ខុមហ្វ្រែល​ ជំរុញ​ឱ្យ​គណ​បក្ស​នយោបាយ​បង្កើន​កូតា​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ឱ្យ​បាន​៥០%

លោក កន សា​វាង្ស អ្នកសម្របសម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិ​នៃ​អង្គ​ការ​ខុ​មហ្វ្រែល ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី «លទ្ធផល​រក​ឃើញ​នៃ​ការអង្កេត​ការ​ចុះឈ្មោះ និង​សវនកម្ម​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២០» នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

គណៈកម្មាធិការ​ដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល ជំរុញ​​ឱ្យគណបក្សនយោបាយនៅកម្ពុជាបង្កើនចំនួនកូតាស្ត្រីនៅក្នុងវិស័យនយោបាយឱ្យ​បាន៥០% ខណៈគណបក្សនយោបាយខ្លះ​ថាបញ្ហាសមត្ថភាពគឺជាឧបសគ្គ​ដ៏ធំមួយ។

នៅក្នុងរបាយការណ៍ស្ទង់មតិមួយចេញផ្សាយ​នៅថ្ងៃទី២៤ ខែមិថុនានេះ អង្គការខុមហ្រ្វែលបានរកឃើញថា ស្ត្រីក្នុងឆាកនយោបាយទាំងនៅក្នុងគណបក្សកាន់អំណាច អតីតគណបក្សប្រឆាំង និងគណបក្សដទៃទៀត ចំនួន ៧១% បានប្រឈមនឹងអំពើហិង្សាជាច្រើនទម្រង់និងច្រើនកម្រិត។ ទោះជាយ៉ាងនេះ​ក្តី របាយការណ៍ថា ស្ត្រី ៨៥% បានអះអាងថា ពួកគេនៅតែមានឆន្ទៈខ្ពស់ក្នុងការចូលរួមធ្វើនយោបាយដដែលនៅ២ទៅ៣​ឆ្នាំខាងមុខនេះ។

អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រ នៃអង្គការខុមហ្រ្វែល លោកស្រី សឺនកេត សិរីលក្ខណ៍ បានថ្លែងថា ផ្អែកតាមលទ្ធផលនៃការស្ទង់មតិនេះ លោកស្រីស្នើឱ្យគណបក្សនយោបាយនៅកម្ពុជាបង្កើនចំនួនកូតាស្ត្រីនៅក្នុងវិស័យនយោបាយឱ្យបាន ៥០% តាមរយៈ​ការដាក់បេក្ខជនឆ្លាស់គ្នាទាំងបេក្ខជនពេញសិទ្ធិនិងបេក្ខជនបម្រុងនៅក្នុងការបោះឆ្នោត​នៅពេលខាងមុខនេះ។

លោកស្រី សឺនកេត សិរីលក្ខណ៍ មានប្រសាសន៍យ៉ាងដូច្នេះថា៖ «នៅប្រទេសកម្ពុជា ស្ត្រីធ្វើកិច្ចការនយោបាយហ្នឹងនៅតែរងការរើសអើង ហើយរើសអើងកាន់តែខ្លាំងនៅពេលស្ត្រីនោះឈរឈ្មោះជាបេក្ខជននៅលេខរៀងខាងលើហ្នឹង»។

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានធ្វើការស្ទង់មតិទៅលើស្ត្រីនៅក្នុងវិស័យនយោបាយប្រមាណជា១០០នាក់ នៅក្នុងខេត្ត-ក្រុងចំនួន៣ គឺរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តកំពង់ឆ្នាំង ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា ឆ្នាំ២០២០។

របាយការណ៍នេះបានផ្តល់អនុសាសន៍ឱ្យគណបក្សនយោបាយទទួលស្គាល់នូវតម្រូវការ ដើម្បី​បង្កើតបរិយាកាសនយោបាយប្រកបដោយសុវត្ថិភាព និងធ្វើឱ្យមានសុវត្ថិភាពនៅក្នុងគណបក្សសម្រាប់ស្ត្រី អនុញ្ញាតឱ្យមានការដាក់បញ្ចូលចំនួនសមាជិកគណបក្សជាស្ត្រីឱ្យបានច្រើននៅគណៈកម្មាធិការកណ្តាល គណៈកម្មាធិការជ្រើសរើស និងគណៈកម្មាធិការសភា។ ជាពិសេស ជំរុញឱ្យរដ្ឋសភានិងព្រឹទ្ធសភាធានាបង្កើតច្បាប់បោះឆ្នោតដែលឆ្លើយតបនឹងយេនឌ័រ ទាំងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាវិធានការពិសេស ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ឱកាសឱ្យស្ត្រីចូលរួមដោយស្មើភាពនៅក្នុងវិស័យនយោបាយនិងការអនុវត្តច្បាប់នេះបានល្អ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សកាន់អំណាចបានផ្តល់ឱកាសច្រើនដល់ស្ត្រីនៅក្នុងវិស័យនយោបាយប្រមាណជាង២០%។ ក៏ប៉ុន្តែលោកយល់​ថា ស្ត្រីត្រូវបង្កើនសមត្ថភាពផ្ទាល់ខ្លួនផងដែរ។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ដោយសារស្ត្រីមានតួនាទីសំខាន់នៅក្នុងសេដ្ឋកិច្ចសង្គមកម្ពុជា ទើបគណបក្សប្រជាជនកម្ពុជាមានគោលនយោបាយលើកកម្ពស់តួនាទីស្ត្រីក្នុងសង្គមកម្ពុជា ដូចជា តាមស្ថាប័នរដ្ឋនានាសុទ្ធតែត្រូវបានតែងតាំងជាស្ត្រីមានអត្រាកើនឡើងខ្ពស់ជាងពីពេលមុនៗ ដូចយើងឃើញស្រាប់ហើយនៅក្នុងរដ្ឋសភាមានប្រមាណជាង ២០% នៅក្នុងព្រឹទ្ធសភាក៏មានជាង ២០% ហើយនៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹងក៏ជាង ២០% ហើយនៅតាមស្ថាប័នក្រសួងមន្ទីរនានា ការតែងតាំងស្ត្រីឱ្យជាមេដឹកនាំហ្នឹងក៏មានចំនួនកាន់តែច្រើនឡើងដែរ»។

ចំណែកលោក អ៊ុំ សមន្ថា អនុប្រធាន «គណបក្សខ្មែររួបរួមជាតិ» របស់លោក ញឹក ប៊ុនឆៃ បានថ្លែងដែរថា ការបង្កើនចំនួនកូតាស្ត្រីនៅក្នុងវិស័យនយោបាយឱ្យបាន៥០% ទំនងជាមិនទាន់អាចធ្វើបាននៅពេលនេះទេ។

លោកបានថ្លែងថា៖ ​«យើងមានគម្រោងធ្វើបែបនេះ ក៏ប៉ុន្តែជួនកាលលទ្ធភាពយើងស្ត្រីយើងមានការខ្វះដែរ ពីព្រោះបញ្ហាទាំងអស់ហ្នឹង វាស៊ីសងនឹងសមាជិករបស់យើងនៅថ្នាក់មូលដ្ឋានហ្នឹងលោកបានចូលរួមជាមួយ​យើង ហើយភាគច្រើនស្ត្រីគាត់នៅមានភាពស្រពេចស្រពិលខ្លះ អ៊ីចឹងហើយយើងមិនអាចបង្ខំគាត់បានទេដល់៥០លើ៥០%ហ្នឹង»។

រីឯកញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត អតីតចៅសង្កាត់ជាប់ឆ្នោតអតីតគណបក្សសង្គ្រោះជាតិ បានថ្លែងថា ចាប់តាំងពីមានការរំលាយអតីតគណបក្សសង្គ្រោះជាតិមក កញ្ញាបានរងអំពើហិង្សាទាំងផ្លូវកាយនិងផ្លូវចិត្តជារឿយៗ។ កញ្ញាបានបន្តថា បរិយាកាសនយោបាយបច្ចុប្បន្ន គឺមិនអាចធ្វើឱ្យស្ត្រីចូលរួមនៅក្នុងឆាកនយោបាយច្រើននោះទេ។

កញ្ញាបានថ្លែងយ៉ាងដូច្នេះថា៖ «ចាប់តាំងពីរំលាយគណបក្សសង្គ្រោះជាតិ ខ្ញុំរងការគំរាមកំហែងផ្នែកសន្តិសុខផ្ទាល់ខ្លួនរបស់នាងខ្ញុំ និងផ្លូវចិត្តរបស់ខ្ញុំ ដូចអំពីនាងខ្ញុំមកធ្វើជាប្រជាពលរដ្ឋធម្មតា សាមញ្ញហើយ ក៏មានការយាយីពីសំណាក់ពួកអ្នកមានអំណាចដែលមាននិន្នាការនយោបាយផ្សេងគ្នា ការយល់ផ្សេងគ្នាផងដែរ ហើយមានអ្នករំខានគ្រប់រូបភាពទាំងអស់»។

បើតាមអង្គការខុមហ្រ្វែល ស្ត្រីកម្ពុជានៅតែប្រឈមមុខច្រើនទម្រង់នៃការរើសអើង និងអំពើហិង្សាប្រឆាំងនឹងពួកគេក្នុងការចូលរួមនិងផលប្រយោជន៍នយោបាយរបស់ពួកគេ ដែលនេះជាបញ្ហាធ្ងន់ធ្ងរ ទោះបីជាសិទ្ធិនយោបាយនិងការចូលរួមរបស់ពួកគេត្រូវបានធានាយ៉ាងពេញលេញដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី (CEDAW) ក៏ដោយ។ ភាពជាតំណាងនិងការចូលរួមប្រកបដោយអត្ថន័យរបស់ស្ត្រីកម្ពុជាក្នុងវិស័យនយោបាយនិងភាពជាអ្នកដឹកនាំនយោបាយនៅមានកម្រិតទាបនៅឡើយ បើប្រៀបធៀបជាមួយសមភាគីបុរសនៅគ្រប់កម្រិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ