ទូត​អាមេរិក​ពិភាក្សា​ជាមួយ​ក្រសួង​បរិស្ថាន​ជុំវិញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃឡង់

ឯកអគ្គរដ្ឋទូត​អាមេរិក​ លោក Patrick Murphy​ ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ​ដើម្បីពិភាក្សា​ពីការព្រួយបារម្ភ​នានាជុំវិញការកាប់បំផ្លាញព្រៃឈើនៅដែនជម្រកសត្វព្រៃឡង់​ និងភាពជាដៃគូរវាងកម្ពុជា-អាមេរិកក្នុងការចូលរួមដោះស្រាយវិបត្តិអាកាសធាតុសកល កាល​ពី​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ២០២១។ (ធ្វីទ័រ៖ Ambassador W. Patrick Murphy)

​ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បង្ហាញការ​​ព្រួយបារម្ភ​ជុំវិញការកាប់បំផ្លាញព្រៃឈើនៅ​ដែនជម្រកសត្វព្រៃឡង់ ខណៈសកម្មជនបរិស្ថាន និងបណ្តាញព្រៃឡង់ ត្រូវបានហាមឃាត់មិនឱ្យចូលល្បាតតំបន់ការពារមួយនេះ។

ឯកអគ្គរដ្ឋទូត​អាមេរិក​ លោក Patrick Murphy បាន​សរសេរ​នៅ​លើ​ Twitter របស់​លោក កាល​ពី​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ២០២១​ ថាលោកបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ​ដើម្បីពិភាក្សា​ពីការព្រួយបារម្ភ​នានាជុំវិញការកាប់បំផ្លាញព្រៃឈើនៅដែនជម្រកសត្វព្រៃឡង់​ និងភាពជាដៃគូរវាងកម្ពុជា-អាមេរិកក្នុងការចូលរួមដោះស្រាយវិបត្តិអាកាសធាតុសកល។

អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Arend Zwartjes ប្រាប់ វីអូឌី តាមរយៈសារអេឡិចត្រូនិចអ៊ីម៉ែល​​​​ថា លោកមិនអាចប្រាប់បន្ថែមភ្លាមៗជុំវិញលទ្ធផលនៃ​ជំនួបនេះ​បាន​ទេ នៅថ្ងៃពុធនេះ។

ចំណែករដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា សុំមិនធ្វើអធិប្បាយលើរឿងនេះ​ដែរ។

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិរបស់សមាគម​បណ្ដាញយុវជនកម្ពុជា លោក ហេង គឹម​ហុង មានប្រសាសន៍ថា ករណីមន្ត្រីទូតអាមេរិកជួបជាមួយក្រសួងបរិស្ថាន ពិភាក្សាជុំវិញការកាប់បំផ្លាញព្រៃឡង់នេះ អាច​បញ្ជាក់បាន​ថា សកម្មភាពបទល្មើសកាប់បំផ្លាញ​ព្រៃឈើក្នុងតំបន់ការពារមួយនេះនៅ​មិន​ថម​ថយនោះ​ទេ។

លោក ហេង គឹមហុង ស្នើទៅសហរដ្ឋអាមេរិកជជែកជាមួយក្រសួងបរិស្ថាន ដោយធ្វើយ៉ាងណា​បញ្ឈប់ការរឹត​ត្បិត​ក្រុម​អង្គ​​ការ​​សង្គម​ស៊ីវិល​ សកម្មជន​​បរិស្ថាន និង​បណ្តាញ​ព្រៃឡង់ ​ក្នុងការចូលល្បាត​នៅតា​ម​តំបន់ការ​ពារ​នានា ជាពិសេស​តំបន់​ព្រៃឡង់នេះ ​ដោយថា ការចូល​រួមរបស់ក្រុមទាំងនេះនឹងអាចការពារព្រៃឈើមានប្រសិទ្ធភាពខ្ពស់។

លោកក៏បាន​ស្នើឱ្យ​អាមេរិកពិចារណាក្នុងការផ្តល់ជំនួយ​ចំពោះក្រុមណាដែលមិនបានបម្រើនិងការពារធន​ធានធម្មជាតិពិតប្រាកដផងដែរ។

លោកបន្ថែមថា៖ «ប្រសិនជាមានការចូលរួមពីសហគមន៍មូលដ្ឋាន ជាពិសេសក្រុមអ្នកធ្វើការដោយឯករាជ្យក្នុងគោលបំណងការពារធនធានធម្មជាតិហ្នឹង ខ្ញុំជឿជាក់ថា ការកាប់បំផ្លាញ​ព្រៃឈើនិងបទល្មើសព្រៃឈើផ្សេងទៀតនឹងមានការថយចុះ ពីព្រោះក្រុមសហគមន៍មូលដ្ឋាន ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការដោយតម្លាភាពនិង​ឆន្ទៈហ្នឹង គឺពួកគាត់មានឆន្ទៈពេញលេញជាង ក្នុងការទប់ស្កាត់និងការរារាំង​បទល្មើសកុំ​ឱ្យបន្តកើតមាន»

លោក ហឿន សុភាព ជាសកម្ម​ជន​ព្រៃ​ឡង់ និង​ជា​អ្នកសម្របសម្រួល​បណ្តាញ​ព្រៃ​ឡង់​ប្រចាំ​ខេត្តកំពង់ធំ មានប្រសាសន៍ថា ចាប់តាំងពីក្រសួងបរិស្ថានហាមឃាត់មិនឱ្យបណ្ដាញព្រៃឡង់ និងអង្គការសង្គមស៊ីវិល ធ្វើសកម្មភាពចូលព្រៃឡង់មក ​សកម្ម​ភាព​កាប់និង​​ដឹកឈើ​ចេញពី​​តំបន់​ព្រៃ​ឡង់​នៅតែ​បន្ត​កើតមាន​ស្ទើរ​រាល់ថ្ងៃ។

សកម្មជនព្រៃឡង់រូបនេះបានដាក់ការសង្ស័យថា បញ្ហាបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃឡង់នៅបន្តកើតមានឥតឈប់ឈរនេះ អាចជាប់ពាក់ព័ន្ធអំពើពុករលួយរវាងមន្ត្រីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋាន និងជនល្មើស ក្នុងការចូលទៅកាប់បំផ្លាញនិងដឹកជញ្ជូនឈើ។

លោកបន្ថែមថា៖ «មានការបើកដៃនិងនៅពីក្រោយខ្នង ពាក់ព័ន្ធជាមួយក្រុមកាប់បំផ្លាញព្រៃឈើហ្នឹង គឺមានការចូលរួមពីមន្ត្រីឧទ្យានុរក្សថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋានមួយចំនួន ដែលកំពុងតែរួមគំនិតគ្នាក្នុងការកាប់បំផ្លាញព្រៃឈើហ្នឹង។ ហើយមួយទៀត យើងឃើញសកម្មភាពមួយចំនួន ក្រសួងបរិស្ថានកំពុងតែលាក់និងបិទបាំងព័ត៌មានមួយចំនួន​មិនឱ្យសហគមន៍ចូល មិនឱ្យសារព័ត៌មានចូល។ អ៊ីចឹងខ្ញុំថា ក្រសួងមិន​អាចការពារព្រៃឈើតំបន់ការពារមួយនេះបានទេ អ៊ីចឹងខ្ញុំថា ព្រៃឈើមួយនេះនឹងរលាយឆាប់​ៗនេះ»

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយដែល​បង្ហោះ​លើ​បណ្តាញ​សង្គមហ្វេសប៊ុក​របស់ខ្លួន កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​បានលើកឡើងថា ​សហរដ្ឋ​អាមេរិកគាំទ្រ​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​សហគមន៍ សង្គម​ស៊ីវិល និង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​​​ជីវសាស្ត្រ​ចម្រុះ​ដ៏​សម្បូរ​បែប​នៅ​ដែន​ជម្រក​សត្វព្រៃ​នៅ​ព្រៃឡង់ត្រូវ​បាន​អភិរក្ស។

បើ​តាម​សេចក្តី​ថ្លែង​ការណ៍ដដែលនេះ ទីភ្នាក់​ងារ​ផ្តល់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ឬ​ហៅ​ថា ​USAID មាន​គម្រោង​​មួយ​ដែល​មាន​ឈ្មោះ​ថា «ព្រៃឡង់​បៃតង» ដើម្បីជួយសហគមន៍​មូល​ដ្ឋាន ដូច​ជា​សមាជិក​នៃ​បណ្តាញ​សហគមន៍​ព្រៃឡង់ (PLCN) នៅ​ក្នុង​ការងារ​ល្បាត​រួមគ្នា​នៅ​ព្រៃឡង់​ជាមួយ​ក្រសួង​បរិស្ថាន។

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក ​នេត្រ ភក្ត្រា ធ្លាប់លើកឡើងថា ​ក្រសួង​បរិស្ថាន ​និង​ទីភ្នាក់ងារ​ USAID​ បានកំពុង​ធ្វើ​ការងារ​យ៉ាង​ស្អិត​ល្មួត​ជាមួយ​គ្នា និង​ជជែកគ្នា ​ដើម្បី​រក​ដំណោះ​ស្រាយ​រួម​ក្នុង​ការ​ការ​ពារ​ព្រៃឡង់​ឱ្យ​​បាន​គង់​វង្ស។ លោកបន្តថា ក្រសួង​បរិស្ថាន ​និង​ទីភ្នាក់​ងារ​ USAID បាន​កំពុង​អនុវត្ត​គម្រោង​«ព្រៃ​ឡង់​បៃ​តង» ដែល​មាន​រយៈ​ពេល៥​ឆ្នាំ ​ពី​ឆ្នាំ២០១៨​ ដល់​២០២៣ ដែល​មាន​ថវិកា​សរុប​ជាង​២១​លាន​ដុល្លារ​អាមេរិក៕


អត្ថបទទាក់ទង

ព្រៃឡង់
កាលចុះល្បាតរបស់ក្រុមការពារព្រៃឡង់ខេត្តកំពង់ធំនៅថ្ងៃ ទី ១៣ -១៥ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ផ្ដល់ដោយ ប្រភពបណ្តាញការពារព្រៃឡង់ខេត្តកំពង់ធំ)

សកម្ម​ជន​ព្រៃ​ឡង់​​ថា​ USAID​ មិន​បាន​គាំទ្រ​ពួក​គេ​លើ​សកម្ម​ភាព​ការពារ​ធនធាន​ធម្មជាតិ​ឡើយ​

ក្រុមសកម្មជនការពារព្រៃឈើ បង្ហាញការខកចិត្តចំពោះទីភ្នាក់ងារសហរដ្ឋអាមេរិកស​ម្រាប់ការអ​ភិវឌ្ឍអ​ន្តរជាតិ (USAID) ដែល​ថាខ្លួនបានធ្វើការងារផ្ទា​ល់ជាមួយបណ្តាញសហគមន៍ព្រៃឡង់ ខណៈក្រុមសកម្មជនទាំងនោះ​អះ​អាង​ថា ទីភ្នាក់ងារមួយនេះមិនដែលគាំទ្រសកម្មភាពការពារធនធានធម្មជាតិរបស់ពួកគេម្តងណាឡើយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ