ប្រទេស​៣​នឹង​ផ្ដល់​ជំនួយ​​​ប្រមាណ​១៣​លាន​ដុល្លារ​​ដល់ ​​MRC ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​​អាង​ទន្លេ​មេគង្គ

ប្រជានេសាទម្នាក់នៅឃុំកំពង់ភ្លុក បង់សំណាញ់នេសាទត្រីនៅផ្នែកមួយតាមដងទន្លេមេគង្គ ស្ថិតនៅឃុំកំពង់ភ្លុក ស្រុកបាគង ខេត្តសៀមរាប ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។

ប្រទេសធំៗចំនួន៣ សន្យានឹង​​​​​ផ្តល់មូលនិធិ​​​​​ប្រមាណ១៣​លាន​ដុល្លារ​អាមេរិក ឱ្យ​គណៈ​​កម្ម​ការទន្លេមេគង្គ (ហៅកាត់ថា MRC) ដើម្បីគាំទ្រដល់ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ឆ្លើយតបទៅនឹងបញ្ហាប្រឈមជាបន្ទាន់នានានៅអាង​ទន្លេមេគង្គ និងធ្វើឱ្យ​ជីវភាពរស់នៅរបស់​ប្រជា​ពលរដ្ឋ​​​មាន​ភាព​​ប្រសើរ​ឡើង​។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ ចេញផ្សាយនៅថ្ងៃទី២៤ ខែ​មិថុនា​ ឆ្នាំ២០២១ ឱ្យ​​ដឹងថា មូលនិធិ​ប្រមាណ១៣លាន​ដុល្លារដែលនឹង​ផ្តល់​ឱ្យ​ MRC ពីសំណាក់​​ប្រទេសធំៗចំនួន​៣នោះ រួមមាន​ ប្រទេស​អូស្ត្រាលី ប្រមាណ៣,៨លានដុល្លារ ដែលជំនួយ​នេះសម្រាប់​រយៈពេល​៥ឆ្នាំ ពីឆ្នាំ២០២១​ដល់២០១៥ និង​អាល្លឺម៉ង់​ប្រមាណ៣,៥៥លានដុល្លារ សម្រាប់រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២២​ និងប្រទេស​ស្វីស ប្រមាណ៥,៣លានដុល្លារ​ សម្រាប់គាំទ្រផែនការយុទ្ធសាស្ត្រថ្មី​រយៈពេល​៥ឆ្នាំ។

MRC បន្តថា ការផ្តល់​វិភាគទាននេះ ធ្វើឡើងស្រប​ពេល​ដែល MRC ចាប់ផ្តើមអនុវត្ត​ផែន​ការយុទ្ធសាស្ត្រ៥ឆ្នាំ (២០២១-២០២៥) របស់ខ្លួន នៅក្រោមទិសដៅថ្មីមួយសំដៅយកឈ្នះលើការគំរាមកំហែងជាច្រើនដែលអាងទន្លេនេះកំពុងជួបប្រទះ។

ស្ថាប័ននេះ ក៏នឹងបន្តជំរុញកិច្ចសន្ទនាថ្នាក់តំបន់ក្នុងចំណោមប្រទេសតាមអាងទន្លេ និងធ្វើឱ្យ​​ការចូលរួមចំណែកជាមួយនឹងប្រទេសចិនកាន់តែស៊ីជម្រៅ ក៏ដូចជាជាមួយនឹងដៃគូផ្សេងៗទៀត តាមរយៈកិច្ចសហប្រតិបត្តិការអាស៊ាន និងឡានឆាង-មេគង្គ សម្រាប់ជាប្រយោជន៍ដល់សមាជិក​ទាំងអស់។

លោក​បណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន ​MRC ត្រូវបាន​ស្រង់​ប្រ​សាសន៍​​​​តាមរយៈសេចក្តីប្រកាសព័ត៌មាននោះថា៖ «ការគាំទ្រនេះ មកទាន់ពេលវេលា និងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ MRC ក្នុង​ការអនុវត្តសកម្មភាពនានា ដែលធ្វើឱ្យមានតុល្យភាពលើតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច ការធ្វើឱ្យសង្គមប្រសើរឡើង និងការគាំពារដល់បរិស្ថាន»។

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសឡាវ លោក ផល ខែលី (Paul Kelly) បានលើកឡើងក្នុងសេចក្តីព័ត៌មាននោះ​ថា៖ «ជំនួយមូលនិធិទាំងនេះ នឹងជួយបង្កើនលទ្ធភាពដល់ MRC និងប្រទេស​ជាសមាជិកឱ្យ​​ប្រើប្រាស់ធនធានទឹកនិងធនធានពាក់ព័ន្ធនៃទន្លេមេគង្គ ប្រកបដោយបរិយាប័ន្ន និងដោយចីរភាព ដើម្បីជាចំណែកមួយជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញពីការរាតត្បាតជាសាកល ការកសាងភាពធន់ផ្នែកបរិស្ថាន និងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់»។

លោក ហ្សង់ហ្វង់ស័រ ឃូនូ (Jean-François Cuénod) នាយកតំបន់នៃទីភ្នាក់ងារស្វីសសម្រាប់អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ បានអបអរចំពោះ MRC ក្នុងការដាក់ឱ្យ​​ប្រើ​ប្រាស់នូវ​យុទ្ធសាស្ត្រចក្ខុ​វិស័យថ្មីៗដែលចាំបាច់សម្រាប់អាងទន្លេមេគង្គ។

លោកថា​៖ «យើងនឹងរួមសហការជាមួយនឹង MRC ប្រទេសជាសមាជិក និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ក្នុងការផ្លាស់ប្តូរតំបន់នេះឆ្ពោះទៅកាន់មាគ៌ាមួយដែលកាន់តែមានចីរភាពនិងភាពធន់ ដោយធានាថា គ្មាននរណាម្នាក់នឹងត្រូវបោះបង់ចោលនោះទេ»។

ចំណែក​លោក​ យេនស៍ លូធខិនហែម (Jens Lütkenherm) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំប្រទេសឡាវ បានថ្លែងថា មូលនិធិនេះនឹងជួយ MRC ឱ្យ​​បង្កើត​នូវបណ្តាញ​ស្នូលសម្រាប់កិច្ចការ​តាមដានទន្លេក្នុងតំបន់ទន្លេមេគង្គ។

លោកថា៖ «ហើយជាលទ្ធផល វារួមចំណែកដល់ការសម្រេចចិត្តដោយផ្អែកលើព័ត៌មាន សម្រាប់​ការ​គ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានទឹក និងជួយបង្កើនសមត្ថភាព MRC ក្នុងការគ្រប់​គ្រង​គ្រោះទឹ​ក​ជំនន់និងគ្រោះរាំងស្ងួតឱ្យកាន់តែមានប្រសិទ្ធភាព»។

បើតាមសេចក្តីជូនដំណឹង ផែនការយុទ្ធសាស្ត្រ៥​ឆ្នាំ​របស់ MRC ជាឧបករណ៍ដ៏ចាំបាច់មួយសម្រាប់ឱ្យ​គណៈកម្មការ អនុវត្តយុទ្ធ​សាស្ត្រអភិវឌ្ឍន៍​អាង​ថ្មី​មួយដែលមានរយៈពេល១០​ឆ្នាំ ដែល​តំណាង​ឱ្យ​​របត់ដ៏សំខាន់មួយសម្រាប់អាងទន្លេមេគង្គ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ