ចៅ​ក្រម​បន្ត​ស៊ើប​អង្កេត​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ ឱ្យដឹងថា រឿងក្តីទាក់ទិននឹង​អំពើឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ត្រូវបានចៅក្រមបន្តដាក់​ឱ្យមាន​ការ​ស៊ើប​អង្កេត​រកអ្នកនៅ​ពីក្រោយឬជនសមគំនិតនៃ​ការ​បាញ់ប្រហារ​នេះ ខណៈបុណ្យខួបគម្រប់៥ឆ្នាំ​នៃអំពើឃាតកម្ម ​នឹងត្រូវគេរៀបចំនៅថ្ងៃទី​១០ ខែ​កក្កដា ខាងមុខ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បញ្ជាក់​តាម​​សារអេឡិច​ត្រូនិច​ថា សំណុំ​រឿងលោក​បណ្ឌិត កែម ឡី ដែលត្រូវ​​បាន​​បំបែក​​​​ចេញជាពីរនេះ គឺមិនទាន់បានបិទបញ្ចប់នៅឡើយទេ ដោយ​​​បច្ចុប្បន្ន ចៅក្រមស៊ើបសួរបានស្នើឱ្យសមត្ថកិច្ចបន្តនីតិវិធីសួរនាំ​អ្នក​​​​​​​ពាក់​​​ព័ន្ធផ្សេងទៀតក្នុ​​ងសំណុំរឿងព្រហ្មទណ្ឌនេះ។

ប៉ុន្តែលោក អ៊ី រិន្ទ មិនបានបញ្ជាក់ថាតើមានជនសង្ស័យប៉ុន្មាននាក់ហើយដែលសមត្ថកិច្ច​​កំពុង​​សួរនាំ ហើយនីតិវិធីនេះបន្តដល់ណាហើយ​នោះទេ។

បន្ថែមលើសារអេឡិចត្រូនិចនេះ លោក អ៊ី រិន្ទ ឱ្យដឹងថា មូលហេតុដែលនាំឱ្យតុលាការមិនអាចបញ្ជាក់ពីអត្តសញ្ញាណជនសង្ស័យ ឬការបន្តនីតិវិធី​​បែប​​​​ណានោះ ព្រោះនេះជាដំណាក់កាលនៃការស៊ើបអង្កេត។ លោកបន្ថែមថា ការទម្លាយពីចំណាត់ការនៃការស៊ើបអង្កេត វានឹងនាំឱ្យប៉ះពាល់​ដល់​​​នីតិ​​វិធីសម្ងាត់​នៃការបំពេញការងាររបស់សមត្ថកិច្ច។

លោកថា៖ «ទាក់ទងទៅនឹងនីតិវិធីស៊ើបសួរនៅក្នុងការរក្សាការសម្ងាត់។ ខ្ញុំជម្រាប​ជូនបាន​តែ​ប៉ុណ្ណឹង​ទេ»។

ពាក់ព័ន្ធនឹ​ងចំណាត់ការរបស់សមត្ថកិច្ចវិញ វីអូឌី មិនអាចសុំការបំភ្លឺបន្ថែមពីលោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ បានទេ នៅថ្ងៃនេះ។

លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់ប្រហារទាំងព្រឹក​ព្រលឹម និងបណ្តាលឱ្យស្លាប់​ភ្លាមៗនៅនឹ​ង​កន្លែង​កាលពីថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០១៦ ស្ថិតនៅ​ក្នុង​ម៉ាតនៃ​​បរិវេណហ្គារ៉ាស់សាំងកាល់​តិច ស្តុប​បូកគោ។ ក្រោយ​មក សមត្ថកិច្ចចាប់ខ្លួនឃាតករម្នាក់​ដែល​​បាញ់​​​​​​សម្លាប់លោកបណ្ឌិត កែម ឡី ដោយសារភាពថា ខ្លួន​​ឈ្មោះ ជួប សម្លាប់ ប៉ុន្តែគេស្គាល់ឈ្មោះពិតថា អឿត អាង។ ទាំង​ក្នុងដំណាក់​កាល​យក​ចម្លើយនៅ​​ចំពោះមុខ​នគ​របា​ល​​យុ​​ត្តិធម៌ និងថ្ងៃ​ជំនុំ​ជម្រះអំពើ​បាញ់ប្រហារ​នេះ លោក អឿត អាង បញ្ជាក់ថា មានតែរូបគេម្នាក់​​ប៉ុណ្ណោះជាជនដៃដល់នៃអំពើ​​ឃាតកម្ម​​នេះ ហើយ​មូលហេតុដោយសារលោក​​បណ្ឌិត កែម ឡី ​​ជំពាក់លុយ​​គាត់​ចំនួន៣ ០០០ដុល្លារ ​​មិន​ព្រម​សង។

កាលពីខែមីនា ឆ្នាំ២០១៧ តុលាការក្រុងភ្នំពេញបានសម្រេចផ្តន្ទាទោសឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដាក់ពន្ធនាគារអស់មួយជីវិត ក្រោមបទ​​ចោទ​ «ឃាត​​កម្មគិតទុកជាមុន» និងបទចោទមួយទៀត «កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»

​​នៅក្នុងដំណាក់​​កាល​​នៃ​​ដំណើរក្តី ប្រធានក្រុមប្រឹក្សា​ជំនុំជម្រះនៃសាលាដំបូងរាជធា​​នីភ្នំពេញ លោក លាង សំណាត់ បានបែងចែកសំណុំរឿងនេះជាពីរ ក្នុងនោះ​ សំណុំរឿងទី១ ពាក់ព័ន្ធការកាត់ទោស​​ឃាតករឈ្មោះ អឿត អាង និង​សំណុំរឿងទី២ ផ្តោត​លើការ​ស៊ើប​​អង្កេត​​រកអ្នកពាក់ព័ន្ធឬអ្នកនៅពីក្រោយខ្នងនៃអំពើបាញ់ប្រហារនេះ។

ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ រឿងក្តីដែលបានញែកជាពីរនេះហាក់នៅទ្រឹង​មិន​ដំណើ​រ​​​ការរហូត​មកដល់បច្ចុប្បន្ន។

ភរិយាលោកបណ្ឌិត កែម ឡី គឺអ្នកស្រី បូ រចនា ប្រាប់ វីអូឌី ពីប្រទេសអូស្រ្តាលី ជាទីដែលអ្នកស្រីនិងកូនៗទាំង៥នាក់សុំសិទ្ធិជ្រកកោន​​ផ្នែក​​នយោបាយ នៅថ្ងៃទី​៥ ខែកក្កដា​​នេះ​ថា អ្នកស្រីមិនជឿលើការរកយុត្តិធម៌របស់តុលាការនិងសមត្ថកិច្ច​កម្ពុជាទេ។

អ្នកស្រីបន្តថា មាន​​​សំណុំរឿងធំៗជាច្រើន ដូចជា ករណី​ឃាតកម្មលើលោក ឈុត វុទ្ធី និង​លោក ជា វិជ្ជា ជាដើម ត្រូវបានកប់ចោលនិងនៅបន្តអូសបន្លាយរាប់ឆ្នាំ គ្មាន​​បានផលអ្វី រហូតមកដល់ពេលនេះ។ ​អ្នកស្រីបន្តថា ការលើកឡើងនៅពេលនេះរបស់តុលាការ វាគ្រាន់តែធ្វើឱ្យល្អមើលនិងដើម្បីកុំឱ្យ​​ព័ត៌មាន​​នេះ​​ស្ងប់​​ស្ងាត់ប៉ុណ្ណោះ។

អ្នកស្រីបន្តថា៖ «​យើងក៏ដឹងហើយ គ្រប់គ្នាថាគាត់បំបែក​សំណុំរឿងជាពីរអីហ្នឹង គឺវាសុទ្ធតែ​ជាលេសទេ។ ​គាត់វាគ្មាន​ចំណាត់ការ ហើយ​ក៏គ្មានស៊ើបសួរខាងណា​ខាងណីបានមួយតង់ពីរតង់​អីទេ។ គាត់និយាយកុំឱ្យតែស្ងាត់ព័ត៌​មាន ពេលសួរទៅ អត់​មានអីទៅ។​ ខ្ញុំអត់​មាន​ជំនឿ​ជឿជាក់ក្នុងចិត្តអីសូម្បីតែបន្តិចសោះហ្មង»។

នៅមុនថ្ងៃបុណ្យរម្លឹកខួប៥ឆ្នាំ នឹងមកដល់នៅថ្ងៃទី​១០ ខែកក្កដា​ ឆ្នាំ២០២១ ខាងមុខនេះ នៅលើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក គេសង្កេតឃើញ​​មាន​​យុវជន បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល និងអ្នក​គោរព​ស្រឡាញ់លោកបណ្ឌិត កែម ឡី បានប្តូររូបថត​នៅលើប្រូហ្វាល់របស់ពួកគេជាហូរហែ។

លោក ឃី ពិសី អ្នកសិក្សាផ្នែកវិទ្យាសាស្រ្តនយោបាយនៅរាជធានីភ្នំពេញ មានប្រសាសន៍​ថា ហេតុផល​ដែល​លោក​សម្រេចចិត្តប្តូររូបប្រូហ្វាល់ដែលមានរូប​លោកបណ្ឌិត កែម ឡី ដោយសារតែលោកស្រឡាញ់​វីរភាពលោកបណ្ឌិត និងចូលចិត្តការវិភាគសង្គមរបស់លោក។ ជាងនេះ​ទៀត លោកបណ្ឌិតនិយាយនិងវិភាគមានលក្ខណៈបែបវិទ្យាសាស្រ្ត ហើយរាល់ការវិភាគរបស់លោក​បណ្ឌិតតែងតែឆ្លុះបញ្ចាំងការពិតក្នុងសង្គមកម្ពុជា។

ពាក់ព័ន្ធនឹងរឿងការប្តូររូបប្រូហ្វាល់នេះដែរ អ្នកស្រី សាក់ កន្និការ បុគ្គលិកអង្គការសង្គមស៊ីវិលម្នាក់ទៀត បាននិយាយថា ការសម្រេចចិត្តប្តូររូបប្រូហ្វាល់ដាក់រូប​លោកបណ្ឌិត កែម ឡី ជាការរម្លឹក​គុណ​នូវ​អ្វីដែលលោកបានធ្វើសម្រាប់​ប្រទេសកម្ពុជា ដោយសារលោកបណ្ឌិតជាបុគ្គលគំរូម្នាក់ដែលលោកបានបន្សល់ទុកនូវវីរភាពជាច្រើន​ ដូចជា ​ហ៊ានលះបង់ពេលវេលាផ្ទាល់ខ្លួនដើម្បីផលប្រយោជន៍រួម ហ៊ាននិយាយការពិតដែលអ្នកផ្សេងមិនហ៊ាននិយាយ។

អ្នកស្រីបន្តថា៖ «កម្រងនៃទស្សនៈនយោបាយនិងការវិភាគបញ្ហាសង្គមរបស់លោកបណ្ឌិត កែម ឡី នៅតែមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋនិងយុវជនខ្មែរគួរយកអនុវត្តតាម»។

ដោយឡែក នាយករងអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត យល់ឃើញថា ការព្យាយាមបំបែកសំណុំរឿងជាពីររបស់តុលាការនេះ អាច​​មាន​​​ហេតុ​​​​ផលដើ​ម្បីបង្ហាញថា រឿងក្តីនេះនៅតែបន្តនីតិវិធីក្នុងការស៊ើបអង្កេតរបស់តុលាការឬសមត្ថកិច្ច។

លោកបន្តថា ការ​​ទទួល​​បាន​​យុត្តិ​​ធម៌​​​​កម្រិតណា​​ពីកា​​រញែក​​សំណុំ​​រឿង​​ព្រហ្ម​​ទណ្ឌមួយនេះ គឺ​ត្រូវ​រង់ចាំមើលបន្តទៀត។

លោកបន្តថា៖ «​​បើយើងមើលទៅលើការបំបែក​​​សំណុំរឿង​នេះ ​​គ្រាន់​​តែ​​បង្ហាញ​​ថា ​​សំ​​ណុំ​​​​រឿងលោកបណ្ឌិត កែម ឡី ហ្នឹងគឺមិនទាន់ចប់ទេ គឺគេកំពុងតែ​​ដំណើរការ។ ​​បើយើង​​មើលទៅ​​លើភាព​​ជាក់ស្តែង​​មកដល់ពេលនេះ មិន​ទាន់​​មាន​​អ្វី​​ដែល​​ជាការវិវត្តនៃសំណុំរឿងទាំង២នេះទេ»។

សម្រាប់ម្តាយលោកបណ្ឌិត កែម ឡី គឺអ្នកស្រី ភោគ សេ ថ្លែងថា សម្រាប់បុណ្យរម្លឹកខួប៥ឆ្នាំ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១០ ខែកក្កដា ខាង​​មុខ​​នេះ ពុំ​មានការ​​រៀបចំពិធីធំដុំអ្វីទេ ដោយ​​គ្រាន់​តែ​​​​និមន្ត​ព្រះសង្គ៥អង្គ សូត្រមន្ត រាប់បាត្រ និងមានការចូលរួមតិចតួចពីសាច់ញាតិប៉ុណ្ណោះ ដើម្បីចៀសវាង​មានបញ្ហាជាមួយអាជ្ញាធរ និងដើម្បីបង្ការកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ