អង់គ្លេស​ថា​នឹង​បញ្ជូន​អ្នក​ជំនាញ​មក​​កម្ពុជា​ ដើម្បី​ជួយ​ធ្វើ​ឱ្យ​​វិស័យ​បរិស្ថាន​ប្រសើរ​ឡើង

រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស លោក​ ដូមីនិក រ៉ាអាប់ (Dominic Raab) ជួបពិភាក្សាការងារនិងទំនាក់ទនងទ្វេភាគី ជាមួយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក​​ សាយ សំអាល់ នៅទីស្តីការក្រសួងបរិស្ថាន ក្នុងអំឡុងពេលរដ្ឋមន្ត្រីការបរទេសរូបនេះធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ (ក្រសួងបរិស្ថាន)

រដ្ឋមន្ត្រីការបរទេស​អង់គ្លេសបាន​សន្យា​ថា នឹងបញ្ជូនក្រុម​បេសកកម្មជំនាញមកកម្ពុជា ដើម្បីសិក្សាពីតម្រូវការនិង​ជួយ​​ធ្វើ​ឱ្យកាន់​​ប្រសើរឡើងនូវ​​វិស័យ​​បរិស្ថាននិងធនធានធម្មជាតិ​។

ការលើកឡើងនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស លោក​ ដូមីនិក រ៉ាអាប់ (Dominic Raab) និង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក​​ សាយ សំអាល់ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន ក្នុងអំឡុងពេលរដ្ឋមន្ត្រីរូបនេះកំពុងធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានប្រាប់ក្រុមអ្នក​សារព័ត៌មានតាមបណ្តាញសង្គម​តេឡេក្រាមថា ក្នុងជំនួប​នោះ ភាគីទាំងពីរបាន​​ពិភាក្សា​​ពី​ប្រធានប​ទមួយចំនួនទាក់ទងនឹងវិស័យបរិស្ថាន ដូច​ជា ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធា​តុ និងការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំ COP26 ស្តីពីការប្រែប្រួលអាកាសធាតុ និង​កិច្ចការ​អាទិភាពនានាដែលប្រទេស​ទាំងពីរ​នឹងធ្វើរួមគ្នាលើ​ការ​អភិរក្ស​ធន​ធាន​ធម្មជាតិ ជីវ​ចម្រុះ កា​រប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃឆ្លង​ដែន និង​ការប្រើប្រាស់ថាមពលកកើតឡើងវិញ​ជាដើម។

លោក​បន្តថា ក្នុងជំនួបនោះដែរ រដ្ឋមន្ត្រីការបរ​ទេសអង់គ្លេសសន្យាថា នឹង​បញ្ជូន​ក្រុមបេសក​កម្ម​ជំនាញ​មក​កម្ពុជា ដើម្បី​សិក្សាពី​តម្រូវ​ការ​របស់​កម្ពុជា ដើម្បី​ធ្វើឱ្យកាន់​តែ​ប្រសើរ​ឡើង​ក្នុង​វិស័យ​បរិស្ថាននិងធនធានធម្មជាតិ។

អ្នកនាំពាក្យ​រូបនោះបន្តថា ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងបរិស្ថាន​កម្ពុជាបានស្វាគមន៍​ចំពោះ​គំនិតផ្តួចផ្តើមនេះ និង​បាន​​​​​​​ស្នើ​ដល់​ចក្រភព​អង់គ្លេស​ជួយ​​ដល់ការបណ្តុះបណ្តាលធនធានមនុស្សក្នុង​កិច្ចការ​បរិស្ថាន​និងធនធានធម្មជាតិ បង្កើនភាពជាដៃគូផ្នែកពាណិជ្ជ​កម្ម និង​ទិញផលិត​ផលពី​ប្រទេស​កម្ពុជា។

លោក​បន្តទៀតថា ថ្នាក់​ដឹកនាំក្រសួងក៏បានស្នើ​ដល់​អង់គ្លេស​ទិញ​ឥណទាន​កាបូនពីកម្ពុជា​ផង​ដែរ ដោយ​​​ថវិកា​បាន​មកពីការ​លក់​កាបូននោះ នឹងត្រូវប្រើប្រាស់ដើម្បីបម្រើឱ្យ​ការអភិរក្សព្រៃឈើនិងសត្វព្រៃ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការផ្តល់ជម្រើសថ្មី មុខរបរ និងចំណូលសម្រាប់​ប្រជាពលរដ្ឋ។

តាមគម្រោង រដ្ឋមន្ត្រីការបរទេសអង់គ្លេសនឹងបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី២៤ ខែមិថុនា ដោយបន្តដំណើរទៅកាន់ប្រទេសសិង្ហបុរី។

ក្នុងដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស​មកកម្ពុជា នៅថ្ងៃនេះ ​អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) ក៏​បានជំរុញឱ្យរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) លើកឡើងពីបញ្ហាសិទ្ធិមនុស្ស លំហលទ្ធិប្រជាធិបតេយ្យ និងទាមទារឱ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់និងដោះលែងដោយឥតលក្ខខណ្ឌចំពោះសកម្មជនបរិស្ថាននិងអ្នកទោសនយោបាយប្រមាណជា៧០​នាក់ដែលកំពុង​ជាប់​ពន្ធនាគារផងដែរ។

លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) បានរំឭកលោករដ្ឋមន្ត្រីការបរទេសអង់គ្លេសថា នៅមុនដំណើរទស្សនកិច្ចនេះ អាជ្ញាធររដ្ឋាភិបាលកម្ពុជាបានចោទប្រកាន់សកម្មជនបរិស្ថាន​មាតា​​ធម្មជាតិ ៤​នាក់ ពីបទ«ប្រមាថព្រះមហាក្សត្រ» និង «រួមគំនិតក្បត់»។ សកម្មជនបរិស្ថាន ៣នាក់ រួម​មាន​​ យុវជន​ លី ចាន់ដារ៉ាវុទ្ធ អាយុ២២ឆ្នាំ យុវជន ​យឹម លាងហ៊ី អាយុ៣២ឆ្នាំ និង​​កញ្ញា ស៊ុន រដ្ឋា អាយុ២៦ឆ្នាំ ត្រូវបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ដើម្បីរង់ចាំការកាត់ទោស ខណៈ​យុវជនម្នាក់​ទៀតត្រូវបានសមត្ថកិច្ច​ដោះលែងវិញ។

តែយ៉ាងណា បើតាមលទ្ធផលជំនួប​ដែលផ្សព្វផ្សាយ​ដោយក្រសួងបរិស្ថាននេះ គឺ​ពុំ​បានឃើញ​លើកឡើងពី​​​​បញ្ហា​ការចាប់​ខ្លួន​សកម្មជនបរិស្ថានវ័យ​ក្មេងទាំង៣នាក់នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ