អាមេរិក​ស្នើ​កម្ពុជា​ជាថ្មី​ទៀត​ស៊ើប​អង្កេត​សំណុំរឿង បណ្ឌិត កែម ឡី ដោយ​ឯករាជ្យ​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​គ្រួសារ

អ្នកស្រី ភោគ សេ ម្តាយលោកបណ្ឌិត កែម ឡី កំពុងជូតរៀបចំរូបថតរបស់កូន នៅមុខចេតិយ៍។ រូបភាព៖ សូត សុខប្រាថ្នា

សហរដ្ឋអាមេរិក បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជាជាថ្មីទៀត ត្រូវស៊ើបអង្កេតឡើងវិញប្រកបដោយតម្លាភាព ករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី ដើម្បីផ្តល់យុត្តិធម៌ជូនក្រុមគ្រួសារ ដែលកំពុងទន្ទឹងរង់ចាំរយៈពេល៥ឆ្នាំមកហើយ។

ការស្នើនេះ ធ្វើឡើងស្របពេល​ខួប៥ឆ្នាំនៃការបាញ់សម្លាប់អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនិងជាអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី ដែលត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៦ ខណៈយុត្តិធម៌ពិតនៅមិនទាន់មានសម្រាប់ក្រុមគ្រួសារនិងជនរងគ្រោះនៅឡើយ។

ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២១ ចំថ្ងៃខួប ៥ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ​ អាមេរិកបានលើកឡើងថា កន្លងមក​អ្នកវិភាគនយោបាយរូបនេះតែងតែលះបង់យ៉ាងមោះមុត ដើម្បីបុព្វហេតុលទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសកម្ពុជា។

ករណីនេះស្ថានទូតអាមេរិកបានអំពាវនាវជាថ្មីទៀត ដល់រដ្ឋាភិបាលកម្ពុជា ត្រូវស៊ើបអង្កេតដោយតម្លាភាព ឥតលម្អៀងលើសំណុំរឿងលោកបណ្ឌិត កែម ឡី ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងក្រុមគ្រួសារ។

ខ្លឹមសារលើទំព័រហ្វេសប៊ុកសរសេរដូចនេះថា៖ «យើងសូមអំពាវនាវជាថ្មីម្តងទៀត ដល់រដ្ឋាភិបាលកម្ពុជាឱ្យធ្វើការស៊ើបអង្កេតដោយមិនលម្អៀង និងប្រកបដោយតម្លាភាព ចំពោះឃាតកម្មលើរូបលោក ដើម្បីស្វែងរកយុត្តិធម៌ចំពោះលោកបណ្ឌិត កែម ឡី និងក្រុមគ្រួសារ»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលី មានប្រសាសន៍ប្រាប់វីអូឌីតាមរយៈតេឡេក្រាមនៅថ្ងៃ១១ ខែកក្កដានេះថា សំណុំរឿង បណ្ឌិត កែម ឡី រដ្ឋាភិបាលមានកាតព្វកិច្ច​ស៊ើបអង្កេត និងស្វែងរកនូវយុត្តិធម៌តាមផ្លូវច្បាប់ មិនមែនយុត្តិធម៌តាមផ្លូវអារម្មណ៍ និងផ្លូវនយោបាយ ឬតាមការទាមទារបស់ក្រុមដែលតែងតែធ្វើអាជីវកម្មនយោបាយលើមរណភាពបណ្ឌិត កែម ឡី នោះទេ។ 

ប៉ុន្តែលោកថា ប្រសិនបើភាគីពាក់ព័ន្ធណាមួយ មិនអាចទទួលយកបានការសម្រេចរបស់តុលាការ ពួកគេអាចប្រើប្រាស់សិទ្ធិតាមផ្លូវច្បាប់ក្នុងការប្តឹងទាស់ ប្តឹងឧទ្ធរណ៍ ឬប្តឹងសើរើក៏បាន ក្នុងករណីសេចក្តីសម្រេចចូលជាធរមានរួចហើយក៏ដោយ តែត្រូវមានភស្តុតាង ទឡ្ហីករណ៍ និងសក្ខីកម្មផ្នែកច្បាប់រឹងមាំ ផ្ទុយទៅនឹងការរកឃើញរបស់សមត្ថកិច្ច។

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះបញ្ជាក់ថា ចំពោះការស្នើឱ្យបង្កើតគណៈកម្មការឯករាជ្យ ដោយមានការចូលរួមពីបរទេស ដើម្បីស៊ើបអង្កេតលើសំណុំរឿងលោកបណ្ឌិត កែម ឡី មិនអាចទៅរួចនោះទេ ព្រោះរំលោភលើច្បាប់ជាតិ និងអន្តរជាតិ។

លោកមានប្រសាសន៍ដូចនេះថា៖ «ការស្នើឱ្យបង្កើតគណៈកម្មការឯករាជ្យមានការចូលរួមពីបរទេស ដើម្បីស៊ើបអង្កេតលើសំណុំរឿងដែលតុលាការនៃរដ្ឋអធិបតេយ្យមួយបានបំពេញកិច្ចនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់របស់ខ្លួនចប់សព្វគ្រប់រួចអស់ហើយនោះ ក៏មិនអាចទៅរួចដែរ ដោយផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញនិងច្បាប់ជាតិរបស់កម្ពុជា ជាពិសេសគោលការណ៍ច្បាប់អន្តរជាតិពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់រដ្ឋ ដែលមិនអនុញ្ញាតឱ្យបង្កើតរដ្ឋលើរដ្ឋអធិបតេយ្យនោះឡើយ»។

សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា សង្កេតឃើញថា ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ហើយសមត្ថកិច្ចស្រាវជ្រាវចាប់បានតែមនុស្សម្នាក់ឈ្មោះ​ អឿ​ត អាង​ ហៅខ្លួនឯង​ ​«ជួប​សម្លាប់​» មកដាក់ទោស ដោយមិនទាន់រកឃើញអ្នកពាក់ព័ន្ធផ្សេងទៀតនោះ ធ្វើឱ្យអន្តរជាតិបាត់ជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

ករណីនេះ លោក សុវណ្ណរ៉ា បញ្ជាក់ថា បើរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ មិនវែកមុខរកអ្នកពាក់ព័ន្ធក្នុងរឿងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី​ មកផ្តន្ទាទោស និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះទេ នឹងធ្វើឱ្យកម្ពុជាខាតបង់ផលប្រយោជន៍សេដ្ឋកិច្ចច្រើនជាមួយប្រទេសលោកសេរី។

លោកមានប្រសាសន៍ថា៖ «បើសិនជាយន្តការហ្នឹងមិនបានផ្តល់យុត្តិធម៌ជនរងគ្រោះ ​និងជំនឿជឿជាក់ដល់សាធារណៈ និងមតិអន្តរជាតិទេ និងធ្វើឱ្យពួកគេបាត់បង់ជំនឿ ហើយប្រព័ន្ធច្បាប់នៅកម្ពុជាអត់មានតម្លាភាព អត់មានគោលការណ៍ច្បាប់ដែលគេជឿជាក់។ អញ្ចឹងអ្នកវិនិយោគទុនបរទេសគេពិបាកមកបណ្តាក់ទុននៅកម្ពុជាដែរ»។

ក្រៅពីជំរុញឱ្យកម្ពុជាស៊ើបអង្កេតប្រកបដោយឯករាជ្យ​ករណីឃាតកម្មលើបណ្ឌិតកែម ឡី ​ដើម្បីផ្តល់យុត្តិធម៌ជូនគ្រួសារហើយនោះ សហរដ្ឋអាមេរិកក៏បានសម្តែង​នូវសមានទុក្ខសារជាថ្មីដល់គ្រួសាររបស់លោក កែម ឡី ដែល​កំពុងរង់ចាំ និងនៅសង្ឃឹមនៅឡើយលើការទទួលខុសត្រូវពេញលេញមួយ។ អាមេរិកថា ឃាតកម្មនេះជា«ការសម្លាប់ដ៏កំសាក» និងដោយមិនសមហេតុផលលើរូបលោក កែម ឡី។

កាលពីឆ្នាំ២០១៧ អំឡុងគម្រប់ខួបមួយឆ្នាំនៃការបាញ់សម្លាប់ ស្ថានទូតអាមេរិកធ្លាប់បានរំឭកម្តងរួចមកហើយ​ថា អាមេរិក«សង្ឃឹមថា អ្នកប្រព្រឹត្តនឹងត្រូវបានចាប់ឲ្យទទួលខុសត្រូវពេញលេញចំពោះអំពើលីលា និងដ៏កំសាកនេះ»

លោកបណ្ឌិត​ កែម​ ​ឡី​ ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​ នៅក្នុង​ស្តារ​ម៉ាត​ ក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច ​ស្តុ​បបូ​កគោ​ រាជធានី​ភ្នំពេញ​ កាល​ថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៦​ ។

ឃាតកម្ម​នេះ​ កើតឡើង​ក្រោយពី​លោក ​កែម​ ឡី​ វិភាគ​បន្ថែម​ទៅលើ​របាយការណ៍​ស៊ើបអង្កេត​របស់​អង្គការ​អន្តរជាតិ​ ​Global​ Witness​ ​ដោយ​របាយការណ៍​នោះបានលាតត្រដាង​ពី​ការ​ក្តោប​ក្តាប់​មុខ​ជំនួញ​របស់​គ្រួសារ​«ត្រកូល ​ហ៊ុន​»។

៥ឆ្នាំ​មកនេះ​ សមត្ថកិច្ច​​​រដ្ឋាភិបាល ​រួម​ទាំង​តុលាការ​ផង​ ចាប់ខ្លួន​បុរស​ម្នាក់​ប៉ុណ្ណោះ​មក​ផ្តន្ទា​ទោស​ គឺ​ឈ្មោះ​ អឿ​ត អាង​ ហៅ​ ​«ជួប​សម្លាប់​» ​ដោយ​កាត់ទោសឃាតកររូបនេះ​ឱ្យ​ជាប់ពន្ធ​នា​គារ​មួយ​ជីវិត​។

​មន្ត្រីតុលាការ និងមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ធ្លាប់អះអាងថា សំណុំរឿងនេះ ត្រូវបានបែងចែកជាពីរ ដោយទីមួយករណី ជួប សម្លាប់ ដែល​តុលាការកាត់ទោសឱ្យជាប់គុកអស់មួយជីវិតនោះត្រូវបានបិទបញ្ចប់ និងករណីមួយទៀត គឺរកអ្នកពាក់ព័ន្ធជាមួយឃាតករ ជួប សម្លាប់ ហើយនីវិធីកំពុងតែបន្ត។

ភរិយាលោកបណ្ឌិត កែម ឡី គឺ អ្នកស្រី បូ​ រចនា ប្រាប់វីអូឌីពីប្រទេសអូស្ត្រាលីកាលពីពេលថ្មីៗនេះថា ​យុត្តិធម៌សម្រាប់ស្វាមីអ្នកស្រីមកទល់ពេលនេះ គ្មានសោះឡើយ។  លើសពីនេះ ឃាតករម្នាក់ឈ្មោះ អឿត អាង នោះ អ្នកស្រីថា គ្រាន់តែជាឃាតករក្លែងក្លាយ ឬ សម្បនិមិត្តតែប៉ុណ្ណោះ។

តែយ៉ាងណា អ្នកស្រី នៅតែ​ចង់បានយុត្តិធម៌ពិត ប៉ុន្តែអ្នកស្រីមិនមានសង្ឃឹមទទួលបានយុត្តិធម៌ពិតនោះក្នុងសម័យកាលដឹកនាំដោយរដ្ឋាភិបាលលោក ហ៊ុន សែន បច្ចុប្បន្ន​ឡើយ។ 

កាលពីថ្ងៃទី៩ កក្កដា ឆ្នាំ២០១៩នេះ សង្គមស៊ីវិលជាតិ និងអន្តរជាតិ ចំនួន២៤ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយទាមទារទៅរដ្ឋាភិបាលឲ្យវែកមុខរកអ្នកនៅពីក្រោយឃាតកម្មលើបណ្ឌិត កែម ឡី មកផ្តន្ទាទោសបន្ថែមទៀត ដើម្បីពង្រឹងនីតិរដ្ឋ និងផ្តល់យុត្តិធម៌ជូនគ្រួសារសព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ