រោងចក្រ​មួយ​ចំនួន​នៅ​ភ្នំពេញ​ចាប់​ដំណើរ​ការ​វិញ​ ខណៈ​មួយ​ចំនួន​នៅ​តាម​ខេត្ត​ផ្តើម​ផ្អាក​បណ្តោះ​អាសន្ន

សន្តិសុខប្រចាំរោងចក្រ Y&W មានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ឈរយាមមុខច្រកចូលរោងចក្រដើម្បីត្រួតពិនិត្យមុននឹងកម្មករចូលបំពេញការងារ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

រោងចក្រមួយចំនួនក្នុងខេត្តក្បែររាជធានីភ្នំពេញ ចាប់ផ្តើមផ្អាកដំណើរការដោយសាររកឃើញករណីឆ្លងជំងឺកូវីដ-១៩ លើក​ម្ម​​​​ករជាប​ន្ត​បន្ទាប់ ​ដែលនាំឱ្យមានការព្រួយបារម្ភពីក្រុមសហជីព បើទោះជារោងចក្រមួយចំនួននៅរាជធានីភ្នំពេញ ចាប់បើកទ្វារឡើងវិញប​ន្ទាប់ពីបិទទ្វារអស់មួយរយៈ។

ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី ថ្លែងនៅថ្ងៃទី១៤ ខែមិថុនា​ ថារោង​ចក្រមួយចំនួននៅតំបន់ 7NG ក្នុងស្រុកខ្សាច់កណ្តាល និងតាម​ប​ណ្តោ​យផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តខេត្តកណ្តាល​ កំពង់ស្ពឺ និងកំពង់ឆ្នាំង កំពុងផ្ទុះករណីឆ្លងរាលដាលវីរុសវាយប្រហារផ្លូវដង្ហើមថ្មី។ លោកថា រោងចក្រខ្លះត្រូវផ្អាកចង្វាក់ផលិតកម្ម ដើម្បីទប់ស្កាត់ការចម្លងនិងប្រមូ​ល​សំណាកអ្នកពាក់ព័ន្ធទៅធ្វើតេស្ត។

បើតាមប្រភពដដែល រោងចក្រ Starlight Apparel នៅតំបន់ 7NG ក្នុងឃុំវិហារសួគ៌ ខេត្តកណ្តាល រកឃើញឆ្លងចំនួន២៥០ករ​ណី ក្នុងចំណោមកម្មករ១ ៧០០នាក់ ខណៈរោងចក្រ Y&W ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ រកឃើញជិត៥០០នាក់ ក្នុងចំណោ​មកម្មករជាង១ ០០០នាក់ ធ្វើការនៅ២អាគារ។  

លោក ហ្វា សាលី និយាយថា៖ «ព័ត៌មានបឋមយើងឃើញថា ខេត្តកណ្តាល ដូចជា បូលីតូ ក៏មាន! ហើយនៅទឹកដី 7NG ហ្នឹងក៏មាន! យើងឃើញមា​​នច្រើនគួរសមដែរ។ ឥលូវយើងនៅមិនទាន់ប្រមូលនូវរបាយការណ៍ ក៏ដូចជាព័ត៌មានលម្អិតថាតើមានរោងចក្រប៉ុ​ន្មានទេនៅពេ​ល​ថ្មីៗនេះដែលបានកើតឡើង។ ម្សិលមិញ ម្សិលម៉្ងៃ ក៏មានករណីរោងចក្រជប៉ុនមួយដែរ នៅជិតភ្នំអដ្ឋរស្សក៏មានការរកឃើញវិជ្ជមានកូវីដ-១៩ដែរ»។  

ប្រភពដដែលបន្ថែមថា ការផ្ទុះករណីឆ្លងក្នុងរោងចក្រនៅតាមខេត្តពិបាកគ្រប់​គ្រ​ងនិងទប់ស្កាត់ជាងការផ្ទុះក្នុងរា​ជធា​នីភ្នំពេញ ដោ​​​​យសារកម្មករភាគច្រើនត្រឡប់ទៅស្នាក់នៅផ្ទះជាមួយក្រុមគ្រួសារ ខណៈលោកសង្កេតឃើញពួកគេ​​​​មួយចំនួនមិនបានធ្វើ​ចត្តាឡីស័ក​ដោយខ្លួនឯង​ ដែលនេះជាកត្តាហានិភ័យមួយ។

លោកបន្ថែមថា៖ «បើសិនជាពួកគាត់មានផ្ទុកកូវីដ គឺបានន័យថា គាត់បានចែករំលែកទៅអ្នកផ្ទះឬអ្នកភូមិ​របស់​គាត់ ហ្នឹងគឺជាបញ្ហាប្រឈម គឺត្រូវធ្វើទាំងផ្ទះតែម្តង! ហ្នឹងហើយគឺជាបញ្ហាសេដ្ឋកិច្ចធ្ង​ន់ធ្ងរដែលត្រូវបានដាក់បន្ទុកទៅលើពួកគាត់ ហ្នឹងគឺជា​បញ្ហាធំ! ហើយយើងអត់ដឹងថាតើយន្តការរបស់រាជរដ្ឋាភិបាលជួយសម្រួលដល់ពួកគាត់យ៉ាងដូចម្តេចទេ»។ 

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា លើកឡើងថា ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍រោងចក្រសហគ្រាសកាត់ដេរតាមបណ្តាខេត្ត កំពុងប៉ះពាល់ដល់កម្មករ អ្នកវិ​និ​យោគ និងក្រុមហ៊ុនបញ្ជាទិញ ដោយសារការអាក់ខានច​ង្វា​ក់ផលិតកម្មនៃរោងចក្រមួយចំនួន។

ថ្នាក់ដឹកនាំសហជីពរូបនេះ បន្ថែមថា​ រោងចក្រដែលកំពុងបើកដំណើរការឡើងវិញមួយចំនួន ដូចជានៅតំបន់​ព្រៃទា ក្នុងសង្កាត់ចោ​ម​ចៅ ដែលផ្ទុះករណីឆ្លងកាលពីខែឧសភា និងរោងចក្រដែលមិនទាន់រកឃើញករណីឆ្លងក៏ប្រឈមមុខនឹងនាំជំងឺពីសហគមន៍​ដែលពួកគេរស់នៅ និងពីកម្មករដូចគ្នាផងដែរ​។

លោកមានប្រសាសន៍ថា៖ «ប្រឈម! ដោយសារកម្មករជិះឡានឈ្នួលរួមគ្នា ក៏ដូចជានៅកន្លែងបណ្តុំមនុស្ស ហើយគាត់នៅក្នុ​ងស្ថា​នភាពដែលរោងចក្រ​ពួកគាត់មិនទាន់មានវិជ្ជមាន យើង​ឃើញ​មានការដើរហើរទៅនេះទៅនោះ។ អ៊ីចឹងទាំងអស់ហ្នឹង វាជាប​ញ្ហាប្រ​ឈម! ដោយឡែក បើយើងក្រឡេកទៅមួយផ្នែកទៀត ទៅលើសមាជិកក្រុមគ្រួសាររបស់គាត់»

តំណាងកម្មករនៅរោងចក្រ Y&W ម្នាក់ និងជាជំនួយការផ្នែកវាយឡេវដែលសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា កម្មករនៅអគារពីរ ត្រូវបានរកឃើញវិជ្ជមានជាបន្តបន្ទាប់ ក្រោ​យករណីដំបូងកើតមានលើអ្នកគ្រប់​គ្រង​អគារ​ជាជនជាតិចិនម្នាក់ កាលពីថ្ងៃទី៦ ខែ​មិថុនា។ លោកថា អគារ៩ផ្សេងទៀតដែលស្ថិតនៅម្ខាងនៃផ្លូវ​ពីអគារទាំង២នោះ នៅបន្តដំណើរការធម្មតា។

យ៉ាងណា លោកមិនអាចប​ញ្ជា​ក់តួលេខចំនួនអ្នកឆ្លងសរុបបានទេ ដោយសារអ្នកគ្រប់គ្រងមិនបានបញ្ចេញ​ឱ្យដឹង។ 

លោកបន្ថែមថា៖ «ដោយសារគាត់មានម៉ាស៊ីនពិនិត្យរហ័ស ម៉ាស៊ីន១៥នាទី គាត់ទិញយកមកពិនិត្យផ្ទាល់។ ដំបូងឡើយ គាត់ពិនិត្យអ្នកដែលសង្ស័យពាក់ព័ន្ធជាមួយអាចែជនជាតិចិន រហូតដល់ថ្ងៃទី៨ ដែលគាត់ទប់ទល់លែងឈ្នះ គាត់ក៏ស្នើដល់ក្រសួង ទៅឱ្យពេទ្យ អ្នកគ្រូធីតា ពេទ្យស្ម័គ្រចិត្តរបស់សម្តេចហ្នឹង គាត់ចុះមកពិនិត្យនៅថ្ងៃទី៩ទៅ១០»។ 

ប្រធានគ្រប់គ្រងរដ្ឋបាលនៃរោងចក្រ Y&W លោក ធី ប៊ុនថុន បដិសេធមិនឆ្លើយតបនឹងសំណួររបស់ វីអូឌី ជុំវិញបញ្ហាផ្ទុះករណីឆ្លងនៅរោងចក្រ ដោយលោកថា កំពុងជាប់រវល់។ យ៉ាងណា​ លោកបដិសេធតួលេខករណីឆ្លងដែលលើកឡើងដោយលោក ហ្វា សារី ថាមិនមែនជាការពិត។  

ដោយឡែក ប្រធានផ្នែកដេរនៅរោងចក្រដេរកាបូប​ JS Leather នៅតំបន់ព្រៃទា ក្នុងសង្កាត់ចោមចៅ អ្នកស្រី ផាន សាវរី លើកឡើងថា ខា​ងរោងចក្របានបើកទ្វារធ្វើការឡើងវិញចាប់ពីថ្ងៃទី១០ ខែមិថុនា បន្ទាប់ពី​ផ្អាក​៣សប្តាហ៍ ក្រោយរកឃើញករណីឆ្លងលើកម្មករជាង៥០នាក់។ 

តំណាងកម្មករប្រចាំរោងចក្ររូបនេះ បន្ថែមថា កម្មកររោងចក្ររបស់គាត់នៅតែប្រឈមហានិភ័យឆ្លង ដោយ​សា​រពួកគេមិនអាចរក្សា​គម្លាតសុវត្ថិភាពពេលសម្រាកញ៉ាំអាហារថ្ងៃត្រង់ និងពេលចេញពីធ្វើការ ហើយមានកម្មករមួយចំនួនមិនបានធ្វើតេស្តរកវិ​ជ្ជមានកូវីដ-១៩ ឱ្យបាន២លើកតាមការណែនាំរបស់អាជ្ញាធរសុខាភិបាល។

អ្នកស្រីនិយាយថា៖ «អ្នកខ្លះគេបានធ្វើសំណាកអ៊ីចឹង តែអ្នកខ្លះគេអត់ទាន់បានធ្វើអ៊ីចឹង ចេះតែនាំគ្នាភ័យខ្លាចទាំងអស់គ្នា»

ពាក់ព័ន្ធបញ្ហានេះ ប្រធានរដ្ឋបាលរោងចក្រ លោក ប៊ុណ្ណា លើកឡើងថា រោងចក្របានសហការជាមួយអាជ្ញាធរធ្វើតេស្តសំណាកកម្មករនិយោជិតទាំងអស់ ក្រោយកើតមានករណីផ្ទុះករណីឆ្លងកាលពីថ្ងៃទី២៤ ខែឧសភា លើកម្មកររោងចក្រនៅក្នុងតំបន់ ដើម្បីធានាសុវត្ថិភាពនៃការចម្លង​សារជាថ្មី មុនពេលពួកគេវិលមកធ្វើការឡើងវិញ។ លោកថា យ៉ាងណាខាងរោងចក្រមិនអាចបង្ខំពួកគេឱ្យទៅផ្ដល់សំណាកបានទេ។ 

លោក ប៊ុណ្ណា និយាយថា៖ «យើងកំពុងបារម្ភរឿងហ្នឹង យើងកំពុងឆែកមើល ពីព្រោះពេល Lockdown [បិទខ្ទប់] រោងចក្រ សូម្បីពួកខ្ញុំក៏មិនបានធ្វើការ។ ដល់ពេលយើងចូលមកធ្វើការអ៊ីចឹងទៅ យើងអាងទៅលើក្រដាសគេធ្វើសំណាក លើកទី១ ទី២ គេមានសំណាក គេមានបោះត្រាខៀវៗពីរ។ អ៊ីចឹងយើងឆែកមើលទៅ អ្នកណាអត់ទាន់ធ្វើសំណាកទេ ដល់ថ្ងៃទៅធ្វើ យើងជូនដំណឹងគាត់ឱ្យទៅធ្វើតាមគោលការណ៍របស់ខាងអាជ្ញាធរ»។  

ដោយឡែក ជំនួយការអ្នកគ្រប់គ្រងរដ្ឋបាលនៃរោងចក្រ Starlight Apparel លោក ស៊ូ ចាន់ណារ៉ាត់ ទទួលស្គាល់ថា ពិតជាមានកម្មករប្រមាណ២៥០នាក់រកឃើញមានវិជ្ជមានកូវីដ-១៩ ក្នុងចំណោមកម្មករចំនួន១ ៧០០នាក់។ លោកថា យុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំនេះចាប់ផ្តើមសប្តាហ៍មុន ដោយអ្នកវិជ្ជមានត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ និងទទួលការព្យាបាល ហើយចំណែកអ្នកអវិជ្ជមានត្រូវចាក់វ៉ាក់សាំងបង្ការ។

លោក ចាន់ណារ៉ាត់ ថ្លែងថា៖ «ឥលូវនៅដំណើរការធម្មតាទេ ព្រោះអីយើងនៅចាក់វ៉ាក់សាំងអ្នកអវិជ្ជមាន ហើយយើងនៅធ្វើការស្អិតល្មួតជាមួយមន្ទីរ ខាងស្រុក ខាងអាជ្ញាធរដែនដីធម្មតានៅឡើយទេ»។

លោកបន្ថែមថា៖ «ខ្ញុំមិនអាចដឹងថា ជំងឺហ្នឹងវាអាចឆ្លងតាមរយៈណាទេ ព្រោះអីខាងកម្មករ យើងដឹងស្រាប់ហើយថាមានការជិះឡានជាមួយគ្នា ប្រជ្រៀតគ្នា ហើយគាត់អត់សូវយកចិត្តទុកដាក់អនាម័យខ្លួនប្រាណរបស់គាត់។ ហើយម៉ាស់ក៏អ៊ីចឹង យើងបានព្យាយាមពន្យល់ណែនាំគាត់ហើយ ប៉ុន្តែអ្នកខ្លះគាត់ថាហប់ ពាក់ម៉ាស់អ៊ីចឹង។ អាហ្នឹងវាជាបញ្ហាមួយដែលធ្វើឱ្យមានការរាលដាលអ៊ីចឹង»

វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ និងអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរ GMAC លោក ខេន លូ ដើម្បីស្នើសុំការអធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃអង្គារនេះ។

កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១​៩ សម្រាប់បង្កើតយន្តការថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្ត ដើម្បីកាត់ផ្តាច់រលកចម្លងជំងឺផ្លូវដង្ហើមរលកទី៣ ដែលកើតចេញពីព្រឹត្តិ​កា​រណ៍សហគមន៍២០កុម្ភៈ បន្ទាប់ពីតួលេខឆ្លងកើនឡើងដល់ជាង៣ម៉ឺនករណី និងស្លាប់ដល់ជាង៣រយនាក់ ក្នុងរយៈពេ​លជាង៣ខែចុងក្រោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ