ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ដាច់​ស្បៀង​អាហារ​ហូប​ចុក​អំឡុង​វិធាន​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩

រថយន្តដឹកទំនិញធុនធ្ងន់ឆ្លងកាត់ព្រំដែនរវាងកម្ពុជានិងថៃ ដើម្បីយកទំនិញសំខាន់មួយចំនួនបម្រើឱ្យអាជីវកម្មក្នុងស្រុក អំឡុងផ្ទុះឡើងនៃកូវីដ-១៩។ (Ananth Baliga)

ពលករខ្មែរដែលបម្រើការងារនៅប្រទេសថៃ រាយការណ៍ថា ពួកគេបាត់បង់ការងារនិងដាច់ស្បៀងអាហារហូបចុក បន្ទាប់ពីរដ្ឋាភិបាលថៃបានផ្អាកដំណើរការរោងចក្រនិងតំបន់មួយចំនួន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

ពលករកម្ពុជាម្នាក់ដែលមានដើមកំណើតនៅស្រុកពួក ខេត្តសៀមរាប លោក រ៉ា មិត្ត អាយុ៤០ឆ្នាំ ដែលបច្ចុប្បន្នស្នាក់នៅនិងបម្រើការងារក្នុងខេត្តណាក់ខនបូទុំ ប្រទេសថៃ បានប្រាប់ពលរដ្ឋសារព័ត៌មាន CCIM ថា លោកស្នាក់នៅនិងធ្វើការនៅថៃនេះអស់រយៈពេល៥ឆ្នាំមកហើយ ដោយទុកកូនចំនួន៤នាក់ឱ្យរស់នៅជាមួយម្ដាយឪពុកនៅប្រទេសកម្ពុជា។

យ៉ាងណាក៏ដោយ លោកថា ពលករកម្ពុជានៅទីនោះកំពុងប្រឈមនឹងការបង់បង់ការងារនិងខ្វះស្បៀងអាហារហូបចុក ដោយសារត្រូវសម្ងំរស់នៅតែក្នុងបន្ទប់ អំឡុងពេលអាជ្ញាធរថៃចេញវិធានការផ្អាករោងចក្រនិងតំបន់នានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ពលករកម្ពុជារូបនេះស្នើឱ្យស្ថានទូតកម្ពុជាជួយអន្តរាគមន៍ ដោយចែកស្បៀងអាហារហូបចុកប្រចាំថ្ងៃជូនដល់ពលករនិងពលរដ្ឋខ្មែរដែលកំពុងរស់នៅទីនោះ។

លោកបន្ដថា៖ «ខ្ញុំបានផ្អាកការងារហើយ ដោយសារស្នាក់នៅចំតំបន់ក្រហមនៃការឆ្លងជំងឺកូវីដ-១៩ រយៈពេលមួយខែហើយ។ ហើយមុននោះទៀត ខ្ញុំក៏បានផ្អាកការងារ២ខែហើយដែរ មូលហេតុអត់ការងារធ្វើ។ ក្នុងពេលនេះ ក៏កំពុងខ្វះស្បៀងអាហារហូបចុកទៀត។ នៅក្រុមការងារនេះមានគ្នា១៩នាក់ ស្រី៩នាក់»។

មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អន្តោប្រវេសន៍ ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​ លោក លឹង សុផុន មានប្រសាសន៍ថា កាលពីពេលថ្មីៗនេះ រោងចក្រមួយកន្លែងក្នុងខេត្តឈុនបុរី ប្រទេសថៃ បានបញ្ឈប់ការងារពលករខ្មែរប្រមាណ៧០នាក់ ដោយមិនមានមូលហេតុច្បាស់លាស់។

យ៉ាងនេះក្ដី លោកអះអាងថា រដ្ឋាភិបាលថៃបានដាក់ចេញវិធានការទ្រទ្រង់ពលករផងដែរ ប៉ុន្ដែការឧបត្ថម្ភមានសម្រាប់តែពលករស្របច្បាប់តែប៉ុណ្ណោះ។

លោកបន្ដថា៖ «ការបញ្ឈប់នេះ មិនមែនត្រឹមតែ៧០នាក់ប៉ុណ្ណោះទេ គឺមានច្រើនជាងហ្នឹងទៀតដែលមានបញ្ឈប់បន្តបន្ទាប់ តាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលថៃ។ ក្រសួងការ គឺផ្អាកផ្នែកការងារសំណង់ ប៉ុន្តែមានការឧបត្ថម្ភ៥០ភាគរយលើប្រាក់ខែគោលរបស់ពលករ ប៉ុន្តែជួយតែពលករស្របច្បាប់ទេ»។

ទិន្នន័យសរុបដែលអង្គការ សង់ត្រាល់ បានធ្វើបច្ចុប្បន្នភាពនាដើមឆ្នាំ២០២១ ពលករខ្មែរធ្វើចំណាកស្រុកទៅថៃទាំងស្របច្បាប់និងមិនស្របច្បាប់មានចំនួន២លាន៤សែននាក់៕


ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក ហ៊ត គឹមហ៊ាត  

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។