ថ្នាក់​ដឹក​នាំ​និង​សកម្ម​ជន​សហជីព​នៅ​ក្រុមហ៊ុន ស៊ីនទ្រី ទាំងអស់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​

បញ្ជីឈ្មោះកម្មករនិយោជិតក្រុមហ៊ុនប្រមូលសំរាម ស៊ីន ទ្រី ដែលត្រូវបានបញ្ជប់កិច្ចសន្យាការងារនៅថ្ងៃទី៣០ ខែមិថុនា បិទនៅរបងការិយាល័យរបស់ក្រុមហ៊ុន ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

ថ្នាក់ដឹកនាំនិងសកម្មជនសហជីពទាំងអស់ត្រូវ​ក្រុម​ហ៊ុន​ ស៊ីន​ទ្រី បញ្ចប់​កិច្ច​សន្យាការងា​រ​ព្រម​ជាមួយកម្មករ​ដទៃទៀតសរុ​ប​ជាង១ ០០០​នាក់ បន្ទាប់​ពី​ក្រុម​ហ៊ុន​ប្រមូល​សំរាមមួយនេះ​បាន​ផ្ទេរ​សិទ្ធិប្រតិ​បត្តិ​ការគ្រប់​គ្រង​សំរាម​នៅខណ្ឌចំនួន១០ ទៅឱ្យ​ក្រុមហ៊ុនថ្មីចំនួន២ទៀត កាល​ពីដើមខែកក្កដានេះ។ 

កាល​ពី​ចុង​ខែ​មិថុនា រដ្ឋបាល​រាជធានីភ្នំពេញ បាន​ប្រកាសបើកឱ្យក្រុមហ៊ុន Mizuda និង 800 Super ចាប់​ផ្តើមប្រតិបតិ្តការស​ម្អា​​​​ត ប្រមូល និងគ្រប់គ្រងសំរាមនៅ២តំបន់ ដែលមានខណ្ឌ១០ ក្នុងចំណោមតំបន់បែងចែកចំនួន៣ នៃរាជធានីភ្នំពេញ ចាប់ពីថ្ងៃ​ទី១ ខែកក្កដា ឆ្នាំ២​០២១ បន្ទាប់ពីពន្យារពេលអស់​​រយៈ​ពេល​៣ខែ។

ប្រធាន​សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃក្រុមហ៊ុន ស៊ីនទ្រី លោក កៅ សុខវ៉ាត លើកឡើង​ថា ថ្នាក់ដឹកនាំ​សហជី​ព រួមទាំង​រូបលោក សកម្មជនសកម្ម និងសមាជិកសកម្មដទៃទៀត គឺសុទ្ធ​តែ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជម្រុះពី​ការ​ងារ​​ជាមួយ​កម្មករ​ជា​​​​​ង​​១​ពាន់​នាក់។ 

លោកបន្ថែមថា លោកមិនបារម្ភចំពោះការបាត់បង់ការងារនៅក្រុមហ៊ុនដែលលោកបានបម្រើការអស់រយៈពេល១៣ឆ្នាំនោះទេ ប៉ុន្តែលោកបារម្ភចំពោះការរំលោភសិទ្ធិការងារ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការបាត់បង់អត្ថប្រយោជន៍ផ្សេងៗរបស់កម្មក​រនៅពេលគ្មានវត្តមានរបស់​សហជីព។

លោក កៅ សុខវ៉ាត និយាយថា៖ «សោកស្តាយដែរ​ ដោយសារធ្វើការខាងសំរាមនេះ​ប្រឈមមុខគ្រោះថ្នាក់ខ្លាំង ជួនអីយប់ៗអ៊ីចឹងមានអ្នកស្រវឹងមកបុកពីក្រោយស្លាប់ បាក់ដៃបាក់ជើងអីក៏មានដែរ។ ហើយបើអត់​មាន​សហជីពដើម្បីការពារពួកគាត់ដើម្បីរកផ​​ល​ប្រយោជន៍ឱ្យពួកគាត់ ដឹងតែពិបាកហើយ»។ 

លោកបន្ថែមថា៖ «គេនឹងធ្វើបាបពួកគាត់អីអ៊ីចឹង ដោយសារគាត់ខ្វះនូវចំណេះដឹ​ងគ្រប់គ្រាន់ ដើម្បី​តវ៉ាទាម​ទារ​អត្ថប្រ​យោ​​​​​​​​​​ជន៍អីផ្សេងៗ គឺគាត់មានការចេះដឹងនៅមានកម្រិត»

លោកបន្ថែមថា លោកកំពុងព្យាយាមស្វែងរកកិច្ចអន្តរាគមន៍​ពីរដ្ឋបាល​រាជធានីភ្នំបេញ ​ចំពោះ​បញ្ហា​កម្មករដែល​កំពុង​បាត់​បង់​ការងារ​នៅក្រុមហ៊ុន ស៊ីនទ្រី ប៉ុន្តែលោកមិនសូវមានសង្ឃឹមនោះទេ ដោយសារច្បាប់នៅកម្ពុជាគឺឋិតនៅតែលើបបូរមាត់អ្នកមានអំណាច​។

បើតាមប្រធានសហជីពរូបនេះនិងកម្មករមួយចំនួនលើកឡើងថា ពួកគេរាប់រយនាក់ដែលឋិតក្នុងបញ្ជីឈ្មោះនៅមិនទាន់រកកា​រ​ងារថ្មីបានធ្វើនៅឡើយ ដោយសារកម្មករមួយចំនួន​មិនចង់ចាកចេញ​ មួយចំនួន​ដាក់ពាក្យទៅក្រុមហ៊ុនថ្មីមិនជាប់ដោយសារកា​ររើសអើង និងមួ​យចំនួនរងគំនាបពីក្រុមហ៊ុន។

អតីតសកម្មជនសហជីពមួយរូបដែលទើបបានផ្លាស់ទៅបម្រើការនៅក្រុមហ៊ុន Mizuda ប្រាប់ វីអូឌី ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញ​​​ឈ្មោះដោយសារ​បារម្ភខ្លាច​មាន​ការ​រើស​អើង នៅថ្ងៃទី៥​ ខែកក្កដា​នេះថា លោក​បាន​ដាក់​ពាក្យ​នៅ​ក្រុមហ៊ុន​ថ្មី​មុន២​ខែ និង​ត្រូវ​ឈប់​មុន​១ខែ​ផង​ដែរ ដោយ​សារ​លោ​​កមិន​ជឿការ​ធានា​​របស់​រដ្ឋបាលរាជធានីភ្នំពេញ។

ប្រភពដដែលបន្ថែមថា ការងារក្រុមហ៊ុនថ្មីមានការតឹងរ៉ឹងបន្តិច ប៉ុន្តែតាម​ផ្នែក​នីមួយៗ​ទទួល​បានប្រាក់​ខែខ្ពស់​ជាង​ក្រុមហ៊ុន​ចា​ស់ ហើយ​អ្នកគ្រប់​គ្រងបាន​ធានាថានឹង​ផ្តល់​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ រួម​ទាំង​ប្រាក់ខែទី​១៣ តាមច្បាប់ការងារដោយមិនចាំ​បាច់មានការតវ៉ាទាមទារពីកម្មករ។ 

លោកនិយាយថា៖ «ខ្ញុំមានការសោកស្តាយចំពោះពួកគាត់ដែលបាត់បង់ការងារដែលខំតស៊ូនៅជាមួយ ស៊ីនទ្រី យូរហើយ! ហើ​យ​ទីបញ្ចប់ គាត់អត់មានការទទួលខុសត្រូវ ដោយក្រុមហ៊ុនមិនបានចូលរួមជំរុញឱ្យក្រុមហ៊ុនថ្មីទទួលពួកគាត់ចូលធ្វើការតាមកា​រសន្យាដូចជាជា​មួយថ្នាក់ដឹកនាំសហជីពនិង[រដ្ឋបាល]ក្រុង»

កម្មករបើកបររថយន្តប្រមូលសំរាមមួយរូប បានប្រាប់ វីអូឌី ឱ្យដឹងក្នុងលក្ខខណ្ឌសុំ​មិន​បញ្ចេញ​ឈ្មោះ ​​​​ខណៈ​លោក​កំពុង​ជួបជុំ​គ្នា​ជា​មួយ​កម្មករ​ប្រមាណជិត១០នាក់ នៅពីមុខហ្គារ៉ាស់រថយន្តក្រុមហ៊ុន​ ស៊ីន​ទ្រី កាល​ពីថ្ងៃសុក្រ ទី២ ខែកក្កដា ថា​កម្មកររាប់​រយនាក់ត្រូ​វបានក្រុមហ៊ុនបញ្ចប់កិច្ចសន្យាការងារដោយរាប់ទាំងរូប​លោក​ តាមរយៈការបិទផ្សាយបញ្ជីឈ្មោះនៅរបងក្រុមហ៊ុនក្នុងខណ្ឌដង្កោ។

ប្រភពដដែលនិយាយថា៖ «មេខណ្ឌខ្ញុំទៅក្រុមហ៊ុនថ្មីអស់ហើយ! ដល់ពេលខ្ញុំ គេហៅទៅដែរ! ប៉ុន្តែខ្ញុំថា ស្មោះ​ត្រង់​ក្រុម​ហ៊ុន កុំឱ្យ​គេ​ថាយើងងាកទៅណេះងាកទៅណោះ។ ដល់ពេលឥលូវ គេព្រលែងដៃចោលបាត់ ហើយ​គេចង​ជើងយើងទៀត។ ដល់ពេលឃា​​​​ត់មិនឈ្នះអីអ៊ីចឹង គេដាក់ឱ្យផ្តិតមេដៃសន្យា បើយើងទៅដាក់ពាក្យ​នៅក្រុមហ៊ុនថ្មី សងលុយគេ»។

លោកបន្ថែមថា លោកមិនទាន់បានទៅដាក់ពាក្យរកការងារថ្មីនៅកន្លែងណានៅឡើយ ហើយលោកក៏មិនដឹងទៅរកអ្នកណាឱ្យជួយគិតគូរ​នោះដែរ។ 

កម្មកររូបនេះនិយាយថា៖ «មិនដឹងគិតម៉េចទេ បើមួយៗវាអត់មានដំណោះ​ស្រាយ។ និយាយរួម អត់មានមេ វា​ពិបាក មិនដឹងគិតថា​ម៉េច! បើមានមេជួយដោះស្រាយឱ្យ យើងចេះតែតាមមេ។ នេះអត់មានមេណាឈរដោះស្រាយឱ្យផង»។ 

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល លើកឡើងថា រដ្ឋបាល​រាជធានីភ្នំពេញ បានសន្យាមិនឱ្យកម្មករក្រុមហ៊ុន ស៊ីនទ្រី ណាម្នាក់បាត់បង់ការងារ កាលពីអំឡុង​ពួកគេធ្វើកូដកម្មតវ៉ាកាលពីខែតុលា ឆ្នាំ២០២០ ដោយធានាផ្ទេរពួកគេទៅក្រុមហ៊ុនថ្មី ប្រសិនបើក្រុមហ៊ុន ស៊ីនទ្រី ដេញថ្លៃមិនបាន។

លោកបន្ថែមថា ប៉ុន្តែពេលនេះ ខាងរដ្ឋបាលរាជធានីភ្នំពេញបានត្រឹមស្នើឱ្យកម្មករទៅដាក់ពាក្យ​នៅក្រុម​ហ៊ុន​ថ្មីទាំង​២ ដោយខាងរដ្ឋបាលរាជធានី​នឹងជួយសម្របសម្រួលជាមួយក្រុមហ៊ុន។  

ដោយឡែក សម្រាប់ការបញ្ឈប់ថ្នាក់​ដឹក​នាំនិងសកម្មជន​សហជីពប្រចាំក្រុមហ៊ុន ស៊ីនទ្រី វិញ លោក កុសល មើលឃើញថា ត្រូវបានធ្វើឡើងខុសពីនីតិវិធីច្បាប់ស្តីពីសហជីព។ លោកថា ដើម្បីបញ្ឈប់ពួកគេបាន លុះត្រាតែឆ្លងកាត់មការបោះឆ្នោតគាំទ្រដោយសំឡេង ៥០+១ ពីសមាជិក រំលាយដោយសាល​ក្រម​តុលាការ និងក្រុមហ៊ុនមិនមានបញ្ហាបិទទ្វារឬបញ្ឈប់ដំណើរការទាំ​ងស្រុង។

លោក ទូច កុសល ថ្លែងថា៖ «កន្លែងធ្វើការនីមួយៗ បើសិនជាមិនមានសហជីពតំណាង​ពួកគាត់ទេ លក្ខ​ខណ្ឌ​ការ​ងារ​មិន​បាន​ល្អ​ប្រសើរ​ទេ វាអាចមានការរំលោភលក្ខខណ្ឌការងារពីសំណាក់និយោជក។ បើសិន​ជា​មាន​សហជីពទៅ​ មាន​ការ​ការ​ពារ ធានា គិតគូរផលប្រយោជន៍របស់កម្មករ។ តែបើសិនជាកាលណា​ក្រុម​ហ៊ុន​ចង់រំលាយសហជីពហើយ គឺថាខ្ញុំព្រួយបារម្ភពីរំលោភបំពាន កេងប្រវ័ញ្ច ការធ្វើទុក្ខបុកម្នេញទៅដល់កម្មករតែម្តង»។

វីអូឌី មិនអាចទាក់ទងសុំការអធិប្បាយពីអ្នកនាំពាក្យរដ្ឋបាល​រាជធានីភ្នំពេញ លោក ម៉េត មាសភក្តី និង​ប្រធាន​ក្រុមហ៊ុន​ស៊ីន​ទ្រី លោក សេង សាវី និងប្រធានគ្រប់គ្រងធនធានមនុស្សនៅក្រុ​មហ៊ុន Gaea Waste Management លោក ជី វុន បានទេ នៅថ្ងៃ​ទី​​​៥​ ខែកក្កដា​។

ដោយឡែក ជំនួយការតំណាងការិយាល័យក្រុមហ៊ុន Mizuda ប្រចាំនៅកម្ពុជា លោក សៀង សមុទ្ទមាស ប្រាប់ វីអូឌី ឱ្យដឹងនៅសប្តាហ៍មុនថា ក្រុមហ៊ុនរបស់លោកបានរើសកម្លាំងកម្មករបានគ្រប់គ្រាន់ហើយ​ ហើយនិងមិនទាន់មានគម្រោងរើសបន្ថែមនៅឡើយ។

រដ្ឋបាល​​​រាជធានី​ភ្នំពេញ បាន​ដកហូត​សិទ្ធិ​កាន់កាប់​ប្រតិបត្តិ​ការ​ប្រមូល​សំរាម​ពី​ក្រុមហ៊ុន​ ស៊ីន​ទ្រី មក​គ្រប់គ្រង​ក្នុង​ឆ្នាំ២០១៩ បន្ទាប់ពី​លក្ខខណ្ឌ​ការងារនិង​សេវាកម្ម​របស់​ក្រុមហ៊ុនត្រូវ​បាន​ចោទ​ថាមាន​ភាព​ខ្វះចន្លោះ ហើយ​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន សន្យា​ថា នឹង​បង្កើន​ប្រសិទ្ធភាព​សេវាកម្ម​សម្អាតនិង​ប្រមូល​សំរាម​​ក្នុង​ទីក្រុងឱ្យ​បាន​ល្អ​ប្រសើរ ដែលធ្វើឡើងតាមរយៈការបែងចែកសិទ្ធិប្រមូលសំរាមទៅឱ្យក្រុមហ៊ុនផ្សេងគ្នា។

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ រដ្ឋបាល​រាជធានីភ្នំពេញ បានសន្យាជាលាយលក្ខណ៍អក្សរជាមួយកម្មករនិយោជិតក្រុមហ៊ុន ស៊ីនទ្រី​ ដែលមានប្រមាណ២ ១៥០នាក់ ដោយធានាការផ្តល់សំណងបញ្ចប់កិច្ចសន្យាការងារស្រ​បទៅតាមច្បាប់ និងមិនឱ្យពួកគេបាត់បង់ការងារពេលក្រុមហ៊ុនថ្មីដែលឈ្នះការដេញថ្លៃចូលមកគ្រប់គ្រងនិងប្រមូលសំរាមជំនួសក្រុមហ៊ុនរ​ប​ស់ពួកគេ។ ការសន្យានេះធ្វើឡើងបន្ទាប់​ពី​កម្មករ​ក្រុមហ៊ុនប្រមូលសំរាមមួយនេះ បានផ្ទុះកូដកម្មតវ៉ាមិនទៅធ្វើការអស់រយៈពេលជិត១សប្តាហ៍

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ