អ្នកភូមិនៅខេត្តកណ្តាលនិងតាកែវ​ធ្វើពិធីដាក់បណ្តាសាចំពោះអ្នកយកដីធ្លីរបស់ពួកគេ

អ្នកតវ៉ាមកពីខេត្តកណ្តាលនិងខេត្តតាកែវ អង្គុយនៅក្បែរការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដើម្បីធ្វើពិធីសាសនាបន់ស្រន់សុំឱ្យមានដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាដីធ្លី នៅឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។ (Danielle Keeton-Olsen)

ក្រុមអ្នកភូមិ​ដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ​​​អន្តរ​ជាតិភ្នំពេញថ្មី ស្ថិតក្នុងស្រុកកណ្តាល​ស្ទឹង ខេត្តកណ្តាល និង​ស្រុកបាទី ខេត្តតាកែវ បាននាំគ្នាធ្វើពិធីបែបសាសនា ដោយដាក់បណ្តាសាចំពោះ​អ្នករំលោភ​យកដីធ្លី​របស់​ពួកគេទាំងមិនបានដោះស្រាយសំណងសមរម្យ។

កាលពីថ្ងៃអាទិត្យ ​ពលរដ្ឋ​ជាង១០០នាក់ មកពីឃុំចំនួន៣ នៃស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និង១ឃុំ នៃស្រុក​បាទី ខេត្តតាកែវ បានជួបជុំគ្នាធ្វើពិធីសែនព្រេនបែបសាសនា នៅកន្លែងក្បាលដីកំពុងមានជម្លោះជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដើម្បីដាក់បណ្តាសាចំពោះ​ក្រុមហ៊ុននិងអ្នកពាក់ព័ន្ធដែលយកដីធ្លីរបស់ពួកគេ។ នេះបើតាមការអះអាងរបស់ក្រុមប្រជាពលរដ្ឋ។​

ពលរដ្ឋនៅឃុំបឹងខ្យាង អ្នកស្រី ឃឹម ម៉ាលី ដែលប៉ះពាល់ដីទំហំ២៧អា និងចូលរួមប្រារព្ធពិធីនេះ ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះ​​ថា អ្នកភូមិសម្រេចធ្វើ​ពិធីសាសនានោះ ដោយសារពួកគាត់អស់ជំនឿលើការដោះស្រាយរបស់អាជ្ញាធរពាក់ព័ន្ធនាពេលកន្លងមក។

ពលរដ្ឋរូបនោះ​បន្តថា ពលរដ្ឋកម្ពុជាគោរពព្រះពុទ្ធ​សាសនា និងមានអប្បិយជំនឿ ជឿលើបុណ្យបាប។ អ្នកស្រីបន្ត​ថា តាមរយៈការធ្វើពិធីនេះអាចជួយបន្ទន់ចិត្តថ្នាក់ដឹកនាំប្រទេសជួយដោះស្រាយផលប៉ះពាល់ដីធ្លីរបស់ពួកគាត់​។

អ្នកស្រីបន្ថែមថា៖ «យើងធ្វើពិធីនេះ ដើម្បីដាក់បណ្តាសា​បុគ្គលមួយចំនួនដែលគាត់ពុករលួយរំលោភយកដីធ្លីប្រជាពលរដ្ឋ និងមួយទៀត យើងចង់បង្ហាញថា ពួកយើងកំពុងមានការឈឺចាប់ អត់មានអ្នកជួយដោះស្រាយ ហើយការដោះស្រាយតាមផ្លូវច្បាប់មានភាពយឺតយ៉ាវ អ៊ីចឹង​យើងមានតែធ្វើពិធីបែបនេះខ្លះទៅ»។

ក្នុងវីដេអូឃ្លីបមួយដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គម កាលពីថ្ងៃទី២០ ខែមិថុនានេះ ក្រុមអ្នកភូមិបានស្រែកបួងសួងនិងដាក់បណ្តាសាថា «សូមឱ្យវត្ថុស័ក្តិសិទ្ធិឱ្យពរជ័យដល់កូនចៅនៅទាំង៤ឃុំនេះ ទទួលឈ្នះអស់មារសត្រូវ និងកម្ចាត់ពួកសត្រូវដែលឈ្លានពានចង់រំលោភចង់បានដីប្រជាពលរដ្ឋនៅទាំង៤ឃុំនេះ។ បើមកតាមផ្លូវ សុំឱ្យក្រឡាប់ឡាន ឱ្យគ្រោះថ្នាក់ចរាចរណ៍ បើមកតាមលំហវេហា ឱ្យធ្លាក់យន្តហោះរលាយបាត់បង់ទៅ បើមកតាមផ្លូវទឹក សំពៅ ជាដើម ឱ្យរលាយហិនហោចអស់ទៅ»

អ្នកស្រី អ៊ុន សឿន អាយុ៦៩ឆ្នាំ នៅឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ដែលប៉ះពាល់ដី៦០អា និយាយថា ករណីនេះ អាជ្ញាធរអូសបន្លាយមិនដោះស្រាយជូនពលរដ្ឋឡើយ ដែលធ្វើឱ្យអ្នកស្រីព្រួយបារម្ភរាល់ថ្ងៃពីការបាត់បង់ដីធ្លីរបស់ខ្លួនដោយមិនបានទទួលសំណងសមរម្យ។

អ្នកស្រី អ៊ុន សឿន ឱ្យដឹងថា គ្រួសារអ្នកស្រីមានដីតែ៦០អាប៉ុណ្ណោះ សម្រាប់បង្កបង្កើនផលនិងបែងចែកទៅឱ្យកូនៗសម្រាប់ធ្វើស្រែចម្ការ។

អ្នកស្រីបន្ថែមថា៖ «យើងធ្វើពិធីនេះ ដើម្បីឱ្យម្ចាស់ទឹកម្ចាស់ដី លោកតាលោកយាយជួយដល់កូនចៅដែលកំពុងរងគ្រោះដីធ្លីទទួលបានការដោះស្រាយសមរម្យ ដោយជួយបន្ទន់ចិត្តដល់ថ្នាក់ដឹកនាំជួយដោះស្រាយដល់ពលរដ្ឋដែលអាចទទួលយកបានទាំងអស់គ្នា»

អភិបាលខេត្តតាកែវ លោក អ៊ូច ភា មានប្រសាសន៍​ថា អាជ្ញាធរកំពុងស្រាវជ្រាវនិងដោះស្រាយលើបញ្ហានេះ។

លោកបន្ថែមថា៖ «​ពាក់ព័ន្ធជាមួយបញ្ហានេះ យើងកំពុងស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធនិងទំហំដី ដើម្បីឈានទៅរកការដោះស្រាយ។ អ៊ីចឹងវាមានភាពយឺតយ៉ាវខ្លះ»

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត យល់ថា ប្រជាពលរដ្ឋឈានដល់ការធ្វើពិធីដាក់បណ្តាសាបែបនេះ ដោយសារពួកគេគ្មានជម្រើស និងអស់ជំនឿលើការដោះស្រាយរបស់អាជ្ញាធរ។

មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា ការដែលប្រជាពលរដ្ឋធ្វើបែបនេះ ក៏ជាការរំឭកដល់អាជ្ញាធរពាក់ព័ន្ធនិងម្ចាស់ក្រុមហ៊ុនដែលកាន់ព្រះពុទ្ធសាសនា ​ដែលបានរំលោភយកដីធ្លីប្រជាពលរដ្ឋ គប្បីធ្វើការផ្លាស់ប្តូរចិត្តឡើងវិញផងដែរ។

លោកបន្ថែមថា៖«អាជ្ញាធរនិងក្រុមហ៊ុន ពួកគាត់គួរតែធ្វើការពិចារណាឡើងវិញ ពីព្រោះទៅអនាគត វាមិនដឹងប្រែប្រួលទៅជាយ៉ាងណាខ្លះ។ អ៊ីចឹងសូមឱ្យគាត់សាងអំពើល្អទាក់ទងជំនឿខ្លះទៅ។ ហើយត្រូវអនុវត្តទៅតាមគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីអំពីធុរកិច្ចនិងសិទ្ធិមនុស្ស ដែលក្រុមហ៊ុនត្រូវតែគោរពនិងដោះស្រាយនៅពេលដែលមានបញ្ហាជាមួយប្រជាពលរដ្ឋ»៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ