លោកស្រី​ មូរ សុខហួរ​ ចាត់​ទុក​ការ​ចាប់​ខ្លួន​កូន​សកម្ម​ជន​អតីត​បក្ស​ប្រឆាំង​ថា​​ជា​ការ​​គំរាម​ឱ្យ​ចុះ​ចូល​ខ្វះ​គុណធម៌​

លោកស្រី មូរ​ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះ​ជាតិ​

អតីត​មេដឹកនាំ​បក្សប្រឆាំង​ដែលកំពុងនិរទេសខ្លួន អំពាវនាវឱ្យអាជ្ញាធរកម្ពុជាដោះលែង​កូនប្រុស​​របស់​សកម្ម​ជនម្នាក់ឱ្យមានសេរីភាពវិញ ដោយចាត់ទុកការចាប់​ខ្លួននិងចោទប្រកាន់​នោះ​​ថា ជា​ការគំរាមកំហែងផ្នែកនយោបាយនិងបង្ខំឱ្យចុះចូល​ដោយខ្វះគុណធម៌។

អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ឱ្យដឹងនៅថ្ងៃសុក្រនេះថា យុវជនម្នាក់ឈ្មោះ កាក់ សុវណ្ណច្ឆ័យ អាយុ១៦ឆ្នាំ ត្រូវ​ជាកូនរបស់​សកម្មជនអតីតគណបក្ស​សង្គ្រោះជាតិ លោក កាក់ កុម្ភារ ត្រូវបាននគរបាលនិងព្រះរាជអាជ្ញាអមសាលាដំបូង​រាជធានី​ភ្នំពេញ ចាប់ខ្លួន កាលពីម៉ោង៨និង៣០នាទី យប់ថ្ងៃម្សិលមិញ​ ដោយមិនបានបង្ហាញដីកា​ប្រាប់ពីកំហុសនោះទេ។ ករណីនេះ លោកស្រីបានចាត់ទុកចំណាត់ការ​ចាប់ខ្លួនកូនប្រុសរបស់​សកម្ម​ជន​រូប​​នោះ ថា​ធ្វើឡើង​ខុស​​នីតិវិធី។

លោកស្រី មូរ សុខហួរ ​បន្តថា លោក កាក់ កុម្ភារ ដែល​ជា​ឱពុករបស់​ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ត្រូវ​បានសមត្ថកិច្ចចាប់ឃុំខ្លួននៅពន្ធនាគារ​ព្រៃស ជិត១ឆ្នាំមកហើយ ដោយរង​ការ​ចោទ​ពីបទ​ «រួមគំនិតក្បត់ និងញុះញង់មិនឱ្យយោធាស្តាប់បង្គាប់»។ លោកស្រីថា វិធានការចាប់​ខ្លួនសកម្មជននិងសាច់ញាតិសកម្មជនអតីតបក្សប្រឆាំង​ជាបន្តបន្ទាប់នេះ ជាកា​រ​គំរាមកំហែង​ផ្នែក​នយោ​បាយ និងបំបាក់ស្មារតី​សកម្មជនរបស់ខ្លួនឱ្យចុះចូល​​ជាមួយបក្សកាន់អំណាច។

ជាមួយគ្នានេះដែរ លោកស្រី មូរ សុខហួរ បាន​ជំរុញឱ្យមានការដោះលែងកូននិងសកម្មជន​របស់​គណបក្សនេះ​ដោយគ្មានលក្ខខណ្ឌ ដើម្បីបង្ហាញថា ការអនុវត្តច្បាប់មិននៅក្រោមការបង្គាប់បញ្ជារបស់គណបក្សកាន់អំណាច។

លោកស្រីនិយាយ​ថា៖ «ដោះលែងឪពុកគេទៅ ដោះលែងគ្រួសារគេទៅ [កាក់ សុវណ្ណច្ឆ័យ] កុំបន្តនូវការយាយី កុំបន្តនូវការគំរាមកំហែង​ យើងកុំបន្តសកម្មភាពអត់មានគុណធម៌ អត់មានសីលធម៌ ដើម្បីតែអំណាចខ្លួនឯងនោះ នេះជារឿង​នយោបាយសុទ្ធសាធ តុលាការជា​ឧបករណ៍នៃ​លោក ហ៊ុន សែន»។

អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បាន​ច្រាន​ចោល​ការចោទ​ប្រកាន់​នេះ និងថា សមត្ថកិច្ច​មាន​ភស្តុតាង​​សារ​ជាសំឡេង និងមួយទៀតនៅក្នុងគ្រុប​តេឡេក្រាម។ លោកបន្ត​ថា ការចុះអនុវត្តច្បាប់លើ ឈ្មោះ កាក់ សុវណ្ណច្ឆ័យ ​ដែលមានការ​ចូល​រួម​ពី​ព្រះរាជអាជ្ញា ធ្វើឡើងក្រោយ​សមត្ថកិច្ចរកឃើញ​​បទល្មើស​ជាក់ស្តែងចំនួន​២ករណី ក្នុង​នោះ​​មាន ​បទ «ញុះញង់បង្ក​ឱ្យ​មានភាពវឹកវរធ្ងន់ធ្ងរដល់សង្គមជាតិ» និង​បទ «ប្រមាថទៅលើមន្ត្រីរាជការសាធារណៈ»

លោ​កថា៖ «បើគ្មានការញុះញង់ឬប្រមាថអីផ្សេងៗ គ្មាននរណាសុខៗគេទៅចាប់ទេ។ បើអ៊ីចឹង គេទៅចា​ប់ប្រជាពលរដ្ឋអស់ហើយ​ ​អ៊ីចឹងមានន័យថា វាលើកលែងតែមានការប្រព្រឹត្តអំពើខុសអីទៅ បានសមត្ថកិច្ចគេមានវិធានការតាមច្បាប់»។

អ្នកស្រី ព្រុំ ចាន់ថា ដែលជា​ម្តាយរបស់​ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ និយាយថា កូនគាត់​មាន«ជំងឺ​អូទីស៊ឹម»តាំង​ពី​កំណើត ហើយឆាប់​ទទួល​ប្រតិកម្មតប​ប្លែកៗពេលទទួលរងនូវការប៉ះទង្គិចអ្វីមួយ ពិសេស​ការខល​​ត្រឡប់​ទៅវិញតាម​បណ្តាញស​ង្គម ចំពោះអ្នកដែលបានប្រមាថឪពុករបស់​គាត់​​ថាជាជន​ក្បត់ជាតិឬជាក្រុមឧទ្ទាម​ជាដើម​នោះ។

ស្ត្រីវ័យ​៤៤ឆ្នាំរូបនេះ​បានរៀបរាប់ទៀតថា អំឡុងពេល​សមត្ថកិច្ច​ចូលចាប់​កូនប្រុសរបស់គាត់កាលពីយប់​មិញ គាត់​ឃើញ​កម្លាំង​ចម្រុះប្រហែល២០នាក់បានពង្រាយព័ទ្ធ​ជុំវិញ​ផ្ទះ​គាត់ ស្ថិតនៅសង្កាត់បឹង​ទំពុន​២ ខណ្ឌមាន​ជ័យ ក្នុងនោះ សមត្ថកិច្ច​ចំនួន៩នាក់បានសម្រុកចូលទៅក្នុងផ្ទះ ចាប់ក្រៀកគាត់ និងចាប់វាយខ្នោះកូនប្រុសគាត់តែម្តង។

អ្នកស្រីថា៖ «ខ្ញុំអំពាវនាវឱ្យអង្គការជាតិនិងអន្តរជាតិជួយឃ្លាំមើលកូនខ្ញុំផង និងសូមឱ្យរដ្ឋាភិបាលដោះលែងកូនប្រុសខ្ញុំមកវិញមក គាត់នៅក្មេងណាស់ គាត់ជាអនីតិជន គាត់​អត់​ទាន់​គ្រប់អាយុទេ ហើយចាប់គាត់អ៊ីចឹងធ្វើបាបគាត់ណាស់ អ៊ីចឹងស្មារតីគាត់មិនដឹងបាក់ស្បាតប៉ុនណាទេ»។

អ្នកស្រី ព្រុំ ចាន់ថា ជាស្ត្រីមួយរូបក្នុងចំណោមស្ត្រីប្រមាណ១០នាក់ដែលសកម្ម​ក្នុងការ​ប្រមូល​ផ្តុំតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ និង​ដើរដាក់ញតិ្តតាមស្ថានទូតនានាជា​រៀង​រាល់​ថ្ងៃ​សុក្រ​ ដើម្បីស្វែងរកកិច្ច​​អន្តរាគមន៍ពីស្ថាប័នទាំងនោះ ឱ្យ​មាន​​ការដោះលែងស្វាមី​របស់​អ្នកស្រី​ដែល​កំពុងជាប់​ឃុំ។

ចំណែកក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ធ្លាប់​ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនម្តងហើយ កាល​ពី​ខែតុលា ​ឆ្នាំ២០២០ ពីបទ «ចូលទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ» នៅសង្កាត់ចាក់អង្រែលើ បំពានលើបម្រាម​តុលាការ។ ប៉ុន្តែក្មេងប្រុសរូបនោះត្រូវ​បានសមត្ថកិច្ច​ដោះលែងវិញ ក្រោយ​​សាកសួរ​អស់​៤៨ម៉ោង។ បើតាមម្តាយបង្កើតរបស់ក្មេងប្រុសនេះ ប៉ុន្មានខែក្រោយ​មក ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ត្រូវបានជនមិន​ស្គាល់មុខលួច​វាយពីក្រោយបណ្តាលឱ្យបែកក្បាយដេរ២០ថ្នេរ ហើយថា ច្រើនខែមកនេះ សមត្ថកិច្ចនៅមិនទាន់រកឃើញជនដៃដល់នៅឡើយទេ។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ការចាប់ខ្លួននេះជាការ​គំរាម​កំហែង​ដល់សេរីភាពបញ្ចេញមតិ ដោយថា ក្មេងប្រុស សុវណ្ណច្ឆ័យ និងម្តាយ ជាមនុស្សសកម្មក្នុងការ​តវ៉ា​​ទាមទារឱ្យដោះលែងក្រុមគ្រួសារនិងអតីតសកម្មជនបក្សប្រឆាំងពីពន្ធនាគារ។

លោកថា៖ «អ៊ីចឹងបើការចាប់ខ្លួនពីម្សិលមិញ ហើយព្រឹកនេះគឺជាព្រឹត្តិការណ៍ដែលស្ត្រីថ្ងៃសុក្រហ្នឹង អ៊ីចឹងបើយើង​មើលពីរូបភាព​ទូទៅ វាជាការធ្វើទុក្ខបុកម្នេញបំភិតបំភ័យ​ទៅដល់អតីតសកម្មជនបក្សប្រឆាំងហ្នឹង»។

យ៉ាងណា អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះជំរុញឱ្យស្ថាប័នអនុវត្តច្បាប់ អនុវត្តតាមបទដ្ឋានជាតិនិងអន្តរជាតិ ដើម្បីបញ្ចៀសការរិះគន់ដែលថា​ការអនុវត្តច្បាប់នៅកម្ពុជាមានស្តង់ដារពីរ ខណៈជនដៃដល់មួយចំនួនដែលប្រើអំពើហិង្សាទៅក្រុមអតីតបក្សប្រឆាំង​ សមត្ថកិច្ច​មិន​ទាន់បាន​នាំខ្លួន​មកផ្តន្ទាទោសនៅឡើយ។

បើតាមលោកស្រី មូរ សុខហួរ គិត​ត្រឹម​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២១ មានអតីតសកម្មជននិងមន្រ្តីគណបក្សសង្គ្រោះជាតិចំនួន៣នាក់បានស្លាប់ ដោ​យសារ​រងអំពើហិង្សាដែលបង្កឡើងដោយ​ជ​​នមិនស្គាល់មុខ ក្នុងចំណោមជនរងគ្រោះសរុបនៅ​ទូទាំងប្រ​ទេសចំនួន៣១នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ