នាយក​រដ្ឋ​មន្ត្រី​​អំពាវ​នាវ​ឱ្យ​​ពលរដ្ឋ​​ការពារ​និង​ដាំដុះ​ព្រៃឈើ​ដើម្បី​​មនុស្ស​គ្រប់​ជំនាន់​

ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ប្រមុខរដ្ឋាភិបាល ក្នុងព្រះរាជពិធី​បុណ្យ​​​«រុក្ខទិវា» ថ្ងៃ០៩ ខែកក្កដានេះ បាន​អំពាវនាវ​ដល់ប្រជា​ពលរដ្ឋទាំងអស់​ចូល​រួ​ម​ដាំដុះនិងការពារព្រៃឈើ​​ឱ្យ​​​បានគង់​វង្ស​ ដើម្បីជាប្រយោជន៍សម្រាប់​មនុស្ស​គ្រប់ជំនាន់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា ព្រះរាជពិធីបុណ្យ​ «​រុក្ខទិវា​»​ ត្រូវ​​បាន​បង្កើត​​ឡើង​​នៅ​ក្នុង​ឆ្នាំ​១៩៥២ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះ​បរម​រតន​កោ​ដ ព្រះ​មហា​វីរក្សត្រ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ ក្នុង​គោលបំណង​បំផុស​ចលនា​ដាំ​ដើម​ឈើ​ឡើង​វិញ និង​ឱ្យ​​​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​សម្បត្ដិ​ព្រៃឈើ ជា​ពិសេសដើម្បី​បណ្តុះ​គំនិត​ថែរក្សា ការពារ និង​គំនិត​ស្រឡាញ់​ព្រៃឈើនិង​បរិស្ថាន​​ធម្មជាតិ​របស់​ប្រទេស​។

លោកសរសេរបន្ថែមថា៖ «សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេសចូលរួម​ស្រឡាញ់​ថែរក្សា​ ការពារ​ព្រៃឈើ និង​​ចូលរួម​ដាំ​ដុះ​កូន​ឈើ​ ថែរក្សា​ការពារ​បរិស្ថាន​​ធម្មជាតិ​ឱ្យ​​​បាន​គង់វង្ស​នៅ​គ្រប់​ទីកន្លែង ដើម្បី​​ជា​ប្រយោជន៍​ដល់​​ការ​​រស់​នៅ​​របស់​ខ្លួន​​យើង​​ផង សហគមន៍​យើង​ផង និង​ជីវិត​សត្វព្រៃ​គ្រប់​ប្រភេទ​ផង ព្រមទាំង​ប្រព័ន្ធ​ជីវចម្រុះ​ជា​ច្រើន​ផង ​​ដែល​ជា​សម្បត្តិ​របស់​មនុស្សជាតិ​នៅ​គ្រប់​ជំនាន់»។

ប្រធានសម្របសម្រួលគម្រោងនៃបណ្ដាញយុវជនកម្ពុជា ហៅកាត់ថា (ប យ ក) លោក អូត ឡាទីន សាទរ​ចំពោះ​​ការ​​អំពាវ​នាវ​របស់ប្រមុខរដ្ឋាភិបាល។

ស្របពេលគ្នានេះ លោកក៏បានស្នើ​ឱ្យទម្លាក់ចោលនូវការចោទប្រកាន់នានានិងការធ្វើទុក្ខបុកម្នេញទៅលើសម្មជនបរិស្ថានដែលជាអ្នកសកម្មក្នុងការ​ការពារព្រៃឈើនិងបរិស្ថានផងដែរ ​ដើម្បីឱ្យ​ស្របទៅនឹងការអំពាវនាវ​របស់ប្រមុខរដ្ឋាភិបាលដែលឱ្យ​ពលរដ្ឋចូលរួមការពារព្រៃឈើនិងបរិស្ថាន។

លោកថា៖ «ក្រៅពីហ្នឹង ក៏ស្នើឱ្យ​​​រាជរដ្ឋាភិបាលផ្ដល់ឱកាសឱ្យ​បានទូលំទូលាយដល់​សកម្មជន​ដែល​គាត់​កំពុងតែ​ចូល​រួម​ចំណែក​ក្នុង​កិច្ច​ការ​ការ​ពារ​ធនធានធម្មជាតិហ្នឹង ហើយទន្ទឹមនឹង​ស្នើសុំឱ្យ​​ធ្វើការដោះលែង​ទម្លាក់ចោល​ការ​ចោទប្រកាន់​គ្រប់បែបយ៉ាងទៅលើក្រុមសកម្មជនដែលបាន​ជាប់​ឃុំឃាំង ព្រោះយើ​ងឃើញ​ថា មានការ​អំពាវ​នាវ តែទន្ទឹម​នឹង​មានការអំពាវនាវឱ្យ​ចូលរួមហ្នឹង ​ក៏មាន​ការ​ឃាត់ខ្លួន​សកម្មជន​ ដូច​យើង​ឃើញ​ពីរ​បីខែ​មុនហ្នឹង​ មានការឃាត់ខ្លួនជាបន្តបន្ទាប់»។

ជាមួយគ្នានេះដែរ លោក​ក៏បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាលអនុវត្តច្បាប់ឱ្យ​មាន​ប្រសិទ្ធភាពនិងគួរចាត់វិធានការ​ច្បាប់​ទៅ​លើ​ជន​ល្មើសដែលកាប់បំផ្លាញព្រៃឈើនិងធនធានធម្មជាតិ មិនមែន​ទៅ​ចាប់ច​ង​ឬធ្វើទុក្ខបុកម្នេញ​ដល់អ្នក​ដែល​ព្យាយាម​ថែ​រក្សា​ធនធានធម្មជាតិនោះ​ទេ។

កាលពីថ្ងៃទី៨ ខែកក្កដាម្សិលមិញ អង្គការ​ពន្លកខ្មែរ និងប្រជាសហគមន៍ប្រមាណ២០០នាក់ដែលរស់នៅជុំ​វិញ​ព្រៃព្រះរការ នៅខេត្តព្រះវិហារ ក៏បាន​ប្រារព្ធព្រះរាជពិធីបុណ្យ«រុក្ខទិវា»នេះផងដែរ។

ប្រធានគ្រប់គ្រងកម្មវិធីនៃ​អង្គការពន្លកខ្មែរ លោក តែម វ៉េន បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ការដែលពួកគេ​​រៀបចំ​បុណ្យ​រុក្ខាទិវានេះឡើង ​​ក្នុង​គោលបំណងរំឭកគុណនិងឧទ្ទិស​​​​ដល់ព្រៃឈើ​ដែល​បាន​ផ្ដល់​ផល​ប្រយោជន៍ទៅ​ដល់​ប្រជាសហគមន៍ និងកៀរ​គរ​ពីគ្រប់មជ្ឈដ្ឋានឱ្យ​​ចូលរួម​ស្រឡាញ់ ថែរក្សា និង​ការពារ​ព្រៃឈើឱ្យ​បាន​គង់វង្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ