អង្គការ​​គាំពារ​​អ្នក​កាសែត​​អំពាវ​​នាវ​​ឱ្យ​​អាជ្ញា​ធរ​​បញ្ឈប់​​ការ​​គំរាម​​កំហែង​​និង​​ធ្វើ​ទុក្ខ​​បុក​​ម្នេញ​​លើ​​អ្នក​​សារ​ព័ត៌មាន​​ឯករាជ្យ​

ក្រុមអ្នកកាសែតមកពីស្ថាប័នផ្សេងៗ ចូលរួមសន្និសីទអំពីស្ថានភាព​និង​បច្ចុប្បន្នភាព​នៃ​កូ​វីដ១៩ ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់​រ៉ែ​ន)

អង្គការ​គាំពារ​អ្នកកាសែត​ចំនួន​ពីរ បាន​អំពាវ​នាវ​ឱ្យ​អាជ្ញាធរកម្ពុជា​បញ្ឈប់​ការគំរាម​កំហែង និង​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅលើ​អ្នកសារព័ត៌មាន​ឯករាជ្យ​នៅពេល​ពួកគេ​ចុះ​បំពេញ​ការងារ​។​

នៅក្នុង​សេចក្តីថ្លែង​ការណ៍​របស់​ខ្លួន​នៅថ្ងៃទី​១៩ ខែមិថុនា​នេះ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) និង​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (ខេមបូចា) បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ជាខ្លាំង បន្ទាប់ពី​អ្នកសារព័ត៌មាន​វីអូឌី (VOD) ត្រូវ​បាន​អាជ្ញាធរ​រារាំង និង​គំរាមកំហែង​ជា​បន្តបន្ទាប់ នៅ​ពេល​ពួកគេ​ចុះ​ទៅ​បំពេញ​ការងារ​។

បើ​តាម​សេចក្តីថ្លែងការណ៍​របស់​អង្គការគាំពារ​អ្នកកាសែត​ទាំងពីរ​ខាងលើ​នេះ​បាន​ឱ្យដឹងថា កាលពី​ថ្ងៃទី១៨ ខែមិថុនា ម្សិលមិញ​នេះ អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ​ជាង​​១០នាក់​ ​ដឹកនាំ​ដោយ​អភិបាលខណ្ឌ បាន​រារាំង​និង​គំរាម​អ្នក​ថតវីដេអូ​ម្នាក់​របស់​វីអូឌី​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ ​ដែល​បាន​ចុះទៅ​ផ្ដិត​យក​ទិដ្ឋភាព​ចំណត​បណ្ដោះ​អាសន្ន​នៃ​ផ្ទះបណ្ដែត​ទឹក​និង​បែចិញ្ចឹមត្រី​របស់​ជនជាតិ​វៀតណាម​​ដែល​អាជ្ញាធរ​ជម្លៀស​ចេញពី​ទីតាំង​មួយ​ចំនួន​នៅក្នុង​រាជធានីភ្នំពេញ​។ លើសពីនេះ ក្រុម​សមត្ថកិច្ច​ក៏បាន​ថតរូប​និង​បណ្ណ​សម្គាល់ខ្លួន​របស់​អ្នកថត​វីដេអូ​រូបនេះ ហើយ​គំរាមថា គាត់​នឹង​មាន​បញ្ហា​ប្រសិន​បើ​មាន​រូបភាព ឬវីដេអូ​ណាមួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​។

ករណីនេះ​បាន​កើតឡើង​តែមួយ​សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពី​អ្នកសារព័ត៌មាន​វីអូឌី​ផ្សេងទៀត ត្រូវបាន​រារាំង​និង​គំរាម​កំហែង​ក្នុង​ហេតុការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​។ កាលពីព្រឹក​ថ្ងៃទី១១ ខែមិថុនា អ្នកសារព័ត៌មាន​និងអ្នកថត​វីដេអូ​របស់​វីអូឌី​បាន​ចុះទៅ​រាយការណ៍​អំពី​ការដាក់​ញត្តិ​របស់​ភរិយា​អតីត​សកម្មជន​គណបក្សសង្គ្រោះជាតិ​ប្រមាណ​១០នាក់ ទៅ​កាន់​តំណាង​សហគមន៍​អឺរ៉ុប (EU)។ អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ដែល​មាន​គ្នា​ប្រមាណ​៦០នាក់ បាន​ហាម​មិន​ឱ្យអ្នកសារព័ត៌មាន​ថតរូប​និងវីដេអូ ដោយ​ព្រមាន​ថា នឹង​ដក​សម្ភារៈ និង​បញ្ជូន​ទៅ​សាលាខណ្ឌ​ប្រសិន​ជា​ហ៊ានល្មើស​។ ចំណែក​កាលពីថ្ងៃទី​១១ ខែឧសភា​ក​ន្លងទៅ អាជ្ញាធរ​ខេត្តពោធិ៍សាត់​ដែល​ដឹកនាំ​ដោយ​អភិបាលរង​ខេត្តម្នាក់ ក៏​បាន​ដក​យក​សម្ភារៈនិង​ហាម​ឃាត់​អ្នកសារព័ត៌មាន​វីអូឌី​ម្នាក់​មិន​ឱ្យ​ថតរូប សកម្មភាព​ពលរដ្ឋ​នៅ​ខេត្តកំពង់ឆ្នាំង​តវ៉ាបិទ​កំណាត់​ផ្លូវជាតិ​លេខ៥ ដែល​ជាប់​ព្រំប្រទល់​ខេត្តពោធិ៍សាត់ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរដោះស្រាយ​វិវាទដីធ្លី​របស់​ពួកគេ​ផង​ដែរ​។

សកម្មភាព​រារាំង និងការ​គំរាមកំហែង​ទាំងអស់​ខាងលើ​នេះ​ពីសំណាក់​អាជ្ញាធរ គឺជា​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សេរីភាព​សារព័ត៌មាន ដែលផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​និង​ច្បាប់ស្ដីពី​របបសារព័ត៌មាន​ដែល​បានធានា​ដល់​សិទ្ធិសេរីភាព​និង​វិជ្ជាជីវៈសារ​ព័ត៌មាន។

ស៊ីស៊ីអាយអឹម​ (CCIM) ដែលជា​អង្គការ​មិនមែនរដ្ឋាភិបាល​លើក​កម្ពស់សារព័ត៌មាន​ឯករាជ្យ​និងសេរីភាព​បញ្ចេញមតិ និង​ខេមបូចា (CamboJA) ដែលមាន​សមាជិក​សមាជិកា​ជា​ អ្នកសារព័ត៌មាន​ប្រមាណជាង​១០០នាក់ ជំរុញ​ជាថ្មី​ដល់​រាជរដ្ឋាភិបាល​ឱ្យ​បញ្ឈប់​នូវ​សកម្មភាព​​របស់​សមត្ថកិច្ច​ដែលធ្វើ​ទុក្ខ​បុកម្នេញ​អ្នកសារព័ត៌មាន​ដោយ​ជំនួស​មកវិញ​នូវ​ការធានា​សុវត្ថិភាព​និង​សន្តិសុខ​ដល់​អ្នកសារព័ត៌មាន​គ្រប់រូប ដើម្បី​ឱ្យ​ពួកគេ​អាច​អនុវត្ត​សិទ្ធិសេរីភាព និង​បំពេញវិជ្ជាជីវៈ​បាន​ត្រឹមត្រូវ ដើម្បី​ចូលរួម​រាយការណ៍​ពី​រឿងរ៉ាវ និង​បទល្មើស​នានា​ដែល​កំពុង​កើត​មាន​ឡើង​នៅក្នុង​សង្គម​ដោយ​មិនមាន​ការភ័យខ្លាច​។

ក្រៅពី​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងសមាគមសម្ព័ន្ធ​អ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) សហព័ន្ធ​អ្នក​កាសែត​​អន្តរជាតិ (IFJ) និង​​បណ្តាញ​​អ្នកកាសែតអាស៊ីអាគ្នេយ៍ ក៏បាន​ចេញ​សេចក្តីថ្លែង​ការណ៍​មួយកាល​ពីថ្ងៃទី​១៨ ខែមិថុនា ម្សិលមិញ​នេះ បាន​អំពាវនាវ​ឱ្យរ​ដ្ឋាភិបាល​នៅក្នុង​ប្រទេសនីមួយ​នៅក្នុង​តំបន់អាស៊ាន ត្រូវ​ការពារ​អ្នកកាសែត​ក្នុងពេលចុះ​បំពេញ​ការងារ​ ខណៈ​ការរីក​រាល​ដាល​នៃ​ជំងឺកូវីដ១៩។ សេចក្តី​ថ្លែងការណ៍​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មានកិច្ចប្រជុំ​សមាជិក​អ្នកកាសែត​មកពី​ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វ៊ីលីពីន ទីម័រខាងកើត និង​អ្នកកាសែត​មកពី​ប្រទេសថៃ​ផង​ដែរ​។

វីអូឌី ទាក់ទង​សុំការឆ្លើយតប​ពី​អ្នកនាំពាក្យក្រសួងព័ត៌មាន​លោក មាស សុភ័ណ្ឌ មិនទាន់បាន​នៅឡើយ​ទេ គិតត្រឹម​ល្ងាចសៅរ៍ ទី១៩ ខែ​មិថុនា​​នេះ។ ចំណែក​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​ក៏មិនអាច​ទាក់ទង​សុំការបំភ្លឺ​ជុំវិញ​ការបំពេញការងារ​របស់​អាជ្ញាធរមូលដ្ឋាន​នេះ។

កាលពី​ខែមេសា ឆ្នាំ២០២១ អង្គការ​អ្នកកាសែត​គ្មានព្រំដែន បានបន្ត​ផ្តល់​ចំណាត់ថ្នាក់​សេរីភាពសារព័ត៌មាន​នៅ​កម្ពុជា ឆ្នាំ២០២០ ស្ថិត​នៅ​លេខរៀងទី​១៤៤ ក្នុង​​ចំណោម​​១៨០ប្រទេស​ នៅ​លើ​ពិភពលោក ដែល​ចំណាត់ថ្នាក់​នេះ​ ស្ថិត​នៅ​ក្នុង​ស្ថានភាព​លំបាក​ដដែល​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ២០១៩​។ យោងតាមសន្ទស្សន៍​​សេរីភាព​​សារព័ត៌មាន​ពិភពលោក​ របស់​​ អង្គការ​អ្នកកាសែត​គ្មានព្រំដែន​ នៅឆ្នាំ២​០២០​នេះ បាន​រកឃើញ​ថា​ ការងារ​របស់​អ្នកសារព័ត៌មាន​​ត្រូវ​បាន​​រារាំង​ទាំងស្រុង​ឬ​យ៉ាងធ្ងន់ធ្ងរ​ នៅក្នុង​​ប្រទេស​​ចំនួន​​៧៣ ខណៈ​ការ​រារាំង​នៅក្នុង​ប្រទេស​ចំនួន​​៥៩ផ្សេង​ទៀត​​មាន​ស​ភាព​ដោយ​ផ្នែក​។ បើតាម​ ​អង្គការ​អ្នកកាសែតគ្មាន​ព្រំដែន រដ្ឋាភិបាល​នៃ​​ប្រទេស​ជាច្រើន​​បានប្រើប្រាស់​វិធានការ​​ទប់ស្កាត់​​ការ​រាតត្បាត​នៃ​ជំងឺ​ឆ្លង​កូវីដ-​១៩​ ដើម្បី​​បង្កើន​​ការបង្ក្រាប​ទៅលើ​​អ្នក​សារព័ត៌មាន​។ ក្នុង​ចំណោម​ប្រទេស​១០​នៅ​អាស៊ាន ប្រទេសថៃ​បាន​កើនឡើង​៣លេខ ស្ថិតនៅ​ចំណាត់ថ្នាក់ទី​១៣៧ ហ្វីលីពីនធ្លាក់ចុះ​២​លេខ ស្ថិត​នៅចំណាត់ថ្នាក់​ទី១៣៨ ឥណ្ឌូនេស៊ីកើន​៦​លេខ ស្ថិតនៅចំណាត់ថ្នាក់ទី​១១៣ ខណៈ​ប្រទេសកម្ពុជា​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​១៤៤​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ