សង្គម​ស៊ីវិល​បារម្ភ​ពី​​ការ​នាំ​ពលករ​កម្ពុជា​ខុស​ច្បាប់​ទៅ​ក្រៅ​ប្រទេស​​អំឡុង​វិបត្តិ​កូវីដ-១៩ ​

ពលរដ្ឋខ្មែរដែលមានបំណងឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរខេត្តបន្ទាយមានជ័យឃាត់ខ្លួនបាន នៅចំណុចច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ យប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ- BMC Province Commissariat Of Police)

​សង្គមស៊ីវិលលើកឡើងថា ការនាំពលករកម្ពុជាខុសច្បាប់ទៅក្រៅប្រទេសក្នុងអំឡុងវិបត្តិកូវីដ-១៩ តាមរយៈមេខ្យល់ បានធ្វើឱ្យមានការកេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​របស់​ប្រជាជន​​ស្លូតត្រង់​ ដែល​​ជា​​សកម្ម​ភាពមួយ​​គួរឱ្យ​​​ព្រួយ​បារម្ភនិង​សោក​ស្ដាយ​បំផុត។ 

មន្ត្រីជាន់​ខ្ពស់​នៃ​មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឌី ថេហូយ៉ា បាន​លើក​ឡើងក្នុង​កម្មវិធី ​«សិទ្ធិ​មនុស្ស​៣៦៥​» របស់​វីអូឌី នៅព្រឹកថ្ងៃ​ពុធ​ថា ​ចាប់​​តាំង​​ពី​ខែ​មីនា ឆ្នាំ២០២០ ដែល​មានការផ្ទុះនូវជំងឺកូវីដ-១៩ រហូតមកដល់ពេលបច្ចុប្បន្ន ការនាំពលករកម្ពុជាខុសច្បាប់ទៅ​ក្រៅប្រទេស ជាពិសេសទៅប្រទេសថៃ តាមរយៈមេខ្យល់ បាននាំឱ្យមានការកេងប្រវ័ញ្ចកម្លាំងពលកម្មពលរដ្ឋជាបន្តបន្ទាប់។ 

លោកបន្តថា៖ «​ការដែលនាំរត់ពន្ធឬមួយជួញដូរមនុស្ស ដើម្បីយកកម្លាំងពលកម្មពលរដ្ឋខ្មែរយើងដែលជាជនស្លូតត្រង់ទៅតាមបណ្ដាខេត្ត ជាពិសេស​គឺតាមទីជនបទ ទៅប្រទេសថៃ ជាសកម្មភាពមួយដែលយើងគួរឱ្យ​សោកស្ដាយ ហើយយើងមិនគិតថា ក្នុងកាលៈទេសៈដែលលំបាកបែបនេះហើយ ប្រឈមមុខពីបញ្ហាកូវីដបែបនេះ ពួកគាត់ត្រូវបានចាញ់បោកគេបន្ថែមទៀតក្នុងការបញ្ជូនទៅប្រទេសថៃទេ»។

លោក​​បន្តទៀតថា តាមការសិក្សាស្រាវជ្រាវរបស់អង្គការសង់ត្រាល់ថ្មីៗនេះ សង្កេតឃើញថា មូលហេតុនៃការចំណាកស្រុកទៅកាន់ប្រទេសជិតខាងដែល​មាន​ប្រមាណ៨០ភាគរយ គឺបណ្ដាល​មក​ពី​ពលរដ្ឋទាំងនោះ​​មិនមានប្រាក់ចំណូលសម្រាប់​ទ្រទ្រង់​ជីវភាពរស់នៅ។ 

លោកបញ្ជាក់ថា៖ «នៅក្នុងការសិក្សាស្រាវជ្រាវហ្នឹង យើងក៏បានសួរថាមូលហេតុអ្វីបានជាគាត់មិនមានប្រាក់ចំណូល គាត់ក៏បានថា ទីមួយ គឺគាត់អត់មានការងារធ្វើនៅក្នុងស្រុក។ ទីពីរ គឺគាត់​មាន​ដីស្រែដីចម្ការតិច​ មិនអាចផ្គត់ផ្គង់ជីវភាពបាន ឬមួយអ្នកដែលមានដីអាចធ្វើស្រែធ្វើចម្ការបានហើយ ប៉ុន្តែគេថាទិន្នផលនោះគឺមិនសូវមានទីផ្សារទេ។ ហេតុផលទីបី គឺគាត់បានបញ្ជាក់ដែរថា ពួកគាត់បានខ្ចីលុយធនាគារ ហើយជាទូទៅគឺគាត់មិនស្គាល់លុយធនាគារនោះទេ គឺគាត់ស្គាល់តែខ្ចីលុយអង្គការ តែយើងសួរទៅថា អង្គការហ្នឹងវាយ៉ាងម៉េច! សួរបញ្ជាក់ទៅថាគឺវាមានអ្នកឱ្យ​ខ្ចីបុលតាមភូមិផង វាមានមីក្រូហិរញ្ញវត្ថុផង វាមានធនាគារផងអីជាដើម»។

អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​នៃក្រសួង​មហា​ផ្ទៃ លោកស្រី ជូរ ប៊ុន​អេង មានប្រសាសន៍ក្នុងកម្មវិធីនោះដែរ​​ថា ស្ថានភាព​ការជួញដូរមនុស្សក្នុង​ដំណាក់កាលវិបត្តិ​កូវីដ-១៩នេះ មិនមែនមានតែ​កម្ពុជាទេ ​ហើយ​​ប្រទេសជិតខាងក៏​​បានបិទព្រំដែន​តាំងពី​ខែមីនា ឆ្នាំ២០២០មកម្ល៉េះ។  

ចំណែកឯការហូរចូលត្រលប់មកវិញនៃពលកររបស់ខ្មែរ មកដល់ពេលបច្ចុប្បន្ននេះ លោក​ស្រីថា មាន​ប្រមាណ២​០ម៉ឺន​នាក់ ហើយក៏មានអ្នកនាំចេញទៅវិញខ្លះផងដែរ ​តាមការអូសទាញឬការបញ្ចុះបញ្ចូលរបស់មេខ្យល់។ លោក​ស្រី​​យល់​​ថា បញ្ហានេះត្រូវមានវិធានការដោះស្រាយ​ បើមិនដូច្នេះទេ ភាពរងគ្រោះរបស់ពលរដ្ឋនៅតែកើនឡើងបន្ថែមទៀត។ 

លោកស្រី​មានប្រសាសន៍ថា៖ «ការជួញដូរមនុស្សក្នុងដំណាក់កាលនេះ គឺការនាំពលករឆ្លងដែនខុសច្បាប់ បោកបញ្ឆោតទៅរកការងារឬអាជីវកម្មដែលគាត់ប្រមូលលុយកាក់​ហើយគ្មានការទទួលខុសត្រូវ។ អ៊ីចឹងបើសិនជាមិនចង់ឱ្យ​មានការឆ្លងដែនខុសច្បាប់ ទោះបីមានការទប់ស្កាត់ ខាងនេះមានអាជ្ញាធរ មានការទប់ស្កាត់តាមប្រទេសគោលដៅ ប៉ុន្តែគាត់នៅតែចេញទៅបាន មកពីមានប្រឡោះ បានន័យថា មានអ្នកត្រូវការពួកគាត់ ហើយគាត់ទទួលឱ្យ​ធ្វើការទាំងប្រថុយប្រថានទៅ ហើយបើគេចាប់បានគឺចាប់ទៅ បើគេចាប់មិនបាន គាត់សម្ងំធ្វើការនៅទីនោះទៅ ដោយខុសច្បាប់»។

ទំព័រហ្វេសប៊ុករបស់អង្គការសហប្រជាតិប្រចាំកម្ពុជា បានស្រង់​ប្រសាសន៍​របស់​​លោកស្រី Kristin Parco ប្រធានបេសកកម្ម​អង្គការអន្តរជាតិទេសន្ដរប្រវេសន៍ប្រចាំកម្ពុជា មកចុះផ្សាយ​កាលពីថ្ងៃទី២២ ខែមិថុនា ​ថាវិបត្តិកូវីដ-១៩បានបង្កឱ្យ​មានភាពងាយរងគ្រោះថ្មីៗជាច្រើន ​និង​មានភាព​ធ្ងន់ធ្ងរជាងមុន ហើយថែមទាំងបានបង្កើតហានិភ័យចំពោះអំពើកេងប្រវ័ញ្ចបុគ្គលនិងសហគមន៍​នៅក្នុងបណ្តាញជួញដូរ​មនុស្ស​។

ចំណែកអនុប្រធានផ្នែកស្ត្រីនិងកុមារ នៃសមាគម​ការពារសិទ្ធិមនុស្សអាដហុក លោកស្រី មាស សាអ៊ីម បានបង្ហាញ​ក្តីព្រួយបារម្ភចំពោះការចំណាកស្រុករបស់​ពលរដ្ឋកម្ពុជាទៅកាន់ប្រទេសផ្សេងៗ ជាពិសេសទៅកាន់ប្រទេសជិតខាង ដែលអាចជះឥទ្ធិពលអាក្រក់ក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ ព្រោះអាចខ្វះនូវធនធានមនុស្ស។ 

លោកស្រីបន្តថា៖ «យើងសង្កេតឃើញថា អ្នកដែលបានចំណាកស្រុកភាគច្រើន អាចរាប់ថាជាយុវវ័យដែលគាត់មានកម្លាំងពេញលេញ ជាធនធានដែលគួរអភិវឌ្ឍ​ប្រទេសជាតិ ប៉ុន្តែពួកគាត់​បែរជាមិន​បាននៅអភិវឌ្ឍ​ប្រទេសជាតិ បែរជាត្រូវបានគេជួញដូរ​ឬក៏កេងប្រវ័ញ្ចនៅខាងក្រៅប្រទេសមួយចំនួន។ អ៊ីចឹង​អាហ្នឹងវាជាការខាតបង់ផ្នែកសេដ្ឋកិច្ចធនធានមនុស្សដ៏សំខាន់នៅក្នុងការអភិវឌ្ឍប្រទេសជាតិ»។ 

លោកស្រីបន្ថែម​ថា៖ «ការត្រលប់មកវិញ[របស់]គាត់ជាបន្ទុកសម្រាប់ជាតិ គឺគាត់អាចខ្លះមានពិការភាព ខ្លះទៀតមានបញ្ហាវិបល្លាសស្មារតី ហើយខ្លះទៀតពេលត្រលប់មកវិញ គាត់មានអាយុជ្រេ[ច្រើន]​ទៅហើយ ដែលគាត់ពិបាកនៅក្នុងការកសាងសមត្ថភាព ក៏ដូចជាការបំពេញការងារដែលអាចជួយទ្រទ្រង់ទៅដល់ជីវភាពគ្រួសារ ក៏ដូចជាសង្គមបាន»។

ក្តីបារម្ភទាំងនេះ លោកស្រី មាស សាអ៊ីម ស្នើ​ឱ្យ​អាជ្ញាធរ​​ចាត់វិធានការ ដោយចាប់មេខ្យល់​យកមកផ្ដន្ទាទោសនិង​អនុវត្តច្បាប់ឱ្យ​​បានពេញលេញ ពង្រីកការស៊ើបអង្កេតឱ្យ​​បានតឹងរ៉ឹង ដោយមិន​ត្រូវចាប់តែមេខ្យល់តូចតាចនោះទេ ពោលគឺត្រូវចាប់ទាំងអស់ ទាំងអ្នកពាក់ព័ន្ធដែលរៀបចំឯកសារក្លែងក្លាយសម្រាប់ការឆ្លងដែនផងដែរ។

លោក ជុំ សុខ វ័យ៣៨ឆ្នាំ រស់នៅក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលធ្លាប់ចាញ់បោកមេខ្យល់ទៅប្រទេសថៃ បានរៀបរាប់ថា​ មេខ្យល់បា​ននាំរូបលោកនិងពលករខ្មែរ៩នាក់ទៀតទៅ​ខេត្តឈុនបុរី ប្រទេសថៃ ហើយ​លោកនិងអ្នកទាំង៩នាក់នោះត្រូវបាន​តម្រួត​​ថៃឃាត់ខ្លួន និងដាក់​ពន្ធនាគារនៅខេត្តសុរិន្ទ អស់រយៈពេល៦ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ២០១៦ រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ទើបពួកលោកត្រូវបានគេដោះលែងវិញ ដោយសារព្រះមហាក្សត្រ​​ថៃបានព្រះរាជទានលើកលែង​ទោស ក្រោយអនុវត្តទោសបាន​៤ឆ្នាំ។ 

លោកថា៖ «​ខ្ញុំស្គាល់គេ​ [មេខ្យល់] តាមរយៈបងប្អូន ហើយ​គេនាំខ្ញុំទៅឱ្យ​​ ខ្ញុំបានបង់លុយប្រមាណជាង៣០ម៉ឺនរៀល [២៥០០បាត-លុយថៃ] សម្រាប់ការធ្វើឯកសារ។ គេនាំខ្ញុំទៅថៃតាមច្រកអូរស្មាច់ គេ [តម្រួតថៃ] បានចាប់និងឃុំខ្លួនសួរចម្លើយ ហើយ​ចោទប្រកាន់ពីបទក្លែងបន្លំឯកសារ​និងត្រាខុសច្បាប់គេ ហើយមេខ្យល់ទាំង៤នាក់ដែល​នាំទៅគឺបានរត់គេចបាត់ស្រមោលអស់»។

បើតាម​មន្ត្រីជាន់ខ្ពស់នៃអង្គការសង់ត្រាល់ លោក ហូយ៉ា អំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩ មាន​​ពលករជាង ២ ០០០​​នាក់ត្រូវបានចាប់​ខ្លួនក្នុងពេល​ពួកគាត់កំពុងធ្វើដំណើរដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ ​ក្នុងនោះ ​ពួកគាត់ម្នាក់ៗត្រូវបង់ប្រាក់ចំនួន​៣ ០០០​បាត ឬ​ស្មើ​​ជាង​១០០ដុល្លារទៅ​ឱ្យ​​មេខ្យល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ