ពលរដ្ឋ​ខ្មែរ​ឥស្លាម​​រស់​នៅ​ផ្ទះ​បណ្តែត​ទឹក​ ស្នើ​អាជ្ញាធរ​ពន្យារ​ពេល​រុះរើ​ដូច​ប្រជាជន​វៀតណាម​

ស្ត្រីម្នាក់កំពុងបាចចំណីត្រីដែលគ្រួសារគាត់ចិញ្ចឹមទុកប្រកបអាជីវកម្ម ស្ថិតនៅបែចិញ្ចឹមត្រីរបស់គាត់ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជន ចាន់រ់ែន)

ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅភូមិចុងកោះ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ​ ស្នើអាជ្ញាធររាជធានីភ្នំពេញ ពន្យារពេលឱ្យគាត់រុះរើផ្ទះបណ្តែតទឹកដូចពលរដ្ឋជនជាតិវៀតណាម​​ដែរ ខណៈអាជ្ញាធរទុកពេល​ឱ្យពួកគាត់រុះរើចេញត្រឹមរយៈពេល​៣ថ្ងៃ។

​តំណាងសហគមន៍នេសាទខ្មែរឥស្លាមនៅភូមិចុងកោះ សង្កាត់ជ្រោយចង្វារ​ លោក អ៊ី យូ មាន​ប្រសាសន៍នៅថ្ងៃទី១៧ ខែមិថុនានេះថា អាជ្ញាធរខណ្ឌជ្រោយចង្វារ កាលពីថ្ងៃម្សិលមិញ បាន​ប្រាប់​​ប្រ​ជាពលរដ្ឋខ្មែរឥស្លាម​ជាង១៥០​គ្រួសារឱ្យ​រុះរើផ្ទះបណ្តែតទឹក​របស់ខ្លួនចេញ​ពីមាត់ច្រាំងទន្លេ​ក្នុងតំបន់នេះ ចាប់ពីថ្ងៃនេះទៅ ដោយទុករយៈពេលឱ្យ​ត្រឹម៣ថ្ងៃប៉ុណ្ណោះ។

លោកបន្តថា៖ «​ចំពោះគោលដៅដែលឱ្យ​​ទៅ [ភូមិសាស្រ្តតំបន់ក្អមសំណ] វាមិនអាច​ទៅបាន​ទេ! អ៊ីចឹង​​ប្រជាជនដែលគាត់នៅកន្លែងណា គឺនៅកន្លែងហ្នឹងសិនទៅ រកកន្លែងរៀងៗខ្លួនទៅ […] ទៅមិនបាន ព្រោះទន្លេវាធំ មានខ្យល់ភ្លៀងព្យុះ ទន្លេធំជាងទន្លេបួនមុខនៅមុខវាំងនេះទៅទៀត»។

បើតាមលោក អ៊ី យូ អាជ្ញាធរខណ្ឌបានប្រាប់ដល់​ពលរដ្ឋខ្មែរឥស្លាមនៅតំបន់នោះឱ្យរុះ​រើនិង​ផ្លាស់ប្តូរទីតាំងផ្ទះបណ្តែតទឹករបស់ពួកគាត់ នៅតំបន់ក្អមសំណ ស្ថិតក្នុងស្រុក​លើក​ដែក ខេត្ត​កណ្តាល​ ជាបណ្តោះអាសន្ន ប៉ុន្តែត្រូវពលរដ្ឋបដិសេធនិងតវ៉ាសុំពន្យារពេល​ការរុះ​រើ​នេះសិន។

ស្ត្រីជនជាតិខ្មែរឥស្លាម​ រស់នៅលើផ្ទះបណ្តែតទឹក ក្នុងខណ្ឌជ្រោយចង្វារ អ្នកស្រី មី ស៊ីម៉ាស់ បានលើកឡើងថា ពួកគាត់ធ្លាប់រស់នៅតំបន់​នេះជាច្រើនឆ្នាំមកហើយ ហើយ​បើឱ្យ​ពួកគាត់រុះរើចេញពីទីនេះ ពួកគាត់ពុំដឹងទៅរស់នៅទីណានោះទេ។ ករណីនេះ អ្នកស្រីបាន​ស្នើ​ដល់​អាជ្ញាធរខណ្ឌដោះស្រាយទីតាំងថ្មីសម្រាប់ពួកគាត់បានរស់នៅសមរម្យ មុននឹងឱ្យ​ពួកគាត់ធ្វើការរុះរើ។

អ្នកស្រីថា៖ «ខ្ញុំអត់ទៅណាទេ ទីតាំងខ្ញុំនៅហ្នឹង លុះត្រាតែខាងឃុំសង្កាត់ដោះស្រាយឱ្យ​​ខ្ញុំ។ ហើយ​សម័យកូវីដ​ហ្នឹង​ ខ្ញុំទៅណាក៏គេមិនទទួល​​ពួកខ្ញុំដែរ ទៅ​កន្លែង​ណា​ក៏​គេ​ដេញ​ពួ​កខ្ញុំដែរ ហើយឱ្យ​​ពួកខ្ញុំទៅឯណា? យួនចេះពន្យារពេលឱ្យ​​បាន ចុះខ្មែរ​ឥស្លាម​ដូច​ជន​ជាតិ​ខ្មែរដូច​គ្នា​នេះ អត់​រកកន្លែងឱ្យ​​ពួកខ្ញុំនៅ ហើយខ្ញុំបានកន្លែងណានៅ»។

ចំណែកពលរដ្ឋខ្មែរឥស្លាមម្នាក់ទៀត លោក យ៉ា សុខលិស ប្រាប់ វីអូឌី នៅថ្ងៃនេះថា ពលរដ្ឋមួយចំនួនក្នុងតំបន់នោះ ​បានរុះរើពីទីតាំងចាស់ជាបណ្តើរៗហើយ​​ ទៅកាន់ទីតាំងថ្មីនៅចំណុចក្អមសំណ ក្រោយពីអាជ្ញាធរ​កំណត់ពន្យារ​​ពេល​ឱ្យ​​ពួកគាត់​ត្រឹម​តែ៣​ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែលោកថា ក៏មានពលរដ្ឋ​ខ្លះទៀតមិនបានទៅតាមគោលដៅដែលអាជ្ញាធរកំណត់ឱ្យ​ដែរ ព្រោះ​ទីនោះ​ទឹកទន្លេធំ​ ដែលធ្វើឱ្យ​ពួកគាត់ពិបាកក្នុងការរស់នៅនិងប្រកបរបរនេសាទដើម្បីចិញ្ចឹមជីវិត។

លោកបន្តថា៖ «មិនមែនពួកខ្ញុំ​មិនចង់រុះរើទៅទេ ប៉ុន្តែសុំឱ្យ​មានដំណោះស្រាយសមរម្យមួយទៀត គឺអ្នកដែលចង់ទៅខាងក្អមសំណ ឱ្យ​​គេទៅៗ! អ្នក​ដែលមិនចង់ទៅក្អមសំណ សុំទៅនៅ​ខាង​ខេត្តកណ្តាល ស្រុកស្អាង ជិតព្រែកអំបិលវិញ ទើបគាត់អាចទទួលយកបាន»។

តែយ៉ាងណា អភិបាលខណ្ឌជ្រោយចង្វារ​ លោក ឃ្លាំង​ ហួត មាន​ប្រសាសន៍ថា អាជ្ញាធរ​​មិន​បាន​ដាក់​កំហិតឱ្យ​ពលរដ្ឋរុះរើក្នុងរយៈពេល៣ថ្ងៃដូចការលើកឡើងនេះទេ។ លោកថា អាជ្ញាធរ​គ្រាន់​តែជូ​ន​ដំណឹងដល់ពួកគាត់ឱ្យ​ធ្វើការ​រុះរើសំណង់មិនរៀបរយចេញពី​តាម​បណ្តោយ​ដង​ទន្លេនេះ​ប៉ុណ្ណោះ។

លោកបញ្ជាក់​ថា៖ «អាហ្នឹងយើងទុកពេលវេលាឱ្យ​​គាត់សមស្រប ដែលគាត់អាចរុះរើដោយខ្លួន​ឯង​ ដោយយើងមិនប្រើកម្លាំងរុះរើ ព្រោះថា ជាធម្មតា គឺវាត្រូវការពេលវេលាដើម្បីឱ្យ​​គាត់​អូស​ ឬសណ្ដោង ឬក៏មធ្យោបាយយ៉ាងម៉េច គឺជារឿងរបស់គាត់។ តែកន្លែងហ្នឹង​គឺធ្វើម៉េច​ឱ្យ​​វាស្អាត ដើម្បីឱ្យ​ដងទន្លេមេគង្គមានសោភ័ណភាព»។

លោកបានបន្ថែមថា រដ្ឋបាលខណ្ឌបានឱ្យពលរដ្ឋទាំងនោះបម្លាស់ទីផ្ទះបណ្តែតទឹករបស់​ពួកគាត់ទៅខាងក្រោយវត្តក្រួស ក្នុងខណ្ឌព្រែកព្នៅ ជាបណ្ដោះអាសន្នសិន។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស​អាដហុក (ADHOC) លោក សឹង សែនករុណា មាន​ប្រសាសន៍ថា រាល់ការអនុវត្តច្បាប់ទៅលើជនជាតិទាំងពីរនេះ អាជ្ញាធរ​គួរមាន​ការ​ពិនិត្យផ្នែក​​ច្បាប់​ឱ្យ​​បាន​ត្រឹម​ត្រូវ​​ ដោយមិនគួរមាន​ភាពលម្អៀងទៅខាងណានោះទេ ឬក៏​​អនុវត្តច្បាប់​​តាម​​បែបស្តង់ដារពីរនោះទេ ដែលនាំឱ្យមាន​ការរិះគន់​ពីមហាជន​។

លោកបន្តថា៖ «អ្វីដែលសំខាន់ ចំពោះរឿងជម្លៀសជនជាតិឥស្លាម និងជនជាតិវៀតណាម ចេញ​ពីមាត់ទន្លេ គួរតែមានការពិនិត្យផ្នែកច្បាប់ឱ្យ​​បានច្បាស់លា​ស់ ដោយ​មិន​មាន​ភាពលម្អៀង​ និងឱ្យ​​បានត្រឹមត្រូវស្របច្បាប់ ហើយស្របតាមអង្គការសិទ្ធិមនុស្ស មិនអនុញ្ញាតឱ្យ​​មាន​ការ​រើស​អើង​ជាតិ​សាសន៍​ក្នុងលក្ខណៈណាមួយ​នោះទេ។ គួរតែមានដំណោះស្រាយណាមួយដែលគាត់អាចទទួលយកបាន ដោយមានការគោរពសិទ្ធិពួកគាត់ក្នុងការសម្រេចចិត្តផង​ដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ