ដី​ព្រៃ​សហ​គមន៍​មួយ​នៅ​ខេត្ត​កំពត​រង​ការ​កាប់​ទន្ទ្រាន​ពី​សំណាក់​ជន​ខិល​ខូច ​

ព្រៃ​សហគមន៍​ភ្នំ​ទទឹង ស្រុក​ទឹកឈូ ខេត្ត​កំពត ដែល​ត្រូវ​បាន​បុគ្គល​មួយ​ចំនួន​កាប់​រាន​ទន្ទ្រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ ​កាល​ពី​ឆ្នាំ​២០១៦។ (ADHOC)

សហគមន៍ព្រៃឈើ «ភ្នំទទឹង» ស្ថិតក្នុងភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត កំពុងប្រឈមការកាប់ទន្ទ្រាននិងបំផ្លិចបំផ្លាញ ខណៈសហគមន៍នេះនៅមិនទាន់បានរៀបចំសមាសភាពគណៈកម្មការថ្មី​ដើម្បីការពារនោះឡើយ។

អនុគណៈកម្មការបណ្ដោះអាសន្ននៃសហគមន៍ព្រៃឈើភ្នំទទឹង លោក នួន ថាដា ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា​ សហគមន៍ព្រៃឈើភ្នំទទឹង មិនទាន់បានរៀបចំគណៈកម្មការថ្មីឡើងវិញនោះទេ ដោយគណៈកម្មការបណ្ដោះអាសន្ននៅបន្តគ្រប់គ្រងនិងជួយល្បាតការពារ។

លោកបន្ដថា សកម្មភាពកាប់បំផ្លាញដីព្រៃឈើសហគមន៍ភ្នំទទឹងនៅតែបន្តកើតមាន បើទោះបីគណៈកម្មការចាស់និងប្រជាពលរដ្ឋបានខិតខំទប់ស្កាត់ ខណៈមន្ដ្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធហាក់មិនមានលទ្ធភាពក្នុងការទប់ស្កាត់បទល្មើសឡើយ។

លោករៀបរាប់បន្ដថា នៅក្រោយឆ្នាំ២០១៣ មានក្រុមបុគ្គលទុច្ចរិតមួយចំនួន បូករួមទាំងភាពអសកម្មរបស់មន្ដ្រីអនុវត្តច្បាប់ផងនោះ បានជំរុញឱ្យសកម្មភាពកាប់ទន្ទ្រានដីព្រៃសហគមន៍កាន់តែរីកធំឡើង ហើយពួកគេទាំងនោះបានរៀបចំល្បិចកលកាត់ឃ្វៀលដីព្រៃឈើរបស់សហគមន៍ឱ្យបាត់បង់បន្តិចម្ដងៗយ៉ាងគឃ្លើននិងខុសច្បាប់។

លោកបន្ដថា៖ «ដីភាគខាងត្បូងនិងខាងលិចនៃភ្នំទទឹង ក្នុងភូមិកំពង់ចិន នាឃុំស្ទឹងកែវ ស្រុកទឹកឈូ មានមនុស្សមួយចំនួនបានគប់គិតគ្នាម្ដងហើយម្ដងទៀតមកធ្វើរបង រំកិលព្រំប្រទល់ កាប់ឆ្ការព្រៃ បាញ់ថ្នាំ ដើម្បីសម្គាល់ព្រំ ដោយពួកគេមានចេតនាចង់លេបត្របាក់យកដីរបស់ប្រជាសហគមន៍»។

លោក នួន ថាដា អះអាងទៀតថា ដីសហគមន៍ដែលកំពុងមានជម្លោះ គឺស្ថិតនៅប៉ែកខាងលិចនិងខាងត្បូង ដែលពីដើមឡើយមានពាក់ព័ន្ធនឹងទំហំដីចំនួន១១៥ហិកតា និងនៅសល់ប្រមាណ៨០ហិកតាប៉ុណ្ណោះ។ 

លោកថា បច្ចុប្បន្ន ពលរដ្ឋប្រមាណ៥៣៤គ្រួសារកំពុងមានជម្លោះជាមួយមេឈ្មួញ ដោយចោទអាជ្ញាធរថា បានឆ្វៀលដីជិត៣០ហិកតាឱ្យឈ្មួញ ដោយមានការគប់គិតគ្នាធ្វើឯកសារខុសច្បាប់និងអំពើពុករលួយផងនោះ។    

មេភូមិកំពង់ចិន លោក នួន វឿន មានប្រសាសន៍ថា នៅឆ្នាំ២០១៨ ដីសហគមន៍នៅភាគខាងលិចនិងខាងត្បូង ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋជាអ្នកកាន់កាប់។ ប៉ុន្ដែលោកចោទថា ពលរដ្ឋនៅតំបន់នោះបានលក់ដីរបស់ពួកគេទៅឱ្យមេឈ្មួញដីម្នាក់ឈ្មោះ «កែវ ប៊ុនធឿន» ដែលឈានដល់មានជម្លោះជាបន្តបន្ទាប់ដល់សព្វថ្ងៃ។   

លោកបន្ដថា៖ «យើងដាក់ពាក្យប្ដឹងទៅតុលាការ ហើយធ្លាយទៅឧទ្ធរណ៍ មិនមានការឆ្លើយតបមកវិញ។ គេបញ្ជូនសំណុំរឿងមកខេត្តវិញ អត់មានដោះស្រាយសម្របសម្រួល។ ក្រោយមក សម្រេចឱ្យប្រជាពលរដ្ឋកាន់កាប់»។

មេភូមិកំពង់ចិន លោក នួន វឿន មានប្រសាសន៍ថា អាជ្ញាធរឃុំបានដាក់កម្លាំងជួយការពារនិងយាមល្បាតព្រៃឈើជាមួយគណៈកម្មការសហគមន៍ដែរ ប៉ុន្ដែសកម្មភាពកាប់បំផ្លាញនៅតែមិនមានការថមថយឡើយ។

ម្យ៉ាងលោកថា ថ្នាក់ឃុំមិនមានថវិកាឧបត្ថម្ភឬបដិភាគសម្រាប់ប្រើប្រាស់ការពារធនធានធម្មជាតិ និងស្នើបញ្ចូលក្នុងការជួយអភិវឌ្ឍន៍សហគមន៍ព្រៃឈើនៅឡើយ។

លោកបន្ដថា៖ «យើងក៏បានទាក់ទងទៅខាងរដ្ឋបាលព្រៃឈើឱ្យគាត់ជួយដែរ ព្រោះដីខាងនោះមានអ្នកខ្លះមកចង់ឆក់ឱកាសទៀតណា! ប៉ុន្ដែយើងបានហៅក្រុមការងារភូមិ អនុភូមិ មេឃុំថា យើងមិនអាចស៊ីញ៉េឯកសារហ្នឹងឱ្យបានទេ ព្រោះនេះមិនមែនរបស់យើង​ឯណា របស់ប្រជាពលរដ្ឋ!​ ពលរដ្ឋ១៦៩គ្រួសារហ្នឹងគាត់ពឹងពាក់លើយើងទាំងស្រុងឱ្យជួយការពារ»។

នាយរងរដ្ឋបាលព្រៃឈើកំពត​ លោក​ ហុកគា សកល ទទួលស្គាល់ថា តំបន់ព្រៃសហគមន៍នៅខេត្តកំពតកំពុងទទួលរងការកាប់ទន្ទ្រាននិងរុករានពីសំណាក់ជនខិលខូចនិងពលរដ្ឋ ខណៈតម្លៃដីធ្លីក្នុងខេត្តនេះកំពុងហក់ឡើងខ្ពស់ផងនោះ។

យ៉ាងណាក្ដី លោកថា លោកកំពុងសិក្សាទៅលើករណីជម្លោះដីសហគមន៍នេះ លោកអះអាងថា អាជ្ញាធរនឹងស្វែងរកចាប់ខ្លួនអ្នកជាប់ពាក់ព័ន្ធនឹងដីសហគមន៍នេះយកទៅផ្តន្ទាទោសឱ្យទាល់តែបាន។

លោក​បន្ដថា៖ «ចំពោះព្រៃឈើនៅក្នុងខេត្តកំពតនេះ វាកំពុងតែមានការកាប់រានពីសំណាក់ជនខិលខូចនិងពីសំណាក់ប្រជាពលរដ្ឋមួយចំនួន។ អ៊ីចឹងថ្នាក់ដឹកនាំខេត្តកំពុងតែមានវិធានការ […] ខ្ញុំកំពុងតែសិក្សា មានគេនិយាយប្រាប់ខ្ញុំដែរ។ ពេលទៅចំណុចហ្នឹង ប៉ុន្ដែពេលទៅ មិនដែលឃើញ។ ខ្ញុំកំពុងតែសិក្សាសួររកឈ្មោះហ្នឹង ខាងឃុំក៏អត់ឃើញបញ្ចេញមកខ្ញុំដែរ»។

គូសបញ្ជាក់ថា សហគមន៍ព្រៃឈើភ្នំទទឹង ត្រូវបានចាប់ផ្ដើមចងក្រងបង្កើតឡើងនៅឆ្នាំ២០០៩ និងត្រូវបានទទួលស្គាល់ពីអាជ្ញាធរភូមិឃុំនៅ២០១១ ស្ថិតនៅលើផ្ទៃដីសរុបចំនួន១១៥ហិកតា។ ចាប់តាំងពីបង្កើតឡើងនោះ សហគមន៍នេះបានរៀបចំបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រង បង្កើតបទបញ្ជផ្ទៃក្នុង និងបោះបង្គោលព្រំប្រទល់ផងដែរ ប៉ុន្ដែក្រោយមក សហគមន៍ព្រៃឈើនេះក៏បានបាត់បង់ដីព្រៃសហគមន៍ពីសំណាក់ឈ្មួញនិងជនខិលខូច៕


សូមធ្វើការកែតម្រូវ៖ កថាខណ្ឌ «លោក នួន ថាដា អះអាងទៀតថា ដីសហគមន៍ដែលកំពុងមានជម្លោះ គឺស្ថិតនៅប៉ែកខាងលិចនិងខាងត្បូង ដែលពីដើមឡើយមានពាក់ព័ន្ធនឹងទំហំដីចំនួន១៣៥ហិកតា និងនៅសល់ប្រមាណ៨០ហិកតាប៉ុណ្ណោះ។» ទៅជា «លោក នួន ថាដា អះអាងទៀតថា ដីសហគមន៍ដែលកំពុងមានជម្លោះ គឺស្ថិតនៅប៉ែកខាងលិចនិងខាងត្បូង ដែលពីដើមឡើយមានពាក់ព័ន្ធនឹងទំហំដីចំនួន១១៥ហិកតា និងនៅសល់ប្រមាណ៨០ហិកតាប៉ុណ្ណោះ។»


ពលរដ្ឋអ្នកសារព័ត៌មាន CCIM ខេត្តកំពត  

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។