ពលរដ្ឋ​ជាង​៨០០​នាក់​ចោទ​​មេ​ឃុំ​ភ្នំ​លៀប ​ថា​បាន​​លក់​ដី​រដ្ឋ​​និង​ព្រៃ​លិចទឹក​​​ចំនួន​​១២០​​ហិកតា​

លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ និងក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យទីតាំងជាក់ស្តែង ត្រៀមធ្វើមណ្ឌលចត្តាឡីស័ក នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាលស្រុកព្រះនេត្រព្រះ)

ប្រជាពលរដ្ឋ​ជាង៨០០នាក់ រស់នៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ស្នើ​ឱ្យ​ប្រមុខ​រដ្ឋាភិបាលជួយ​អន្តរាគមន៍ដោះស្រាយដោយដកហូតដីរដ្ឋនិងព្រៃលិចទឹក​ទំហំជាង១០០​ហិកតាទុក​ជាសម្បត្តិរួម​សម្រាប់​ប្រើប្រាស់ក្នុងសហគមន៍វិញ ខណៈដែលពួកគេអះអាងថា ដីនោះត្រូវបាន​មេឃុំ​លួចលក់ឱ្យ​ឈ្មួញ​។​

នៅក្នុងលិខិតចុះថ្ងៃទី​១៣ ខែ​កក្កដា​នេះ ដែលមានស្នាមផ្តិតមេដៃ​របស់សហគមន៍ភ្នំលៀបជាង៨០០នាក់​នោះ​ បាន​​​​រៀបរាប់​ថា មេឃុំឈ្មោះ អែម ណុយ បានលក់ដីរដ្ឋនិងដីព្រៃ​លិច​ទឹក​ជាប់​បឹង​ទន្លេ​សាប​​​ទំហំ​ប្រមាណ១២០ហិកតាឱ្យទៅ​​ឈ្មួញ​​។ ​​តាម​​រយៈលិខិតនេះ ក្រៅពីដីព្រៃលិចទឹក គឺនៅមានដី​២ទីតាំងទៀត ដូចជា ដីក្បែរក្បាលស្ពាន និង​​ដីព្រៃសហគមន៍ភូមិកំបោរ ក៏ត្រូវបានមេឃុំរូបនោះ​​លក់ដែរ។

បន្ថែមលើញត្តិនេះ លោក ថុង នាម ជាពលរដ្ឋម្នាក់រស់នៅភូមិកំបោរ ឃុំភ្នំលៀប ឱ្យដឹង​ថា ដីដែលអាជ្ញាធរ​លួចលក់​នេះជាប្រភេទដី​​ព្រៃលិច​​ទឹក​​ដែលត្រូវ​បានការពារដោយច្បាប់។

បើតាម​លោក ថុង នាម រាល់ឆ្នាំ ប្រជាពលរដ្ឋទាំង៦ភូមិ ដូចជា ភូមិទ្រយោង និងភូមិកណ្តោល ជាដើម តែងទទួល​​ប្រ​​យោជ​​ន៍ពីព្រៃលិចទឹកនេះជាហូរហែ តាមរយៈការនេសាទនិងការដក​ហូត​អុស​សម្រាប់ដុតនៅ​ព្រៃរនាមជាដើម​។

លោកបន្តថា៖ «យើងធ្លាប់ទទួលអាស្រ័យផល ​​ដូច​​ជា​​ត្រីសាច់អី ឬក៏អុសអី យើងអាចរកដុតបាន ឥលូវនេះបែរជាអត់។ យើងដើរទិញធ្យូង​ទិញអីគេវិញ​​ ​​យើងកាន់តែខ្វះខាតហើយ» ។

មេឃុំភ្នំលៀប លោក អែម ណុយ បានបដិសេធការចោទប្រកាន់​​នេះ។​​

លោក​​ថា៖ «ខ្ញុំដូចជាអត់មាន​​ប៉ះពាល់អីទាំង​​​អស់​ ខ្ញុំ​​ឃើញ​តើ! ខ្ញុំគេបង្ហោះ[ព័ត៌មាននេះ]ដែរតើ! ប៉ុន្តែខ្ញុំកំពុង​តែឆ្ងល់ដីក្បាលស្ពាន ដីព្រៃលិចទឹកអីហ្នឹង ទេ! ខ្ញុំ​មិន​​​​ដែល​​ដឹង​​សោះ»។

ម៉្យាងវិញទៀត មេឃុំរូបនេះបានគូសបញ្ជាក់ថា ​លោក​​នឹងមិនប្តឹងឬឆ្លើយតបអ្វីឡើយចំពោះ​​ការ​​ចោទប្រកាន់ដែលគ្មានមូលដ្ឋាន​​ទាំង​​នេះ។

ដោយឡែក អភិបាលស្រុកព្រះនេត្រព្រះ លោក ឃូ ពៅ បញ្ជាក់ថា រូបលោកមិនបានដឹងពីព័ត៌​​មាន​​ស្តីពីការលក់ដីរដ្ឋនេះ​ទេ។ លោកបន្ត​ថា ប្រសិនបើពិតជាមាន​​ការទិញលក់ដី​​នេះ​​មែន វាជាការអនុវត្តផ្ទុយពីស្មារតីនៃច្បាប់ហើយ។

លោកបញ្ជាក់​ថា៖ «ខ្ញុំដូចជាអត់ដឹងថាមានពីណា​​គេ​​លក់ដីហ្នឹងទេ ដីហ្នឹងនៅកន្លែងណា? គ្មានពីណាហ៊ានលក់ដីតំបន់លិចទឹកទេ! អាហ្នឹងរដ្ឋាភិបាល បើអ្ន​​កណាហ៊ានលក់ នឹងត្រូវទទួលទោសតាមហ្នឹងទៅ»។

បើទោះជាបែបណា តាមរយៈលិខិតមួយចំនួនស្តីពីការទិញលក់ដែល វីអូឌី ទទួលបាន បង្ហាញថា ទាំងមេឃុំនិងអភិបាលស្រុកព្រះនេត្រព្រះ បានប្រើប្រាស់ឯកសារ​កាន់កាប់អចលនទ្រព្យលើដី​​ដែល​​កំពុងមានវិវាទនេះពិតប្រាកដមែន។

លិខិតនោះបានបញ្ជាក់ថា មេឃុំនិងអភិបាលស្រុកព្រះនេត្រព្រះ​​ បាន​​ចុះ​​ហត្ថ​​​​លេខារួមគ្នាកាលពីថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ២០១៩ ដោយទទួលស្គាល់កំណត់ហេតុនិងទីតាំងបង្ហាញប្លង់ដីដែលបានលក់ទិញ ដោយមានបោះ​ត្រាថែមទៀតផង។ លិខិតនេះធ្វើឡើង បន្ទាប់ពីលិខិតចុះថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០១៩ ដែលមានចុះហត្ថ​​លេខាដោយលោក អែម ណុយ ជា​​មេ​​ឃុំ​​ភ្នំ​​លៀប បាន​​ចុះ​​កិច្ច​​ព្រមព្រៀងលើ​​ការលក់ទិញដីនេះឱ្យទៅក្រុមគ្រួសារឈ្មោះ ស៊ា សុឃុន និង​​ប្រពន្ធឈ្មោះ ស្រង់ ទ្រព្យ នៅ​​សង្កាត់​​ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

វីអូឌី មិនអាចសុំការបំភ្លឺបន្ថែមពីម្ចាស់ទិញដីស្ថិតនៅតំបន់ហាមឃាត់នោះ ឈ្មោះ ស៊ា សុឃុន និងភរិយា​​បានទេ​ នៅថ្ងៃអង្គារនេះ។​​

អ្នក​​សម្របសម្រួល​សមាគមការពារសិទ្ធិមនុស្ស​អាដហុក ប្រចាំខេត្ត​​បន្ទាយមានជ័យ ​​លោក ស៊ុំ ចន្ទគា យល់ឃើញថា បើផ្អែកលើឯកសារដែលទទួលបាន គឺអាជ្ញាធរពាក់ព័ន្ធពិត​​ជា​​បាន​​ផ្ទេរការ​​កាប់​​ដីធ្លី​​នេះ​​មែន។ លោកបន្តថា ជាធម្មតា អ្នកដែលប្រព្រឹត្តបទល្មើសកម្រសារភាព​​ថា​​​ខ្លួន​​ធ្វើ​​ខុស​​​​ណាស់ ហើយបើមានករណីដូចនេះកើតឡើង រដ្ឋាភិបាលគួរប្រើប្រាស់ច្បាប់​​ដែល​​មាន​​ជា​​ធរ​​មាន​។

លោកបន្តថា៖ «តែបើសិនជាការឆ្លើយ ហើយឆ្លើយថាអត់ដឹងអីហ្នឹង! ខ្លួនឯងអត់ដឹង​ទេ! ​​​​​កន្លែង​​ហ្នឹងវាគ្រាន់តែជាការមួយឆ្លើយ​​ដោះសារទេ។ ប៉ុន្តែអ្វីដែលសំខាន់ ​​ខ្លួនបាន​​ប្រព្រឹត្ត បាន​​ដឹង​រួច​ហើយ» ។   

មាត្រា៤ នៃ​អនុក្រឹត្យស្តីពីការគ្រប់គ្រងដីរដ្ឋ ចែងថា ដីសាធារណៈរបស់រដ្ឋជាដី​មានជាប់​​ផល​​ប្រ​​យោជ​​ន៍សាធារណៈ និងស្ថិតនៅក្នុងប្រភេទ​​ជាក់លាក់នៃទ្រព្យ​​ដែលមានផល​​ប្រយោជន៍​​សាធា​​រ​​ណៈ​​​​​​ រួមមាន ព្រៃឈើ ផ្លូវទឹកដែលនាវាឬក្បូនអាចចេញចូលបានឬបណ្តែតបាន បឹងធម្មជាតិឬ​ច្រាំង​ទន្លេដែលនាវាចេញចូលបានឬ​បណ្តែតបាន ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ