រដ្ឋា​ភិបាល​ត្រៀម​ចែក​ដី​សង្គម​កិច្ច​៣​ម៉ឺន​ហិកតា​ជូន​ពលរដ្ឋ​ក្រីក្រ​ជាង​៦​ពាន់​គ្រួសារ​

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ លោក ជា សុផារ៉ា ថ្លែងក្នុងកិច្ចប្រជុំស្ដីពីការងារសិក្សាគម្រោងប្លង់ និងសាងសង់អគារ ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ ជន ចាន់រ៉ែន

រដ្ឋាភិបាលត្រៀមបែងចែកដីសង្គមកិច្ចទំហំ៣០ ០០០​ហិកតា ជូន​ប្រជាពលរដ្ឋក្រីក្រជាង៦ ០០០គ្រួសារ​​ដែល​​កំពុ​ងខ្វះខាតដីធ្លី​សម្រាប់រស់នៅនិងអាស្រ័យផល នៅតំបន់គោលដៅមួយចំនួ​ន​តាមបណ្តារាជធានី-ខេត្ត ដើម្បី​ជួយកាត់បន្ថយភាពក្រីក្រ​និងការចំណាកស្រុក​របស់​ពលរដ្ឋ។

ក្នុងសេចក្តីប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំគម្រោងបែងចែកដីសង្គមកិច្ចទំហំ៣០ ០០០​​ហិកតាដល់ពលរដ្ឋក្រីក្រ ក្នុងនោះ មានផ្ទៃដី១០ ០០០​ហិកតា សម្រាប់សហគមន៍ជនជាតិដើមភាគតិច។

ក្រសួង​បញ្ជាក់ថា ប្រជាពលរដ្ឋដែលទទួលបានផលពីគម្រោងមួយនេះមាន៦ ៥០០គ្រួសារ ក្នុងនោះ​​មានសហគមន៍ជនជាតិដើមភាគតិច១ ៥០០គ្រួសារ ដោយទីតាំងដែលត្រូវបែងចែកដីសង្គមកិច្ចនេះ គឺមាន៧១ទីតាំង ក្នុងនោះ​ ​២៦ទីតាំងសម្រាប់ការងារដីសម្បទានសង្គមកិច្ច និង៤៥ទីតាំងទៀតសម្រាប់​សហគមន៍ជនជាតិដើមភាគតិច។

ក្រសួងរៀបចំដែនដី បន្ថែមថា នេះជាការអនុវត្តគម្រោងបែងចែកដីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ ដោយត្រៀមចំណាយថវិកា១០៧​លាន​ដុល្លារ ដើម្បី​រៀបចំហេដ្ឋារចនាសម្ព័ន្ធនិងគាំទ្រជីវភាពពលរដ្ឋដែលត្រូវទទួលបានដីពីគម្រោងមួយនេះ។

ក្រសួងឱ្យដឹងទៀត​ថា គម្រោងនេះគឺផ្ដោតលើការងារដីសម្បទាន​សង្គមកិច្ច ការចុះបញ្ជីដីសហគមន៍ជនជាតិ​ដើមភាគតិច ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងជួយគាំទ្រដល់ជីវភាពរបស់ពលរដ្ឋ ហើយដំណើរការគម្រោងនេះគឺប្រើរយៈពេល៦ឆ្នាំ ដោយគិតពីចុងឆ្នាំ២០២០ ដល់​ចុងឆ្នាំ​២០២៦។

ក្នុងសេចក្តីប្រកាសព័ត៌មាន​បញ្ជាក់ថា៖ «គម្រោង​បែងចែកដី​ដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់​កាលទី៣ នឹងផ្ដល់ដីសម្រាប់លំនៅឋាននិងដីសម្រាប់កសិកម្មដល់ប្រជាជនក្រីក្រ សម្រាប់ជាទុកការចាប់ផ្ដើមក​សាងជីវភាពរស់នៅនិងបន្កបង្កើនផល»

អ្នកប្រឹក្សាយោបល់បណ្តាញសហគមន៍ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី លោក គ្រើង តុលា បានសាទរ​ដែល​រដ្ឋា​ភិបាល​មានគ​ម្រោងបែងចែក​ដី​សម្បទាន​សង្គម​កិច្ចជូន​ពលរដ្ឋក្រីក្រ ជាពិសេសសហគមន៍ជនជាតិ​ដើមភាគតិចនេះ ប៉ុន្តែលោកហាក់មិនមានជំនឿថា ដីនោះបានដល់ដៃពលរដ្ឋក្រីក្រពិតប្រាកដឬជនជាតិដើមភាគតិចនោះទេ។

លោកបន្ត​​ថា៖ «ខ្ញុំអត់មានជំនឿ ពីព្រោះរហូតមកដល់ថ្ងៃនេះ ជនជាតិភាគតិចមិនទាន់ទទួលបានដីសម្បទានសង្គមកិច្ចសូម្បីតែមួយចំអាមឬមួយហិកតា។ តាមរបាយការណ៍ គឺក្រសួងរៀបចំដែនដីបានបែងចែកដីសម្បទានសង្គមកិច្ចច្រើនលើកហើយ ប៉ុន្តែអ្នកដែលបានហ្នឹងភាគច្រើនជាអ្នកមាន មិនដែលបានដល់អ្នកក្រពិតប្រាកដទេ»។

លោកបន្ថែមថា៖ «ដើម្បីបង្ហាញពីតម្លាភាព ត្រូវបង្កើតគណៈកម្មការមួយដែលមានជនជាតិដើមភាគតិចចូលរួមក្នុងគណៈកម្មការនោះតែម្តង។ មិនមែនគាត់ទៅបង្កើតគណៈកម្មការជាមួយអាជ្ញាធរ មន្ត្រីជំនាញ ហើយជនជាតិដើមយើងមិនដឹងអី អាហ្នឹងមិនមែនតម្លាភាពទេ»

មន្ត្រី​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈ​មណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជា លោក វណ្ណ សុផាត បានបង្ហាញពីក្តីបារម្ភចំពោះគម្រោងបែងចែកដីសម្បទានសង្គមកិច្ចរបស់រដ្ឋាភិបាលនេះ។ 

លោក វណ្ណ សុផាត បន្តថា ប្រសិនបើក្រសួងយកដីសម្បទានសង្គមកិច្ចចំនួន៣០ ០០០​​ហិកតានេះទៅចែក​ជូនពលរដ្ឋក្រីក្រខ្វះដី សម្រាប់រស់នៅនិងអាស្រ័យផលពិតប្រាកដមែន ជារឿងល្អមួយ​សម្រាប់ជួយដល់ប្រជាពលរដ្ឋ ប៉ុន្តែបើយកដីនោះទៅដោះស្រាយក្នុងរឿងជម្លោះដីធ្លី គឺវាមិនល្អនោះឡើយ ហើយវានឹងបង្កជាជម្លោះដីធ្លីរ៉ាំរ៉ៃថែមទៀត។

មន្ត្រីសិទ្ធិមនុស្សរូបនេះលើកឡើងថា កន្លងមក រដ្ឋាភិបាលបានយកដីសម្បទានសង្គមកិច្ចទៅដោះស្រាយក្នុងរឿងជម្លោះដីធ្លី ដូចជា នៅខេត្ត​ពោធិ៍សាត់ ឧត្តរមានជ័យ និងបណ្តាខេត្តផ្សេងទៀត ហើយ​ការបែងចែក​នោះបានធ្វើឱ្យពលរដ្ឋដែលរងផលប៉ះពាល់ដីធ្លីមិនពេញចិត្ត ដោយសារដីរបស់ពួកគេដែលបាត់បង់មានចំនួនច្រើន ប៉ុន្តែទទួល​ជាសម្បទានសង្គមកិច្ចមកវិញបានចំនួនតិច។

លោកបន្ថែមថា៖ «អ៊ីចឹងខាងក្រសួងនិងអាជ្ញាធរមានសមត្ថកិច្ច ត្រូវបែងចែកគោល​បំណងនៃការផ្តល់ដី​សម្បទានស​ង្គមកិច្ច​ឱ្យច្បាស់លាស់ ថាដីហ្នឹងជាដីសម្រាប់បែងចែកជាដីសម្បទានសង្គមកិច្ច ឬមួយក៏ជាដីដោះដូរសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទំនាស់ដីធ្លី។ ហើយត្រូវឱ្យប្រជាពលរដ្ឋដឹងឮ និងមានមតិយោបល់ជាសាធារណៈ។ ហើយបើចាប់បង្ខំឱ្យពួកគាត់ទទួលយកអ៊ីចឹង សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដីធ្លី គាត់មិនអាចទទួលយកបានទេ ដូចនៅពោធិ៍សាត់ និងនៅឧត្តរមានជ័យ នៅតែមានការតវ៉ាអត់ឈប់​ទេ»

បើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គម្រោងបែកចែកដី​ដើម្បីសង្គមកិច្ចនិង​អភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ដំណាក់កាលទី១ បានចាប់ផ្ដើមនៅឆ្នាំ២០០៨ ដល់ឆ្នាំ​២០១៥ និងគម្រោងដំណាក់កាលទី២ បានអនុវត្តនៅឆ្នាំ២០១៦ ដល់ឆ្នាំ​២០២១ ខណៈគម្រោងដំណាក់កាលទី៣នេះ ចាប់ផ្ដើមអនុវត្តចាប់ពីឆ្នាំ២០២០ ដល់២០២៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ