រដ្ឋា​ភិបាល​ថា​ស្ត្រី​និង​ក្មេង​ស្រី​ជា​ក្រុម​ដែល​ងាយ​រង​គ្រោះ​ផ្នែក​សុខភាព​​និង​ការងារ​ បើ​កូវីដ-១៩​បន្ត​អូស​បន្លាយ​

កម្មការិនីរោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ចេញមកទិញម្ហូបអាហារពេលថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

រដ្ឋាភិបាលលើកឡើងថា ស្ត្រីនិង​ក្មេង​ស្រីជា​ក្រុម​ដែល​ងាយ​រង​គ្រោះលើ​សុខភាព​បន្តពូជ សុខភាព​ផ្លូវភេទ និងបញ្ហា​បាត់បង់​ការងារធ្វើ ដោយសារការអូសបន្លាយនៃការឆ្លងរាលដាល​កូវីដ-១៩។

ក្នុងសារលិខិតរបស់រដ្ឋាភិបាលកម្ពុជា នៃឱកាសទិវាប្រជាជនពិភពលោកលើកទី៣២ កាលពីថ្ងៃទី១១ ខែកក្កដា ម្សិលមិញ ឱ្យដឹងថា ពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (កូវីដ-១៩) ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវិតមនុស្ស សហគមន៍ សេដ្ឋកិច្ច និងសុខភាពសាធារណៈ​នៅគ្រប់ទិសទី​ទូទាំង​ពិភព​លោក។

លិខិត​ដដែលបន្តថា ករណីនេះបាន​ធ្វើឱ្យស្ត្រីនិងក្មេងស្រីងាយរងគ្រោះជាងគេក្នុងវិបត្តិជំងឺកូវីដ-១៩នេះ ជាពិសេស​ប៉ះពាល់​ដល់​សុខភាពបន្តពូជ សុខភាពផ្លូវភេទ និងប៉ះពាល់ដល់ការងារ ជាដើម។

សារលិខិតឱ្យដឹងទៀត​ថា៖ «ស្ត្រីនិងក្មេងស្រីដែលជាទូទៅមានចំណូលតិចតួចពីការងារដែលមិនសូវស្ថិតស្ថេរ កំពុង​ជួបផលវិបាកផ្នែកសេដ្ឋកិច្ចដែលបង្កដោយជំងឺកូវីដ-១៩ ហើយកំពុងប្រឈមនឹងហានិភ័យខ្ពស់ក្នុងបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ដែលពួកគេងាយនឹងធ្លាក់ចូលក្នុងភាពក្រីក្រ ប្រឈមនឹងការកើនឡើងនូវបន្ទុកការងារដែលគ្មានប្រាក់ឈ្នួល ដែលរុញច្រានឱ្យស្ត្រីជាច្រើននាក់ចាកចេញពីកម្លាំងពលកម្មដែលមានប្រាក់ឈ្នួល»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ក្នុងលិខិតនោះទៀត​ថា វិស័យសុខភាពសាធារណៈ ជាពិសេសសុខភាពបន្ត​ពូជនិងសុខភាពផ្លូវភេទ រដ្ឋាភិបាលបានយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់តាំងពីមុនផ្ទុះឡើងនៃជំងឺកូវីដ-១៩មកម្ល៉េះ ជាពិសេស​កាលពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ កម្ពុជាបានជួយប្រជាជនរបស់ខ្លួនទទួលបានសិទ្ធិសុខភាពបន្តពូជ និងសុខភាពផ្លូវភេទរបស់ស្ត្រីនិងក្មេងស្រី បានអត្ថប្រយោជន៍កាន់តែច្រើន ដើម្បីកាត់បន្ថយការស្លាប់របស់ម្តាយជាដើម។

ដើម្បីឆ្លើយតបនឹងស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះ លោកបាន​ជំរុញឱ្យ​​អនុវត្តគោល​នយោបា​យសង្គម និងដាក់ចេញវិធានការអន្តរាគមន៍​ជំនួយ​សង្គមបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការលំបាកនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលមានជីវភាពក្រីក្រ ជាពិសេសស្ត្រីនិងក្មេងស្រី។

សារលិខិតដដែលបញ្ជាក់ដូច្នេះថា៖ «រាជរដ្ឋាភិបាលបន្តឧបត្ថម្ភចំពោះកម្មការិនីដែលជាស្ត្រីមានផ្ទៃពោះ និងគ្រួសារដែលមានជីវភាពក្រីក្រ ការបង្កើនមូលធនថវិកា [សាច់ប្រាក់ពលកម្ម] ដើម្បីជួយដល់កម្មករនិយោជិតដែលបានព្យួរ​ការងារអំឡុងពេលដែលរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងវិស័យកាត់​ដេរនិងទេសចរណ៍មួយចំនួន​ផ្អាកដំណើរ​ការ និងជួយឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រងាយរងគ្រោះអំឡុងពេលកូវីដ-១៩»។

អ្នក​ស្រី កង ចាន់ថន ជាកម្មការិនីធ្វើការងារនៅរោងចក្រ ស្ថិតនៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ បង្ហាញក្តីរីករាយ បើរដ្ឋាភិបាលជួយអន្តរាគមន៍ផ្តល់ជំនួយសង្គមបន្ថែមទៀត ដើម្បីសម្រួលដល់ការលំបាកនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​​​ក្រីក្រ។

ប៉ុន្តែអ្នកស្រីថា បើរដ្ឋាភិបាលមិនពន្លឿនការ​យកចិត្តទុកដាក់ជួយ​​ដល់ស្ត្រីនិងក្មេងស្រីទេ នឹងធ្វើឱ្យពួកគាត់កាន់តែជួបបញ្ហាប្រឈមច្រើនក្នុងជីវភាព ខណៈបច្ចុប្បន្ន រោងចក្ររបស់គាត់កំពុងប្រឈមនឹងការបិទទ្វារ​ជា​បណ្តោះអាសន្ន ដោយសារមានកម្មករ​ឆ្លងច្រើន។

អ្នកស្រីនិយាយថា៖ «ខ្ញុំស្រមៃរូបភាពហ្នឹងមិនឃើញ បើអត់មានអ្នកជួយ មិនដឹងម៉េច! ព្រោះខ្លួនយើងតែមួយ [ធ្វើការចិញ្ចឹមគ្រួសារ] នៅមានកូនទៀត យើងគិតអ៊ីចឹង រាល់ថ្ងៃដោយសារមានប្រាក់រោងចក្រ។ ពេលដែលយើងមានបញ្ហា [បិទរោងចក្របណ្តោះអាសន្ន] គេគិតឱ្យយើង៥០ដុល្លារចាប់ពី២ខែមុនមក ហើយគេប្រាប់យើងហើយ [នៅខែ៨] គេលែងគិតឱ្យហើយ ខាងក្រសួងគេចុះមកប្រាប់យើង បើអត់ធ្វើការ ក៏អត់បានលុយដែរ»។

ប្រធានសម្ព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ ដែលធ្វើការងារស្និទ្ធជាមួយកម្មករ ជាពិសេសកម្មករស្ត្រីនោះ បានលើកឡើងថា អំឡុងពេលឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្ត្រីនិងក្មេងស្រីមួយចំនួនធំ​បាន​បាត់បង់ការងារ ជំពាក់​បំណុលធនាគារ ​និងខ្លះទៀតរងការប្រើអំពើហិង្សាទាំងផ្លូវកាយនិងផ្លូវភេទផងដែរ។

ករណីនេះ លោកស្រីយល់ថា បើសិនជារដ្ឋាភិបាលមិនពន្លឿននិងពង្រឹងយន្តការតាមដាន និងរកវិធីដោះស្រាយជូនពួក​គាត់ឱ្យបានទាន់ពេលទេ បញ្ហាប្រឈមកាន់តែខ្លាំង បើស្ថានភាពកូវីដ-១៩នៅតែបន្តអូសបន្លាយ។

លោកស្រីមានប្រសាសន៍ថា៖ «បើស្ថានភាព [កូវីដ-១៩] បែបហ្នឹង នៅតែបន្តទៅមុខទៀត ខ្ញុំគិតថា គាត់អាចធ្លាក់ពីស្ថានភាពដែលពីមុនមកគាត់ធ្លាប់រស់នៅដែលមានជីវភាពប្រសើរ គាត់អាចធ្លាក់ជីវភាពកាន់តែដុនដាប ជួនកាលកើតជាអំពើហិង្សាក្នុងគ្រួសារជាដើម និងធ្លាក់ខ្លួនជំពាក់បំណុលក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុបន្ថែមទៀត»។

សេចក្តីថ្លែងការណ៍មួយរបស់​អង្គការសមាគម​ចំនួន​២២ ចុះថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ២០២១​ បានអំពាវនាវឱ្យរដ្ឋាភិបាល​ ​បង្កើនការយកចិត្តទុកដាក់ដល់​កម្មករដែល​បាត់បង់ការងារ ដោយសារការអូសបន្លាយនៃការឆ្លងរាលដាល​កូវីដ-១៩ ដោយ​​ថា បញ្ហានេះកំពុងជំរុញឱ្យ​ពួកគាត់ប្រឈមនឹង​កា​​រ​​កើន​ឡើងនូវ​​​បំណុលនិង​បង្កឱ្យ​មាន​ហានិភ័យដល់​សុខភាពសាធារណៈ។

ចំណែក អង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២១ បានចេញផ្សាយអត្ថបទមួយថា «ខណៈដែលជំងឺកូវីដ-១៩ បានជះឥទ្ធិពល​យ៉ាងខ្លាំងដល់ឧស្សាហកម្មកាត់ដេរនៅកម្ពុជា ស្ត្រី​ចំនួន៨០​ភាគរយនៃកម្លាំង​ពលកម្មក្នុងវិស័យកាត់ដេរ​នេះ បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយប្រឈមនឹងការកើនឡើងនូវវិសមភាពនិងភាពក្រីក្រ»

អត្ថបទនោះ​បានគូសបញ្ជាក់ថា ការរាតត្បាតនៃជំងឺនេះធ្វើឱ្យ​រោងចក្រមួយចំនួនឈានទៅដល់ការបិទ​ទ្វារ​ជា​បណ្តោះ​​អាសន្ន បញ្ឈប់​បុគ្គលិក​​​ពី​ការ​ងារ និង​ការ​មិន​ទទួល​បាន​ប្រាក់​ពេល​ឈប់​សម្រាក បាន​ប៉ះ​ពាល់​ដល់​ការ​រស់នៅ​ប្រចាំថ្ងៃរបស់កម្មករ​ផ្នែកកាត់ដេរប្រមាណ៩០​ម៉ឺននាក់។

អង្គការអន្តរជាតិមួយនេះបន្តទៀតថា វិបត្តិនេះក៏​បានធ្វើឱ្យកម្មករជាច្រើនខ្វះលទ្ធភាពក្នុងការទទួលបានកញ្ចប់សុវត្ថិភាពសង្គម ដូចជា គ្មានការងារធ្វើ ប្រឈមនឹងការធ្លាក់ទៅក្នុងភាពក្រីក្រ និងភាពអត់ឃ្លាន ហើយ​បញ្ហានេះបានជះឥទ្ធិពលដល់សមាជិកគ្រួសាររបស់ពួកគេ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជុំវិញរោងចក្រផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ