូវមានសិក្សាពីផលប៉ះពាល់! ហើយបានចែងច្បាស់ហើយ អ្នកដឹកនាំ លោកធ្លាប់និយាយហើយ​ថា មិនយកដើមកៅស៊ូ​ទៅដូរជាព្រៃស្រោងទេ អ៊ីចឹង​យើងឃើញ​ថា វាផ្ទុយពីការតាំងចិត្តរបស់រដ្ឋាភិបាលដែលផ្ដល់សម្បទានសេដ្ឋកិច្ចមិន​ឱ្យប៉ះពាល់ដីព្រៃស្រោង និងពាក់កណ្ដាលស្រោង ជាពិសេសតំបន់ជនជាតិដើមភាគ​តិច ដីព្រៃកប់សព! ហើយវាមិនត្រឹមប៉ះពាល់ព្រៃទេ គឺប៉ះពាល់​ប្រពៃណីដូនតារបស់គាត់ដែលគាត់បានថែរក្សារាប់ឆ្នាំហើយ»។

លោក ប៉ែន ប៊ុណ្ណារ៍ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាធ្វើការសិក្សា ស្រាវជ្រាវ និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋឱ្យបានរួចមុននឹងសម្រេចផ្ដល់ដីសម្បទានដល់ក្រុមហ៊ុនណាមួយធ្វើការអភិវឌ្ឍ ដើម្បីកុំឱ្យប្រជាពលរដ្ឋ​ទទួល​រងគ្រោះបន្តទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ