សមត្ថ​កិច្ច​ខេត្ត​​កំពង់ធំ​​ត្រៀម​បញ្ជូន​សំណុំ​រឿង​អ្នក​ឈូស​ឆាយ​ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២​​ទៅ​តុលាការ​

អគារនៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។ (ហ្វេសប៊ុក៖ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ)

មន្ត្រីជាន់ខ្ពស់សាលាដំបូងខេត្តកំពង់ធំ ឱ្យដឹងថា សមត្ថ​កិច្ច​កំពុង​ស្រាវជ្រាវនិងកសាងសំណុំរឿង​អ្នក​ជាប់ពាក់​ព័ន្ធនឹង​ការឈូសឆាយដីគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតក្នុងស្រុកស្ទោង​ ខេត្តកំពង់ធំ ដើម្បី​បញ្ជូន​ទៅតុលាការ។

ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា ប្រាប់ វីអូឌី នៅថ្ងៃ​ពុធ​នេះថា កាលពីម្សិល​មិញ លោកបានដឹកនាំកម្លាំងសមត្ថកិច្ចពាក់ព័ន្ធចុះឃាត់គ្រឿងចក្រចំនួន៥គ្រឿងរបស់ក្រុមហ៊ុន«គ្រួសារសុខសាន្ត» ដែលបាន​និងកំពុងធ្វើសកម្មភាពឈូសឆាយដីគម្រប​ព្រៃឈើឆ្នាំ​២០០២ អស់ជាង​១៧ហិកតា។ លោកថា ករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងស្រាវ​ជ្រាវ​រក​អ្នក​ពាក់​ព័ន្ធ​ផ្សេង ដើម្បីចាត់វិធានការទៅតាមច្បាប់។

បើតាមអ្នកនាំពាក្យរូបនេះ ​​គ្រឿង​​ចក្រចំនួន​៥គ្រឿងដែលប្រើសម្រាប់ឈូសឆាយដីព្រៃខុសច្បាប់​នោះ ត្រូវបានសមត្ថកិច្ច​​​យកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើស្រុកស្ទោង ខណៈអ្នកបើកបរគ្រឿងចក្របានរត់គេច​ខ្លួន​អស់។

លោកបន្ថែមថា៖ «កាលណាគេកសាងសំណុំរឿងហើយ គឺគេឈានដល់ការស្រាវជ្រាវរកជនល្មើសដែលពាក់ព័ន្ធ។ បើគាត់ប្រព្រឹត្តបទល្មើសហើយ យើងអាចកំណត់អត្តសញ្ញាណ ដើម្បីចាត់វិធានការច្បាប់តឹងរ៉ឹងហើយ»

អភិបាលខេត្តកំពង់ធំ លោក សុខ លូ សុំមិនធ្វើអធិប្បាយលើរឿងនេះ ដោយសារលោក​មិនទាន់ទទួលបានព័ត៌មាននេះច្បាស់លាស់នៅឡើយ។

វីអូឌី មិនទាន់អាចរកការបកស្រាយពីភាគីក្រុមហ៊ុនបានទេនៅថ្ងៃពុធនេះ។

មន្រ្តីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃ​សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ដែល​បាន​ស្រាវ​ជ្រាវ​​ករណីនេះ មានប្រសាសន៍​ថា ក្រុម​ហ៊ុន«គ្រួសារសុខសាន្ត»​ហ៊ានធ្វើសកម្មភាពឈូសឆាយដីគម្រប​ព្រៃឈើនោះ ដោយសម្អាងលើលិខិតទិញលក់ដែលមានការចុះហត្ថលេខាដោយអាជ្ញាធរពាក់ព័ន្ធមួយចំនួនទាំងខុសច្បាប់។

លោក​យល់ថា ការដែល​​មន្ត្រីតុលាការខេត្តកំពង់ធំ ដឹកនាំកម្លាំងចុះទប់ស្កាត់ឈូសឆាយដីគម្របព្រៃឈើនេះ ជាគំរូល្អមួយសម្រាប់ខេត្តផ្សេងទៀត។ លោកថា បច្ចុប្បន្ន ដីតំបន់ការពារ ដីបឹង ដីភ្នំ សឹងតែគ្រប់ខេត្ត គឺមាន​ម្ចាស់កាន់កាប់ដែលមានលិខិតទិញលក់ដោយខុសច្បាប់ ហើយ​​អ្នកដែលហ៊ានឈូសឆាសនិងកាន់កាប់តំបន់​ការពារទាំងនោះ​ ភាគ​ច្រើនជាអ្នកមានលុយមានអំណាច ដែលបានគប់គិតប្រព្រឹត្តអំពើពុករលួយ​ជាមួយអាជ្ញាធរ​ពាក់​ព័ន្ធ​មួយ​ចំនួនដើម្បីធ្វើលិខិតទិញលក់។

លោក ប៉ែន ប៊ុណ្ណារ៍ លើកឡើង​​ថា៖ «អ្នកដែលពាក់ព័ន្ធជាមួយការក្លែងបន្លំឯកសារសាធារណៈទាំងអស់នេះ នឹងទទួលទោសបទឧក្រិដ្ឋ​​ថែមទៀត។ យើងឃើញថា នៅទូទាំងប្រទេសយើងមានករណីនេះច្រើនណាស់។ អ៊ីចឹង ខ្ញុំសង្ឃឹមថា ករណីនៅកំពង់ធំជាគំរូមួយឱ្យខេត្តផ្សេងៗទៀតយកគំរូតាម ដើម្បីបង្ក្រាបនិងដកហូតយកដីរបស់រដ្ឋមកវិញ មានដីភ្នំ ដីបឹង និងដីផ្សេងៗទៀត យកមកទុកជាសម្បត្តិរដ្ឋវិញ។ ហើយជន​ដែលពាក់ព័ន្ធទាំងអស់ ត្រូវតែប្រឈមមុខជាមួយផ្លូវច្បាប់»

កាលពីខែឧសភា​ ឆ្នាំ២០២១ ក្រសួងបរិស្ថាន បាន​ណែនាំទៅ​អភិបាលរាជធានី-ខេត្តទាំងអស់ត្រូវ​បញ្ឈប់ជា​បន្ទាន់ និងត្រូវធ្វើមោឃភាពចោលរាល់ការចុះហត្ថលេខាឬការបញ្ជាក់ការកាន់កាប់ដីក្នុងតំបន់ការពារ រួម​ទាំងតំបន់របៀងអភិរក្សជីវចម្រុះ។

ការណែនាំរបស់ក្រសួងនេះ ធ្វើឡើងក្រោយពីក្រសួង​រកឃើញថា ​រដ្ឋបាលឃុំ-សង្កាត់មួយចំនួននៅ​តែ​​បន្តចុះ​ហត្ថលេខាបញ្ជាក់ការទទួលស្គាល់នៅលើលិខិត​ផ្ទេរ​សិទ្ធិ ពាក្យស្នើសុំកាន់កាប់និងការប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិ ស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះទាំងខុសច្បាប់។

ក្រសួងថា តំបន់ការពារធម្មជាតិនៅទូទាំង១១ខេត្ត មានចំនួនជាង៧០កន្លែង បាន​និងកំពុងរងការកាប់ទន្ទ្រាន​ធ្វើជាកម្មសិទ្ធិ ហើយមានការចុះហត្ថលេខាបញ្ជាក់ការទទួលស្គាល់លិខិតផ្ទេរសិទ្ធិការកាន់កាប់ពីរដ្ឋបាល​ឃុំសង្កាត់ទាំងខុសច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ